ព្រះបាទជ័យវរ្ម័នទី៧


ព្រះរាជវង្ស និង​ ជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹកនៅប្រាសាទជ្រុង

ក្នុងរង្វង់នគរធំ សិលាចារឹកនៅ

ប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបង សិលាចារឹកនៅ

ប្រាសាទបាយ័ននៅបា្រសាទតាព្រហ្មនិងជាពិសេសដោយសារសិលាចារិកនៅប្រាសាទ ភិមានអាកាសដែលចងក្រងនិពន្ឋតាក់តែងឡើងជាកំណាព្យកាព្យឃ្លោងដោយ

ព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្រ្ទទេវី។

ព្រះបាទជ័យវរ្ម័នទី៧អង្គុយសមាធិ

ព្រះរាជវង្ស

បើតាមការសិក្សាស្រាវជា្រវរបស់លោក(George COEDES)ព្រះបាទជ័យវរ្ម័នទី៧

ប្រហែលជាប្រសូតយ៉ាងយូរណាស់ក្នុងគ.ស១១២៥។ព្រះមាតាព្រះអង្គ ព្រះនាមជ័យរាជចូឌាមណី។

ព្រះបិតាព្រះអង្គព្រះនាម ធរណិន្រ្ទវរ្ម័នទី២ ដែលសោយរាជ្យបន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី។

ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦ ​ និង ត្រូវជា ក្មួយព្រះបាទសុរិយាវរ្ម័នទី២។

ដូច្នេះយើងឃើញថា តាមរយះម្តាយព្រះអង្គជាប់ចុះមកពីព្រះរាជរង្ស ព្រះមហាក្សត្រខ្មែរជំនាន់មុន

មហានគរ(ឬ មុនអង្គរ ឬ ក្នុងសម័យនគរហ្វូណន់ ជេនឡា)។

ហើយតាមខ្សែប្រឡាយព្រះរាជរង្សឪពុកព្រះអង្គចុះមកពីព្រះសន្ទតិវង្សមហិធរបុរះ។

យុវភាព

តាមរយះសិលាចារឹកដដែលយើងបានដឹងថាកាលបិតាព្រះអង្គព្រះធរណិន្រ្ទវរ្ម័នទី២

នៅសោយរាជ្យជាព្រះមហាក្សត្រកម្ពុជាព្រះជ័យវរ្ម័នទី៧

បានទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា។

កាលនោះព្រះអង្គព្រះជន្មបាន២៥វស្សា។បើតាម សិលាចារឹកយើងអាចសន្និដា្ឋនបានថាកាលនោះ

ព្រះអង្គមានព្រះមហេសីរួចសេ្រចទៅហើយព្រះនាមរបស់ព្រះនាងគឺជ័យរាជាទេវី។

ជាមួយនឹង ព្រះនាងប្រហែលជាក្នុងគ.ស១១៤៥ព្រះអង្គបានមានព្រះរាជ្សបុត្រមួយ

ព្រះអង្គព្រះនាមស្រីឥន្រ្ទកុមារ។

ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គត្រូវបែកព្រាត់ បា្រស់ពីប្រពន្ឋកូនដោយក្តីវិយោគអួលណែន

ចុកចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ។

ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្ទ្រទេវីជាបង

ស្រីបង្កើតរបស់មហេសីព្រះអង្គសរសេរចារ

វេញចងជាភួងកំណាព្យ លើផ្ទាំងសិលាប្រាសាទភិមានអាកាស។ព្រះនាង​ ឥន្រ្ទទេវីបានរៀបរាប់អធិប្បាយថា:ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ព្រះនាងជ័យរាជាទេវី

ប្រៀបបានទៅព្រះនាងសិតាដែលកំពុងតែព្រាត់ពីស្វាមីគឺព្រះរាម។

ព្រះរាមគឹព្រះបាទជ័យវរ្ម័នទី៧ឯស្តេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍។

នៅពេលដែលព្រះស្វាមីយាងទៅធ្វើសង្រ្គាមនឹងខ្មាំងព្រះនាងជ័យ

រាជាទេវីបានចូលកាន់សីលកាន់ត្រណមគោរពតាមក្បួនខ្នាត

ប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះឡើយ។

ព្រះនាងតែងខិតខំសិក្សាស្វាធ្យាយធម៌ បួងសួងបន់ស្រន់សុំអោយ

ព្រះស្វាមីបានជួបតែសេចក្តីសុខនិងជ័យជំនះឈ្នះលើសត្រូវ។

ព្រះនាងមានរូបរាងកាយស្គាំងស្គមហើយមិនយកចិត្ត ទុកដាក់និងសក់ព្រះនាងឡើយ។

កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។

តែការឈឺចុកចាប់នេះបានធ្វើអោយព្រះនាងសប្បាយ រំសាយទុក្ខទៅវិញ។ព្រះនាងជ័យរាជាទេវីនៅស្មោះត្រង់រងចាំការវិលត្រឡប់របស់ព្រះជ័យវរ្ម័នជានិច្ច។

ជីវិតតស៊ូ ព្យាយាម រងចាំ

នៅគ.ស១១៦០ ព្រះបាទជ័យវរ្ម័នទី៧

កំពុងតែធ្វើចម្បាំងប្រយុទ្ឋជាមួយកងទ័ពនគរចម្ប៉ានៅមុខទីក្រុងវិជ័យ។

គា្រនោះព្រះអង្គបានទទួលដំណឹង

ថាព្រះបិតាព្រះអង្គចូលទិវង្គតហើយព្រះបាទយសោវរ្ម័នទី២ បានឡើងសោយរាជ្យជំនួស។

នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបាន ផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់។

ព្រះអង្គនៅតែបន្តធ្វើសង្រ្គាមវាយប្រហារនគរ

ចាមហើយគោរពស្មោះស្ម័គ្របំរើព្រះមហាក្សត្រថ្មីដោយគ្មានវេចវេរ។

នៅពេលដែលព្រះអង្គទទួលដំណឹងដឹងថានៅព្រះរាជធានមានមន្រ្តីក្បត់ចង់ធ្វើឃាត

ព្រះមហាក្សត្រព្រះអង្គបានធ្វើដំណើរយាងចូលមក

នគរវិញដើម្បីជួយការពារជ្រោមជ្រែងព្រះរាជា។តែព្រះអង្គមកដល់យឺតពេលហើយ

សោកនាដកម្មបានកន្លសហួសផុតរួចស្រេចបាត់ទៅហើយ។

ព្រះបាទយសោវរ្ម័នទី២ត្រូវគេធ្វើឃាតហើយព្រះរាជបុត្រព្រះអង្គព្រះស្រីឥន្រ្ទ

កុមារក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នាដែរ។

ក្នុងគ.ស១១៦៥បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារស្តេចថ្មីព្រះបាទត្រឹភុវ័នអាទិត្យបានរៀបចំធ្វើពិធីព្រះរាជាភិសេក

ហើយប្រកាស តាំងខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា។កាលនោះព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គមិនបានកកេណ្ឌទ័ពចេញទៅ

ធ្វើសង្គ្រាមមកតតាំងរាំងជល់នឹងសេ្តច ជ្រែករាជ្យដើម្បីដណ្តើមយករាជបល្ល័ង្កមកវិញទេ។ព្រះអង្គនៅនឹង

ស្ងៀមមិនបណ្តែតបណ្តោយចិត្តគំនិតអារម្មណ៍អោយផ្លាស់ប្តូរហក់លោតទៅតាមមនោសញ្ចេតនាភ្លើងកំហឹង ការប្រមាថឆេវឆាវនិងការលោភលន់ខ្វះពិចារណាឡើយ។ព្រះអង្គបានសម្ងំរស់នៅ

ប្រាសាទព្រះខ័ន​ ក្នុងខេត្តកំពង់ស្វាយ យកពេលស្មឹងស្មាធ ត្រិះរិះស្រាវជា្រវសិក្សាពិចារណារកផ្លូវចំរើន រង់ចាំឪកាសល្អ

ដើម្បីដាក់ខ្លួនចូលបំរើជាតិ។

លទ្ឋផលនៃការតស៊ូ

ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរង់ចាំអស់រយះពេល១៧ឆ្នាំគ

ស១១៦០ដល់១១៧៧ទើបឪកាសល្អបានមកដល់។

ព្រឹត្តិការណ៍នគរចម្ប៉ាវាយប្រហារលុកលុយប្រទេសកម្ពុជានិងការអស់ព្រះជន្ម

របស់ព្រះមហាក្សត្រជ្រែករាជ្យបានរុញច្រានជម្រុញអោយព្រះអង្គចេញមុខ

បង្កបង្កើតចលនាតស៊ូរំដោះជាតិ។ព្រះអង្គដឹកនាំការតស៊ូប្រឆាំង

នឹងអាណានិគមចម្ប៉ាអស់រយះពេល៤ឆ្នាំ

ទើបបានទទួលលទ្ឋផលល្អ។នៅគស១១៨១ដែលព្រះអង្គបានរំដោះ

ជាតិមាតុភូមិពីកណ្តាប់ដៃចាមព្រះអង្គបានប្រកាសជាព្រះមហាក្សត្រ

នគរកម្ពុជាហើយទទួលព្រះរាជាភិសេកក្នុងឆ្នាំដដែល។

កាលនោះតាមការប៉ាន់ស្មានព្រះបាទជ័យវរ្ម័នទី៧បានព្រះជន្មប្រហែលជាជាង៥០វស្សា។

ចំណែកខាងព្រះអគ្គមហេសីជ័យរាជាទេវីវិញ

ដើម្បីជាការអបអរអរគុណដល់គុណបុណ្យបារមីព្រះរតនត្រៃ

ដែលបានជួយព្រះនាងតាមការបន់ស្រន់បួងសួង ព្រះរាជទេពី បានធ្វើបុណ្យចែកទាន

អំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និង ប្រជានុរាស្រ្ត។
ក្រោយដែលព្រះអគ្គមហេសីជ័យរាជាទេវីចូលទិវង្គត

ព្រះនាងឥន្រ្ទទេវីជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី៧

បានអភិសេកតែងតាំងជាព្រះអគ្គមហេសី។ព្រះនាងជាស្រ្តីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់

មានបា្រជ្ញាភ្លឺថ្លាមោះមុត ឈ្លាវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរ

សាស្រ្តមានធម៌មេត្តាន្តោសហើយគោរពបូជាព្រះពុទ្ឋសាសនា។

ព្រះនាងជ័យរាជាទេវីនិងព្រះនាងឥន្រ្ទទេវីដែលជាមហេសីរបស់

ព្រះបាទជ័យវរ្ម័នទី៧សុទ្ឋតែធ្លាប់ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមី តាមព្រះពុទ្ឋឪវាទ។

ព្រះបាទជ័យវរ្ម័នទី៧

ព្រះមហាក្សត្រខ្មែរ ព្រះអង្គគោរពបូជានិងមានជំនឿទៅលើព្រះពុទ្ឋសាសនាផ្នែកមហាយាន។

ព្រះរាជបុត្រព្រះអង្គ

ជាច្រើនសុទ្ឋតែមានជំនឿនិងធ្វើសក្ការះបូជាថ្វាយចំពោះ

ព្រះពុទ្ឋសាសនា។

បុត្រព្រះអង្គ ព្រះនាមគមលិន្ត បានបួសជាសង្ឃហើយទៅបន្តការសិក្សានៅកោះសេរីលង្កា។

បុត្រមួយទៀត ព្រះអង្គវីរកុមារ​ដែលបាននិពន្ឋចារ អត្តបទមួយយ៉ាងល្អវែកញែក

អធិប្បបាយពីព្រះពុទ្ឋនៅលើផ្ទាំងថ្មនៅ ប្រាសាទព្រះខ័ន

កិត្យានុភាព

ព្រះបាទជ័យវរ្ម័នទី៧ ដោយសារការតស៊ូព្យាយាម

ព្រះអង្គបានទទួលជោគជ័យដែលគេអាចចាត់ទុកជាជោគជ័យផ្ទាល់ខ្លួន។

តែព្រះអង្គបានយកជោគជ័យនេះឥទ្ឋិពល

អំណាច ការចេះដឹង ការពិសោធន៍ និង ប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាងប្រទេសជាតិ

ផ្តល់នូវសេចក្តីសុខកេ្សមក្សាន្ត សន្តិភាព​ចំរើនលូតលាស់ ដល់ប្រជានុរាស្រ្ត

ដោយគ្មានរើសអើងវណ្ណះ។

ការកសាងរបស់ព្រះអង្គ​ នគរចម្ប៉ាបានក្លាយទៅជាខេត្តខណ្ឌខ្មែរ ទឹកដីខ្មែរ

ក៏បានលាតសន្ឋឹងធំវែងឆ្ងាយ ជាមហាអំណាចមួយយ៉ាងធំដែរ នៅក្នុងអាស៊ីភាគអាគ្នេយ៍។ចក្រភព

ខែ្មរ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានកម្ពុជា ចម្ប៉ា បច្ចុប្បន្នលាវ

សៀម និង ទឹកដីមួយភាគធំនៃប្រទេសភូមា និង ម៉ាឡេស៊ី

ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គមិនបានចូលទិវង្គតទេ​​​​​​​​​​​​​​​​​

គាត់បានបាត់​ខ្លួនពីពិភពលោកនេះនៅពេលធើ្វចំបាំងជាមួយចំប៉ា។

តាត្រសក់ផ្អែម


រឿងតាត្រសក់ផ្អែម ត្រូវបានអ្នកស្រាវជ្រាវចាត់រឿងជាប្រវត្តិសាស្រ្ដមួយ ។ រឿងនេះមាន ការទាក់ទងយ៉ាងអាថ៌កំបាំងនៅឡើយទៅ នឹង ព្រឹត្តិការណ៍តំណវាជវង្ស “វរ្ម័ន” នៅសម័យអង្គរ​។ ប៉ុន្ដែទោះជាយ៉ាងណា ក៏អ្នកស្រាវជ្រាវទាំងជនជាតិបារាំង​ទាំង​ជនជាតិខ្មែរ បាន ចាត់ទុកតាត្រសក់ផ្អែម ជាស្ដេចខ្មែរមួយអង្គដែល បានឡើងសោយរាជ្យ នៅក្នុងកំឡុងឆ្នាំ ១៣៣៦ ដល់ ១៣៤០ នៃ គ.ស. ។ អ្វីជាការយកចិត្តទុកដាក់ របស់អ្នកស្រាវជ្រាវនោះ គឺ៑ថារឿងតាត្រសក់ផ្អែមនេះមាន នៅក្នុងរឿងព្រេងប្រទេសភូមាផង ប្រទេសថៃផង ប្រទេសឡាវផង និងប្រទេសកម្ពុជាផង ។ ទាំងបួនប្រទេស តែងតែចាត់ទុករឿងនេះជារឿងព្រេងប្រចាំជាតិរៀងៗខ្លួន។បើនិយាយពីនៅ កម្ពុជាវិញ រឿងនេះ ត្រូវបានគេនិទានឡើងដោយមានការទាក់ទងទៅនឹងទីតាំង ស្ថាននាម និងព្រះមហាក្សត្រ ។

កន្លងមកយើងធ្លាប់ឮ ធ្លាប់អានរឿងនេះតាមរយ:អត្ថបទអក្សរសិល្ប៍សៀវភៅប្រវត្តិសាស្រ្ដ សៀវភៅប្រជុំរឿងព្រេង ហើយស្នាដៃទាំងនោះមានភាពស្រដៀងៗគ្នា។ ចំណែកពេលនេះ ខ្ញុំនឹងបង្ហាញជូននូវរឿងព្រេងនិទាន ស្ដីពីប្រវត្តិតាត្រសក់ផ្អែមមួយទៀតដោយមានការទាក់ទងទៅនឹងប្រវត្តិទីតាំង ស្ថាននាម មួយចំនួន នៅតំបន់អង្គរភាគ ខាងជើង និងខាងកើត ដែលត្រូវបានរក្សា រហូតដល់សព្វថ្ងៃនេះ ។ ហេតុផល នៃការលើកយករឿងនេះមកអធិប្បាយ ក្នុង​គោលបំណងតែមួយគត់គឺ“រក្សាមរតកអក្សរសិល្ប៍ខ្មែរ” ។ ពីព្រោះថារឿងនេះមានលក្ខណ:ប្លែកគ្នាពី រឿងមុនៗ ត្រង់ថា វាមានទាក់ទងទៅនឹង ស្ថាននាមនៅតំបន់អង្គរ ហើយយើងក៏ធ្លាប់សរសេរក្នុងសៀវភៅ “ដប់ថ្ងៃនៅទីក្រុង អង្គរ” តម្កល់ទុកនៅមហាវិទ្យាល័យប្រវត្តិវិទ្យាដែរ ។

សៀវភៅនោះត្រូវបានរៀបរៀងឡើងដោយនិស្សិតប្រវត្តិវិទ្យាចំនួន ១១ នាក់ រួម ទាំងខ្ញុំផង ប៉ុន្ដែ ការផ្សាយមិនមានលក្ខណ:ទូលំទូលាយ ។ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្ត ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយានាពេលនេះ ជូនមិត្តអ្នកអាន ពិចារណា ប៉ុន្ដែ សូមមិត្តអ្នកអាន យប់ថានេះពុំមែនជារឿងប្រវត្តិសាស្រ្ដជាក់ស្ដែងនោះទេ វាគ្រាន់តែជារឿងព្រេងនិទាន ដែលប្រជារាស្រ្ដខ្មែរចេះចាំហើយនិទានតៗគ្នាតែប៉ុណ្ណោះ ។ ម្យ៉ាងទៀត ចំពោះចំណោទមួយដែល បានចោទសួរថា បើរឿងព្រេងតាត្រសក់ផ្អែម ត្រូវបានជនជាតិ ៤ ប្រទេសចាត់ទុក ថាជារឿង របស់ខ្លួនរៀងៗខ្លួននោះ តើយើងអាចវែកញែករកហេតុផលមកពន្យល់បានទេ ?

ចំពោះទស្សន:ខ្ញុំ យល់ថា បាន, ទោះបីជា​រឿងតាត្រសក់ផ្អែម​របស់ភូមាគេថាបានចាប់កំណើតឡើងតាំងពីសតវត្សទី១០ ក៏ដោយ ។ យើងត្រូវសង្កេតពិនិត្យរកទីតាំងជាក់លាក់ ដែលមានទាក់ទងក្នុងដំណើររឿង ។ បានសេចក្ដីថា យើងត្រូវធ្វើការសិក្សាស្ថាននាមដែល មានទាក់ទងក្នុងរឿង ។ ខ្ញុំក៏ជឿជាក់ថា រឿងព្រេងតាត្រសក់ផ្អែម គឺជារឿងរបស់ខ្មែរពិតៗ ព្រោះវាមានទាក់ទងនៅនឹង ស្ថាននាម ព្រឹត្តិការណ៍សង្គម ជីវភាពរបស់ខ្មែរ នៅចុងសម័យអង្គរ ។ ពេលនេះ ខ្ញុំសូមទាញអារម្មណ៍មិត្តអ្នកអាន ពិចារណាទៅលើប្រវត្តិតាត្រសក់ផ្អែម របស់អ្នកស្រុកប្រដាក់ ដូចតទៅនេះ :

កាលដើមឡើយ មានឥសីមួយអង្គ គង់ចង្រ្កមភាវនានៅក្នុងព្រៃមួយសម័យថ្ងៃមួយមានសត្វចាបមួយគូ ហើររកកន្លែងធ្វើសំបុកសំរាប់ ពង ចាបទាំងគូ ហើររកកន្លែង ពងមិនបាន ក៏ទៅជួបតាឥសីកំពុងសមាធិ ។ ដោយឃើញពុកចង្ការតាឥសី ទំនងអាចឲ្យ ខ្លួនងាយ ស្រួល កាច់ សំបុក ចាបទាំងគូក៏ចាប់សរសៃពុកមាត់ចាក់ជាសំបុក ។ ក្រោយមកចាបញីក៏ពង ដាក់ក្នុងសំបុកវារួចហើរទៅទំលើមែកឈើមួយ នៅជិត ទីនោះ ។ ចាបទាំងពីរនិយាយសាសងគ្នាថា : អឺ ឯងអើយ !ថាយើងចុះជាសត្វតិរច្ឆានក៏គង់នៅមានកូនតពូជពង្ស រួចចុះ តាឥសី នោះ វិញ ទៅអនាគត មានអ្នកណាបន្ដពូជពង្ស ? ចាបនិយាយតែប៉ុណ្ណោះ តាឥសីចាប់ភ្លឹកកើតពិចារណាថា : ឱ អញអើយ ! បើអាត្មាអញមិនចាកសិក្ខាបទ ស្វែងរកប្រពន្ធម្ល៉េះសមអញកំបុកឆ្ងុងត្រឹមនេះ គ្មានកូនចៅតទៅមុខទៀតទេ ។

ក្រោយពេលពងចាបញាស់ កូនៗចេះហើរ ហើរចេញអស់ទៅ តាឥសីឈប់តាំងសីល រួចត្រឡប់មកអាស្រមវិញ ចាកសិក្ខាបទដើម្បី ចាកចេញទៅរកភរិយា ។ ក្ រោយពេលស្វែងរកអស់រយ:ពេលយ៉ាងយូរមក អតីតតាឥសីបានទៅជួបនឹងយាយរិដែលរស់នៅក្បែរស្រះ ដូនរិ (សព្វថ្ងៃ ស្រះដូនរិ ស្ថិតនៅឃុំត្បែងខេត្តសៀមរាប ជួបកាលគេហៅថា “ ស្រះខ្វាវ ” ) ។ អ្នកទាំងពិរបានយកគ្នាជាប្ដីប្រពន្ធតរៀងមក ។ នៅពេល​មានគ្រួសារហើយអតីតតាឥសីបានខិតខំប្រឹងប្រកបរបររកស៊ីចិញ្ចឹមជីវិតជា ធម្មតាក្នុងតួនាទីជាមេគ្រួ​សារ។ មិនយូរប៉ុន្មាន យាយរិ មានគភ៌ ហើយគភ៌ចេះតែចំរើនវ័យ ប្ដីយាយក៏កាន់តែខិតខំប្រឹង រកអដ្ឋបរិក្ខារយ៉ាង គ្រប់គ្រាន់ទុកឲ្យ ។ ពេលនោះ បុត្រយាយរិ មិនទាន់ប្រសូតនៅឡើយទេ តែប្ដីរបស់យាយ ក៏លាយាយទៅសាងផ្នួសវិញ ។ គ្រប់ទសមាស យាយរិប្រសូតបានបុត្រមួយ ហើយបុត្រនេះក៏មិនទាន់មានឈ្មោះជាអ្វីដែរ ។ ទារកចេះតែចំរើនវ័យបន្តិចម្ដងៗ រហូតដល់ ពេលវាចេះនិយាយ ។

ថ្ងៃមួយ កុមារតូច ក៏សួរទៅម្ដាយថា : ម៉ែ ឯណាឪពុក ខ្ញុំ ? ម្ដាយឆ្លើយថា : អឺ ! ឪពុកឯង នៅឆ្ងាយណាស់ អញប្រាប់ឯងឥឡូវនេះមិនបានទេ ចាំឯងធំសិនចាំអញប្រាប់ !

