សារសំខាន់​នៃ​ជួរ​ភ្នំ​ត្បែងមានជ័យ តាមរយៈ​សិលាចារឹក​ថ្មី Ka 25 និង Ka 26


មានលក្ខណៈជាសកល ជំនឿជាប្រជាប្រិយលើថ្ម ឬភ្នំ របស់ប្រជាជនខ្មែរគ្រប់យុគ គ្រប់សម័យបានក្លាយទៅជាវប្បធម៌មួយ ដែលអ្នកប្រាជ្ញខាងបុរាណវិទ្យា តាំងឈ្មោះថា វប្បធម៌ថ្ម ។ ដោយហេតុថា មនុស្សខ្មែរក៏ដូចជាមនុស្សលើពិភពលោកទាំងអស់ដែរ បានចាត់ទុកថា ថ្មដោយឡែក និងភ្នំ ជាទូទៅគឺជាវត្ថុស័ក្តិសិទ្ធ ប្រកបដោយមហិទ្ធិរិទ្ធខ្ពស់ ។ ដូច្នេះហើយបានជាគេតែងតែអញ្ជើញមកកាន់ទីតាំងទាំងនោះ ដើម្បីស្វែងរកនូវបុណ្យកុសលទាន ទោះបីជាការធ្វើដំណើរទៅកាន់ភ្នំ ឬកំពូលភ្នំទាំងនោះ មានលក្ខណៈពិបាកយ៉ាងណាក៏ដោយ ។ ម្យ៉ាងវិញទៀត ដោយសារតែថ្ម ឬភ្នំ ជានិមិត្តរូបនៃភាពរឹងមាំ ឬអមតៈនៃជីវិតផងដែរ ទើបដូនតាខ្មែរបានឆ្លាក់ ឬចារឹកនៅពីលើផ្ទាំងថ្មទាំងនោះ រួមមាន ផ្ទាំងថ្មភ្នំធម្មជាតិ ដូចជា គុហារ ចិញ្ជាំងភ្នំ ផ្ទាំងថ្មដារ ជាដើម ជួនកាលគេក៏យកថ្មទាំងនោះមកឆ្លាក់ជារូបសំណាក់ តំណាងឲ្យព្រះអាទិទេព ឬបុព្វបុរសជនរបស់ខ្លួនដែលបានចែកឋានទៅហើយនោះ ដោយឋានៈត្រូវបានលើកតំកើងស្មើនឹងវត្ថុស័ក្តសិទ្ធិ ពោលគឺព្រះអាទិទេពតែម្តង ។

ទិដ្ឋភាពទូទៅនៃភ្នំត្បែងមានជ័យ (ម.ត ២០១២)

គឺក្នុងបរិបទវប្បធម៌នេះហើយ ដែលពីបុរាណកាលដ៏យូរលង់រហូតដល់បច្ចុប្បន្នភាព ជួរភ្នំត្បែង គឺជាទីតាំងមួយពោរពេញទៅដោយភាពអច្ឆរិយៈ បារមីសំខាន់ៗ ម្ល៉ោះហើយមនុស្សខ្មែរគ្រប់ៗគ្នាតែងស្វែងរកនូវអំណាចពិសិដ្ឋនៅលើកំពូលភ្នំខាងលើនេះ មកធ្វើជាកម្មសិទ្ធិ ដើម្បីឲ្យជីវិតមានសុភមង្គល សេចក្តីសុខសប្បាយក្នុងជីវភាពប្រចាំថ្ងៃ ។

កូនភ្នំមួយ មើលពីកំពូលភ្នំទីមួយទៅកាន់ទីតាំងថ្មបីដុំ និង ទិដ្ឋភាពទូទៅមើលពីទីតាំងតំបន់ថ្មបីដុំ ដែលមានផ្ទាំងសិលាចារឹក (ម.ត ២០១២)

