បន្ទាប់ពីត្រូវចោរប្លន់ម៉ូត

ពូឆែមបាននិយាយប្រាប់មិត្តរបស់គាត់…

ពូឆែមៈ ចក់អើយ! ពីល្ងាចម្សិលមិញ ចោរបានប្លន់ម៉ូតូគ្នាបាត់ហើយ!

ពូចក់ៈ ហើយឯងជិះយ៉ាងម៉េចបានជាចោរប្លន់បាន?

ពូឆែមៈ ពេលគ្នាជិះម៉ូតូមកដល់មុខផ្ទះទៅហើយ វាបានយកកាំភ្លើងភ្ជង់គ្នា អោយចុះពីលើម៉ូតូ ហើយវាជិះយកទៅបាត់ទៅ!

ពូចក់ៈ ហើយឯងធ្វើម្តេចពេលវាភ្ជង់ឯង?

ពូឆែមៈ គ្នានៅស្ងៀមហើយអោយវាយកទៅ!

ពូចក់ៈ ហេតុអីក៏ឯងមិនស្រែកអោយគេជួយ?

ពូឆែមៈ អោយគ្នាហ៊ានស្រែកម៉េចនឹងកើត ឯងមិនដឹងទេថា នៅក្នុងមាត់គ្នាមានធ្មេញមាស ដល់ទៅបួនឯណោះ ស្រែកអោយវាដកទាំងធ្មេញទៀតទៅអី?

ពូចក់ៈ អុញ…!

គុណសម្បត្តិមនុស្សតឿ

មនុស្សយើងរាល់រូបសុទ្ធតែមានគុណសម្បត្តិ និង គុណវិបត្តិរៀងៗខ្លួន តែ បែរជាចូលចិត្តអួតពីគុណសម្បត្តិ ដែលខ្លួនមានទៅវិញដូចនាយខ្លី និង នាយវែងនៅពេលនេះអញ្ចឹង។

នាយខ្លីៈ អ្ហេ! នាយវែង ឯងគិតថាមនុស្សតឿមានរបៀប ជាងមនុស្សខ្ពស់ដែរ រឺទេ?

នាយវែងៈ អត់ទេ! មនុស្សតឿមានតែចាញ់ ប្រៀបមនុស្សខ្ពស់ប៉ុណ្ណោះ ដូចជាពេលឈរមើលអ្វី រមែងត្រូវមនុស្សខ្ពស់បាំងជិតឈឹង រកតែមើលស្អីក៏មិន ឃើញនឹងគេ។ អញ្ចឹងទៅឯងមកអួតថាមនុស្សតឿមានប្រៀប លើមនុស្សខ្ពស់ដូចម្តេចទៅ?

នាយខ្លីៈ តែគ្នាថាមនុស្សតឿត្រូវបានគេគោរព កោតខ្លាចណា៎ សូម្បីតែឯងក៏ គោរពកោតខ្លាចយើងដែរ។

នាយវែងៈ មិនអាចទៅរួចទេ!

នាយខ្លីៈ មិនអាចយ៉ាងម៉េច បើនិយាយជាមួយយើងម្តងៗ យើងសង្កេត ឃើញឯងឱនមុខគំនាប់យើងតែរហូតហ្នឹង…។

អំនួតតៃកុងឡាន

នៅពេលដែលសាលាក្រុង រៀបចំអោយមានរថយន្តក្រុង រតក្នុងរាជធានី យុវជន កយ និង កន បានជួបគ្នានិយយាពីរឿងការធ្វើដំនើរ តាមរថយន្តក្រុង ដោយកយង ចង់អួត ប្រាប់ កន ពីការងារថ្មីរបស់គេ។

កយៈ អ្ហេ កន! ឯងមានធ្លាប់ជិះរថយន្តក្រុង អត់អស់លុយឬទេ?

កនៈ អត់ទេវ៉ើយ! គ្មាននរណាគេយល់ព្រម អោយយើងជិះទទេៗទេ។

កយៈ ស្លាប់ហើយ! គ្នាឯណេះវិញឡើងជិះ ពេលណាគ្មាននរណាហ៊ាន ទារ ប្រាក់គ្នាសោះ។

កនៈ អ្ហូ! ឯងមានសិទ្ធពិសេស រឺពួកម៉ាក?

កយៈ អត់ទេសម្លាញ់អើយ។

កនៈ អ្ហា៎! បើអញ្ចឹងម៉េចគ្មាននរណាហ៊ានទារប្រាក់ពីឯង?