ពេលវេលាចេះតែកន្លែងផុតទៅយ៉ាងយូរ ចំណែកគ្រួសារយាយរិ ប្រកបរបរបរកស៊ីធ្វើស្រែកចំការជាធម្មតា ។ បុត្រយាយរិ ចំរើនវ័យបាន ១៨ ឬ ១៩ ឆ្នាំហើយក៏នៅតែមិនទាន់មានឈ្មោះនៅឡើយ ។ ថ្ងៃមួយ បុរសកំលោះក៏បានសួរម្ដាយម្ដងទៀតថា : ម៉ែ ឪពុកកូនជា នរណា ? គាត់នៅឯណា ? ម្ដាយក៏ឆ្លើយទៅប្រាប់កូនវិញថា : ឪពុកកូន ជាតាឥសី គាត់នៅឯភ្នំ (មិនដឹងថាឈ្មោះភ្នំអ្វី) ។ កូនសួរទៀតថា : បើដូច្នោះទៅរក ម្ដេចឃើញ ! ម្ដាយឆ្លើយថា : អឺ កូនអ្ហើយ ! ដើរតាមផ្លូវគេកាច់តម្រុយនោះទៅឃើញហើយ !

ក្រោយមក កូនប្រុសយាយរិ ក៏ចាកចេញដំណើតតាមផ្លូវដែលម្ដាយបង្ហាញ ។ គាត់ដើរទៅដើរទៅ នៅតែមិនជួប នៅតែមិនឃើញស្អី ក៏ មិនឃើញៗ គាត់ក៏នៅតែដើរទៅមុខជានិច្ច រហូតដល់អស់កំលាំង ។ អ្នកកំលោះបានប្រាស់ខ្លួនដេកនៅក្រោមដើមឈើមួយ ។ នៅពេល គាត់ ដេកលក់ តាឥសីបានយកគ្រាប់ត្រសក់មួយបង្វេច កាំបិតមួយ និង បាយមួយកញ្ចប់ រួចនិម្មិតប្រាប់បុត្ររបស់ខ្លួន កំពុង ដេកលក់ ប៉ុន្ដែ លោកមិនបានឲ្យឃើញរូបឡើយ ។ រួចរាល់កិច្ចហើយ តាឥសីបាន និមន្ដទៅកាន់កន្លែងចង្រ្កាមភាវនា វិញ ។ លុះបុរសភ្ញាក់ពីដេក បានឃើញវត្ថុដូចគ្នា នឹង និម្មិត បានប្រាប់មែន ។ ដោយមានសេចក្ដីស្រេកឃ្លានផង បុរសលាកញ្ចប់បាយ បរិភោគ យ៉ាងប្រញាប់ រួចម្នីម្នាវិលត្រឡប់មកផ្ទះវិញ តាមបំរាប់និម្មិត ។ មកដល់ផ្ទះ បុរសបានជួបម្ដាយ ហើយជំរាបថា : ម៉ែ ! ខ្ញុំបាទឥតបានឃើញតាឥសីជាឪពុកទេ ។ ប៉ុន្ដែ ពេលខ្ញុំបានដេកលក់ទៅ មាន និម្មិតប្រាប់ចំណែករូបរាងក៏មិនបានឃើញដែរ ។ ម្ដាយក៏សួរទៅវិញថា : តើនិម្មិតប្រាប់យ៉ាងដូចម្ដេច ? កូនឆ្លើយ : ប្រាប់ថាមានគ្រប់ត្រសក់នេះមួយកញ្ចប់ កាំបិតនេះមួយនិងបាយមួយកញ្ចប់ ប៉ុន្ដែបាយខ្ញុំបាទហូបអស់ហើយ ។ លោក ប្រាប់ទៀតថា បើបានវត្ថុនេះកាលណា សូមយកត្រឡប់ទៅផ្ទះវិញ ហើយទៅរកត្រួសត្រាយចំការនៅឯភ្នំ(ក្រោយមក ភ្នំនេះមានឈ្មោះថា ភ្នំ ចំការ) ដើម្បីដាំត្រសក់ ព្រមទាំងបណ្ដាំមួយទៀត នៅពេលត្រសក់ផ្លែទុំដំបូង កុំឲ្យស៊ី គប្បីបេះយកទៅថ្វាយស្ដេចនៅក្រុងអង្គរធំ កុំខាន ព្រឹកឡើង បុរសឲ្យម្ដាយធ្វើម្ហូបអាហារឲ្យខ្លួន វេចខ្ទប់យកទៅហូប នៅពេលនៅត្រួសចំការ ។ គាត់បានទៅដល់ភ្នំមួយតាមនិម្មិត ដែលបានប្រាប់ ។ ដល់ហើយ គាត់បានត្រួសត្រាយកាប់ឆ្ការ អស់ពេលមួយថ្ងៃ ដោយត្រួសត្រាយ កាប់ ឆ្ការ តាមកំលាំងធម្មតា ដែល ខ្លួនអាចធ្វើទៅបាន លុះថ្ងៃល្ងាចបន្តិច គាត់វិលត្រឡប់មកផ្ទះវិញ ។ ព្រឹកឡើង បុរសឲ្យម្ដាយធ្វើបានឲ្យខ្លួនទៀត ដើម្បីនឹងយកទៅចម្ការ។ ពេលទៅដល់ ចំការនោះត្រូវបានគេកាប់ឆ្ការរួចអស់ បុរស ក៏ ត្រឡប់ មកផ្ទះវិញប្រាប់ម្ដាយថា : ម៉ែ ចំការត្រូវគេត្រួសត្រាយរួចហើយ ។ ប៉ុន្ដែ ថ្ងៃស្អែក ខ្ញុំបាទនឹង ទៅកាប់ចិញ្រ្ចាំឲ្យវាយ ។ ស្អែកឡើង ម្ដាយដាំបាយខ្ទប់ម្ហូបឲ្យកូនទៅចំការទៀត ។ ពេលទៅដល់ឃើញចំការត្រូវគេកាប់ចិញ្រ្ចាំពង្រាបរួចទៅទៀត ។ បុរសយើង ក៏ត្រឡប់ មកផ្ទះប្រាប់ម្ដាយវិញថា : ម៉ែ ! ចំការកាប់ពង្រាបរួចអស់ទៀតហើយ ។ ម្ដាយក៏ប្រាប់ទៅកូនវិញថា : នែកូន, ចាស់បុរាណលោកថា ចំការត្រួសត្រាយកាប់ឆ្ការថ្មីដូច្នេះ ចាំកន្លះខែក្រោយសឹមទៅដុត ។ លុះចាំដល់ពេលវេលាបានកន្លះខែ បុរសក៏ទៅដុតព្រៃងាប់ដែលខ្លួនឆ្ការរួច ។ ពេលទៅដល់ព្រៃដែលងាប់នោះ ឆេះអស់មុនគាត់ដុត ។ ឃើញដូច្នេះបុរសក៏ដាំគ្រាប់ត្រសក់ នៅចំការនោះតែម្ដង ។ ដាំរួច គាត់វិល ត្រឡប់មកផ្ទះវិញ ។ ក្រោយពេលភ្លៀងធ្លាប់ម្ដង បុរសទៅមើលចំការត្រសក់របស់ខ្លួន ស្រាប់តែឃើញដើមត្រសក់ដុះចេញ វារពេញដីរួចជាស្រេច ។ ពេលគាត់ ត្រឡប់មកផ្ទះវិញយប់នោះ ស្រាប់តែមាននិម្មិតប្រាប់ទៀតថា : កាលណាត្រសក់មានផ្លែទុំល្មមដំបូងគេ កុំហូបត្រូវអ្នកបេះយកទៅថ្វាយ ស្ដេចទៅក្រុងអង្គរធំ ។ ពេលត្រសក់ចាប់ផ្ដើម បុរសជាម្ចាស់ទៅដេកចាំចំការជាធម្មតា។ មិនយូរប៉ុន្មាន ផ្លែត្រសក់ក៏ទុំរបេះចេញពីទង។ ឃើញត្រសក់ទុំហើយ បុរស ក៏ធ្វើតាមបណ្ដាំនិម្មិតដែលប្រាប់ឲ្យយកផ្លែត្រសក់នេះទៅថ្វាយស្ដេច ។ ដោយហេតុខ្លួនជាអ្នកក្រីក្រ គ្មានអ្វីផ្សេងទៀត ជាដង្វាយ ក៏ យួរតែផ្លែត្រសក់ទុំធំមួយ សំដៅទៅរាជវាំង ។

ប្រាសាទសំបូរព្រៃគុក


​     ប្រាសាទព្រៃគុក គឺជារមណីដ្ឋានសំបូរព្រៃគុក ជាប្រភេទរមណីដ្ឋានវប្បធម៍ និងប្រវត្តិសាស្រ្តដែល មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ទីរួមខេត្តកំពង់ធំស្រុកប្រាសាទសំបូរ ដែលមានចំងាយ ៣៧គម ពីទីរួម ខេត្តកំពង់ធំដែលសង់លើដី រាបស្មើមានទំហំ 3,000 ហិកតា តាមផ្លូវជាតិ ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោចផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះ ទៅស្រុកសំបូរបាន តែម្តង ។ រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃ សាសនា ឧទ្តិសថ្វាយ សវះនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅ ដោយចំលាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់។ ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ស្តេចឥសានវរ្មន័ ទី១នៅក្នុង សតវត្ស ទី៧ (គ,ស 616-635) នាសម័យចេនឡាក្រុមប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានបោះបង់ចោល តាំងពីឆ្នាំ ១៩៧១មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។ក្នុងការកាប់ស្ការព្រៃគេរកឃើញមាន ប្រាសាទទាំងអស់ចំនួន១៤០ប្រាសាទ ហើយនៅប្រាសាទទៅពីទៀត រកមិនទាន់ឃើញ។ [កែប្រែ] រមណីដ្ឋានសំបូរព្រៃគុកគេចែកចេញជា ៤ ធំគឺ៖1. ក្រុមប្រាសាទខាងជើង ៖ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា។ ប្រាសាទតោ2. ប្រាសាទកណ្តាល ៖ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសចាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។ 3. ក្រុមប្រាសាទខាងត្បូង ៖ ហៅថា ប្រាសាទយាយពន្ធ័ ដែលស្ថិតនៅចំកណ្តាលហ៊ុំពន្ធ័ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស។ក្រុមប្រាសាទទាំងនេះជា អតិតរាជធានី។ 4. ក្រុមប្រាសាទក្រោលមាស ៖ មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើ អំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។

ប្រវត្តិវត្តភ្នំសំពៅប្រាំនៅភ្នំបូកគោ


វត្តសំពៅប្រាំ ស្ថិតនៅទីខ្ពង់រាប នៃភ្នំបូកគោ ដែលសព្វថ្ងៃនេះរាជការបានតាំងជាទីក្រុង ទេសចរណ៏មួយយ៉ាងសំខាន់ សម្រាប់ យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រុ។ ភ្នំនេះឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្តកំពត ប៉ុន្តែសព្វថ្ងៃគេកាត់ចេញដោយឡែកជាបុរីមួយ ដោយមានការគ្រប់គ្រង ពិសេសដាច់ចេញពីខេត្តកំពត។

សព្វថ្ងៃទីក្រុងថ្មីនេះ បានរៀបចំជាថ្មីឱ្យទាន់សម័យ ឯផ្លូវថ្នល់ដែលលូន ក្រវេចក្ររៀនតាមចង្កេះភ្នំ កាត់ជាជ្រោះឡើងទៅ ខ្ពង់បុព្វតានេះ ក៏បានក្រាលថ្មចាក់ជ័រយ៉ាងស្អាតបាត រថយន្តតូចគ្រប់ធុន បើកបរគ្មានលំបាកទេ លើកលែងតែរថយន្តធំវែងៗ បើកបរពុំបាន ត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិកក្ងក់ពេក។ ផ្លូវឡើងនេះមានចម្ងាយចាប់តាំងពីត្រង់បែកចេញពីផ្លូវ ជាតិលេខ៣ (ផ្លូវកំពត-វាលរិញ) ទៅមាន៣២គ.ម ប៉ុនែ្តដោយផ្លូវបត់បែន ហើយត្រូវឡើងជាដរាបផង រថយន្តបើកពុំសូវ លឿនប៉ុន្មានទេ។

ពីដើមខ្ពង់រាបបូកគោជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតីអ៊ឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោកហ្វ្រង់ស្វា-បូដ្វាំង ជារេស៊ីដង់សុប៉េរេយើ នៅប្រទេស កម្ពុជាបានចាត់កសាង ហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥។ កាលពីសម័យកសាងនោះ ដោយទ្រង់ថា បារាំងរៀបចំ ធ្វើទីសំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ ដូច្នេះ ព្រះមហាក្សត្រខ្មែរយើងក៏ព្រះអង្គ ទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនាភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ ដោយមាន កូនវិហារតូចមួយនឹងចេតិយឡើងមួយដែរ។

សំណង់វត្តនេះតាំងលើដីខ្ពស់ ជាកំពូលភ្នំដ៏មានផែនថ្មធំៗនៅពាសពេញ ចម្លែកជាងគេគឺផែនថ្ម ជាបន្ទះៗ មានទំហំបណ្តោយប្រមាណជាជាង១០មែត្រ និងកំពស់ប្រហែលជិត១០មែត្រដែរ។ ទ្រង់ទ្រាយផែនថ្មនេះមានភាពសំប៉ែតខ្ពស់ ទ្រទុងនៅតំរៀបគ្នាជាប្រាំសន្លឹក មានសណ្ឋានដូចក្តោងសំពៅត្រដាង។ ដោយឃើញរូបភាពនៃថ្មទាំងប្រាំផែននេះ មានសណ្ឋានដូចសំពៅ៥ កំពុងបើកក្តោង ហើយការកសាងក៏ត្រូវធ្វើនៅ ជាប់ផែនថ្មនេះទៀត ទើបអ្នកផងហៅទីនេះតាមសន្មត់ថា “វត្តសំពៅប្រាំ ” ។ បន្ត​ការ​អាន

ប្រាសាទព្រះវិហា


ប្រវត្តិនៃ​ប្រាសាទ​ព្រះ​វិហារ​

តាម​ការស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំង​ពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ សោយ​រាជ្យ នៅពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅលើ​ទី​ខ្ពស់​ជាង​គេ នោះ​មាន​កំពស់ ៦២៥​ម៉ែត្រ(ឯកសារ​បារាំង)​រឺ​៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។

ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ​ព្រះវិហារ មាន​នៅ​លើ​សិលា​ចារឹក​ខ្មែរ នៅឯ​ប្រាសាទ​បាពួន ក្នុង​ខេត្ត​សៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នក​ដែល​សរសេរ​សិលាចារឹក​ហ្នឹង ឈ្មោះ​ហរិ វាហៈ នៅក្នុង​រជ្ជកាល​ព្រះបាទ​រាជិន្រ្ទ​វរ័ន្ម គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ។ គេ​សរសេរ​ជា​ភាសា​សំស្រ្កឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះនាម ឥន្រ្ទាយុទ្ធ លោក​បាន​យក​លិង្គ​មួយ ឈ្មោះ​ស្រីសិខៈ រិស្វារៈ មកតាំង​មក​ប្រតិស្ឋ​នៅ​ទីនេះ​ៗ​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង ។ គេ​សរសេរ​ថា ព្រះអង្គ​លោក​ខ្លាំង​ពូកែ​ខ្លាំង​ណាស់ ។ លោក​មាន​មហិទ្ធឫទ្ធិ ទៅ​ច្បាំង​ជាមួយ​នឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ ប្រហែល​ជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំង​មូល​នោះ​ទេ ។ ប្រហែល​ជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ​។ បន្ត​ការ​អាន

វិស័យស្ថាបត្យកម្មខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ


វិស័យស្ថាបត្យកម្មខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ

តាមរយៈរបកគំហើញខាងបុរាណវិទ្យាបុរេប្រវត្តិសាស្ត្រ គួបផ្សំទៅនឹងការវិភាគនៃកំណត់ហេតុចិននាសម័យប្រវត្តិសាស្ត្រ យើងបានដឹងអំពីវិសាលភាពនៃទឹកដីខ្មែរនាដើមស.វទី១ នៃគ.ស និងកម្រិតវប្បធម៌ដ៏រុងរឿងរបស់ជនជាតិខ្មែរនៅលើជ្រោយឥណ្ឌូ-ចិន យើងនេះ។
ហើយដោយសារយោងតាមទិន្នន័យវិទ្យាសាស្ត្រទាំងនោះ ដែលបុព្វការីជនខ្មែរ បានបន្សល់ទុកពាសពេញទូទាំងភូមិភាគនេះ ជាពិសេសនៅប្រទេសលាវ/ឡាវ វៀតណាមកណ្តាល និងត្បូង និងប្រទេសថៃបច្ចុប្បន្ន យើងអាចបញ្ជាក់បានថា ស្ថិតក្នុងអម្បូរមន-ខ្មែរ ដូចតាខ្មែរនាសម័យមុនការបង្កើតរដ្ឋហ្វូ-ណន (នគរភ្នំ) បានស្គាល់វិស័យស្ថាបត្យកម្មប្រចាំជាតិរបស់ខ្លួនរួចទៅហើយ។

ផែនទី នៃអំបូរមន-ខ្មែរ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងការធ្វើដំណើរចេញពីប្រទេសចិន ចេញពីអំបូរថៃ-វៀត ចាប់តាំងពីស.វទី ១៣

ជារួម នៅប្រទេសកម្ពុជាសព្វថ្ងៃ ក៏ដូចនៅលើទឹកដីកំណើតរបស់ពូជសាសន៍ខ្មែរដែរ មុនការលេចធ្លោឡើងនូវប្រាង្គប្រាសាទ និងទីក្រុងបែបឥណ្ឌា ឬអ៊ឺរុប វិស័យស្ថាបត្យកម្មនាសម័យបុរេប្រវត្តិសាស្ត្រ ត្រូវចែកចេញជាពីរប្រភេទធំៗ គឺថ្ម និង ឈើ។
ស្ថាបត្យកម្មថ្ម មានដូចជា ថ្មធម្មជាតិ ដែលគេបញ្ឈរ (menhir) សម្រាប់សម្គាល់ថា ជាទីសក្ការៈបូជា ដែលមានលក្ខណៈស័ក្តិសិទ្ធិ ព្រមទាំងថ្មដេក (dolmen) ដូចជានៅភាគខាងជើងនៃប្រទេសលាវបច្ចុប្បន្ន ដែលតាមពិតទៅគឺគេដាក់គងលើគ្នា (មួយផ្ទាំងនៅពីលើ និងពីរទៀតនៅខាងក្រោមជាទម្រ) ដើម្បីបញ្ចុះសព។ ទន្ទឹមនឹងនេះ យើងក៏បានឃើញដែរនូវរណ្តៅកប់សព ដែលគេបានចោះក្នុងថ្ម និងវត្តមាននៃក្តាមឈូសថ្ម និងឈើ ដូចករណីក្តារមឈូសនៅស៊ុនឡុក (កម្ពុជាក្រោម) និងក្តារមឈូសនៅខេត្តកញ្ជនៈបុរី (ប្រទេសសៀម)។