លើកំពូលភ្នំត្បែងមានជ័យនេះ ត្រង់ចំណុចមួយដែលអ្នកស្រុកហៅថា ’ថ្មបីដុំ” យើងបានរកឃើញនូវផ្ទាំងថ្មធម្មជាតិធំៗចំនួនប្រាំ ដែលក្នុងនោះមានពីរ ដែលមានចារឹកនូវតួអក្សរបុរាណ គឺផ្ទាំងថ្មកំរើក និង ថ្មហោះ ។
សូមរំលឹកឡើងផងដែរថា ថ្មទាំងនោះត្រូវបានពុទ្ធសាសនិកចាត់ទុកថា ជាថ្មស័ក្តសិទ្ធជាទីបំផុត ហើយទទួលនូវការសក្ការៈជាប្រចាំ ។

ផ្ទាំងថ្មដារធម្មជាតិ ឈ្មោះ ថ្មកំរើក ដែលផ្នែកខាងលើមានចារឹក Ka 725 និង ពិធីចូលរូបនៅក្បែរនោះ (ម.ត ២០១២)

នៅលើស្រទាប់ថ្មកម្រើក គេឃើញមានចារអត្ថបទសិលាចារឹកដ៏វែមួយ ជាភាសាសំស្ក្រឹតដែលមាន ១០ បន្ទាត់ ។ សិលាចារឹកនេះ មានប្រវែងប្រមាណជា ១,២៧ ម៉ែត្រ និងទទឹង ០,៨៧ ម៉ែត្រ ។ នៅជួរខាងមុខនៃសិលាចារឹកនេះ មានចារឹកមួយទៀតសសរជាប់គ្នា ដែលមានប្រវែង ១,២៧ម៉ែត្រ តែជាអកុសលអក្សរលើនោះត្រូវរលុបអស់ នៅសល់តែមួយបន្ទាត់ប៉ុណ្ណោះ ។ ជារួមផ្ទាំងសិលាចារឹកនេះ ដែលត្រូវបានចារឡើងនៅចុងស.វទី ៩ និង ដើមស.វទី ១០ មានការខូចខាតជាច្រើនអន្លើគួរឲ្យសោកស្តាយជាអនេក ។

ផ្នែកមួយនៃសិលាចារឹក Ka 725 (ម.ត ២០១២)

រីឯផ្ទាំងសិលាទីពីរវិញទៀត ដែលចារនៅផ្នែកខាងក្រោយ មានឈ្មោះថា ថ្មហោះនោះ ផ្ទាំងថ្មនេះក៏មានចារសិលាចារឹកជាពីរជួរ និងមានប្រវែងប្រមាណជា ១,១៤ម៉ែត្រ ។ ម្យ៉ាងវិញទៀត ដោយសារផ្នែកមួយនៃផ្ទាំងថ្មដ៏ធំមហិមានេះ ផ្តេក ផ្អៀង មួយចំហៀងហើយគងលើជម្រាលភ្នំ ជាហេតុនាំឲ្យកើតជារូងធម្មជាតិមួយនៅកណ្តាល ។ ហើយរូងនេះក៏បានក្លាយទៅជាអាសនៈ ឬគុហាសម្រាប់អង្គុយភាវនាធម៌តាំងពីសម័យអង្គរមកម្ល៉េះ ។ គេក៏បានឃើញវត្តមានរបស់យ័ន្តមួយ ដែលមានរូបជាផ្កាឈូកក្រពុំ មានប្រាំបីត្របកនៅចំកណ្តាល នៃថូទឹកទាំងបួន ដែលពោរពេញទៅដោយទឹកមន្ត ដ៏ពិសិដ្ឋដែលកំពុងហូរចេញពីកំពួច (សព្វថ្ងៃឃើញតែបីទេ មួយទៀតរលុបបាត់អស់ហើយ) ។

ផ្នែកមួយនៃផ្ទាំងថ្មហោះ ខាងស្តាំ និង ផ្នែកខាងក្រោយនៃផ្ទាំងថ្មនេះ ដែលជាគុហា ឈ្មោះ រូងថ្មហោះ (ម.ត ២០១២)