កយៈ មកពីក្នាជាតៃកុងឡានក្រុង… ហាស… ហាស… ហា៎!

កនៈ អើ! មែនវ៉ី… !

ហាមនិយាយ

បុរសបួននាក់ថ្វាយបង្គំមហាថេរមួយអង្គ សុំនៅបម្រើដើម្បីរៀនធម៌អាថ៌។ ប៉ុន្តែព្រះមហាថេរដាក់លក្ខខណ្ឌឱ្យឆ្លងកាត់ការសាកល្បង “ហាមនិយាយ” សិនទើបលោកព្រមទទួល។ រីឯវិធីត្រួតពិនិត្យ គឺត្រូវចូលរូងភ្នំមួយ ហើយដើររហូតដល់ចុងរូងនៅម្ខាង។ ក្នុងរយៈពេលដើរពីម្ខាងទៅម្ខាងនោះ បើអត់និយាយមួយម៉ាត់ណាបានសេចក្តីថាប្រឡងជាប់ ។ បុរសទាំងបួននាក់ចាប់ផ្តើមធ្វើតាមដោយកាន់ទៀនមួយដើមម្នាក់ សម្រាប់មើលផ្លូវ ពេលឆ្លងកាត់រូងពីម្ខាងទៅម្ខាង។ ដឹងអីពេលដើរជិតដល់មាត់ច្រកចេញ ស្រាប់តែមានខ្យល់បក់ខ្លាំង ធ្វើឱ្យទៀននៅដៃបុរសទីមួយរលត់ភ្លឹប។ បុរសទីមួយភ្លេចខ្លួនលាន់មាត់ ៖ -ងងឹតឈឹងយ៉ាងនេះធ្វើម៉េចរកផ្លូវចេញបានទៅ? បុរសទីពីរក៏ភ្លេចខ្លួនស្រែកដាស់តឿន ៖ -លោកគ្រូផ្តាំមិនឱ្យនិយាយ ម៉េចឯងនិយាយ? ស្រាប់តែបុរសទីបីភ្លេចខ្លួនទៀត ៖ -គាត់និយាយស្រេចតែគាត់ ម៉េចបងឯងនិយាយដែរ? ទីបំផុតដល់បុរសទីបួនម្តងៈ -សំណាងណាស់ដែលខ្ញុំមិនទាន់បាននិយាយដូចបងៗទាំង៣នាក់ ។!!!

ឥទ្ធិពលទូរទស្សន៍, សុំប្រឆាំង…


ឥទ្ធិពលទូរទស្សន៍
 កុមារម្នាក់ជក់មើលទូរទស្សន៍ផុតលេខ ឱ្យតែទំនេរតែងរត់ទៅបើកទូរទស្សន៍មើល អត់ព្រមទៅលេងឆ្ងាយផ្ទះឡើយ។ ចំណែកម្តាយវារលាកសួតនិយាយខ្សាវៗច្រើនថ្ងៃផឹកថ្នាំអត់បាត់ ។ ថ្ងៃមួយមានអ្នកស្គាល់គ្នា សួរកុមារជក់មើលទូរទស្សន៍ ៖
 -នែ, អាអូន! ម្តាយអាអូនឯងយ៉ាងម៉េចហើយ?
 -បាទ, ពូ! រូបភាពនៅឃើញច្បាស់ តែសំលេងខ្សាវៗលែងចង់ឮ …

=======================

សុំប្រឆាំង
 ក្នុងហាងស្រាមួយបុរសស្រវឹងដល់.កម្នាក់ ងើបឈរទ្រេតទ្រោតស្រែកឡើង ៖
 -ពួកបញ្ញវន្តសុទ្ធតែពួកកាកសង្គម ។
 ស្រាប់តែបុរសប្រមឹកម្នាក់ទៀតប្រឹងងើបឈរស្រែកដាក់វិញ ៖
 -ខ្ញុំសុំប្រឆាំង! និយាយបែបនេះប៉ះពាល់ខ្ញុំ ។
 -ម៉េចហ្នឹង, បងឯងបញ្ញវន្តមែនទេ?
 -មិនមែនទេ, គេរាល់គ្នាតែងហៅខ្ញុំថា អាមនុស្សកាកសង្គម ដូច្នេះកាកសង្គមគឺខ្ញុំ …