ប្រភេទស្ថាបត្យកម្មទី២ គឺផ្ទះសម្បែង និងភូមិរាងមូល ឬដែលមានរាងជាពងក្រពើ ដែលជាទីប្រជុំជន ឬទីក្រុងបុរាណ ធ្វើអំពីដីលើក ហើយមានគូរទឹកហ៊ុំព័ទ្ធជុំវិញ ដែលលោកភីលិប ហ្គ្រោលីយេ បានឲ្យឈ្មោះថា វប្បធម៌ភូមិមូលនៅមេមត់។
ដូចនេះ យើងអាចយល់បានថា ក្នុងសម័យបុរេប្រវត្តិសាស្ត្រ យ៉ាងហោចណាស់ក៏ចាប់តាំងពី ១៥០០ឆ្នាំ មុនគ.ស ពោលគឺក្នុងដំណាក់កាលបុព្វបុរសខ្មែរ បានចេះប្រើផ្ទាំងថ្មធម្មជាតិធំៗ ដើម្បីធ្វើជានិមិត្តសញ្ញាផ្សេងៗ និងដើម្បីមូលហេតុជំនឿសាសនា។ ហើយទន្ទឹមនឹងនេះ ពួកគេក៏ចេះយកថ្មធម្មជាតិទាំងនោះ មកកែច្នៃប្រឌិតនូវសំណង់ស្ថាបត្យកម្មដំបូងបង្អស់ដែរ។ នៅទីនេះ យើងចង់និយាយដល់ថ្មបញ្ឈរ និងដេក ដែលមានលក្ខណៈជាសកល ហើយដែលជាសម្មិទ្ធផលឲ្យក្លាយទៅជារបស់មនុស្សសុទ្ធសាធ ខុសពីថ្មធម្មជាតិធំៗ និងពើង ឬពយ ដែលជាថ្មធម្មជាតិ តែផ្នែកខាងលើលយចន្លោះមួយ ល្មមសមរម្យធ្វើជាជំរក។

ថ្មដុលម៉ែន បែបធម្មជាតិ សម័យវប្បធម៌មន-ខ្មែរ (នៅខេត្តឧត្តនថានី ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ )

ទោះនៅទីណាក៏ដោយ ក្នុងឧបទ្វីបឥណ្ឌូ-ចិនយើងនេះ សម្មិទ្ធផលទាំងនោះ គឺជាសញ្ញាណសំណង់ស្ថាបត្យកម្មដំបូងបង្អស់របស់ ជាតិខ្មែរ ដែលបានរីកដុះដាលកាលមុនការសាងសង់នូវប្រាង្គប្រាសាទ តាមលំនាំស្ថាបត្យកម្មឥណ្ឌា ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនាមកពីឥណ្ឌានាដើមសម័យ ប្រវត្តិសាស្ត្រ។
ខាងលើនេះ សឲ្យឃើញថា សមត្ថភាពសាងសង់របស់បុព្វការីជនខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ មានកម្រិតខ្ពស់រួចទៅហើយ ហើយនាសម័យនោះ ពួកគេក៏ពិតជាមានទំនាក់ទំនងផ្នែកវប្បធម៌ជាមួយនឹងតំបន់ផ្សេងៗឯទៀត ក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ បើយើងពិនិត្យមើលសំណង់ស្ថាបត្យកម្មទាំងនោះ ដែលមានលក្ខណៈសកល យើងនឹងដឹងថា នៅប្រទេសអ៊ឺរុប គេឲ្យឈ្មោះថា វប្បធម៌ថ្ម (Culture megalithique)។

ផ្ទាំងថ្មធម្មជាតិ និងពើង ជាទីសក្ការៈ ហៅខ្លាហោះ មានសិលាចារឹក Ka 726 និង ថ្មដា ឈ្មោះថ្មកំរើក មានសិលាចារឹក Ka 725 ត្រង់ចំណុចថ្មបីដុំ ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ (ម.ត ២០១២)

សូមរំលឹកថា មុនឆ្នាំ ១៩៨១ គ្មានការសិក្សាស្រាវជ្រាវអំពីវប្បធម៌ថ្ម (Culture megalithique) ស៊ីជម្រៅណាមួយនៅប្រទេសកម្ពុជានៅឡើយ ទោះជាគេដឹងថា មូលដ្ឋានគ្រឹះនៃប្រព័ន្ធគំនិតខ្មែរ គឺស្ថិតលើជំនឿបែបជីវចលនិយម ជាពិសេស ជំនឿលើថ្មធម្មធម្មជាតិ ដូចជាការគោរពបូជាថ្ម អ្នកតា ឬភ្នំជាដើម ដែលដំណាងឲ្យបុព្វការីជន (Cf. ម.ត្រាណេ, ១៩៨១ ប្រភពនៃវប្បធម៌អារ្យធម៌ និងជំនឿខ្មែរ)។
បើនិយាយឲ្យចំទៅ មិនមែនគេមិនទទួលស្គាល់តួនាទីយ៉ាងសំខាន់នៃជំនឿលើថ្មរបស់ ជនជាតិខ្មែរ ដែលជាជនជាតិចាស់នោះទេ។ កង្វះខាតផ្នែកទិន្នន័យបុរាណវិទ្យាចំពោះយើងប្រហែលជាគេមិនបាន យកចិត្តទុកដាក់លើភូមិសាស្ត្រជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រ កម្ពុជាបុរាណរបស់ជនជាតិខ្មែរ ដែលបានផ្តល់កំណើតឲ្យជនជាតិនេះ។ ត្បិតទឹកដីទាំងនោះត្រូវបានផ្តាច់បន្តិចម្តងៗចេញពីមាតុភូមិខ្មែរ ចាប់តាំងពីស.វទី ១៣-១៤ ដោយការកកើតឡើងនូវរដ្ឋលាវ និងថៃនៅលើសាកសពនៃភូមិសាស្ត្រជាប្រវត្តិសាស្ត្រចក្រភពកម្ពុជទេស។ បើពិនិត្យពីសម័យមុនការលេចធ្លោរឿងនៃរដ្ឋទាំងពីរនេះ គេពិតជាយល់ឃើញថា ការមកដល់នៃជនជាតិអម្បូរថៃ-លាវ ដែលមានប្រភពចេញពីភូមិភាគខាងត្បូងនៃប្រទេសចិន គឺជាបញ្ហាថ្មីថ្មោងក្នុងប្រវត្តិសាស្ត្រនៃភូមិភាគអាស៊ីអាគ្នេយ៍យើង នេះ។ គឺប្រការនេះហើយ ដែលជម្រុញឲ្យយើងយល់ឃើញថា គេត្រូវតែបញ្ចូលរាល់ទិន្នន័យបុរាណវិទ្យាពាក់ព័ន្ធនឹងវប្បធម៌ថ្ម ដែលគេបានរកឃើញក្នុងប្រទេសទាំងពីរខាងលើនេះ ក្នុងខឿនវប្បធម៌ខ្មែរបុរាណ មុនការបង្កើតរដ្ឋហ្វូ-ណន ឬរដ្ឋខ្មែរដំបូងបង្អស់។

ថ្មបញ្ឈរដោយមនុស្ស បែប menhir នៅភូមិភាគខាងជើងនៃប្រទេសឡាវ (រូបភាពរបស់ Giteau, M.)

អ្វីដែលយើងទើបលើកយកមកជម្រាបខាងលើនេះ គឺនៅធ្វើឡើងក្នុងគំនិតតែមួយ គឺការជៀសវាងការបកស្រាយទិន្នន័យ បុរាណវិទ្យាខុស។ ការបកស្រាយរបៀបនេះ ច្បាស់ជានៅមានតាមអត្ថបទមួយចំនួន ដែលគេចាត់ទុកថា សម្មិទ្ធផលសង្គមទាំងនោះ គឺជាសម្មិទ្ធផលរបស់មនុស្សចំណូលថ្មីក្នុងតំបន់ ទោះបីជាមានការបំភ្លឺ ឬហាមប្រាមរបស់លោក ហ្សក ស៊ឺដេស ក៏ដោយ (Cf. គាថាដើមក្នុង ឯកសារ Manuel d’Archeologie, Le Cambodge ឆ្នាំ១៩៦៦ របស់ហ្សង់ បស្សឺលីយេ)។
ម្យ៉ាងវិញទៀត បើតាមការសង្កេតរបស់យើងង ការគោរពបូជាថ្ម បានបង្ហាញនូវនិមិត្តរូបស៊ីជម្រៅរបស់ថ្មធម្មជាតិទាំងនោះ ដែលមានលក្ខណៈមិនខុសគ្នាអំពីជំនឿនៅអ៊ឺរ៉ុបប៉ុន្មានដែរ មុនការមកដល់នៃគ្រិស្តសាសនា ដែលមានប្រភពចេញពីប្រទេសអ៊ីស្រាអែល តាមរយៈប្រទេសអ៊ីតាលី។ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងបានឃើញវប្បធម៌លើថ្មនៅឥណ្ឌូ-ចិនរបស់អម្បូរខ្មែរ មានលក្ខណៈផ្ទាល់របស់វាដែរ។
ដូចនេះ គេមិនអាចសរសេរអំពីវិស័យសិល្បៈស្ថាបត្យកម្មរបស់ខ្មែរ ក្នុងដំណាក់កាលដំបូង ដោយមិនផ្អែកលើទិន្នន័យបុរាណវិទ្យា ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរឡើយ។ ត្រូវជ្រាបថា សិល្បៈស្ថាបត្យកម្ម គឺអ្វីៗដែលបានបង្កបង្កើតស្ថាបនាឡើង ដោយការកែច្នៃប្រឌិតរបស់មនុស្ស ដែលប្រកបដោយគតិ និងបញ្ញាញ្ញាណ ហើយតាមការតម្រូវការប្រើប្រាស់របស់សង្គម ទោះបីជាវត្ថុធាតុដើមបានពីធម្មជាតិក្តី។

ទីក្រុងព្រៃនៅខេត្តច័ន្ទបុរី សម្មទ្ធិផលសង្គម សម័យបុរេប្រវត្តិសាស្ត្រ (ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ) និង ទីក្រុងជាភូមិមូលនៅម្តុំវត្តជើងឯក (ឯកសាររបស់លោក Bruguier)

ក្នុងន័យនេះហើយ ការមើលរំលងនូវសំណង់ស្ថាបត្យកម្ម សក្ការៈនាសម័យបុរេប្រវត្តិសាស្ត្រទាំងនោះ ដែលបណ្តាលមកពីការផ្លាស់ប្តូរទម្រង់ ឬទំហំនៃភូមិសាស្ត្រជាប្រវត្តិសាស្ត្រ ឬប្រព័ន្ធជំនឿសាសនា របស់អតីតព្រះរាជាណាចក្រកម្ពុជាត្រូវតែកែតម្រូវ។ ការដែលសំណង់ស្ថាបត្យកម្ម មានការប្រែប្រួលលក្ខណៈ ដោយបានឆ្លងកាត់នូវច្រើនសម័យកាល តែទោះជាយ៉ាងណាក៏ដោយ សម្មិទ្ធផលទាំងនោះ គឺជាតឹកតាងវប្បធម៌ដែលយើងមិនត្រូវបំភ្លេចក្នុងការស្វែងយល់អំពី អតីតកាលរបស់មនុស្សខ្មែរដែរ។ ខាងលើនេះ គឺជាគុណបំណាច់ដ៏ធំធេងរបស់និក្ខេបបទថ្នាក់បណ្ឌិតរបស់យើងនៅខាងលើ។ ម្យ៉ាងវិញទៀត ត្រូវជ្រាបថា វប្បធម៌ថ្មសម័យបុរេប្រវត្តិសាស្ត្រក៏ជាប់ពាក់ព័ន្ធទៅនឹងការសាងសង់ សំណង់ថ្មធំៗសម្រាប់បញ្ចុះសាកសពដែរ ដែលគេបានមើលរំលង។
ដូចទើបពោល សារសំខាន់នៃជំនឿលើថ្ម បានបញ្ជាក់ថា ជំនឿនេះត្រូវបានកកើតឡើងនាសម័យបុរេប្រត្តិសាស្ត្រ មុនឥណ្ឌូរូបនិយកម្ម ហើយមានលក្ខណៈជាសកល។ មិនមែនតែប៉ុណ្ណោះសោត ជំនឿបែបជីវចលនេះ បានបន្តរហូតដល់សព្វថ្ងៃ ក្រោមរូបភាពនៃពិធីកម្មផ្សេងៗ ដូចជាការឡើងភ្នំ ចុះភ្នំ ការគោរពថ្ម អ្នកតា ថ្មគ្រប់ប្រភេទដែលគេជឿថា មានបារមីកាន់។

ការពន្យល់គំនូសកាត់ទទឹងនៃស្ថានីយ៍បន្ទាយគូ ដោយលោក ធុយ ច័ន្ទធឿន និង គំនូសភូមិគូ សារមន្ទីរជាតិភ្នំពេញ

ក្នុងការស្រាវជ្រាវរបស់យើង ក៏បានឃើញដែរនូវថ្មសក្ការៈមួយចំនួន ដែលបុព្វបុរសខ្មែរមិនបានស្ថាបនាទេ ហើយការគោរពបូជាត្រូវបានបន្តវេនពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់ បច្ចុប្បន្នភាព ដូចករណីថ្មនៅលើភ្នំត្បែងមានជ័យក្នុងខេត្តព្រះវិហារជាឧទាហរណ៍ ស្រាប់។
ព្រោះជាថ្មធម្មជាតិ នៅតាមជំរៀល ឬលើខ្នងភ្នំ ដូចករណីផ្ទាំងថ្មដា នៅខេត្តឧដនថានី ប្រទេសថៃបច្ចុប្បន្នជាសក្ខីកម្មស្រាប់ រមែងតែទទួលនូវការគោរពបូជាជានិច្ចកាល។ ទន្ទឹមនឹងនេះ យើងក៏បានឃើញមានផ្ទាំងថ្មធម្មជាតិខ្លះទៀតដែរ ដែលត្រូវបានកែច្នៃដោយទេពកោសល្យខ្ពស់ ដើម្បីជាទីគោរពសក្ការៈ ឬក៏ដើម្បីតំណាងឲ្យអង្គប្រាណដូនតា ដូចករណីផ្ទាំងថ្មដេក និងថ្មបញ្ឈរនៅតំបន់បានអាង នៅភូមិភាគខាងជើងនៃប្រទេសលាវ (ឡាវ) បច្ចុប្បន្នជាតឹកតាងរឹងមួយដោយឥតប្រកែកបាន។ តែអ្វីដែលយើងកត់សំគាល់នៅទីនេះ គឺក្នុងវប្បធម៌មន-ខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ ក៏ដូចបច្ចុប្បន្នភាពដែរ ជំនឿលើថ្មធម្មជាតិ និង ជំនឿលើភ្នំ ដែលមានលក្ខណៈជាជីវចលនិយម នោះជំនឿនេះបានបន្តវេនពីអតីតកាលដ៏យូរលង់ រហូតដល់បច្ចុប្បន្នភាព ហើយឧត្តមភាពនៅត្រូវបានថែរក្សាដដែល។ ហើយការគោរពបូជានេះ ក៏ដោយសារតែគេជឿថា ថ្មទាំងនោះមានបារមីកាន់ ឬវត្ថុសក្តិសិទ្ធ ពោលគឺ ព្រលឹង ឬវិញ្ញាណបុព្វការីជនសណ្ឋិតនៅក្នុងថ្មទាំងនោះ ធ្វើឲ្យថ្មទាំងនោះប្រកបដោយអច្ឆរិយភាព ដោយចេះជួយសង្គ្រោះមនុស្សឲ្យផុតពីទុក្ខភ័យទាំងឡាយ។

ក្តារ មឈូសឈើនៅកញ្ចនៈបុរី ថៃបច្ចុប្បន្ន, ក្តាមឈូស នាសម័យក្រោយអង្គរ របស់ជនជាតិភាគតិច ស្អូច នៅខេត្តកោះកុង (ឯកសារ គង់ យុទ្ធនា ឥន្ទ្រទេវី ២៥ មករា – ១០ កុម្ភៈ ២០០៣) និង ក្តាមឈូសឈើ ជនជាតិខ្មែរលើនៅវៀតណាមខាងត្បូង (ឯកសារបារាំង)

វប្បធម៌កប់សពដោយប្រើពាងថ្ម (jarres monolithes) នៅតំបន់ខ្ពង់រាបសៀងឃួង ភូមិភាគខាងជើងនៃប្រទេសលាវ (ឡាវ) បច្ចុប្បន្ន ជាពិសេសស្ថានីយកុងផាន ត្រូវបានផ្សព្វផ្សាយតាំងពីឆ្នាំ១៩៣៥ ដោយលោកស្រី កូឡានី (Colani) តែជាអកុសល ពុំបានទទួលការចាប់អារម្មណ៍ពីអ្នកប្រវត្តិវិទូខ្មែរជំនាន់មុន ឥណ្ឌូរូបនីយកម្ម។ ហើយដោយសារតែគេមិនបានផ្តោតសំខាន់លើបញ្ហានេះ វិស័យស្ថាបត្យកម្មខ្មែរនាសម័យមុនឥណ្ឌាមិនត្រូវបានបរិយាយ ឬនិយាយដល់។ ការណ៍នេះ ហាក់ដូចជាបង្ហាញឲ្យឃើញកង្វះខាតរបស់អ្នកស្រាវជ្រាវខ្លះៗ។
មានលក្ខណៈជាសកល ករណីថ្មបញ្ឈរ និងដេក ដែលសុទ្ធសឹងតែជាកត្តាអាចតំណាងឲ្យវិស័យស្ថាបត្យកម្មដំបូងបង្អស់ របស់មនុស្សខ្មែរ តម្រូវឲ្យយើងអធិប្បាយអំពីនិមិត្តរូបភាពមួយកម្រិតទៀត។
សូមរំលឹកថា នៅប្រទេសលាវ/ឡាវ ដែលជាទឹកដីកំណើតរបស់អម្បូរមន-ខ្មែរ ថ្មបញ្ឈរគឺតំណាងឲ្យលិង្គរបស់ភេទប្រុសដែលគេបញ្ឈរ ដើម្បីជាទីគោរពសក្ការ:។ បង្គោលថ្មទាំងនោះត្រូវបានគេចិតចេញពីស្រទាប់ថ្មដា (mica-schiste)។ រីឯពាងថ្មខ្លះសម្រាប់បញ្ចុះសពវិញ មានបណ្តោយរហូតដល់៣ម៉ែត្រ និងកំពស់់៣ម៉ែត្រ២០ តំណាងយោនី ឬផ្ទៃរបស់ស្ត្រីទៅវិញ។ រីឯរណ្តៅបញ្ចុះសពវិញ ដែលគេចោះលើថ្ម ខ្លះមានជម្រៅរហូតដល់២ម៉ែត្រ និងបណ្តោយប្រវែង ២ម៉ែត្រ១៥ ក៏មានអត្ថន័យដូចគ្នា។ ជាឧទាហរណ៍ : ដី ឬព្រះធរណីត្រូវបានគេចាត់ទុកថា ជាដៃ ឬទ្វារមាសសម្រាប់ទទួលសាកសពកូន ហើយដោយសារហេតុផលនេះ ទើបគេកប់សពក្នុងដីសម្រាប់ឲ្យចាប់ជាតិឡើងវិញទៅអនាគត។ នេះជាការយល់ឃើញរបស់ពួកគេ ហើយរូបារម្មណ៍នេះ នៅតែស្ថិតក្នុងផ្នត់គំនិតរបស់មនុស្សខ្មែរផងដែរ។

គំនូរនៃទម្រង់ពាងបញ្ចុះសព និង ពាងថ្មដាក់សព នៅលាវ (ឯកសារបារាំង)