សូមបញ្ជាក់ថា ផ្ទាំងសិលាចារឹកទីមួយ Ka 725 ស្ថិតនៅសម័យអង្គរ ពោលគឺស.វទី៩ ឬទី ១០។ រីឯផ្ទាំងទីពីរ ស្ថិតនៅសម័យអង្គរដដែលដែរ ហើយលេខចំរឿនរបស់វាគឺ Ka 726 ។
សរុបសេចក្តីមក ស្ថិតក្នុងខេត្តព្រះវិហារ ជួរភ្នំត្បែងមានជ័យ ដែលពីមុនយើងបាននឹកស្មានដោយភ័ន្តច្រឡំថា ជាតំបន់មួយដែលគ្មានវប្បធម៌ ដោយហេតុថាជាតំបន់ព្រៃភ្នំ តែឥឡូវនេះតាមរយៈរបកគំហើញខាងបុរាណវិទ្យា ធ្វើឡើងនៅថ្ងៃទីមួយខែមករា ឆ្នាំ ២០១២ កន្លងមកនេះ បានបង្ហាញនូវអតីតកាលរបស់ខ្លួនយ៉ាងជាក់ច្បាស់ ដូចមូលហេតុដែលយើងបានអធិប្បាយនៅខាងលើ។ យើងសង្ឃឹមយ៉ាងមុតមាំថា នៅអនាគតកាលដ៏ខ្លីខាងមុខនេះ ជួរភ្នំត្បែងមានជ័យខាងលើនេះ នឹងផ្តល់នូវទិន្នន័យថ្មីដទៃៗឯទៀតៗដែលពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រខ្មែរ ។

ផ្នែកខាងក្រោយនៃរូងថ្មហោះ ដែលមាន ផ្ទាំងសិលាចារឹក Ka 726 (ម.ត ២០១២)

ជាទីបញ្ចប់ សូមជម្រាបថា ពាក់ព័ន្ធទៅនឹងខ្លឹមសារនៃផ្ទាំងសិលាចារឹកទាំងពីរនោះ ថ្វីត្បិតតែយើងមិនទាន់មានលទ្ធភាព បកប្រែឯកសារថ្មទាំងពីរនេះទាំងស្រុងនៅឡើយ ។ តែអ្វីមួយដែលយើងអាចនិយាយបានថា គឺក្នុង Ka 725 មានការមនសិការចំពោះព្រះឥសូរដែលជាទេវតានៃភ្នំក្នុងលទ្ធិព្រហ្មញ្ញសាសនា ដែលនៅទីនេះ គឺជាព្រះអាទិទេពកំពូលនៃទីតាំងថ្មបីដុំនេះ ដែលក្នុងអតីតកាល ដែលជាកន្លែងពិសិដ្ឋ។ រីឯក្នុងសិលាចារឹក Ka 726 វិញ សរសេរជាភាសាសំស្ក្រឹតមាន ២បន្ទាត់ យើងបានឃើញនៅបន្ទាត់ចុងក្រោយមានចារឈ្មោះថា វ្រះឥន្ទគុហា៕ (ម.ត្រាណេ)

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភព​ព្នង​នៃ​ការប្រើ​បំពង់​បឺត​ខ្មែរ​នា​សម័យអង្គរ​


ជនជាតិខ្មែរ ធ្លាប់មានវប្បធម៌ និងអារ្យធម៌ដ៏ខ្ពង់ខ្ពស់ ហើយវប្បធម៌ អារ្យធម៌ខ្មែរនេះបានជះឥទ្ធិពលដ៏ល្បីល្បាញសុះសាយនៅក្នុងឧបទ្វីបឥណ្ឌូចិន តាំងតែពីសម័យមុនអង្គរ និងអង្គរមកម្ល៉េះ។ ប៉ុន្តែការរក្សានូវប្រពៃណីមួយចំនួន ដែលមានលក្ខណៈជាកុលសម្ព័ន្ធ ដូចជាការប្រើបំពង់សម្រាប់បឺតស្រា ឬផឹកទឹកជាដើម ដែលជាប្រពៃណីដ៏បរមបុរាណ ត្រូវបានបន្តមកដល់សម័យអង្គរ គឺជាភស្តុតាងវប្បធម៌មួយ បង្ហាញនូវគំនិតអភិរក្សនិយមរបស់ខ្លួន ហើយលើសពីនេះទៀត ខឿនវប្បធម៌រួមរវាងខ្មែរ និងបងប្អូនកុលសម្ព័ន្ធមន-ខ្មែរ ដូចចម្លាក់នៅប្រាសាទបាយ័នជាតឹកតាងស្រាប់។