=======================

របៀបព្យាបាលសាមញ្ញ
 អ្នកជំងឺម្នាក់ចូលគ្លីនិកនិយាយជាមួយលោកវេជ្ជបណ្ឌិត ៖
 -មួយខែនេះយប់ណាក៏អ៊ីចឹង ឱ្យតែដេកលក់ខ្ញុំតែងយល់សប្តិឃើញមានចោរចូលសម្ងំក្រោមគ្រែដេក។ ជំងឺបែបហ្នឹងអាចព្យាបាល បានទេ, លោកវេជ្ជបណ្ឌិត?
 -ពិតជាព្យាបាលបាន, មិនតែប៉ុណ្ណោះព្យាបាលដោយរបៀបសាមញ្ញមិនបាច់ចាក់ថ្នាំ ឬ ផឹកថ្នាំទៀតផង ។
 -ធ្វើយ៉ាងម៉េចលោកវេជ្ជបណ្ឌិត?
 -ឈប់ដេកលើគ្រែ, ចុះមកដេកលើឥដ្ឋវិញ គ្មានចោរណាគាស់ឥដ្ឋចូលសម្ងំក្រោមខ្នងបានទេ…!!!

==========================

វេជ្ជបណ្ឌិតណែនាំ
 ស្ត្រីម្នាក់មានកូន៤នាក់ តែអត់ដែលរៀបការ ។ ពេលមានគេសួរពីរឿងនេះ គាត់ឆ្លើយៈ
 -កាលខ្ញុំអាយុ១៨ឆ្នាំ លោកវេជ្ជបណ្ឌិតប្រាប់ថា បេះដូងខ្ញុំប្រហោង។ គាត់ណែនាំខ្ញុំ បើចង់អាយុវែងដូចគេកុំរៀបការឱ្យសោះ។ តាំងពីនោះមកខ្ញុំនៅតែជាមួយមិត្តប្រុស មានកូនជាមួយមិត្តប្រុស អត់ដែលមានកូនជាមួយប្តីដូចអ្នកបានរៀបការទេ ។

========================

ការពារខ្លួនឯង
 ក្រោយពេលប្រកាសសាលក្រមរួច តុលាការអនុញ្ញាតឱ្យជនជាប់ចោទនិយាយពាក្យចុងក្រោយ ។ ជនជាប់ចោទដែលជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និយាយយ៉ាងក្លាហាន ៖
 -ខ្ញុំយល់ថាតុលាការកាត់សេចក្តីដោយមិនផ្តល់យុត្តិធម៌ដល់ខ្ញុំ ។ ថ្ងៃនោះខ្ញុំផឹកស្រាអស់តែ៦កែវតូច មិនអស់កន្លះលីត្រដូចក្នុងពាក្យចោទប្រកាន់ឯណា ។
 លោកចៅក្រមឆ្លើយវិញ ៖
 -អ៊ីចឹងតុលាការសុំប្រកាសជាថ្មី ផ្តន្ទាទោសដាក់គុកលោកឯងកន្លះឆ្នាំ មិនមែន៦ខែទៀតទេ។

យ័ន្តសក្តិសិទ្ធិ


បុរសម្នាក់និយាយជាមួយមិត្តភក្តិដែលមកលេង ៖
-បងឯងមកលេងផ្ទះខ្ញុំម្តងចំពេលខ្ញុំមានវត្ថុពិសេសមួយចង់ឱ្យបងឯង ។
-វត្ថុពិសេសអីទៅ ?
-គឺយ័ន្តស័ក្តិសិទ្ធិ ។ ពាក់យ័ន្តនោះជាប់ខ្លួន ទោះធ្លាក់ពីឧទ្ធម្ភាគចក្រចុះសមុទ្រក៏នៅតែអណ្តែតលើផ្ទៃសមុទ្រដែរ ។
-អីយ៉ា, អស្ចារ្យមែន ! អរគុណ ។
-ប៉ុន្តែត្រូវចាំថា យ័ន្តនេះពេលយើងធ្លាក់ចុះសមុទ្រភ្លាមៗអត់ទាន់ស័ក្តិសិទ្ធិទេ, ទាល់តែ២ថ្ងៃឡើងទៅទើបស័ក្តិសិទ្ធិ ។
-បានសេចក្តីថាម៉េចហ្នឹង ?
-បានសេចក្តីថា ដំបូងលិចចុះក្នុងទឹកសមុទ្រសិន, ទាល់តែ២ថ្ងៃក្រោយទើបអណ្តែតឡើងលើផ្ទៃសមុទ្រ ។
-រំបល់យក៍ !