ប្រការមួយទៀតដែលគួរកត់ត្រាដែល គឺវត្តមានរបស់ថ្មផ្តេកមួយ (dolmen) នៅបានណាសែវ ប្រទេសឡាវ/លាវ ដែលមានលក្ខណៈប្រហាក់ប្រហែលនិងថ្មផ្តេកនៅប្រទេសបារាំង ជាពិសេសនៅន័រម៉ុងឌី។
ដូនតាខ្មែរនាសម័យនោះ ដែលមានលក្ខណៈជាកុលសម្ព័ទ្ធនៅឡើយ។ ហើយសហគមន៍មន-ខ្មែរដើមទាំងនោះក្នុងភូមិភាគនេះ។ សង្គម ដូចជាពួកខា និងល្មេតជាដើម រួមទាំងប្រទេសកម្ពុជា វៀតណាមកណ្តាល និងត្បូង ប្រទេសថៃ ភូមា និងម៉ាឡេស៊ី សុទ្ធសឹងតែបានបន្សល់ទុកនូវតឹកតាងដ៏សំខាន់ពាក់ព័ន្ធទៅ នឹងវិស័យស្ថាបត្យកម្មថ្ម និងឈើដែលមិនមែនជារបស់ឥណ្ឌា ឬចិនឡើយ។
រីឯពាងថ្មសម្រាប់បញ្ចុះសាកសពវិញ ពួកទាំងនោះពីដើមក៏សុទ្ធសឹងតែមានគម្របដែរ តែឥឡូវនេះត្រូវបានបាក់បែក បាត់បង់អស់ទៅហើយ ។ នៅស្ថានីយ៍សានកុងផាន (ហួផាន់) គេឃើញចំនួនថ្មបញ្ឈរទៅ ដល់១១៧ ដែលស្ថិតក្នុងបរិវេណត្រឹមតែ៦៧ម៉ែត្រប៉ុណ្ណោះ ។ រីឯនៅស្ថានីយ៍កែវហិនតាន វិញ ដែលមានប្រវែងប្រមាណជា៦០ម៉ែត្រ មានបង្គោលថ្មីបញ្ឈរចំនួន១២១ ។ តាមពិតទៅនៅតាមស្ថានីយ៍ដទៃៗឯទៀតមួយចំនួនទៀតដែលគួរឲ្យចាប់អារម្មណ៍ ផងដែរ ។ ឧទាហរណ៍ នៅស្ថានីយ៍ឡាតសេន ក្បែរអាកាសដ្ឋានមួយចំនួន ពាងថ្មទាំងអស់គឺ៤៨០ ហើយជា១៥៥ នៅបានស៊ួ ។ សូមរំលឹកថា ការសិក្សាសម្ភារៈប្រើប្រាស់ដែលបុព្វបុរសបានបន្សល់ទុកក្នុងពាងថ្ម និងរណ្តៅបញ្ចុះសាកសពទាំងនោះ យើងអាចនិយាយដោយសង្ខេបថា មានលក្ខណៈមិនខុសប្លែក និងអ្វីៗដែលជួបប្រទះក្នុងបណ្តាស្ថានីយ៍បុរេប្រវត្តិសាស្ត្រដទៃៗ ឯទៀតដែរ ។ រណ្តៅសពខ្លះបានបន្សល់បំណែកកលាលជន៍ អង្កាំថ្ម និងកែវ ពូថៅធ្វើអំពីថ្ម រីឯខ្លះទៀត គេឃើញវត្តមានរបស់កងដៃ ធ្វើអំពីសំរិទ្ធ និងផ្លែខ្នារ ធ្វើអំពីដីដុតសម្រាប់រវៃអំបោះ ។ រីឯអាយុកាលរបស់វត្ថុបុរាណទាំងនោះក៏មិនខុសប្លែកពីស្ថានីយ៍ផ្សេងៗ ឯទៀតដែរ ដោយបរិបទភូមិសាស្ត្រ និងវប្បធម៌រួម របស់សហគមន៍មន-ខ្មែរ ដែលបានរស់នៅក្នុងឧបទ្វីបឥណ្ឌូចិន យើងនេះមុនការបង្កើតរដ្ឋលាវ/ឡាវ។ គប្បីរំលឹងនៅទីនេះផងដែរ ទឹកដីលាវសព្វថ្ងៃ នាដើមសម័យប្រវត្តិសាស្ត្រ គឺជាភាគមួយនៃនគរភ្នំ ឬហ្វូ-ណន ព្រោះថា ជារដ្ឋចំណុះមួយដែលបានឲ្យកំណើតឲ្យព្រះរាជវង្សានុវង្សខ្មែរនា សម័យអង្គរ នេះបើយោងតាមខ្លឹមសារនៃសិលាចារឹកប្រាសាទបក្សីចាំក្រុង។

ផ្នូរសព នៅណកម៉ាំងឌី ប្រទេសបារាំង សម័យបុរេប្រវត្តិសាស្ត្រ, ក្តារមឈូសថ្ម នៅស៊ុន ឡុក នៅកម្ពុជាក្រោម

អ្នកស្រាវជ្រាវខ្មែរ ដែលភាគច្រើនខ្វះចក្ខុវិស័យសំយោគ ដូច្នេះការសិក្សាអំពីជំនឿ ទំនៀមទំលាប់ សិល្បៈស្ថាបត្យកម្មនាសម័យបុរេប្រវត្តិសាស្ត្រ អាចនឹងផ្តល់ជាព័ត៌មានដ៏ប្រសើរមួយ ដែលខកខានពុំបាន សម្រាប់ពង្រីកការចេះដឹងទូទៅស្តីពីវប្បធម៌ខ្មែរមុនឥណ្ឌូរូបនិយក ម្ម។ ទន្ទឹមនឹងនេះដែរ ការស្រាវជ្រាវក៏អាចកែតម្រូវនូវរាល់ទស្សនៈមិនត្រឹមត្រូវមួយចំនួន ផងដែរនៅក្នុងអតីតនៃទឹកដីដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍។ គេក៏បានឃើញនូវក្តារមឈូស (cerceuil) ថ្មនៅស៊ុនឡុកកម្ពុជាក្រោម ព្រមទាំងក្តារមឈូសឈើដែលជាសម្មិតផលរបស់សហគមន៍មន-ខ្មែរ នៅខេត្តកញ្ជនៈបុរីប្រទេសថៃបច្ចុប្បន្នផងដែរ។ ស្ថាបត្យកម្មឈើ ដូចជាក្តារមឈូសឈើសម្រាប់បញ្ចុះសាកសពមនុស្ស ដែលកុលសម្ព័ន្ធបន្តប្រពៃណីរហូតដល់បច្ចុប្បន្នភាព ពិតជាឆ្លុះបញ្ជាក់ឲ្យយើងឃើញនូវភាពប៉ិនប្រសពក្នុងការកែច្នៃប្រឌិត និងការគោរពបូជាដូនតា ដែលបានចែកស្ថានទៅប្រកបដោយសីលធម៌ខ្ពស់។ នៅត្រង់ចំណុចនេះ សូមរំលឹកថា ដូចទើបពោល កុលសម្ព័ទ្ធមន-ខ្មែរមួយក្រុមគឺ ពួកស្អូចរស់នៅខេត្តកំពុងសោម នៅតែបញ្ចុះសពក្នុងក្តាមឈូសឈើរហូតដល់ស.វទី ១៥-១៦នៃគ.ស ទើបបញ្ឈប់ដោយទំនើបកម្ម។

ផ្ទះ សម័យបុរេប្រវត្តិសាស្ត្រ នៅតំបន់ខ្ពង់រាប នគររាជ ១៥០០ឆ្នាំ-១០០០ឆ្នាំ មុនគ.ស (នាយកដ្ឋានវិចិត្រសិល្បៈថៃ), គំរូផ្ទះខ្មែរ សម័យបុរេប្រវត្តិសាស្ត្រ ឯកសារវៀតណាម និង ផ្ទះខ្មែរជនជាតិខ្មែរលើប្រូវ (រូបថតរបស់ប្រូវ 1997 : Cf. Matras Guin et Taillard, Habitations et Habitats d’Asie du Sud-Est)

តឹកតាងវប្បធម៌បុរាណទាំងនោះ ទាក់ទងទៅនឹងការបូជាសព ហើយលើសពីនេះទៀត ជំនឿលើបុព្វការីជន និងការចាប់ជាតិឡើងវិញ ក្រោយពីទទួលមរណភាព ។ ទន្ទឹមនឹងនេះ អាចបង្ហាញថា មនុស្សខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រក៏មានបច្ចេកទេសសាងសង់ ផ្ទះសម្បែង ព្រមទាំងស្គាល់វិស័យស្ថាបត្យកម្មរួចមកហើយ ដោយយកថ្មធំៗ ដែលជាវត្ថុធាតុដើមមកច្នៃធ្វើជាពាងមកបញ្ចុះសាកសពរួម ដែលខ្លះមានជម្រៅរហូតដល់២ម៉ែត្រ៥០ ដល់១ម៉ែត្រ ២០ ។ សម្រាប់រណ្តៅសម្រាប់គ្របពីរណ្តៅ ខ្លះមានប្រវែងដល់២ម៉ែត្រ៣០ ដូចករណីមាត់គម្របរណ្តៅមួយនៅហួផាន បច្ចុប្បន្នប្រទេសឡាវ តែទូទៅគម្របមានទំហំត្រឹមតែជាង១ម៉ែត្រ១៥តែប៉ុណ្ណោះ ។
ទោះបី យ៉ាងនេះក្តី ដូចពោលខាងលើ សម្មិតផលសង្គមសំខាន់ជាងគេ គឺការស្ថាបនានូវភូមិមូល ឬបន្ទាយគូរក្នុងភូមិភាគនេះ ដែលបានគ្របដណ្តប់ទូទាំងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ។ បើយើងនិយាយអំពីការបូជាសព យើងឃើញមានការកប់សពក្នុងដីផ្ទាល់ ឬក៏ការយកសាកសពទៅដាក់ក្នុងពាងធ្វើអំពីដីដុត ឬថ្ម រួចគេយកទៅកប់ក្នុងដី កម្រណាស់ដែលគេយកសពទៅដុតនឹងភ្លើង ហើយយកកំទេចឆ្អឹងកប់ក្នុងក្រឡ ឬពាងធ្វើអំពីដីដុត ។

ភូមិមូលរបស់ជនជាតិប្រូវ ភូមិភាគឥសានរបស់ប្រទេសកម្ពុជា (រូបថតរបស់ប្រូវ 1997 :
Cf. Matras Guin et Taillard, Habitations et Habitats d’Asie du Sud-Est)

សរុបមក ខ្មែរមុនឥណ្ឌាចូលស្រុក បានស្គាល់នូវវិស័យស្ថាបត្យកម្មឈើរួចមកហើយ។ ដូច្នេះយើងអាចសន្និដ្ឋានបានថា យោងតាមឯកសារ និងការស្រាវជ្រាវ យើងអាចយល់ដឹងអំពីស្ថាបត្យកម្ម ដែលពាក់ព័ន្ធទៅនឹងជំនឿលើភាពអមតៈ និងជំនឿ លើការចាប់ជាតិឡើងវិញក្រោយពីស្លាប់ ។ ទាំងនេះ គឺជាមែកធាងមួយនៃវប្បធម៌ខ្មែរយ៉ាងប្រាកដ ទោះជាយ៉ាងណាក៏ដោយ យើងមិនអាចរាប់បញ្ចូលក្នុងវិស័យស្ថាបត្យកម្មដែរ។
សូមជម្រាបបញ្ជាក់ថា ក្នុងបរិវេណនៃភូមិមូល ឬបន្ទាយគូនីមួយៗ ដែលធ្វើអំពីដីលើកមានរាងមូល ឬពងក្រពើ ដោយមានគូរទឹកជុំវិញ នោះ គេឃើញស្លាកស្នាមនៃផ្ទះសម្បែងដែលបានផ្គុំគ្នាឲ្យក្លាយទៅជាភូមិ រោងសិប្បកម្មព្រមទាំងស្រែចំការ។ ទំហំនៃភូមិទាំងនោះ មិនស្មើគ្នាទេ រួចមានទំហំ (វិជ្ឈមាត្រ) ជិតដល់ ១គីឡូម៉ែត្រ ដូចករណីភូមិមូលនៅម្តុំជើងឯក រាជធានីភ្នំពេញបច្ចុប្បន្ន ហើយខ្លះទៀតមានទំហំត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះ។ ជាមួយភូមិមូល ដែលជាទីប្រជុំជននាសម័យបុរេប្រវត្តិសាស្ត្រនោះ យើងក៏បានឃើញមាននូវគូរទឹកហ៊ុំព័ទ្ធនៅជុំវិញនៃសំណង់ស្ថាបត្យកម្ម ទាំងនោះដែរ ដូចករណីគូរទឹកខាងក្នុង និងគូរទឹកខាងក្រៅហ៊ុំព័ទ្ធទីក្រុងសុរិន្ទ្រ ដែលមានប្រវែងជាច្រើនគីឡូម៉ែត្រ។

ប្លង់ភូមិល្វា នៅខេត្តសៀមរាប និង ទីក្រុងមឿងព្រៃ សម័យបុរេប្រវត្តិសាស្ត្រនៅខេត្តច័ន្ទបុរី

សូមកត់សម្គាល់ផងដែរថា រាល់ស្ថាបត្យកម្មខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ ក៏មានការវិវត្តន៍ផ្សេងៗទៅតាមតំបន់នីមួយៗផងដែរ។ ដូច្នេះហើយបានជានៅតំបន់ខ្ពង់រាបខ្លះ គេឃើញមានការប្រើក្តារមឈូសឈើ សម្រាប់បញ្ចុះសពដូនតា ដូចជាកញ្ជនៈបុរីជាដើម។ សូមជម្រាបថា ក្រៅពីក្តារមឈូសថ្ម ឬឈើ ដែលបុព្វបុរសមន-ខ្មែរ បានបន្សល់ជាស្នាដៃដ៏សំខាន់ ប្រពៃណីប្រើក្តារមឈូសឈើខាងលើនេះ ក៏ត្រូវបានបន្តរហូតដល់សព្វថ្ងៃដែរ ជាពិសេសនៅតាមតំបន់ព្រៃភ្នំក្នុងឧបទ្វីបឥណ្ឌូចិន។
មានន័យថា ការដែលសហគមន៍មន-ខ្មែរនៅប្រទេសកម្ពុជា និង លាវ ក៏ដូចនៅប្រទេសវៀតណាមកណ្តាល និងត្បូងបច្ចុប្បន្ន នៅតែប្រើក្តារមឈូសឈើ ដើម្បីបញ្ចុះសពដូចនៅសម័យសម័យមុនឥណ្ឌូរូបនីយកម្ម មិនគ្រាន់តែធ្វើឲ្យឃើញនូវចំណាស់នៃខឿនវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យឃើញនិរន្តភាពនៃវិស័យស្ថាបត្យកម្មផងដែរ។

គូរទឹកខាងក្នុង និង ខាងក្រៅ នៃទីក្រុងសុរិន្ទ្រ សម័យបុរេប្រវត្តិសាស្ត្រ (ម.ត ២០០៩)

យើងយល់ថា មានការខ្វះខាតច្រើន ក្នុងការស្រាវជ្រាវដំបូងនេះ ប៉ុន្តែគប្បីយើងត្រូវបញ្ចូលក្នុងអត្ថបទនេះនូវស្លាកស្នាម ពាក់ព័ន្ធទៅនិងផ្ទះសម្បែងនាសម័យនោះដែរ។ ព្រោះថា លំនៅស្ថាន សម្រាប់មនុស្ស ក៏ដូចលំនៅស្ថានជាទីសក្ការៈរបស់ពពួកអារុក្ខអារក្ស ដូចជាខ្ទមអ្នកតាជាដើម គឺត្រូវបានបង្កើតឡើងដោយបុព្វការីជនខ្មែរសុធសាទ ពោលគឺមិនមែនជាកម្ចីបរទេសនោះទេ៕

វត្តមានរបស់ត្រីសូល៌នៅប្រាសាទបាគង


វត្តមានរបស់ត្រីសូល៌នៅប្រាសាទបាគង

យើងឃើញថា ប្រាសាទព្រះគោ (៨៨៩ ដល់ ៩១០ គ.ស) ប្រាសាទបាគងដែលស្ថិតនៅក្នុងទីក្រុងហរិយាល័យ ឬ អង្គរទី១ ត្រូវបានស្ថាបនាឡើងដោយព្រះបាទឥន្ទ្រវរ័ន្មនទី១នៅឆ្នាំ (៨៧៧ ដល់ ៨៨៩ គ.ស) ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ។ ស្ថិតនៅខាងត្បូងប្រាសាទព្រះគោ ក្នុងភូមិបាគង ស្រុកបាគងខេត្តសៀមរាបសព្វមែនពិត ប៉ុន្តែក្នុងអតីតកាលប្រាសាទនេះមានមែនពិត គឺនៅចំកណ្តាលនៃទីក្រុងហរិមាល័យផ្ទាល់តែម្តង ដែលត្រូវបានសាងសង់ដោយព្រះបាទឥន្ទ្រវរ័ន្ម ។ បើនិយាយម្យ៉ាងទៀត ប្រាសាទបាគងនេះ ជាប្រាសាទរាជសំខាន់បំផុតនៃព្រះរាជនគរហរិមាល័យ ។ ប្រាសាទប្រធានដែលស្ថិតនៅចំកណ្តាលនៃប្រាសាទនេះដែលតំណាងឲ្យភ្នំ សុមេរុនៃលោកធាតុវិទ្យាឥណ្ឌា-ខ្មែរ (Indo-Khmer) ។ ជួសជុលឡើងក្នុងរាជ្យរបស់ព្រះបាទសុរិយាវរ័ន្មទី២ (១១១៣ – ១១៤០គ.ស) ដូចលក្ខណៈនៃចម្លាក់តំណាងឲ្យពពួកស្រីទេពអប្សរជាសក្ខីភាពស្រាប់ ។
សូមរំលឹកឡើងវិញថា ប្រាសាទបាគងមានរាងជាសាជីមាន៥ថ្នាក់ ដែលថ្នាក់នីមួយៗតំណាងឲ្យអ្នកទាំង៤ ឬជាជួរភ្នំហ៊ុំព័ទ្ធថ្នាក់ទី៥ ដែលតំណាងឲ្យភ្នំសុមេរុ ។  ម្យ៉ាងវិញទៀត កំពែងនៃប្រាសាទនេះមានពីរជាន់ហើយកំពែងទី១ ដែលជាកំពែងខាងក្រៅកំពែងនេះ មានទំហំទៅដល់ ៩០០ គុណ ៧០០ម៉ែត្រ ដោយហ៊ុំព័ទ្ធដោយគូរទឹកជុំវិញ ។ គូរទឹកនេះ តំណាងឲ្យសមុទ្រក្នុងលោកធាតុវិទ្យាបុរាណ ។ ប្រាសាទនេះ បែរមុខទៅទិសខាងកើត ហើយមានផ្លូវចូលពីរលំអរទាំងសងខាង ដែលអមទាំងសងខាងដោយចម្លាក់នាគពីរមួយឈ្មោល ។ ផ្លូវចូលប្រាសាទនេះ ដែលលំអដោយនាគរាជ គឺនៅខាងកើត និងខាងលិច គួរកត់សម្គាល់ផងដែរថា គូនាគរាជ ដែលអមផ្លូវចេញចូលនៅខាងលិចត្រូវបាក់បែកខ្ទេចខ្ទាំទាំងអស់ នៅសល់តែកំណាត់ថ្មបន្តិចបន្តួចតែប៉ុណ្ណោះ ។

រូបពង្រីកនៃត្រីសូល៌នៅលើជ្រុងនៃប្រាសាទបាគង ស.វទី ១២ (ម.ត ២០០៣)

នៅកំពែងខាងក្នុង ដែលមានទំហំតូចជាងលំពែងទី១បន្តិចនោះ គេឃើញមានទ្វារចូលគោបុរៈទាំង៤ទិស ធ្វើអំពីថ្មភក់លាយដោយថ្មបាយក្រៀម ក្រៅពីនេះ មានហោត្រៃពីរបែរមុខទៅរកប្រាសាទវិញ ដែលពីមុនគេហៅដោយភ័ន្តច្រឡំថា បណ្តាល័យ ។
សូមជម្រាបថា នៅតាមជណ្តើរនាំទៅកាន់ប្រាង្គប្រធាននៃប្រាសាទ យើងឃើញមានចម្លាក់តោ អមទាំងសងខាង ។ ម្យ៉ាងវិញទៀត នៅជុំវិញប្រាង្គប្រធាននេះ ក៏ឃើញមាន ប្រាង្គតូចៗជាឧបសម្ព័ន្ធដែរ ស្ថិតប្រមាណជា១២គ.ស ទិសខាងជើងពីទីរួមខេត្តសៀមរាប ទេវស្ថានបាគងនេះ ត្រូវបានគេចាត់ទុកសំណង់ស្ថាបត្យកម្មប្រវត្តសាស្ត្រដ៏ថ្លៃថ្លានៃ តំបន់អង្គរដែលបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចទៅហើយ ។ តែចំណុចសំខាន់មួយទៀត ដែលយើងចង់លើកមកពិចារណានៅទីនេះ គឺក្នុងរាជ្ជកាលរបស់ព្រះបាទសុរិយាវរ័ន្មទី២ ពោលគឹក្នុងអម្លុងសតវត្សទី១២ ដែលប្រាង្គកណ្តាលនៃប្រាសាទនេះជួសជុលឡើងវិញនេះ ប្រាង្គកណ្តាលនៃទេវស្ថានត្រូវបានលំអនៅលើកំពូលដោយសញ្ញាត្រីសូល៌ ពិសិដ្ឋអសា្ចរ្យ ។

រូបពង្រីកនៃត្រីសូល៌នៅលើជ្រុងនៃប្រាសាទបាគង ស.វទី ១២ (ម.ត ២០០៣)