ការប្រើបំពង់បឺត ដោយខ្មែរនាសម័យវប្បធម៌បាយ័ន (ម.ត ២០០៨)

បើនិយាយម្យ៉ាងទៀត ថ្វីត្បិតតែជនជាតិខ្មែរមានគំនិតច្នៃប្រឌិតដ៏ចំណាននៅសម័យមហានគរ ដែលខ្មែរមានអារ្យធម៌កម្រិតខ្ពស់កំពូលក៏ដោយ ក៏ខ្មែរនាសម័យនេះ នៅតែរក្សាប្រពៃណីដ៏ចាស់ជរា ហាក់ដូចជាពុំបានទទួលឥទ្ធិពលពីណាឡើយ។ តាមពិតទៅ ក្រុមកុលសម្ព័ន្ធខ្មែរលើ ឬខ្មែរដើមភាគតិចរស់នៅតាមព្រៃភ្នំ ហើយពុំបានទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌា ឬចិននោះ មិនទាន់បោះបង់ចោលប្រពៃណីនេះនៅឡើយ។ ឧទាហរណ៍ជាក់ស្តែង ក្នុងពេលបុណ្យទាន ដូចជាពិធីលាងអារក្ស បូជាក្របីជាដើម គេនៅតែប្រើប្រាស់បំពង់ដើម្បីផឹកស្រាដដែល ដូចបុព្វបុរសរបស់ខ្លួននាអតីតកាលដ៏យូរលង់។

 

នៅក្នុងការស្រាវជ្រាវបានបញ្ជាក់ឲ្យដឹងថា តាមចម្លាក់ប្រាសាទបាយ័នបានបង្ហាញឲ្យយើងដឹងថា បុព្វបុរសយើងនៅសម័យអង្គរបានរក្សាទំនៀមទំលាប់ផឹក ឬបឺតស្រាដោយបំពង់តាមបែបជនជាតិព្នងដែរ ដែលខុសពីសម័យបច្ចុប្បន្ន។ ប៉ុន្តែទំនៀមទម្លាប់នេះ បានសាបសូន្យស្ទើរតែអស់ទម្រង់ដើមហើយ ដោយគេប្រើបំពង់ប្លាស្ទិចជាជំនួសវិញ ដែលធ្វើតាមបែបអឺរ៉ុប ។

ឯបុព្វបុរសយើងនាសម័យអង្គរ មានប្រពៃណីដូចបងប្អូនកុលសម្ព័ន្ធភ្នងសព្វថ្ងៃ នៅកម្ពុជា លាវ/ឡាវ និងវៀតណាមកណ្តាលផងដែរ ដោយសារតែខ្មែរ គឺជាជនជាតិរួមពូជសាសន៍ បងប្អូនជាមួយកុលសម្ព័ន្ធខ្មែរលើ ។
តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រពៃណីផឹកស្រា ឬផឹកដោយប្រើបំពង់បែបខ្មែរសម័យអង្គរ ត្រូវបងប្អូនរួមឈាមភាគតិចបានប្រើប្រាស់រហូតដល់សព្វថ្ងៃ ។ នេះសបញ្ជាក់ឲ្យឃើញថា បងប្អូនកុលសម្ព័ន្ធនៅតែអនុវត្តតាមប្រពៃណីរបស់ខ្លួននៅឡើយ ដោយពុំមានការអភិវឌ្ឍ ចំពោះសម្ភារៈប្រើប្រាស់របស់ពួកគេប៉ុន្មានឡើយ ៕ (ម.ត្រាណេ)

 