អួតពីរបៀបកំណាញ់


បុរសពីរនាក់មានឈ្មោះល្បីខាងកំណាញ់ហួសប្រមាណដូចគ្នា ថ្ងៃមួយជួបគ្នាដោយចៃដន្យតាមផ្លូវលំ បុរសម្នាក់ទាញផ្លិតចេញពីខ្លួនលើកបង្ហាញ ព្រមទាំងនិយាយ ៖
-បើនិយាយពីរបៀបប្រើផ្លិតបានយូរក្រខូច បងឯងប្រហែលជាចាញ់ខ្ញុំ ។ ផ្លិតមួយខ្ញុំប្រើបានជាង១០ឆ្នាំឯណោះ ។ ពេលក្តៅស្អុះខ្លាំងត្រូវការបក់ម្តងៗ ខ្ញុំលាវាតែពាក់កណ្តាល ហើយបក់ទៅបក់មកបួនប្រាំត្រឡប់បត់ទុកក្នុងខ្លួនវិញ។ អីចឹងហើយទើបខ្ញុំប្រើវាបានជាង១០ឆ្នាំ ទើបរហែក ។
បុរសកំណាញ់ម្នាក់ទៀតតប ៖
-ហ៊ឹះ ផ្លិតមួយប្រើតែជាង១០ឆ្នាំដូចបងឯងមុខជារលាយទ្រព្យមិនខាន។ ខ្ញុំប្រើផ្លិតមួយបានកន្លះអាយុនៅតែមិនទាន់រហែកផង។ ត្រូវការបក់ម្តងៗខ្ញុំយកចេញកាន់នៅស្ងៀម ដោយមិនលាពាក់កណ្តាលដូចបងឯង ហើយក៏មិនលាទាំងអស់ដែរ ។ ពេលកាន់ផ្លិតនោះខ្ញុំធ្វើក្បាលងីកងើកៗដូចកំពុងបក់ផ្លិត រួចហើយទុកកន្លែងដើមវិញដដែល ។ ធ្វើដូចខ្ញុំអីចឹងមួយជីវិតប្រើអស់ត្រឹមពីរយ៉ាងច្រើន ។
-អីយ៉ា, របៀបប្រើផ្លិតបានយូរខ្ញុំចាញ់បងឯងហើយ ។ ធ្វើរបៀបបងឯងពិតជាផ្លិតមួយប្រើកន្លះជីវិតមែន ។ ប៉ុន្តែមិនអីទេ, ខ្ញុំមានរបៀបប្រើស្បែកជើងដ៏អស្ចារ្យទៀត ប្រហែលជាបងឯងមិនអាចប្រៀបផ្ទឹមជាមួយខ្ញុំបានទេ។ ខ្ញុំមានស្បែកជើងមួយគូប្រើជាង១០ឆ្នាំហើយនៅតែថ្មីដដែល ។ របៀបប្រើស្បែកជើងសន្សំសំចៃរបស់ខ្ញុំ គឺធ្វើដំណើរទៅណាមកណាស្បែកជើងកាន់យួររហូត ទាល់តែឃើញមនុស្សដើរមកពីមុខ ទើបពាក់ចូលជើងដើរមួយសន្ទុះ លុះគេទៅផុតឆ្ងាយដោះចេញយួរដើរទៀត។ បងឯងថាទៅមើលប្រើស្បែកជើងរបៀបខ្ញុំវិសេសវិសាលទេ?
-ប៉ុណ្ណឹងៗវិសេសវិសាលខ្មោចយក៍ស្អី? អ្នកផ្ទះខ្ញុំបើប្រើស្បែកជើងដូចបងឯង ខ្ញុំសំពងបាក់ស្មងទាំងអស់។ ប្រើរបៀបហ្នឹងមួយជីវិតអស់ស្បែកជើងយ៉ាងតិចពីរគូ ។ ចំពោះរបៀបប្រើរបស់ខ្ញុំវិញ គឺស្បែកជើងយួរនៅដៃពេលត្រូវពាក់បង្អួតគេដោយមានមនុស្សដើរមកពីមុខ ពាក់រួចឈរស្ងៀមមួយកន្លែង ចាំឱ្យគេទៅហួសឆ្ងាយមើលលែងឃើញ ដោះចេញកាន់យួរទៀត មិនមែនពាក់ចូលហើយដើរមួយសន្ទុះដូចបងឯងទេ។ ប្រើស្បែកជើងរបៀបបងឯងមានលុយឯណាទិញឈ្នះ?