សង្គ្រាមឈ្លានពាន និងអសន្តិសុខនៅកម្ពុជាក្នុងអតីតកាល បានធ្វើឲ្យចម្លាក់ត្រីសូល៌ដែលធ្វើអំពីសំរិទ្ធបាត់បង់ទៅហើយ ការបាត់បង់នេះ ធ្វើឲ្យយើងកាន់តែយល់ច្បាស់នូវភាពឃោឃៅនៃមហិច្ឆតារបស់ ប្រទេសជិតខាងលើនគរខ្មែរ តាមដំណាក់កាលនៃទំព័រប្រវត្តិសាស្ត្រ ។ លទ្ធិព្រហ្មញ្ញសាសនាបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាលើវិស័យស្ថាបត្យ ខ្មែរ និងលើស្ថាប័នទាំងឡាយរបស់ព្រះរាជធានីខ្មែរតូចធំទាំងឡាយនៅក្នុង អតីតចក្រភពកម្ពុជទេស ក៏ប៉ុន្តែទន្ទឹមនឹងនេះ ចាំបាច់យើងក៏ត្រូវផ្តោតអារម្មណ៍លើកត្តាសង្គ្រាម និងការផ្លាស់ប្តូរសាសនាផងដែរ ពោលគឺពីព្រហ្មញ្ញសាសនាទៅជាព្រះពុទ្ធសាសនាថេរវាទ ក្រោយពីរជ្ជកាលរបស់ព្រះបាទជ័យវរ័ន្មទី៧ ដែលជាមូលហេតុនៃមហន្តរាយ ឬក៏ការបោះបង់ចោលនៃទេវល័យទាំងនោះ ។

ប្លង់ប្រាសាទបាគង

នៅសម័យអង្គរកំពូលនៃប្រាង្គកណ្តាលនៃប្រាសាទបាគង ដែលដំណាងឲ្យភ្នំសុមេរុនោះ ត្រូវបានលំអដោយក្បាច់ចម្លាក់ត្រីសូល៌ ដូចវត្តមានរបស់ចម្លាក់នៅជ្រុងនីមួយនៃប្រាង្គកណ្តាលជាតឹកតាង យ៉ាងជាក់ច្បាស់ តែការបាត់បង់ និងការបំផ្លាញសញ្ញានិមិត្តនេះយ៉ាងណានោះ យើងពុំមានឯកសារពិពណ៌នាទេ ។ ព្រោះគ្មានសំណេរដៃ ឬកំណត់ហេតុណាមួយដែលធ្វើឲ្យយើងវាយតម្លៃបានឡើយទិន្នន័យបុរាណវិទ្យា ។ ដោយហេតុនេះហើយ ទើបបានជាខ្មែរភាគច្រើនពុំបាននឹកស្មានថា មានវត្តមានរបស់ត្រីសូល៌លើកំពូលនៃប្រាង្គប្រាសាទបុរាណខ្មែរយើង ទាល់តែសោះ ។ សូមជម្រាបផងដែរថា យើងមានភស្តុតាងមួយចំនួនទៀតដែលបង្ហាញថា ត្រីសូល៌ត្រូវបានប្រើប្រាស់តាំងតែសម័យចេនឡាម្ល៉េះ ដើម្បីលំអប្រាង្គប្រាសាទឥដ្ឋខ្មែរ ។
តាមអត្ថន័យនៃលិទ្ធព្រហ្មញ្ញសាសនា ត្រីសូល៌ ដែលជាអាវុធរបស់ព្រះឥសូរ តំណាងឲ្យព្រះអាទិទេពទាំង៣នៃទ្រីស្តី្តត្រីបូត៌ដែលមានព្រះព្រហ្ម ព្រះវិស្ណុ និងព្រះឥសូរ ។ សូមបញ្ជាក់ថា ត្រីសូល៌មានដៃបីបញ្ជាក់ភាពស័ក្កិសិទ្ធិបំផុតនៃទេវស្ថាន ។
សរុបសេចក្តីមក ទោះយ៉ាងណាក៏ដោយ ក៏យើងសន្និដ្ឋានថា រាល់កំពូលប្រាង្គប្រាសាទទាំងអស់របស់ខ្មែរ សុទ្ធសឹងតែមានត្រីសូល៌ ដូចករណីប្រាង្គកណ្តាលនៃប្រាសាទបាគង ដែលធ្វើអំពីសំរិទ្ធិសម្រាប់លំអប្រាសាទ និងបញ្ជាក់សាសនាផង ៕


ប្រវត្តិរបស់សិលាចារឹកអូរស្មាច់ Ka 18 នៅខេត្តបន្ទាយមានជ័យ

ដោយមានការខិតខំពីរូបយើងផ្ទាល់ និងលោក អួង វន អតីតប្រធានអភិរក្សដ្ឋានអង្គរ ផ្ទាំងសិលាចារឹក មួយផ្ទាំងធំដែលមានចារអក្សរខ្មែរបុរាណ ៥៧បន្ទាត់ កំពស់ ១ម៉ែត្រ ១៤៩ ទទឹង០.៨៨ម៉ែត្រ  ត្រូវបានដឹកមកប្រគល់ជូនអភិរក្សអង្គរ នៅខេត្តសៀមរាប នាពេលថ្មីៗនេះ ដោយកងពលលេខ៤ ដែលឈរជើងនៅអូរស្មាច់ ខេត្តបន្ទាយមានជ័យ ។ តំណាងកងពលលេខ៤ បានរាយការណ៍ថា ពួកគេបានជួបប្រទះ នៅក្នុងតំបន់ដែលពួកគេកំពុងឈរជើង ហើយដោយយល់ពីសារសំខាន់ នៃសិលាមួយផ្ទាំងនេះ ទើបពួកគេបានធ្វើការដឹកជញ្ជូនមកប្រគល់ឲ្យសារមន្ទីរខេត្ត តាមសំណូមពររបស់យើង។

ផ្ទាំងសិលាចារឹកអូរស្មាច់ Ka 18 នៅសារមន្ទីរជាតិភ្នំពេញ (ម.ត 2011)

តាងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើងបានវាយតម្លៃថា នេះជាទង្វើគំរូដ៏មានតម្លៃ គួរឲ្យមោទនៈជាទីបំផុត។ អំណោយនេះ គឺជាវិភាគទានមួយយ៉ាងសំខាន់ក្នុងការផ្តល់ពត៌មាន ស្តីពីប្រវត្តិសាស្ត្រខ្មែរ ព្រមទាំងប្រព័ន្ធសាសនានាដើមទសវត្សរ៍ទី ១១នៃគ.ស ក្នុងរជ្ជកាលរបស់ព្រះបាទសុរិយាវរ្ម័នទី១ ទេ ។

សំណៅផ្តាមរបស់សិលាចារឹក Ka 18

សូមជម្រាបថា សិលាចារឹកនេះត្រូវបានចារឡើងនៅឆ្នាំ១០១៤ នៃគ្រឹស្តរាជ ក្នុងរជ្ជកាលរបស់ព្រះបាទសូរិយាវរ័ន្មទី១ ហើយជាអត្ថបទសរសេរជាភាសាខ្មែរ វែងជាងគេបំផុតក្នុងចំណោមផ្ទាំងសិលាចារឹកចំនួន ៣ប៉ុណ្ណោះ។ ព្រះអង្គជាអ្នកចេញព្រះរាជបញ្ជាឲ្យចារឹកអក្សរលើផ្ទាំងសិលានេះ ដើម្បីឧទ្ទិសដល់ព្រះសិវបាទដោយមានការចូលរួមពីនាម៉ឺនសព្វ មុខមន្ត្រី ដែលមានរាយនាមលើផ្ទាំងសិលាចារឹកទាំងសងខាង ។ ជាការកម្រណាស់ ដែលផ្ទាំងសិលាចារឹកខ្នាតធំបែបនេះ ដែលមានចារឹកអក្សរទាំងសងខាងត្រូវបានរកឃើញដូចនេះ។

ចម្លាក់លំអរនៅផ្នែកខាងលើនៃផ្ទាំងសិលាចារឹក Ka 18 និង បំណែកតួអក្សរពង្រីក

ដោយយល់ឃើញថា សិលាចារឹកគឺជាប្រភពឫសគល់ នៃប្រវត្តិសាស្ត្រខ្មែរមួយយ៉ាងសំខាន់បំផុតដោយហេតុថា វាផ្តល់ឲ្យយើង នូវពត៌មានពិតនៃសម័យកាលនីមួយៗ ដែលទាក់ទងអំពីនយោបាយការរៀបចំស្រុកទេស ជំនឿសាសនា… ៘ បានជាយើងបានស្នើរឲ្យកងពលធ្វើអំណោយ ’ផ្ទាំងថ្មមានអក្សរចារ” ដ៏សំខាន់នេះទៅអភិរក្សដ្ឋានអង្គរនៅខេត្តសៀមរាប ដើម្បីរក្សាទុកជាកេរ្តិ៍ ។

ផ្នែកខាងលើនៃផ្ទាំងសិលាចារឹកអូរស្មាច់ Ka 18 សព្វថ្ងៃនៅសារមន្ទីរជាតិភ្នំពេញ (ម.ត 2011)

ទន្ទឹមនឹងនេះ យើងក៏បានធ្វើការអំពាវដល់កុលបុត្រធីតាដែលនៅក្នុងកងទ័ពខ្មែរ មេត្តាជួយផ្តល់មកក្រសួង ឬមន្ទីរខេត្ត ឃុំនានា នូវសិលាចារឹកដែលខ្លួនបានជួបប្រទះនៅពេលអនាគតទៀត។ យើងជឿជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងខិតខំរកលទ្ធភាព ជួយជារង្វាន់លើកទឹកចិត្តតទៅទៀតជូនសប្បុរសជន។
បច្ចុប្បន្ននេះ ផ្ទាំងអក្សរលើសិលាចារឹកត្រូវបានអ្នកគ្រូរបស់យើង បោះពុម្ពរួចមកហើយ ហើយស្ថិតក្នុងសារមន្ទីរជាតិភ្នំពេញ (Cf. Saveros Pou, 2001. Nouvelles inscriptions du Cambodge. II & III, EFEO, Paris)។

រូបពង្រីកនៃចម្លាក់លំអរ Ka 18 សព្វថ្ងៃនៅសារមន្ទីរជាតិភ្នំពេញ (ម.ត 2011)

សូមរំលឹកថា កន្លងមកនៅស្រុកខ្មែរក្នុងអំឡុង១០០ឆ្នាំ ចាប់តាំងពីដើមទសវត្សរ៍ទី២០ រហូតមកទល់បច្ចុប្បន្ន គេបានរកឃើញផ្ទាំងសិលាចារឹកទាំងអស់ជាច្រើនរយផ្ទាំង ដែលគេរកឃើញដោយឡែកក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ក្រសួងវប្បធម៌បានធ្វើការចុះបញ្ជីបានចំនួន២១ផ្ទាំងថ្មីទៀត រួមមានផ្ទាំងសិលាចារឹក Ka 18 ផងដែរ (ខែ កញ្ញា ឆ្នាំ ១៩៩៤) ៕

ចារឹកនៃសន្ធិសញ្ញបារាំង – សៀមឆ្នាំ១៩០៧ នៅវត្តភ្នំ
នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ១៩០៧ ដែលត្រូវនឹងថ្ងៃ២កើត ខែផល្គុន ឆ្នាំមមី អដ្ឋស័ក ចុល្លសករាជ ១២៦៨ គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរទាំងអស់ដែលមានព្រះបាទសម្តេចព្រះស៊ីសុវត្ថិជាប្រមុខ ដឹកនាំ ដោយហេតុថា សៀមបានប្រគល់សងមកព្រះរាជាណាចក្រកម្ពុជាវិញនូវខេត្តចំនួន ៣ គឺ ខេត្តបាត់ដំបង សិរីសោភ័ណ និងខេត្តសៀមរាប ដែលខ្លួនបានរឹបអូសដោយកម្លាំងទ័ពឈ្លានពានពីមុន ។
ព្រឹត្តការណ៍ប្រវត្តិសាស្ត្រនេះដែលត្រូវចារនៅវត្តភ្នំលើផ្ទាំង ដីឥដ្ឋរាង ៤ជ្រុងទ្រវែង លាបពណ៌ដោយក្បូរក្បាច់ គឺជាសញ្ញានៃជោគជ័យដ៏ត្រចះត្រចង់របស់នយោបាយបារាំង នៅកម្ពុជាក៏មែនពិត ក៏ប៉ុន្តែគឺជានិមិត្តរូបនៃការរួបរួមគ្នាជាធ្លុងមួយរបស់ ប្រជារាស្ត្រខ្មែរជុំវិញព្រះមហាក្សត្រខ្មែរក្នុងការទាមទារឲ្យបារាំង រក្សាបូរណភាពទឹកដីខ្មែរ ដោយបង្ខំឲ្យសៀមសងអាណាខេត្តខ្មែរទាំងនោះ ដែលត្រូវបានផ្តាច់ចេញពីមាតុភូមិតាំងតែពញាអភ័យធិបបែស បែនក្នុងឆ្នាំ១៧៩៤ ។
ដើម្បីរំលឹកព្រឹត្តការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះ អាជ្ញាធរនាជំនាន់នោះ បានសាងសង់នូវវិមានអនុស្សាវរីយ៍មួយនៅចង្កេះភ្នំដូនពេញ (វត្តភ្នំ) ទិសខាងត្បូងជាប់នាឡិកាវត្តភ្នំ ដែលជារួមមានរូបសំណាកសំរិទ្ធិតំណាងឲ្យព្រះបាទស៊ីសុវត្ថិសោយរាជ្យ ក្រុងកម្ពុជាធិបតីនាជំនាន់នោះ អមដោយខាងឆ្វេងនារី ៣នាក់, និងខាងស្តាំពលថ្មើរជើងម្នាក់ធ្វើវន្ទនាការយ៉ាងសង្ហារ ។ រូបសំណាកព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ត្រូវបានស្ថាបនាឲ្យទ្រង់ប្រថាប់លើរាជបល្ល័ង្កក្រោមស្វេត្រឆត្រ និងទ្រង់គ្រឿងអម្ពរពស្ត្រាក្នុងឋានៈជាស្តេចកំពុងសោយរាជ្យ ។ នៅទីនេះព្រះបរមរាជវាំងតំណាងដោយសសរស្តម្ភពីរ ដែលពីលើលម្អដោយនាគក្បាលបីម្ខាងមួយៗផង ។
នារីទាំងបីនាក់នោះមានរូបឆោមល្អពាក់មកុដ និងស្លៀកពាក់ខុសៗគ្នា តែតាមរបៀបបែបបុរាណសុទ្ធសាធ មិនខុសពីស្រីទេពអប្សរនៅអង្គរវត្តទេ ហើយលើដៃមានកាន់ពានមួយ គឺតំណាងឲ្យខេត្តខ្មែរទាំងនោះ ដែលត្រូវបានប្រគល់សងមកខ្មែរវិញ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនៅលើពាននៃនារីទី១ មានតម្កល់រូបសំណាកមួយតំណាងឲ្យប្រាសាទព្រះវិហារដែលក្នុងសម័យនោះ ស្ថិតក្នុងខេត្តសៀមរាប ។ នារីពីរនាក់ទៀតដែលឈរបន្ទាប់ពីនារីទី១ គឺតំណាងឲ្យខេត្តបាត់ដំបង និងសិរីសោភ័ណ ។ ខុសពីនារីទី១ ដែលពាក់មកុដបី ខ្លួនទទេ ពួកគេពាក់មកុដកំពូលមួយរាងស្រួចដូចចេតិយ ហើយពាក់អាវ និងស្លៀកសំពត់ដូចជាស្ត្រីស្នំ ។ នៅលើជើងពានរបស់នារីទី២ គេឃើញមានថង់ត្រា រីឯនៅលើជើងពានទី៣ មានតម្កល់ក្លងដែលជាបំពង់មានគ្របដាក់ឯកសារ ។
តាមរយៈឥរិយាបថនៃចម្លាក់នារីទាំងបីនាក់នោះ អាណាព្យាបាលបារាំងចង់បង្ហាញថា ពួកគេកំពុងថ្វាយបូរណភាពទឹកដីនៃខេត្តទាំង៣ ដែលតំណាងដោយស្ត្រីទាំងបីនាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ ព្រះមហាក្សត្រព្រះបាទសម្តេចព្រះស៊ីសុវត្ថិវិញ ។ ដូច្នេះ បានជាស្ត្រីទាំងបីនេះកាន់យកខេត្តទាំង៣ថ្វាយព្រះមហាក្សត្រខ្មែរ ដែលជាម្ចាស់ទឹកម្ចាស់ដីរបស់កម្ពុជរដ្ឋវិញ ដោយមានទឹកមុខញញឹមញញែម ហើយកាយវិកាទន់ភ្លន់ស្រគត់ស្រគំ ។
គួរកត់សម្គាល់ផងដែរថា នៅខាងក្រោមចម្លាក់មួយតំណាងទង់ជាតិបារាំង គេឃើញឆ្លាក់តួអក្សរបារាំងថា Traite franco siamois du 15 Mars 1907 Battambong, Siemriap, Sisophon” ដែលមានន័យជាភាសាខ្មែរថា ’ សន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩០៧ ខេត្តបាត់ដំបង សៀមរាប ស៊ីសុផុន” ។
ម្យ៉ាងវិញទៀត គេក៏សង្កេតឃើញនៅទាំងសងខាងនៃរូបសំណាកមាននូវសិលាចារឹក ២ផ្ទាំងទៀត ។ ផ្ទាំងខាងធ្វេងដៃសរសេរជាភាសាបារាំង ។ រីឯផ្ទាំងខាងស្តាំជាភាសាខ្មែរ ដែលពាក់ព័ន្ធទៅនឹងប្រវត្តិនៃការសាងសង់វិមានអនុស្សាវរីយ៍ នៃការវិលត្រឡប់មកកម្ពុជាវិញនូវខេត្តបាត់ដំបង សិរីសោភ័ណ្ឌ និងសៀមរាប ។ ខ្លឹមសារដើមមានដូចទៅ :
តេជៈព្រះគុណ
ប្រតិតូរ៉ាត៍ របស់ក្រុងបារាំងសែសដែលជួយទំនុកបំរុង ក្រុងកម្ពុជាធិប្ឌី    ព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ ចមចក្រពង្សព្រះចៅក្រុងកម្ពុជាធិប្ឌី ទ្រង់ព្រះសូតនៅថ្ងៃអង្គារ ១២រោច ខែស្រាព្ឌ/ឆ្នាំជូត/ទោស័ក្ស/ចុលស័ករ៉ាជ/១២០២/គឺខែអ៊ូត សិបតប/គ្រីស័ករ៉ាជ/១៨៤០/ទ្រង់សោយរាជសម្បត្តិនៅថ្ងៃអាទិត្យ១០ កើត/ខែពិសាក្ខូ/ឆ្នាំរោង/ឆស័ក្ស/ចុលស័ករ៉ាជ១២៦៦ គឺ២៤ខែអា-វរិលគ្រិសរ៉ាជ១៩០៤ ។
ទ្រង់ទទួលខេត្តដែនដីបាត់ដំបង សៀមរាប និងសិរីសោភ័ណជារបស់នគរខ្មែរពីដើម ហើយសៀមឃាត់យកនោះឲ្យមកជារបស់ព្រះរាជម្កុដក្រុងកម្ពូជាធិប្ឌី ដោ្យអំណាយសញ្ញាត្រេតេររាជ្ការបារាំងសែល និងរាជ្ការសៀមពីថ្ងៃ២កើតខែផល្គុន/ឆ្នាំមមី/អដ្ឋស័ក្យ/ ចុល្លសករាជ/១២៦៨ គឺ១៥ខែម៉ារ្ស គ្រីសករ៉ាជ១៩០៧ ។
ក្នុងរាជ្ការ
    លោកអារម៉ង់ ហ្វាសីយ៉ែរ ជាប្រេស៊ីដង្គដឺឡារេព្វព្លិកបារាំងសែល
    លោក ពីសុងជាសែណាបុត្តី ក្រសួងតាងប្រទេស
    លោកមិយែស/ឡាក្ររ៉/ជាសែណាបុត្តីក្រសួងកូឡូនី
    លោក ប៉ូលបូ/ជាគូវេរណើយេណេរ៉ាល់ដឺឡាំងដូស៊ីន
    លោក ប៉ូលលូស/ជារេស៊ីដង្គស្វាបេរីយ៉ើក្នុងក្រុងកម្ពូជាធិប្ឌី ។
    បានធ្វើបុណ្យឆ្លង
    ក្នុងឆ្នាំវក សំរិទ្ធស័ក្ស ចុល្លស័ករាជ ១២៧០ ត្រីស័ករាជ ១៩០៩
    ក្នុងរាជ្ការ
    លោកអងតូនី ក្លូប៊ូគូវស្គី ជាគូវេរណើរ យេណេរ៉ាល់ ដឺឡាំងដូស៊ីន ” ៕

ផ្ទាំងសិលាចារឹកខ្មែរ Ka 77 នៅខេត្តនគនសគន

វិស័យដ៏មានសារសំខាន់់មួយ គឺសិលាចារឹកដែលជាមូលដ្ឋានគ្រឹៈនៃប្រវត្តិសាស្ត្រខ្មែរ ដោយហេតុថា វាផ្តល់នូវព័ត៌មានពាក់ព័ន្ធទៅនឹងវប្បធម៌ខ្មែរនាសម័យបុរាណ ។ នេះជាអ្វីមួយដែលចាំបាច់ ដែលអ្នកប្រវត្តិវិទ្យាត្រូវតែដឹងឮ ដោយហេតុថា ដើម្បីសុក្រិតភាពនៃប្រវត្តិសាស្ត្រ គេត្រូវបញ្ចូលព័ត៌មានទាំងឡាយ ដែលបានចារលើផ្ទាំងសិលាចារឹកទាំងនោះ ក្នុងបរិបទសង្គមវប្បធម៌ដើមរបស់គេ ។ គឺព្រោះហេតុនេះហើយ ទើបយើងមិនអាចជៀសវាងការសិក្សា វិភាគឡើងវិញនូវផ្ទាំងសិលាចារឹកនៃខេត្តនគនសគន (នគរសកល) ដែលមានលេខជំរឿនថ្មី Ka 77 បានទេ ។