ការនិយម​កងដៃ​កងជើង​របស់​កុលសម្ព័ន្ធ និង​ខ្មែរ​សម័យអង្គរ


បើយើងពិនិត្យមើលលើទិដ្ឋភាពទូទៅ ក្នុងសង្គមនៃកុលសម្ព័ន្ធខ្មែរ-មន ដែលរស់តាមព្រៃយើងសង្កេតឃើញថា ក្រុមកុលសម្ព័ន្ធខ្មែរលើទាំងនេះ ចូលចិត្តនិយមកងដៃកងជើងដែលគេចាត់ទុកថា ជាប្រពៃណីមួយខកខានពុំបាន ។ មរតកវប្បធម៌បុរាណនេះ ដែលបានប្រសូត្រឡើងនៅសម័យលោហៈធាតុ ពោលគឺនៅសម័យបុរេប្រវត្តិសាស្ត្រ យ៉ាងហោចណាស់ក៏មានអាយុប្រមាណជា ៣.០០០ឆ្នាំមកហើយដែរ កំពុងពេញនិយម ពិសេសក្រមុំព្រៃភ្នំតែម្តង ។ គួរកត់សម្គាល់ថា ចំពោះកងដៃកងជើងដែលជាគ្រឿងអលង្ការខាងលើនេះ គឺឪពុកម្តាយឬក៏យាយតា គឺជាអ្នកផលិតដើម្បីលំអរខ្លួនប្រាណ របស់កូនចៅស្រីខ្លួនផ្ទាល់ ពិសេសនៅពេលដែលពួកគេពេញរូបពេញរាង ក្លាយខ្លួនជាក្រមុំ ។  

រូបថតស្ត្រីកុលសម្ព័ន្ធមន-ខ្មែរ ជនជាតិដើមភាគតិចនៅឡាវ/លាវ ដើមទសវត្សរ៍ ៥០,
 ព្រះមហេសីរបស់ព្រះបាទអង្គឌួង និង កងជើងស្រីរបាំ ប្រាសាទអង្គរវត្ត



ដោយពឹងផ្អែកលើការសិក្សា យើងឃើញថា កងដៃកងជើងទាំងនោះ ដែលគេពាក់ផ្តុំគ្នានៅដៃទាំងពីរ ឬជើងទាំងពីរ សុទ្ធសឹងតែធ្វើអំពីស្ពាន់ ឬដែកមានរង្វង់កងច្រើនជាងពីមួយ ដែល ២០-៣០រង្វង់ក៏មាន ហើយចំនួនរង្វង់ពាក់នឹងឋានៈ ឬភាពធូធារបស់អ្នកពាក់ ។ រីឯទំហំរបស់រង្វង់កងដៃកងជើងទាំងនោះ មានទំហំខុសៗគ្នា ។ កងដៃឬកងជើង “ មានរង្វង់កងមួយៗ ដាច់ដោយឡែកៗ ហើយវាមានទំហំខុសគ្នា ហើយចាប់ផ្តើមចេញពីកងដៃតូច នៅត្រង់កដៃ (ឬជើង) រួចហើយពង្រីកធំនៅត្រង់កំភួនដៃ (ឬជើង) ដោយដាក់ត្រួតគ្នា ” ។ ( Cf. លីគិរីសមុទ្រ, កងដៃមរតករបស់ក្រមុំព្រៃភ្នំ, រស្មីកម្ពុជា, ថ្ងៃសុក្រទី៤ សីហា ១៩៩៥ ) ។
និរន្តរភាពនៃការពេញនិយម កងដៃកងជើងនេះ ត្រូវបានគូសបញ្ជាក់តាមរយៈ ចម្លាក់បុរាណលើប្រាសាទបាយ័ន ដែលគេបានជួបប្រទះ ជាភស្តុតាងស្រាប់ ។
ម្យ៉ាងវិញទៀត ក្មេងខ្មែរសព្វថ្ងៃនេះ ក៏នៅតែពាក់កងដៃកងជើងដែរ ថ្វីត្បិតតែប្រពៃណីនេះ កំពុងត្រូវគេឈប់ប្រើប្រាស់ជាបណ្តើរៗហើយក៏ដោយ ក៏ប៉ុន្តែទង្វើនេះ បង្ហាញនូវប្រវត្តិដ៏យូរលង់ នូវប្រពៃណីមួយដែរផ្សាភ្ជាប់ ទៅសម្ព័ន្ធខ្មែរនិងខ្មែរយ៉ាងជាក់ស្តែង ពោលគឺប្រភពរួមនៃខឿនវប្បធម៌ ។
សូមជម្រាបផងដែរថា គឺកងដៃ-ជើងមន-ខ្មែរនៃជនជាតិព្នងនេះហើយ ដែលបានឲ្យកំណើតទៅកងជើងនៃស្ត្រីខ្មែរ នាសម័យអង្គរ និងក្រោយអង្គរ៕ (ម.ត្រាណេ)