កំប្លែងខ្លី៖ សោក​នា​ដកម្ម


ស្ថាប័នអធិការកិច្ចបឋមសិក្សាបញ្ជូនមន្ត្រីឈ្មោះវិនសុន ភីថឺ ឱ្យចុះត្រួតពិនិត្យការបង្រៀន និងការរៀនសូត្ររបស់សិស្សនៅតាមសាលាបឋមសិក្សា ។ ពេលមកដល់សាលាបឋមសិក្សានៅចុងកាត់មាត់ញក លោកវិនសុន ភីថឺ ជ្រើសរើសយកថ្នាក់ដំបូងមួយសម្រាប់ធ្វើការសាកល្បងសមត្ថភាពសិស្ស ។ គាត់សួរខ្លាំងៗ ៖
-ចំណោមក្មួយៗរាល់គ្នា មានក្មួយណាអាចឱ្យឧទាហរណ៍អ្វីដែលល្មមចាត់ទុកជាសោកនាដកម្មបានទេ? ក្មួយណាក្លាហានក្រោកឆ្លើយមុនគេឱ្យលោកគ្រូស្គាល់មុខផង ។
កុមារម្នាក់ក្រោកភ្លែតសួរ ៖
-ឧទាហរណ៍របស់ខ្ញុំ គឺមិត្តខ្ញុំម្នាក់ពេលកំពុងលេងជាមួយខ្ញុំលើចិញ្ចើមថ្នល់ ស្រាប់តែមានរថយន្តមួយគ្រឿងភ្លាវចង្កូតឡើងមកកិនវាស្លាប់ តើនេះហៅថា សោកនាដកម្មបានទេ?
-មិនបានទេ នេះគេហៅឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ។
កុមារទីពីរក្រោកឡើងទៀត ៖
-ចុះប្រសិនបើរថយន្តបឺសមួយគ្រឿងដឹកសិស្សតូចៗ៥០នាក់ ទៅកម្សាន្តទេសភាពតាមជនបទ ស្រាប់តែរអិលធ្លាក់ជ្រោះជ្រៅ សិស្សតូចៗស្លាប់អស់គ្មានសល់ម្នាក់។ តើនេះហៅថា សោកនាដកម្មទេ?
-មិនដូចគ្នាទេ នេះគេហៅការបាត់បង់ជីវិតដ៏ធំ ។
ក្នុងថ្នាក់ស្ងាត់ច្រៀប បន្ទាប់ពីឧទាហរណ៍ដែលលើកឡើងត្រូវបានបដិសេធជាបន្តបន្ទាប់។ ឃើញដូច្នេះលោកមន្ត្រីអធិការកិច្ចបឋមសិក្សាសួរបន្ត ៖
-ម៉េចដែរ មានក្មួយណាអាចនិយាយបានពីឧទាហរណ៍សោកនាដកម្មទេ?
ចុងក្រោយមានដៃស្គមតូចមួយលើកឡើងរបៀបស្ទាក់ស្ទើរញញើតញញើមគឺជាកុមារតូចម្នាក់អង្គុយចុងថ្នាក់ក្រោកឡើងនិយាយ ៖
-ឧទាហរណ៍របស់ខ្ញុំ គឺថ្ងៃមួយយន្តហោះផ្លូវឆ្ងាយមួយគ្រឿងដែលមានលោកអធិការវិនសុន ភីថឺ ជិះក្នុងនោះផង ត្រូវពួកភេរវករដាក់គ្រាប់បែក បណ្តាលឱ្យផ្ទុះឆេះកណ្តាលអាកាស តើនេះហៅថា សោកនាដកម្មបានទេ?
-អស្ចារ្យ! នេះទើបពិតជាសោកនាដកម្មពិតប្រាកដ។ ប៉ុន្តែក្មួយឯងត្រូវបកស្រាយឱ្យគ្រូស្តាប់ តើហេតុម៉េចនឹកឃើញពីដំបូងថា នេះជាសោកនាដកម្ម?
-បាទ! ព្រោះខ្ញុំគិតថា បើលោកគ្រូស្លាប់ ប្រពន្ធដ៏ស្អាតរបស់លោកគ្រូនឹងយំសោកបោកខ្លួននៅចំពោះមុខសពលោកគ្រូ នេះគឺជាសោកនាដកម្មមួយ, តែបន្ទាប់ពីបុណ្យសពលោកគ្រូចប់ ប្រពន្ធដ៏ស្អាតរបស់លោកគ្រូនឹងជប់លៀងសប្បាយជាមួយប្រុសថ្មីរបស់គាត់ ដល់ពេលនោះលោកគ្រូនឹងយំសោកបោកខ្លួនវិញម្តង នេះហៅថាសោកនាដកម្មលើសោកនាដកម្ម….។