សិលាចារឹក Ka 77 (ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ)

ការសិក្សាខ្លឹមសារនៃសិលាចារឹកនេះ ពិតជានាំមកនូវអត្ថប្រយោជន៍ចំពោះយើងយ៉ាងប្រាកដ ពីព្រោះយើងអាចឃើញមានពាក្យថ្មីមួយ គឺជាវិតាន (ពិតាន) ដែលគេពុំធ្លាប់បានឃើញពីមុនទាល់តែសោះ ។ ព័ត៌មានសំខាន់មួយទៀត ក្នុងបណ្តាព័ត៌មានទាំងឡាយដែលយើងអាចចម្រាញ់ចេញពីអត្ថបទសិលាចារឹក ខាងលើនេះ គឺវត្តមានរបស់ប្រជាជនខ្មែរយើងក្នុងខេត្តនេះ មុនការត្រួតត្រានៃខេត្តនេះ ដោយជនជាតិថៃ ។ នេះជារឿងអ្វីមួយដែលគេពុំបានគិតដល់ទាល់តែសោះ ពីព្រោះសម្រាប់អ្នកស្រាវជ្រាវថៃ ភូមិភាគនេះ គឺជារបស់មន ។
ចំពោះទំនាក់ទំនងខ្មែរជាមួយសហគមន៍មនក្នុងតំបន់ ហើយឥទ្ធិពលរបស់មនលើសិល្បៈខ្មែរ យើងត្រូវតែហ៊ានទទួលស្គាល់ថា មានមែន ដោយស្មោះស ក៏ប៉ុន្តែប្រកានេះ មិនមែនមានន័យថា ភូមិភាគនេះ ជាទឹកដីរបស់នគរទ្វារវតីឡើយ បើប្រសិនជាយើងធ្វើការវិភាគស៊ីជម្រៅខាងបុរាណវិទ្យា ក៏ដូចភូមិសាស្ត្រជាប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរ ។

សូមជម្រាបថា សិលាចារឹកនេះ ត្រូវបាននាយកដ្ឋានវិចិត្រសិល្បៈថៃរកឃើញនៅក្នុងគុហាភ្នំមួយ ឈ្មោះថា ភ្នំភូផាន សព្វថ្ងៃស្ថិតក្នុងបរិវេណនៃវត្តចាំប្រាះ (វត្តគុហាព្រះ) ក្នុងភូមិណងស្នាយ ក្នុងខេត្តនគនសគន ។ សិលាចារឹកនេះមានតួអក្សរខ្មែរ៦បន្ទាត់ ដែលត្រូវបានចារឡើងនៅឆ្នាំ៩៨៨ សកៈ ដែលត្រូវនឹងឆ្នាំ១០១៦ នៃគ.ស ។
អត្ថបទសិលាចារឹក Ka 77
– ’៩៨៨ សក តគិទសមីរោច ជេស្ឋចន្ទ្រវារគិនុសុប្រតិ ស្នវ្រះនេះ រីវ្រះនេះគំន្វរ នេះសុវិតាននេះក្រោំតគុរុ សោមង្គលអាចាយ៌ធ ម៌បុរតធ្លោកប្រស្ឋនេះ” ។
ការប្រែជាអក្សរសម័យទំនើប :
’ឆ្នាំ៩៨៨ សក ថ្ងៃទី១០ រោច ខែជេស្ឋ ថ្ងៃចន្ទ នាទីស្ថាននេះបានប្រតិស្ថានព្រះអង្គនេះនាទីនេះ ។ រីឯទីកន្លែងនេះ មានគំនូរនៅវិតានក្រោម ដែលព្រះគ្រូសោមមង្គលអាចារ្យធម៌ហើយបានចារស្លោក (ចារឹក) នេះ”។
សូមជម្រាបថា សិលាចារឹកនេះ ត្រូវបានសិក្សាដោយលោកស្រីអុនៃស្រី វរសារិន នឹងបន្ទាប់មកដោយពៅ សាវរស ។ ទើបយើងយកឯកសារនេះមកវិភាគម្តងទៀត ។
ជាអវសាន សូមជម្រាបផងដែរថា ប្រពៃណីប្រតិស្ថានព្រះពុទ្ធអង្គ ដោយមានដង្វាយជា គំនូរនៅពិតាន គឺជាប្រពៃណី ដែលប្រជាជនខ្មែរបានប្រារព្ធនៅសម័យក្រោយអង្គរ នឹងបន្តដល់បច្ចុប្បន្នភាពយ៉ាងជាក់ច្បាស់ ។
ឆ្លៀតឱកាសនេះ សូមអរគុណលោកសាស្ត្រាចារ្យ យៀង វិរបុត្រ ដែលបានជួយមើលការប្រែឡើងវិញ របស់យើកាលពីឆ្នាំ ១៩៨៦៕

អង្កាំខ្មែរនាសម័យនគរភ្នំពីស.វទី ១ ដល់ទី ៧ នៃគ.ស, អង្គរបុរី និងភូមិស្នាយ (ភាគ ១)

១- សេចក្តីផ្តើម
ក្នុងអត្ថបទសិក្សាដ៏ខ្លីនេះ យើងគ្រាន់តែសូមលើកមកផ្សព្វផ្សាយនូវប្រភេទអង្កាំខ្លះៗ ដែលត្រូវបានជួបប្រទះក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការស្រាវជ្រាវនេះ ដែលត្រូវធ្វើឡើងជាច្រើនដំណាក់កាល គឺជាលទ្ធផលដំបូងស្តីពីអង្កាំបរទេស ដែលត្រូវបាននាំចូល និង អង្កាំ ផលិតក្នុងទីក្រុងអង្គរបុរី ដែលជារាជធានីមួយដ៏ធំជាងគេរបស់ហ្វូ-ណន។
ជាគោលការណ៍ ប្រសិនបើយើងចង់សិក្សាអំពីសំណង់វប្បធម៌សម្ភារៈ របស់ជនជាតិខ្មែរនាសម័យបុរាណកាលឲ្យបានត្រឹមត្រូវ គប្បីយើងត្រូវពិនិត្យនូវបញ្ហាពាក់ព័ន្ធទៅនឹងបរិបទភូមិសាស្ត្រជា ប្រវតិ្តសាស្ត្ររបស់ប្រទេសកម្ពុជាជាមុនសិន ។ ដោយហេតុថា អាណាខេត្តបុរាណធំៗមួយចំនួនរបស់ខ្មែរដែលត្រូវបានផ្តាច់ចេញពី មាតុភូមិចាប់តាំងពីមានការលេចធ្លោឡើងនូវរដ្ឋថ្មីៗមួយចំនួន ដូចជារដ្ឋម៉ាឡេ ឈ្មោះស្រីវិជ័យ នៅជ្រោយមលយូ (ស៊ូម៉ាត្រា) និងរដ្ឋមន នៅឯខេត្តនគរបឋម ក្នុងអម្លុងចុងស.វ ទី៦ និងដើមស.វទី៧ នៃគ.ស។

ពិតមែនហើយ ការលេចធោ្លឡើងនូវរដ្ឋថ្មីទាំងពីរនេះ លើទឹកដីចាស់របស់នគរភ្នំ ត្រូវបានអនុវត្តន៍ឡើងក្នុងសម័យបុរេអង្គរ ហើយបានផ្តល់ជូនយើងនូវព័ត៌មានជាប្រវត្តិសាស្ត្រយ៉ាងសំខាន់ៗ ដើម្បីការសិក្សាស្រាវជ្រាវអំពីវប្បធម៌បុរាណ។ ក៏ប៉ុន្តែយើងក៏ត្រូវដឹងដែរថា ខេត្តបុរាណទាំងនោះព្រមទាំងតំបន់ផ្សេងៗឯទៀត ជាពិសេស ភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្នក្រោយនេះបន្តិចក៏ត្រូវបាន បាត់បង់ជាបន្តបន្ទាប់ នូវអធិបតេយ្យ និងឯករាជ្យភាពរបស់ខ្លួនដែរ ដោយការបង្កើតរដ្ឋថៃដំបូងបង្អស់ ក្នុងរាជរបស់ព្រះរាមកំហែងនៅចុងស.វទី ១៣ នៃគ.ស។
ដូចនេះ រាល់ស្លាកស្នាមវប្បធម៌បុរេអង្គរ ដែលនៅសេសសល់ ហើយដែលជាសមិទ្ធផលរបស់បុព្វបុរសខ្មែរក្នុងតំបន់ទាំងនោះ ដូចចម្លាក់ខឿន ប្រាសាទ រួមទាំងគ្រឿងអលង្ការជាដើម គប្បីយើងត្រូវបញ្ចូលទិន្នន័យខាងបុរាណវិទ្យាទាំងនោះក្នុងខឿនវប្បធម៌ បុរេអង្គរនៃរដ្ឋហ្វូ-ណន ឬនគរភ្នំមុន ការបង្កើតរដ្ឋ ស្វយ័តទាំងនោះ ជាពិសេសរដ្ឋថៃ។ គួរកត់សម្គាល់ផងដែរថា ហេតុដែលយើងលើកយកគ្រាប់អង្កាំដែលជាភាគមួយនៃគ្រឿងតុបតែងលំអរូបកា យមកសិក្សាវិភាគ ក៏ដោយសារតែបុរាណវត្ថុទាំងនោះ ដែលមានចំណាស់ជិត ២០០០ឆ្នាំមកហើយ គឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់ចងក្រងទំព័រប្រវត្តិសាស្ត្រខ្មែរឡើងវិញ ដែរ។ ឧទាហរណ៍ជាក់ស្តែង តាមរយៈគ្រាប់អង្កាំខ្លះ យើងអាចសន្និដ្ឋានបានយ៉ាងត្រឹមត្រូវថា វិស័យពាណិជ្ជកម្មអន្តរជាតិរវាងនគរភ្នំ និងចក្រភពរ៉ូម៉ាំង ត្រូវបានផ្តើមឡើងចាប់តាំងពីស.វទី ៣ មុនគ.ស ហើយបានបន្តរហូតដល់ស.វទី ៦-៧ នៃគ.ស។

ក. បរិបទភូមិសាស្ត្ររបស់ហ្វូ-ណន នគរភ្នំ
ដូចយើងបានដឹងស្រាប់ ព័ត៌មានសំខាន់ៗនៃចក្រភពហ្វូ-ណន ឬនគរភ្នំ ដែលជារដ្ឋខ្មែរដំបូងបង្អស់ត្រូវបានកត់ត្រាដោយជនជាតិចិននាដើមស .តទី៣ នៃគ.ស ទោះបីជាទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ ត្រូវបានផ្តើមឡើងនាស.វទី១នៃគ.សម្ល៉េះ។ ចំពោះប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណាក់កាលដំបូងនេះ កំណត់ហេតុចិនក្នុងរាជវង្សលៀង ( ៥០២-៥៥៨ នៃគ.ស ) បានឲ្យយើងដឹងថា ជនជាតិចិនដែលបានធ្វើដំណើរដល់ហ្វូ-ណន ក្នុងរង្វង់ គ.ស ឆ្នាំ ២៣០ គឺកាំងថៃ និង ជូយ៉ីង ក្នុងរជ្ជកាលរបស់ព្រះបាទ ហ្វាន់-ម៉ាន់ ម្ល៉េះ ។ តាមប្រភពឯកសារចិន យើងដឹងទៀតថា ព្រះមហាក្សត្រនាសម័យបុរេអង្គរនេះ បានលើកទ័ពជើងទឹកទៅច្បាំងយកនគរតូចៗចំនួន១០ រួមទាំងនគរតាន់ ស៊ុន ដែលជាស្ថាប័នរដ្ឋមួយធំជាងគេក្នុងឈូងសមុទ្រសៀមសព្វថ្ងៃនេះថែមទៀតផង ។
មិនតែប៉ុណ្ណោះសោត វង្សក្សត្រខ្មែរដំបូងបង្អស់ ដែលបានសោយរាជ្យនៅក្នុងជ្រោយមលយូ នៅក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃ និងនៅវ្យាធបុរៈ ឬអង្គរបុរី ក្នុងខេត្តតាកែវបច្ចុប្បន្ន រួមមានព្រះបាទ ហ៊ុន ប៉ាន ដែលជាអ្នកទាក់ដំរីដ៏ល្បីល្បាញជាងគេ បន្ទាប់ពីហ៊ុន ទៀន។ រីឯស្តេចដែលគ្រប់គ្រងរាជសម្បត្តិជាបន្តបន្ទាប់នៅហ្វូ-ណន មានព្រះនាមថា ប៉ាន់ ប៉ាន់, ផាន់ ម៉ាន់ជាដើម ដែលសុទ្ធសឹងតែបានតពូជពង្សត្រកូលពីស្តេចមុនៗទាំងអស់។ ម្យ៉ាងវិញទៀត នាគ្រាបឋមនៃប្រវត្តិសាស្ត្រកម្ពុជានោះ ភូមិភាគខាងត្បូងនៃប្រទេសវៀតណាមបច្ចុប្បន្ន ដែលខ្មែរហៅថា ដែនដីសណ្តកម្ពុជាក្រោម ក៏ស្ថិតនៅក្នុងបង្គោលសីមារបស់នគរភ្នំដែរ ព្រោះថា ធ្លាប់ជាទឹកដីរបស់ខ្មែរ។
ខាងលើនេះជាទិន្នន័យប្រវតិ្ត សាស្ត្រដែលបង្ហាញបញ្ជាក់ថា នគរភ្នំត្រូវបានបង្កើតឡើងដោយការផ្តុំនូវរដ្ឋមន-ខ្មែរតូច ធំទាំងឡាយ ដែលស្ថិតនៅក្នុងភាគខាងត្បូងនៃប្រទេសថៃ ក៏ដូចភូមិភាគនៃដែនដីសណ្តនៃដងទន្លេមេគង្គបច្ចុប្បន្នដែរ ព្រោះធ្លាប់ជាភាគមួយនៃចក្រភពនគរភ្នំ ឬហ្វូ-ណន ហើយក្នុងអតីតកាលដ៏យូរលង់ មានការប្រាស្រ័យទាក់ទងវប្បធម៌ជាមួយនឹងអង្គរបុរី ដែលគ្រាន់តែជារាជធានីមួយធំក្នុងចំណោមរាជធានីទាំងឡាយនៃហ្វូ-ណន តែប៉ុណ្ណោះ។ លើសពីនេះទៀត វត្ថុបុរាណទាំងឡាយ រួមមាន គ្រាប់អង្កាំ រាប់ពាន់ ម៉ឺន សែន គ្រាប់ ដែលគេបានរកឃើញក្នុងភូមិភាគនេះ ក៏អាចបញ្ជាក់អំពីចំណាស់ជាប្រយោលនៃវិសាលភាព និង ឧត្តមភាពនៃវិស័យពាណិជ្ជកម្មអន្តរជាតិផងដែរ។ ខាងលើនេះ ក៏ជាព្រឹតិ្តការណ៍ពិតជាក់ស្តែងស្តីពីចំណាស់នៃខឿនវប្បធម៌ខ្មែរ និងទំនាក់ទំនងរវាងខ្មែរ និងបរទេស ជាពិសេស ចិន បើពុំដូច្នេះទេ ក៏ជនជាតិចិននឹងមិននិយាយដល់ ហ្វូ-ណន ក្នុងកាលប្បវត្តិរបស់គេដែរ ។
ដូចនេះ ក្រៅពីកត្តាភូមិសាស្ត្រជាប្រវត្តិសាស្ត្រខាងលើនេះ ដែលពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរនៅមានកត្តាផ្សេងៗ ទៀតដែលបង្ហាញនូវភាពរីកចំរើន លូតលាស់នៃកម្រិតវប្បធម៌របស់បុព្វបុរសខ្មែរក្នុងភូមិភាគនេះផងដែរ ដូចជាវត្តមាននៃគ្រឿងអលង្ការធ្វើអំពីមាស ប្រាក់ ស្ពាន់ និងត្បូងចិញ្ចៀន និងខ្សែកធ្វើអំពីកែវស្លយ៉ាងច្រើនសន្ធឹកសន្ធាប់គ្រប់ប្រភេទដែលគេ បានជួបប្រទះតាមស្ថានីយ៍ហ្វូ-ណន ផ្សេងៗជាសក្ខីកម្មស្រាប់ ។ សូមរំលឹកថា ហ្វូ-ណន ឬនគរភ្នំ បានប្រសូត្រឡើងរវាងស.វទី ១ ហើយត្រូវបានជំនួសដោយនគរចេនឡានៅឆ្នាំ ៦៤៩នៃគ.ស ក្នុងសម័យវូ ឌេ បើយោងតាមប្រភពឯកសារចិន និង ការតាំងកាលបរិច្ឆេទបុរាណវិទ្យា។
ម្យ៉ាងវិញទៀត កាលណោះ ហ្វូ-ណន ដែលប្រទេសខ្មែរដំបូងកំពុងបង្កបង្កើតឡើងដោយការបង្រួបបង្រួម ឬ ការច្របាច់បញ្ចូលគ្នានូវកុលសម្ព័ន្ធមន-ខ្មែរនានាជាធ្លង់មួយ ជុំវិញអំណាចកណ្តាល នៅក្នុងភូមិភាគនេះ យើងអាចឃើញ មានការអនុវត្តន៍នូវមនោគមវិទ្យាជនជាតិឥណ្ឌាតាមរយៈសិលាចារឹក វ៉ូកាញ ចារឡើងនាដើមស.វ ទី៣ (Cf. Filliozat) ដែលជាសញ្ញានៃវឌ្ឍនភាព គ្រប់វិស័យរបស់រដ្ឋ ខាងលើនេះ ដែលមានទឹកដីដ៏មហាធំធេងអស្ចារ្យ ។
បានជាយើងរំលឹកបរិបទភូមិសាស្ត្របុរាណនេះឡើងវិញ មកពីដូនតា ខ្មែរ បានបន្សល់នៅក្នុងអតីតទឹកដីនេះ នូវសំណង់ វប្បធម៌ សម្ភារៈគ្រប់ប្រភេទ។ ហើយប្រព្រឹត្តិការណ៍បែបនេះ ក៏សឲ្យឃើញនូវឯកភាពវូបនិយកម្ម ខាងវប្បធម៌ផងដែរ។ ជាឧទាហរណ៍ជាក់ស្តែង បើយើងគ្រាន់តែយក ប្រភេទអង្កាំខ្លះដែលគេបានរកឃើញនៅអង្គរបុរី មកធ្វើការសិក្សាវិភាគ ហើយប្រៀបធៀបទៅនឹងអង្កាំដែលស្ថិតនៅក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃ រួមមានជ្រោយមលយូផងដែរ ឬ ក៏អង្កាំនៅវៀតណាមខាងត្បូងបច្ចុប្បន្ន យើងនឹងឃើញថា មានលក្ខណៈដូចគ្នា ពោលគឺមានប្រភពតែមួយ ហើយមានចំណាស់ដូចគ្នា។
តាមប្រសាសន៍របស់លោក លូអ៊ី ម៉ាល្លើរេ : ’ឯកភាពនៃក្បូរក្បាច់រចនា ធ្វើឲ្យយើងគិតថា ទីក្រុងបុរាណអូរកែវ (កម្ពុជាក្រោម) គឺជាមណ្ឌលវប្បធម៌របស់ហ្វូ-ណន ដែលមានសិប្បកម្មថ្ម (…) ហើយនៅប្រទេសសៀម ម៉ាឡេស៊ី ហើយជាបន្ទាប់បន្សំនៅភូមាផងដែរ ពោលគឺនៅលើតំបន់ទាំងឡាយណាដែលអាណាចក្រហ្វូ-ណន បានលាតសន្ធឹងដល់ ទាំងនេះគួរគប្បីត្រូវមានការធ្វើអង្កេត (Cf. Malleret, L. Notes archeologiques : intailles et cachettes du Cambodge Continental)”។
សរុបសេចក្តីមក ប្រសិនបើយើងចង់សិក្សាអំពីសំណង់វប្បធម៌ សម្ភារៈរបស់ជនជាតិខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នឲ្យ បានត្រឹមត្រូវពេញលេញ គម្បីយើងត្រូវពិនិត្យនូវបរិបទភូមិសាស្ត្រដើមជាប្រវត្តិសាស្ត្រ ដែលបានឲ្យកំណើតវប្បធម៌ខ្មែរជាមុនសិន។ ព្រោះថា តំបន់សំខាន់ៗមួយចំនួនរបស់អតីតទឹកដីខ្មែរ ត្រូវបានផ្តាច់ចេញពីមាតុភូមិរបស់ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ចាប់តាំងពីដើមសម័យចេនឡា ឬក៏ចាប់តាំងពីតាមសម័យកាលនៃប្រវត្តិសាស្ត្រ ហើយនៅលើអតីតទឹកដីខ្មែរនោះ ដូនតាខ្មែរបានបន្សល់នូវស្លាកស្នាមវប្បធម៌តែប៉ុណ្ណោះ។