សំណង់​អង្គ​ចូឡាមណី​ចេ​តិ​យ ហៅ​ចេ​តិយ​ភ្នំ​យ៉ា​ត មាន​រចនាបទ​ស្រដៀង ទៅនឹង​ចេតិយ​ជាច្រើន ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​


ប៉ៃលិន: សំណង់អង្គចូឡាមណីចេតិយ ហៅចេតិយភ្នំយ៉ាត ជាកន្លែងគោរពបូជា ដែលសាងសង់នៅលើភ្នំយ៉ាត មានសភាពទ្រុឌទ្រោមពុកផុយត្រូវបានធ្វើការសង្គ្រោះ និងគាំទ្រទាំងថវិកា និងបច្ចេកទេសជួសជុលឡើងវិញ ដោយសប្បុរសជនសហភាពមីយ៉ាន់ម៉ា តាំងពីខែតុលា ឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន មានគុណភាពរឹងមំាល្អត្រចះត្រចង់ ដើម្បីអភិរក្សកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ឲ្យបានគង់វង្ស ជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយៗទៀត។

សំណង់អង្គចូឡាមណីចេតិយនេះ បានប្រារព្ធពិធីបុណ្យឆ្លងរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលាខេត្តប៉ៃលិន បន្ទាប់ពីជួសជុលរួចកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសភាព្រឹទ្ធសភា និងអធិការកិច្ច លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន និងវត្តមានលោក ថូ រ៉ាអូម៉ីនម៉ោង ( Thura UMyintMaung ) រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៃសហភាពមីយ៉ាន់ម៉ា អង្គទូត និងគណៈប្រតិភូនៃសហភាពមីយ៉ានម៉ា និងលោក ព្យុង ម៉ោងម៉ោង អគ្គនាយកក្រុមហ៊ុនស៊ីណេតតិចណូឡូជី ជាអ្នកជួយឧបត្ថម្ភក្នុងការជួសជុលចេតិយនេះ ព្រមទាំងអ្នកមុខអ្នកការប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។

លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ក្នុងពិធីបុណ្យឆ្លងចេតិយភ្នំយ៉ាត កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១២ ឲ្យដឹងថា ថ្ងៃសំណង់ចេតិយដ៏ចំណាស់មួយ ដែលគ្រប់គ្នាស្គាល់ថា ជាអង្គចូឡាមណីចេតិយ ហើយបូជនីយស្ថានមួយនេះ បានកសាងឡើងនៅចុងសតវត្សរ៍ទី១៩ ដោយជនអន្តោប្រវេសន៍មកពីប្រទេសភូមា ( ឥឡូវជាប្រទេសមីយ៉ាន់ម៉ា ) ដែលគ្រាមួយនោះ បានមករស់នៅក្នុងទឹកដីទីក្រុងប៉ៃលិន និងបានថ្កុំថ្កើនក្លាយជាឈ្មួញដ៏ពួកែ។ សំណង់ចេតិយនេះ មានរចនាបទដ៏អស្ចារ្យស្រដៀង ទៅនឹងចេតិយជាច្រើន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សំណង់ចេតិយមានកំពូល ៥ ក្នុងនោះ មានកំពូលធំមួយមានកំពស់ប្រហែល ២៦ ម៉ែត្រ ទទឹង ១៥ ម៉ែត្របួនជ្រុង និងកំពូលតូចៗចំនួន ៤ មានកំពស់ ៤ ម៉ែត្រកន្លះ ទទឹង ១ ម៉ែត្រ ៣០ ដែលមានសរសេរឈ្មោះ អ្នកជួយឧបត្ថម្ភមកកសាងជាភាសាភូមា។ ដោយយោងតាមប្រតិទិនរបស់ជនជាតិភូមា ចេតិយតូចៗទាំង ៤ បានកសាងនៅក្នុងឆ្នាំ១២៨៧ ដែលត្រូវនឹងឆ្នាំ១៩២៥ នៃគ្រឹស្តសករាជ។ សំណង់ចេតិយ ត្រូវបានគេជឿថា ចេតិយធំបានកសាងមុនចេតិយតូចៗទាំង ៤ ព្រោះថា ប្រភេទស៊ីម៉ងត៍ដែលប្រើលើចេតិយធំមានសភាពចាស់ជាង និងខុសគ្នាពីប្រភេទស៊ីម៉ងត៍ប្រើលើចេតិយតូចៗទាំង៤។

បច្ចុប្បន្នចេតិយភ្នំយ៉ាត បានក្លាយជាទីកន្លែងសក្ការៈគោរពបូជាដ៏សំខាន់ សម្រាប់ប្រជាជននៅទីនោះ ក៏ដូចជា អ្នកមកពីទីឆ្ងាយនិងក្លាយជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្អឯកមួយ នៅក្នុងខេត្តប៉ៃលិន។
លោករដ្ឋមន្ត្រី ក្រសួងវប្បធម៌បានបន្តថា អស់រយៈកាលជាច្រើនឆ្នាំនៃសង្គ្រាមរាំរ៉ៃ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត កន្លងមក បានធ្វើឲ្យចេតិយភ្នំយ៉ាតនេះទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារកង្វះការថែទាំឲ្យបានត្រឹមត្រូវជាមួយ និងផលប៉ះពាល់ពីកត្តាធម្មជាតិ និងកត្តាផ្សេងៗទៀត។

ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នេះ ចេតិយភ្នំយ៉ាត ចាំបាច់ត្រូវធ្វើការសង្គ្រោះជាបន្ទាន់ និងជួសជុលឡើងវិញ ទៅតាមបច្ចេកទេសសមស្រប។ ជាភ័ព្វសំណាង និងជាឱកាសល្អ
ដែលសប្បុរសជនប្រទេសមីយ៉ាន់ម៉ា លោកព្យុងម៉ោងម៉ោង បានមកប្រទះឃើញ និងចាប់អារម្មណ៍លើចេតិយនេះ ដោយមានទឹកចិត្តសប្បុរសធម៌ ជួយឧបត្ថម្ភជាថវិកាប្រមាណ ១២១.០៤៧ ដុល្លារអាមេរិក ក្នុងការជួសជុល និងបច្ចេកទេសតាំងពីខែតុលា ឆ្នាំ២០១០ ទៅតាមដំណាក់កាលនីមួយៗ និងតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកិច្ចគាំទ្រសម្របសម្រួល ពីសាលាខេត្តប៉ៃលិន។

លោក ព្យុង ម៉ោងម៉ោង អគ្គនាយកក្រុមហ៊ុនស៊ីណេតតិចណូឡូជី ជាអ្នកជួយឧបត្ថម្ភក្នុងការជួសជុលចេតិយនេះ បានបញ្ជាក់ថា ក្រុមការងារបានប្រទះឃើញចេតិយនេះ សាងសង់ឡើង ដែលមានពាក់ព័ន្ធទៅនឹងប្រជាជនមីយ៉ាន់ម៉ា ហើយបានទំនាក់ទំនង និងព្រះចៅអធិការវត្តភ្នំយ៉ាត ថាបើយើងខ្ញុំសុំជួសជុលចេតិយនេះឡើងវិញ ត្រូវធ្វើយ៉ាងណា។ ក្រោយពីត្រឡប់ទៅការិយាល័យនៅភ្នំពេញវិញ ស្រាប់តែទទួលដំណឹងថា លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន ចង់ជួបពិភាក្សារឿងជួសជុលនេះ គឺបន្ទាប់ពីពិភាក្សាល្អិតល្អន់ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលាខេត្តប៉ៃលិន។
ការសិក្សាពីក្រុមជំនាញមកពីប្រទេសមីយ៉ាន់ម៉ា ហើយត្រូវជួសជុលចេតិយនេះ មិនឲ្យខុសពីទម្រង់ដើមឡើយហើយចាប់ផ្ដើមបើកការដ្ឋានកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០។ ការជួសជុលសំណង់ចេតិយនេះ គឺបានបូកស៊ីម៉ងត៍ថ្មីនិងពាសសន្លឹកអ៊ីណុកពណ៌មាស និងក្បាច់រចនាតាមលំនាំផ្សេងៗនឹងបំពាក់ឆ័ត្ររួត ក្រពុំផ្កាពេជ្រនៅលើកំពូលឆ័ត្ររួតនៅថ្ងៃទី៤ ខែមីនា នេះ ដែលប្រារព្ធពិធីឆ្លងចេតិយភ្នំយ៉ាតនេះផងដែរ។
លោក ព្យុង ម៉ោងម៉ោង បានសូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក អ៊ី ឈាន បានដាក់ចេតិយនេះថា ជាចេតីយមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។