ផែនទីនៃចក្រភពនគរភ្នំ តាមឯកសារចិន ពីស.វទី ១ ដល់ទី ៦-៧ មុនការបង្កើតរដ្ឋមនទ្វារវតី និង ផែនទីនៃឧបទ្វីបឥណ្ឌូចិនទាំងមូល

ជាមូលដ្ឋានគ្រឹះយ៉ាងមាំមួយសម្រាប់ការចងក្រងទំព័រ ប្រវត្តិសាស្ត្ររបស់អតីតព្រះរាជាណាចក្រកម្ពុជាឡើងវិញ អង្កាំបុរាណទាំងឡាយ ដែលជាម្យ៉ាងទៀតជាសញ្ញាបង្ហាញអំពីសកម្មភាពសេដ្ឋកិច្ចចម្បងនាសម័យ នគរភ្នំផងដែរ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមគួរឲ្យកត់សម្គាល់។

ខ. សារសំខាន់ និងប្រភពអង្កាំបុរាណនៅអង្គរបុរី និងភូមិស្នាយ
ការប្រើគ្រាប់អង្កាំ ជាគ្រឿងលំអរខ្លួនប្រាណរបស់ស្ត្រី និងបុរសដែលមានគ្រប់ទិសទីលើលោក បានចាក់គ្រឹះយ៉ាងមាំក្នុងប្រពៃណីនៃកុលសម្ព័ន្ធខ្មែរដើម ដែលសព្វថ្ងៃបានក្លាយទៅជាជនជាតិភាគតិច ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែនដីគោក តាំងពីយូរអង្វែងណាស់មកហើយ ពោលគឺតាំងពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្នភាពនេះ។ ប្រការនេះ គឺជាទឹកតាងប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់ ដែលបង្ហាញថា មិនមែនជនជាតិបរទេសទេ ដែលបានបង្រៀនបង្ហាត់ខ្មែរឲ្យចេះប្រើ ឬនិយមគ្រឿងអលង្ការ។ ដោយសារតែលក្ខណៈសម្បត្តិបែបនេះហើយ ទើបយើងអាចចាត់ទុកថាអង្កាំអាចជាកត្តាកំណត់កាលបរិចេ្ឆទនូវព្រឹ តិ្តការណ៍ជាប្រវត្តិសាស្ត្រ មួយចំនួនគួរឲ្យកត់សម្គាល់ក្នុងអតីតកាលដ៏យូរលង់មុនឥណ្ឌូរូបនិយក ម្ម។
នៅទីនេះ គ្រាប់អង្កាំមួយចំនួនតូច ដែលយើងបានជ្រើសរើស ក្នុងចំណោមអង្កាំដ៏ច្រើនលើសលប់ ឥតគណនា ដែលបានមកពីអង្គរបុរី និងភូមិស្នាយដើម្បីយកមកចុះផ្សាយជូនជាពត៌មាន គឺស្ថិតក្នុងបរិបទវប្បធម៌ហ្វូ-ណន ពីស.វទី ១ ដល់ស.វទី ៧។ គ្រាប់អង្កាំដែលមកពីស្ថានីយ៍ទាំងពីរខាងលើនេះ ហើយមានលក្ខណះដូចគ្នាបេះបិទ មិនថា នៅតំបន់កំពង់ផែរសមុទ្រអូរកែវ ឬនៅក្នុងភូមិភាគខាងត្បូវនៃព្រះរាជាណាចក្រថៃបច្ចុប្បន្ន ឬក៏នៅជ្រោយមលយូ ដូចករណីនៅខេត្តក្របីជាដើម ដែលបានធ្វើការជួញដូរជាមួយឥណ្ឌា រួមមានកោះស្រីលង្កា នេះជាការសន្និដ្ឋានក្នុងដំណាក់កាលដំបូងរបស់យើង តែទន្ទឹមនឹងទំនាក់ទំនងនឹងឥណ្ឌា ជនជាតិខ្មែរនាសម័យបុរាណនោះក៏បានធ្វើពាណិជ្ជកម្មជាប្រយោល ឬ ដោយត្រង់ៗតែម្តង ជាមួយនឹងជនជាតិហ្គ្រិចកូ-រ៉ូម៉ាំងផងដែរ តាមផ្លូវសមុទ្រ។ ម្ល៉ោះហើយក៏មានការនាំចូលនូវអង្កាំជាច្រើនប្រភេទ មកពីឥណ្ឌាចក្រភពរ៉ូម៉ាំង ដែលមានអាយុចាស់ជាងអង្កាំមកពីឥណ្ឌាបន្តិច។
សរុបសេចក្តីមក ក្រៅពីចំណុចឯកភាពខាងគ្រឿងអលង្ការ អង្កាំដែលបង្ហាញកាន់តែច្បាស់ពីតួនាទីយ៉ាងសំខាន់ និងប្រភពរបស់វា ក្នុងសង្គមខ្មែរនាបុរេអង្គរនៃចក្រភពហ្វូ-ណនមក គ្រាប់អង្កាំទាំងនោះ ដូចទើបពោលក៏ជាកត្តាបង្ហាញឲ្យឃើញនូវវឌ្ឍនភាពរបស់ខ្មែរនាសម័យ នោះផងដែរ ដែលចូលចិត្តតុបតែងខ្លួនប្រាណយ៉ាងល្អវិចិត្រ។ ដូច្នេះ ឃើញថា អង្កាំមានច្រើនបែប ច្រើនយ៉ាងណាស់ សឹងរាប់មិនអស់ ត្រូវបានពេញនិយមនៅលើទឹកដីខ្មែរបុរាណ។ ទាំងនេះ គឺជាភាពមួយដ៏សំខាន់នៃខឿនវប្បធម៌ខ្មែរ ដែលយើងគ្រាន់តែលើកមកជាឧទាហរណ៍ក្នុងការអធិប្បាយអំពីវឌ្ឍនភាពនៃ សម័យនគរភ្នំ ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សខ្មែរនាសម័យបុរាណ។ ដូច្នេះឃើញថា វប្បធម៌នគរភ្នំ មានភាពរុងរឿងថ្គុំថ្កានណាស់។
បើតាមការពិនិត្យមើលទៅឃើញថា គ្រាប់អង្កាំដែលបាននាំចូលតាមរយៈកំពង់ផែសមុទ្រផ្សេងៗ បន្តិចម្តង ហើយដោយសន្សឹមបានលាតសន្ធឹងគ្របដណ្តប់ទៅលើតំបន់នានានៃអតីតទឹកដី ខ្មែរ ដោយហេតុថា អង្កាំ គឺជារបស់មានតម្លៃ។ នេះហើយជាហេតុមួយបង្ហាញឲ្យឃើញភាពដូចគ្នានៃអង្កាំនៅអង្គរបុរី និងអង្កាំនៅភូមិស្នាយ ឬក៏អង្កាំនៅស្វាយចេក។
២. ប្រភេទ និង ភិនភាគនៃគ្រាប់អង្កាំ
តាមការស្រាវជ្រាវ អង្កាំសំខាន់ៗ ក្នុងបរិវេណនៃទីក្រុងអង្គរបុរី ឬវ្យាធបុរៈ អាចចែកចេញជា ៤ ក្រុម។ ក្រុមទី ១ គឺមកពីសម័យមុនឥណ្ឌូរូបនិយកម្មធ្វើអំពីសំបកខ្យង, ឆ្អឹងសត្វ ឬធ្មេញសត្វ ឬក៏ដីដុត។ ក្រុមទី២ មកពីប្រទេសឥណ្ឌា និងក្រុមទី៣ មកពីចក្រភពក្រិច កូ-រ៉ូមាំង។ មិនតែប៉ុណ្ណោះទេ យើងក៏បានប្រទះអង្កាំមួយប្រភេទទី៤ ដែលធ្វើអំពីថ្ម យក់ មានប្រភពចេញពីប្រទេសចិនដែរ។ តែនៅទីនេះ យើងសូមផ្តោតអារម្មណ៍ទៅលើតែអង្កាំ មានប្រភពពីឥណ្ឌា និងក្រិចកូ-រ៉ូម៉ាំងតែប៉ុណ្ណោះ ដែលជាកម្មវត្ថុនៃអត្ថបទនេះ។ គ្រាប់អង្កាំនាសម័យបុរេប្រវត្តិសាស្ត្រ និងត្រូវយកមកសិក្សាវិភាគក្នុងអត្ថបទមួយនៅពេលក្រោយទៀត។
សូមបញ្ជាក់ដែរថា នៅតាមស្ថានីយ៍ប្រវត្តិសាស្ត្រខ្មែរ យើងក៏បានជួបនូវគ្រាប់អង្កាំធ្វើអំពីមាស, សំណ, ស្ពាន់ និង ដីដុត មានផាត់ពណ៌ ព្រមទាំងអង្កាំកែវស្លគ្រប់ពណ៌គួរឲ្យគយគន់ណាស់។
ស្តីពីរូបរាងនៃគ្រាប់អង្កាំ ដែលមានបែបផ្សេងៗពីគ្នា ជាសេចក្តីសង្ខេប យើងឃើញមានអង្កាំរាងត្រប៉ែត, មូល, រាង៤ជ្រុងទ្រវែង, ប្រាំជ្រុង ឬក៏អង្កាំមានរាងដូចផ្លែម្កាក់ ឬផ្លែត្រល់ មានគូថស្រួច៘ អង្កាំដែលមកពីចក្រភពហ្គ្រិចកូ-រ៉ូម៉ាំង ភាគច្រើនលំអរដោយក្បាលមនុស្ស ហៅថា ’អង្កាំភ្នែក” សត្វមាន់ និងផ្កាជាដើម។ នេះបើយោលើទិន្នន័យខាងបុរាណវិទ្យា ដែលយើងបានមកព្រមៗគ្នា តាមរយៈការចុះស្រាវជ្រាវផ្ទាល់។ ដូចនេះនាសម័យនគរភ្នំ អង្កាំបុរាណក្នុងព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃមានច្រើនប្រភេទ និងទ្រង់ទ្រាយណាស់។ តាមការប៉ាន់ស្មានមានប្រមាណជា ១០០ប្រភេទខុសៗគ្នា។ តាមការស្រាវជ្រាវផ្ទាល់ បង្ហាញឲ្យយើងដឹងថា តាមពិតអង្កាំទាំងនោះបញ្ជាក់ឲ្យដឹងថា សម័យនេះជាសម័យរុងរឿង គ្រាប់អង្កាំបរទេសមានទីផ្សាយ៉ាងធំធេងណាស់នៅនគរភ្នំ។ យ៉ាណាមិញ យើងក៏ដឹងដែរថា ទំនាក់ទំនងរវាស្ថានីយ៍ប្រវត្តិសាស្ត្រ អ៊ូថង, អូរកែវ អង្គរបុរី និងស្ថានីយ៍ផ្សេងៗនៅក្នុងឈូងសមុទ្រសៀមផងនៅក្នុងសម័យនោះ ដែលស្ថិតក្នុងបរិវេណនៃបង្គោលសិមារបស់នគរភ្នំ មានភាពរីកចំរើន រីកសុះសាយគ្រប់ទិសទី ជាពិសេស នៅតាមទីតាំងណាដែលស្ថិតនៅចំផ្លូវជំនួញអន្តរជាតិសមុទ្រ ឬក៏មានប្រព័ន្ធធារាសាស្ត្រ។ ចំពោះឧត្តមភាពនៃអង្គាំ មានទិន្នន័យខាងបុរាណវិទ្យា បង្ហាញបញ្ជាក់ឲ្យដឹងថា នាសម័យនគរភ្នំ តំបន់ដែលមានប្រវត្តិដ៏យូរលង់នោះ ហើយរុងរឿងជាងគេ គឺភាគច្រើនជាតំបន់ដែលស្ថិតនៅតាមដងទន្លេមេគង្គ រួមមានម្តុំអូរកែវ និងអង្គរបុរី និងតំបន់ព្រះចេត្យីសាមអង្គ (ចេត្យី ៣) នៅភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន ដែលពីដើមគឺជាផ្លូវត្រឡែងកែង ផ្សាភ្ជាប់តំបន់នានា ពីឈូងសមុទ្រសៀមទៅឈូសមុទ្របេងហ្គាល ដូចការប្រើអង្កាំ និងកាក់ដែលជារូបិយវត្ថុ ដែលមានសញ្ញាស្រីវត្ស និងព្រះអាទិត្យមួយកំណាត់រះ ហើយមួយកំណាត់ទៀតលិច ក្នុងការជួញដូរជាភស្តុតាងស្រាប់ ហើយការផ្លាស់ប្តូរទម្រង់សង្គមក៏បាននុវត្តឡើង ដោយការប្រមូលផ្តុំគ្នានៃសហគមន៍នានា ក្រោមការគ្រប់គ្រងបែបរាជានិយម ហើយជាអ្វីមួយដែលបានធ្វើឲ្យវប្បធម៌ដើមដុះដាល រីកស្គុះស្គាយនៅតាមបុរីធំ តូចទាំងឡាយក្នុងទឹកដីហ្វូ-ណន។
ទីក្រុង ឬបុរីបុរាណទាំងនោះ ដូចអង្គរបុរី និងអ៊ូថងជាដើមដែលជារាជធានីសំខាន់ជាងគេក្នុងសម័យនោះ ដោយសារព្រះវត្តមានរបស់ព្រះមហាក្សត្រប្រថាប់គង់នៅ មិនមែនគ្រាន់តែជាទីប្រជុំដែលមានមនុស្សរស់នៅយ៉ាងកុះករតែប៉ុណ្ណោះទេ ត្បិតភាពមមាញឹកខាងពាណិជ្ជកម្ម ជាអត្តិភាព ក៏ប៉ុន្តែជាមជ្ឈមណ្ឌលវប្បធម៌សាសនា និងនយោបាយផងដែរ ដូចនេះ ភាគច្រើន ទីតាំងទាំងនោះស្ថិតនៅតាមដងទន្លេចៅប្រាយ៉ា និង តាមដងទន្លេមេគង្គសព្វថ្ងៃនេះ។ អ្វីមួយដែលបានផ្តល់នូវភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា។ សូមជម្រាបថា ចុងក្រោយជាតំបន់ទាំងនោះថាជាដាច់ខាត មិនអាចផ្តាច់ចេញពីតំបន់នៃឈូងសមុទ្រថៃ និងជ្រោយម៉ាឡេស៊ីសព្វថ្ងៃដែរ ដែលធ្លាប់មានទំនាក់ទំនងខាងពាណិជ្ជកម្មអន្តរជាតិយ៉ាងសកម្ម ហើយជាអតីតដែនដីរបស់ហ្វូ-ណន ដែលជារដ្ឋដំបូងបង្អស់របស់ជនជាតិខ្មែរ។
ម្យ៉ាងវិញទៀត កុំភ្លេចថា កាលពី ២៤០០ ទៅ ២០០០ឆ្នាំ មុន ទីក្រុងអ៊ូថង នៅខេត្តសុផាន់បុរីបច្ចុប្បន្នត្រូវបានផ្សាភ្ជាប់ជាមួយដែនដីសណ្តនៃ ដងទន្លេចៅប្រាយ៉ា។ ឯកភាពខាងភូគម្ភសាស្ត្រ និងការលេចធ្លោនៃទីក្រុងបុរាណឡើងប្រាកដដល់ភ្នែករបស់អ្នកបុរាណ វិទូ ក៏បានស្តែងចេញតាមរយៈវណ្ណកម្មនានាផងដែរ ដែលជាមរតកវប្បធម៌ដ៏សម្បូរបែប។ គឺប្រការចម្បងនេះហើយ ដែលជាមូលហេតុចង្អុលបង្ហាញថា ខេត្តផ្សេងៗឯទៀតក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន ក៏ជាអតីតទឹកដីហ្វូ-ណនយ៉ាងប្រាកដ។
ខាងលើនេះ គឺជាទិដ្ឋភាពភូមិសាស្ត្រដែលបានកើតមានឡើកាលពី ២៥០០ ទៅ ២០០០ឆ្នាំមុន ដែលក្នុងសម័យនោះ ទីក្រុងអ៊ូថងស្ថិតមិនឆ្ងាយប៉ុន្មានពីទីក្រុងអង្គរបុរី ដែលមានកំពង់អូរកែវ។ ព្រោះថា នាសម័យនោះ វាលទំនាបនៃដងទន្លេចៅប្រាយ៉ា ទើបតែត្រូវបានកកើតឡើង។ ហើយបញ្ហានេះ ពិតជាមានសារសំខាន់បំផុត សម្រាប់ស្វែងយល់អំពីវប្បធម៌បុរាណក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែនដីគោក។
ដូចពោលខាងលើ នៅតាមស្ថានីយ៍នានាខាងលើនេះ ដូចយើងដឹងស្រាប់ ចាប់តាំងពីសម័យបុរេប្រវត្តិសាស្ត្រមក រវាងស.វទី២ មុនគ.ស និង ៦០០នៃគ.ស គេបានរកឃើញអង្កាំធ្វើអំពីកែវ និងដីដុត មកពីចក្រភពហ្គ្រិចកូ-រ៉ូម៉ាំង ព្រមទាំងអង្កាំថ្មពីរប្រភេទទៀត ដែលអ្នកបុរាណវិទូហៅថា ក័រណាល៉ីន (Cornaline) និង អាហ្គាត (agate beads) ដែលប្រភពដើម អាចមកពីចក្រភពហ្គ្រិចកូ-រ៉ូម៉ាំង តាមរយៈឥណ្ឌា។ ដូច្នេះតទៅនេះ យើងសូមលើកអង្កាំទាំងពីរប្រភេទខាងលើនេះ ដើម្បីអធិប្បាយត្រួសៗជាទីបំផុតំពីប្រភពនៃត្បូងថ្មដ៏មានតម្លៃ ទាំងនោះ។
បើគិតជាតម្លៃ និងសោភណ្ឌភាព ត្បូងថ្មទាំងនោះក្នុងអតីតកាល ពិតជាវត្ថុកម្រ ហើយមានតម្លៃខ្ពស់បំផុត។ នៅក្នុងក្របខណ្ឌនៃការស្រាវជ្រាវនេះ យើងមិនអាចមានលទ្ធភាពនឹងបរិយាយឲ្យបានវែងឆ្ងាយបានទេ ចំពោះប្រភពដើមនៃប្រភេទថ្មទាំងនោះ។ យើងគ្រាន់តែសូមធ្វើការកត់សម្គាល់ខ្លះៗតែប៉ុណ្ណោះ។
ពាក់ព័ន្ធទៅនឹងប្រភពនៃអង្កាំថ្មក័រណាល៉ីន សូមបញ្ជាក់ថា ប្រភេទនោះមានរាងមូល ហើយពណ៌ទឹកក្រូច គុជ គួរឲ្យគយគន់ណាស់។ ដូចពោលខាងលើ ថ្មក័រណាល៉ិន ក៏ដូចគ្រាប់អង្កាំអាហ្គាត ដែលមានពណ៌ខ្មៅ ហើយមានឆ្នូតៗ ត្រូវបាននាំចូលពីប្រទេសក្រៅយ៉ាងប្រាកដ ជាពិសេស ពីឥណ្ឌា ឬក៏ពីប្រទេសរ៉ូម៉ាំង តាមរយៈឥណ្ឌា។
ហេតុដែលគេសន្និដ្ឋានថា ថ្មក័រណាល៉ិន និង អាហ្គាត បានមកពីប្រទេសឥណ្ឌា ឬពីប្រទេសអ៊ីតាលីបុរាណ ដោយសារតែគេពុំបានជួបប្រទះការដ្ឋាននៃប្រភេទត្បូងថ្មទាំងនោះ នៅអាស៊ីអាគ្នេយ៍រហូតដល់សព្វថ្ងៃ។ ទោះបី ជាទូទៅ គេសង្កេតឃើញថា មានការផលិតគ្រាប់អង្កាំផ្ទាំងនៅក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃ បច្ចុប្បន្ន ដូចជា នៅខេត្តក្របី ខេត្តឈុមផន ខេត្តតាកែវ និងអាងយ៉ាង (កម្ពុជាក្រោម) អតីតទឹកដីរបស់ហ្វូ-ណនជាដើមក៏ដោយ។ តែវត្ថុធាតុដើម គឺថ្មក័រណាល៉ិន និងអាហ្គាត ពិតជាត្រូវបានដឹកមកពីក្រៅ ហើយកែច្នៃនៅនឹងកន្លែងផ្ទាល់ ពោលគឺនៅតាមកំពង់ផែរដឹកជញ្ជូនឥវ៉ាន់តាមតំបន់ឆ្នេរចិន និងសៀមសព្វថ្ងៃ។
ឧទាហរណ៍ជាក់ស្តែង នៅអង្គរបុរី បំណែកនៃគ្រាប់អង្កាំ ធ្វើអំពីក័រណាល៉ីន និងអាហ្កាតមួយចំនួន ដែលត្រូវគេបោះបង់ចោល ព្រោះត្រូវប្រេះឬបែក ឬក៏ពុំទាន់ត្រូវបានកែច្នៃ រំលីង រួចត្រូវបានគេជួបប្រទះ អាចអនុញ្ញាតឲ្យយើងគាំទ្រនូវទស្សនៈខាងលើនេះ។ ក៏ប៉ុន្តែក្នុងដំណាក់កាលនេះ យើងនៅតែមិនទាន់ដឹងថា ការដ្ឋានថ្មទាំងពីរប្រភេទនេះ មកពីប្រទេសណាដោយពិតនៅឡើយទេ។ ពោលខាងលើ មានន័យថា ប្រភពដើមពុំទាន់កំណត់បាននៅឡើយ។
សូមជម្រាបផងដែរថា ចំណុចមួយទៀត ដែលយើងចង់បំភ្លឺដែរ គឺចំណាស់នៃអង្កាំគ្រប់ប្រភេទ ដែលគេបានរកឃើញ ដែលអាចរួមចំណែកក្នុងការស្វែងយល់អំពីវប្បធម៌ខ្មែរមុនការលេចធ្លោនៃ រដ្ឋមនឈ្មោះថា ទ្វារវតីនៅចុងស.វទី ៦ ដើមស.វទី ៨។ ក្រៅពីបានសិក្សាអង្កាំទាំងនោះរួច ទើបយើងដឹងថា អ្វីដែលអ្នកបុរាណវិទូខ្លះហៅថា អង្កាំមន ទ្វារវតី ជាការខុសឆ្គង ដោយហេតុថា នគរមននេះមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយក្នុងសម័យកាលព្រមគ្នា ជាមួយនឹងហ្វូ-ណន តែក្រោយហ្វូ-ណនប្រមាណជា ៦-៧ សតវត្សរ៍ នៅពេលដែលរដ្ឋខ្មែរដំបូងនេះត្រូវបាក់បែកដោយអោនភាព បណ្តាលមកពីវិបិត្តនយោបាយ និងសេដ្ឋកិច្ច។ បើនិយាយមួយបែប ទោះបីជានាដើមទស្សវត្សរ៍ទី ១ និងទី៥ ជនជាតិខ្មែរ និងមន មិនទាន់បំបែកចេញពីគ្នាក៏ដោយ ក៏ប៉ុន្តែ យើងគ្មានហេតុផលណាមួយ ធ្វើឲ្យយើងបញ្ចូលសំណង់វប្បធម៌សម្ភារៈនាសម័យវប្បធម៌ហ្វូ-ណន មុនចូលស.វទី ៦ ចូល និងសម័យវប្បធម៌ទ្វារវតី ចូលក្នុងពុម្ពតែមួយបានឡើយ។ ព្រោះថា វប្បធម៌ទាំងពីរ ពុំមានកាលបរិច្ឆេទដូចគ្នាឡើយ។
សរុបមក តាមរយៈប្រភេទអង្កាំថ្ម ក័រណាល៉ីន និង អាហ្គាត ខាងលើនេះ យើងឃើញថា បុព្វការីជនខ្មែរ ដែលរស់នៅក្នុងទឹកដីហ្វូ-ណន ពិតជាបានមានទំនាក់ទំនងត្រង់ៗតែម្តងជាមួយជនជាតិឥណ្ឌា ឬក៏ជាជនជាតិហ្គ្រិចកូ-រ៉ូម៉ាំង ឬក៏ជាមួយជនជាតិហ្គ្រិចកូ-រ៉ូម៉ាំង តាមរយៈពួកឥណ្ឌា ដែលបានរកស៊ីជាមួយខ្មែរ ហើយបានចូលរួមវិភាគទានក្នុងការស្ថាបនាខឿនវប្បធម៌ដ៏សម្បូរបែបរបស់ ខ្មែរនាសម័យបុរេអង្គរ។
ជាសេចក្តីសន្និដ្ឋាន យើងអាចនិយាយបានថា ក្រៅពីគ្រាប់អង្កាំហ្គ្រិចកូ-រ៉ូម៉ាំង ដែលបង្ហាញភាពរុងរឿង ខាងសម្បត្តិវប្បធម៌នាមុនដើមសម័យប្រវត្តិសាស្ត្របន្តិច គេក៏បានរកឃើញអង្កាំមកពីឥណ្ឌាដែរ ចាប់តាំងពីស.វទី១ រហូតដល់ស.វទី ៧។ បើយោងលើប្រភពឯកសារពន្ធុវិទ្យា យើងអាចដឹងជាប្រយោលថា គឺជនជាតិឥណ្ឌាទេ ដែលបានបង្ហាត់បង្រៀនខ្មែរឲ្យចេះផលិតអង្កាំថ្ម ឬស្លអង្កាំកែវ ក្នុងដំណាក់កាលដំបូង។ ដោយហេតុថា វិធីផលិត និងតុបតែងលំអគ្រាប់អង្កាំថ្ម និងកែវ ជាពិសេសថ្ម ដោយសិប្បករឥណ្ឌាមិនបានផ្លាស់ប្តូរប៉ុន្មានទេ ក្នុងអម្លុង ២៣០០ឆ្នាំ ចុងក្រោយនេះ។ ផ្ទុយទៅវិញ ប្រពៃណីនេះ ត្រូវបានបាត់បង់ទៅហើយនៅប្រទេសកម្ពុជាបច្ចុប្បន្ន ហើយអង្កាំដែលប្រើប្រាស់សព្វថ្ងៃ ត្រូវបាននាំចូលពីក្រៅទាំងអស់។
ចំពោះវិធីផលិត សូមរំលឹកថាគឺ បើគេចង់បានអង្កាំពណ៌ស គេត្រូវយកទឹកសូដាចុចលើសំបកអង្កាំ ហើយក្រោយពីទឹកសូដា បានជ្រួតជ្រាបសាយភាយក្រោមសំបកថ្ម ក៏ញ៉ាំងឲ្យកើតពណ៌សឡើង។ ជួនកាល គេក៏យកគ្រាប់អង្កាំស គូសជាមួយក្រមួនឃ្មុំ យកត្រាំទឹកល្អ រួចហើយក៏យកទៅដុតនឹងភ្លើង ធ្វើឲ្យអង្កាំជាពណ៌សនោះ ក្លាយទៅជាពណ៌ត្នោតចាស់ ត្នោតលាយខ្មៅ និងពណ៌ប្រផេះ យ៉ាងស្រស់បំព្រង។ មានសញ្ញាណជាច្រើន ដែលសឲ្យឃើញថា មនុស្សខ្មែរនាសម័យនគរភ្នំ ពិតជាបានរៀនបច្ចេកទេសនៃការផលិតអង្កាំតាមរយៈឥណ្ឌា។ នេះជាប្រការមួយ ធ្វើឲ្យយើងពិបាកនឹងដឹងថា តើអង្កាំមួយណា ដែលត្រូវបាននាំចូល ហើយមួយណាទៀតត្រូវបានផលិតក្នុងស្រុក។
គុណភាព សោភ័ណ្ឌភាព កាន់តែប្រសើឡើង ជាភស្តុតាងបង្ហាញនូវទេពកោសល្យខ្ពស់ក្នុងការផលិត ឬកែច្នៃប្រឌិត របស់សិប្បករនាសម័យហ្វូ-ណន ក៏ដូចក្នុងការវាយតម្លៃលើទីផ្សារដ៏ធំធេង បើមើលលើផែនទីនៃការចែកចាយអង្កាំ។ តែនៅមានលក្ខណៈពិសេសមួយ គឺការឆ្លាក់ក្បាច់ក្បូរទាំងនោះឡើង ក៏ដោយសារឥទ្ធិពលជំនឿជីវចលនិយមខ្មែរផងដែរ ដែលពួកគេបានបង្កប់នូវនិមិត្តរូបភាពមួយ គឺសារធាតុពិសិដ្ឋមួយ ដែលអាចផ្តល់នូវសិរីមង្គល និងភាពសម្បូរសប្បាយផូរផង់ហូរហែរចំពោះអ្នកនិយមប្រើប្រាស់ គ្រាប់អង្កាំទាំងនោះ មិនថាធ្វើអំពីថ្មក័រណាល៉ិន អាហ្គាត ឬក៏កែវស្ល ដែលមានពណ៌ខុសៗគ្នា តាមកំដៅនៃការដុត ឬតាមការបង់ពណ៌។ ភាគច្រើនគ្រាប់អង្កាំមានរាងមូល ខ្លះមានឆ្នូត, ខ្លះមានរាងជាបំពង់វែងបែបកាថា ទំហំប៉ុនផ្លែមៀនខ្មែរ រមូរបារី ឬតូចជាងបន្តិច ដែលគេចងជាខ្សែបំពាក់នៅក ឬនៅចង្កេះសព។ ក្រៅពីនេះ យើងក៏បានជួបប្រទះចិញ្ចៀននៅអង្គរបុរី និងរូបសត្វមួយចំនួន ដូចជាខ្លា និងដំរីនៅភូមិស្នាយ ខេត្តបន្ទាយមានជ័យធ្វើំអំពីថ្មក័រណាល៉ិនដែរ ដែលគេពាក់នៅដៃ និងជាបន្តោងក ក្រៅពីនេះ ក៏មានគ្រាប់អង្កាំខ្លះទាក់ទងទៅនឹងវិស័យហោរាសាស្ត្រ តារាសាស្ត្រ និងគណិតសាស្ត្រផងដែរ ជាពិសេសអង្កាំមានប្រភពពីរ៉ូម៉ាំង។
សេចក្តីខាងលើនេះ ពុំមែនជាលទ្ធផលនៃការស្រាវជ្រាវអំពីអង្កាំខ្មែរឲ្យស៊ីជម្រៅទេ ព្រោះវាគ្រាន់តែជាជំហ៊ានទី១ នៃដំណើរមួយដ៏វែងឆ្ងាយក្នុងវិស័យបុរាណវិទ្យាប៉ុណ្ណោះ។ កុំភ្លេចថា អង្កាំគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ដោយវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរតាំងពីសម័យ បុរេប្រវត្តិសាស្ត្រ រហូតដល់បច្ចុប្បន្នភាព។ បើសង្ខេបតែមួយម៉ាត់មក ដូចសិលាចារឹក គ្រាប់អង្កាំបុរាណក៏ជាកត្តាកំណត់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផងដែរ ដែលគប្បីប្រវត្តិវិទូមិនត្រូវមើលរំលងក្នុងការសិក្សាវិនិច្ឆ័យអំពី វប្បធម៌របស់មនុស្សជាតិ។
សរុបសេចក្តីមក សារសំខាន់នៃអង្កាំបុរាណ គឺការបង្ហាញនូវទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងខ្មែរក្នុងទឹកដី ហ្វូ-ណន និងបរទេស តាមសម័យកាលនីមួយៗនៃប្រវត្តិសាស្ត្រ។ ដោយយោងតាមគំហើញខាងបុរាណវិទ្យា ទើបយើងដឹងថ្មីៗនេះថា បុព្វបុរសខ្មែរក្នុងសម័យហ្វូ-ណន បាននាំអង្កាំចូលពីឥណ្ឌាតាមរយៈកោះស្រីលង្កា ស្ទើរតែទាំងអស់ មិនដូចសម័យបុរេប្រវត្តិសាស្ត្រឡើយ តែទំនាក់ទំនងត្រូវបានធ្វើតាមផ្លូវគោក ដោយប្រើរយៈពេលវែងជាទីបំផុត។ បើនិយាយម្យ៉ាងទៀត ខុសពីសម័យប្រវត្តិសាស្ត្រ ទំនាក់ទំនងខាងពាណិជ្ជកម្មអន្តរទ្វីបត្រូវធ្វើឡើងទាំងផ្លូវទឹក (និងទាំងផ្លូវគោក នាសម័យបុរេប្រវត្តិសាស្ត្រ ដែលមិនទាន់មានការស្ថាបនានូវសំពៅជំនួញធំៗ) វិស័យពាណិជ្ជកម្មត្រូវបានអនុវត្តតាមផ្លូវគោក ដោយថ្មើរជើង ឬដោយប្រើប្រាស់ដំរីជាយានជំនិះ។
សូមបញ្ជាក់ថា ដើម្បីធ្វើដំណើរមកកាន់តំបន់មួយចំនួន ដែលស្ថិតក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន ជាពិសេសស្រុកគុរៈបុរី បច្ចុប្បន្ន គេអាចធ្វើដំណើរដោយសំពៅចេញពីឆ្នេរសមុទ្រនៃរដ្ឋក្លិង្គ (Kalinga) ហើយពីនោះ គេអាចធ្វើដំណើរបន្តតាមផ្លូវគោកដល់ស្រុកជុមផាន់។ ឬក៏ធ្វើដំណើរដោយសំពៅដដែល ដើម្បីទៅកាន់ តំបន់នានា ដែលស្ថិតនៅឆ្នេរសមុទ្រចិន រួមមានដែនដីសណ្តកម្ពុជាក្រោម ដូចជាអូរកែវជាដើម យ៉ាងណាមិញ គេក៏អាចធ្វើដំណើរតាមសំពៅ ដោយចេញពីកោះស្រីលង្កាដែរ ដើម្បីមកកាន់ស្រុកគុរបុរី ឬក៏ជ្រោយមលយូ (ម៉ាឡាក)។