ចំណែកលោក ហ៊ឹម ឆែម បានបញ្ជាក់ថា យើងទាំងអស់គ្នាពិតជាមានសេចក្ដីសោមនស្សរីករាយ និងអបអរសាទរ ដែលចេតិយភ្នំយ៉ាត ត្រូវបានសង្គ្រោះ និងជួសជុលឲ្យមានគុណភាពរឹងមាំត្រចះត្រចង់ឡើងវិញ សំដៅអភិរក្សកេរ្តិ៍តំណែលប្រវត្តិសាស្ត្រឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយៗទៀត និងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែខ្ពស់ត្រដែតថែមទៀត។ សមិទ្ធផលដែលទទួលបាននាពេលនេះ គឺស្ដែងចេញតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសាលាខេត្តប៉ៃលិន និងដៃគូសហប្រតិបត្តិការក្នុងបុព្វហេតុរួមគ្នាថែរក្សាការពារ និងលើកតម្កើងវប្បធម៌ អរិយធម៌ជាតិ ឲ្យមានសុវត្ថិភាពនិរន្តរភាពតាមទិសស្លោក “ទាំងអស់គ្នាដើម្បីការការពារវប្បធម៌ជាតិ ហើយវប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា”៕ R


រកឃើញម្កុដមាស ក្នុងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ខេត្តសៀមរាប

សៀមរាប: ក្រុមការងាឥណ្ឌាជួសជុលប្រាសាទតាព្រហ្ម ដែលសហប្រតិបត្តិការនឹងកម្ពុជា បានរកឃើញម្កុដមាសមួយកំណាត់ក្បាល ដោយចៃដន្យ ដែលកប់ក្នុងដីក្រោមផ្ទាំងថ្មប្រាសាទតាព្រហ្ម នាវង់ធំ នៃក្រុមប្រាសាទល្បីល្បាញ នៅខេត្តសៀមរាប កាលពីវេលាម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២។

ក្រុមភ្ញៀវទេសចរពីភូមិមួយ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទៅទស្សនាប្រាសាទតាព្រហ្ម ហើយប្រទះឃើញមួយភ្លែត នូវម្កុដមាសបុរាណនេះ រួចត្រូវបាននាំចូលរថយន្តពណ៌ផ្ទៃមេឃមួយគ្រឿង ដឹកចេញទៅបាត់។ ម្កុដមាសនោះ មានទំហំប៉ុនជើងពានតូច។

ក្រុមការងារឥណ្ឌាជួសជុលប្រាសាទតាព្រហ្ម មិនព្រមឆ្លើយបំភ្លឺដល់អ្នកបានឃើញផ្ទាល់ភ្នែក និងបណ្តាអ្នកយកព័ត៌មានទេ គ្រាន់តែថា រូបចម្លាក់ពីលោហៈនោះ ត្រូវគេនាំទៅរក្សាទុកនៅទីអភិរក្សរបស់ក្រុមការងារ មុននឹងប្រគល់ជូនភាគីកម្ពុជា៕ K