ក. ប្រភេទអង្កាំ ហ្គ្រិចកូ-រ៉ូម៉ាំង ធ្វើអំពីកែវស្ល មកពីអង្គរបុរី

 

 

ខ. អង្កាំមានប្រភពចេញពីឥណ្ឌា ជាថ្មក័រណាល៉ីន និង អាហ្កាត

គ. អង្កាំប្រភពមកពីឥណ្ឌាធ្វើអំពីដីដុត

   ឃ. អង្កាំប្រភពមកពីឥណ្ឌា ធ្វើអំពីថ្ម ឬត្បូងថ្ម

   ង. អង្កាំប្រភពមកពីឥណ្ឌា ធ្វើអំពី កែវស្ល

 

ច. អង្កាំកែវស្ល និង ថ្មក័រណាល៉ីន និង អាហ្កាត មកពីស្ថានីយ៍ភូមិស្នាយ ខេត្តបន្ទាយជ័យ

ឆ. អង្កាំប្រភពមកពីចិន ធ្វើអំពីថ្មយក់ ភូមិស្នាយ និងអង្គរបុរី

និមិត្តរូបនៃភ្នំព្រះរាជទ្រព្យ តាមរយៈសំណង់ស្ថាបត្យកម្មបុរេអង្គរ និង អង្គរ

បន្ត​ការ​អាន

ករណី​ផ្តែរ​ប្រាសាទ​បុ​រេ​អង្គរ​មួយ​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ


​ការ​រំលឹក​ឡើងវិញ​នូវ​វត្តមាន​របស់​សំណល់​ប្រាង្គ​ប្រាសាទ​បាក់បែក​បុ​រេ​អង្គរ​មួយ នៅលើ​ចង្កេះភ្នំ​ព្រះរាជ​ទ្រព្យ (​ឧដុង្គ​) ដែល​សព្វថ្ងៃ​កប់​យ៉ាងជ្រៅ​ក្នុង​ដី ក្រោយពី​ការពង្រីក​ផ្លូវ​ទៅកាន់​ព្រះ​ចេតិយ​មុន​ឆ្នាំ ១៩៧០ មិនមែន​ធ្វើឡើង​ដើម្បី​ក្នុង​បំណង​វិភាគ​ឲ្យ​បាន​ល្អិតល្អន់​ទៅលើ​រចនា​ប័​ថ្ម​ក្បាច់​ផ្តែរ​ព្រៃ​ក្មេង​នា​ស​.​វ​ទី ៧ នោះទេ ។ ប៉ុន្តែ​ដោយសារ​ទីតាំង​នៃ​ប្រាសាទ​នេះ​ស្ថិត​មិន​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ នេះ​ក៏​ជា​ឱកាស​ធ្វើ​ឲ្យ​យើង​សង្កេតឃើញ​ដែរ​ថា ការជ្រើសរើស​រមណីយ​ដ្ឋា​ន​នេះ​សម្រាប់​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​របស់​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យ​ក្រោយ​អង្គរ មិនមែន​ជាការ​ចៃដន្យ​នោះឡើយ ក៏ប៉ុន្តែ​សមស្រប​តាម​សេចក្តីត្រូវការ​នៃ​ជំនឿ​សាសនា ព្រោះថា​កន្លែង​នេះ​ជា​កន្លែង​មួយ​ដ៏​សក្តិ​សិទ្ធិ​តាម​លោកធាតុ​វិទ្យា​ឥណ្ឌា និង​ខ្មែរ​ដែល​ជនជាតិខ្មែរ​គោរព​សក្ការៈ​តាំងតែ​សម័យ​នគរ​ភ្នំ ។​

ទីតាំង​នៃ​ក្បាច់​ផ្តែរ​បុ​រេ​អង្គរ និង សំណល់​ស្ថាបត្យកម្ម​ប្រាសាទ រចនា​ប័​ថ្ម​បាពួន (​ម​.​ត ២០១១)

​ ​នៅ​ខែមករា ឆ្នាំ ១៩៩៥ កាលនោះ​យើងខ្ញុំ​ដែល​តំណាង​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមជាមួយ​អាជ្ញាធរ​ស្រុក​ពញាឮ ខេត្តកណ្តាល និង​ប្រជារាស្ត្រ​មូលដ្ឋាន​បាននាំគ្នា​ជញ្ជូន​ផ្តែរ​មេ​ទ្វារ​ប្រាសាទ​មួយនា​ស​.​វ​ទី ៧ រចនា​ប័​ទ្ម​ព្រៃ​ក្មេង​លើ​ចង្កេះភ្នំ​ព្រះរាជ​ទ្រព្យ ដើម្បី​ថែរក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។ ករណី​នៃ​វត្តមាន​របស់​ព្រះ​ចេតិយ​ទាំងឡាយ​នៅលើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ក្នុងសម័យ​ឧដុង្គ ក៏បានផ្តល់​ចំពោះ​យើង​នូ​លទ្ធភាព​និង​យល់​ន័យ​ទូទៅ​មួយ​នៃ​និមិត្តរូប​នៃ​ភ្នំ​នេះ​ក្នុង​វប្បធម៌​ខ្មែរ​សម័យ​ក្រោយ​អង្គ​រដែរ ។​
​ ​ចូរ​យើង​ក្រឡេកមើល​ត្រួសៗ​ទំព័រ​ប្រវត្តិសាស្ត្រ​ចាស់​នា​សម័យ​ក្រោយ​អង្គរ ។ ក្រោយពី​បានជ្រើសរើស​ទីតាំង​លង្វែក ឧដុង្គ ធ្វើជា​រាជធានី​មក ហើយ​ការជ្រើសរើស​នេះ ពិតជា​ត្រូវបាន​តម្រូវ​ដោយ​លោកធាតុ​វិទ្យា​បែប​ព្រហ្មញ្ញសាសនា​ដូច​សម័យអង្គរ​ដែល​បានកំណត់ ។​

​ផ្តែរ​ពេលមកដល់​សារមន្ទីរ​ជាតិ​ភ្នំពេញ (​ម​.​ត ១៩៩៥)

​ ​លោក​យើង​នេះ​មាន​រាង​បួន​ជ្រុង​ស្មើ ហើយ​សំប៉ែត ហ៊ុមព័ទ្ធ​ដោយ​ជួរ​ភ្នំ តែ​ភ្នំ​ដែល​ពិសិដ្ឋ​ជាងគេ គឺ​ភ្នំ​ព្រះ​សុមេរុ ឬ​មេរុ ដែល​ស្ថិតនៅ​ចំ​កណ្តាល ព្រោះ​ជាទី​លំនៅដ្ឋាន​របស់​ពួក​ទេវតា ។ ផុតពី​បរិវេណ​នេះ​គេ​ឃើញ​មាន​សមុទ្រ ។​
​ ​អាស្រ័យហេតុនេះ រាជធានី​ខ្មែរ​បុរាណ​រមែង​តែមាន​កំពែង​ថ្ម ឥដ្ឋ​ព័ទ្ធជុំវិញ ហើយ​នៅ​ចំ​កណ្តាល​រាជធានី​នីមួយៗ គែ​ឃើញ​មាន​ប្រាសាទ​ដែល​ជំនួស​ដោយ​ព្រះ​ចេតិយ​ក្នុង​វប្បធម៌​ក្រោយ​អង្គរ ដែល​តំណាង​សកលលោក​ទាំងមូល ។ មានន័យថា ប្រាសាទ​ដែល​នៅ​ចំ​កណ្តាល​រាជ​ធា​និ​តំណាង​ព្រះ​សុមេរុ ដែល​ស្ថិតនៅ​ចំ​កណ្តាល​ចក្កវាឡ ។ យ៉ាងណាមិញ ដង​ទន្លេមេគង្គ​ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​ភ្នំ​ព្រះរាជ​ទ្រព្យ ដែលជា​ភ្នំ​នៃ​ទីក្រុង​ឧដុង្គ​នោះ ក៏​ដូច​ដងស្ទឹង​ភ្នំ​គូលែន​នៅ​ខេត្តសៀមរាប​ដែរ គឺ​គ្មាន​តំណាង​អ្វី​ក្រៅពី​មហាសមុទ្រ​ដ៏​ល្វឹងល្វើយ ក្នុង​ទេវ​កថា​ឥណ្ឌូ​-​ខ្មែរ​បុរាណ​នោះទេ ។​
​ ​ខាងលើនេះ ជា​ន័យ​ស៊ីជម្រៅ​មួយ​នៃ​វត្តមាន​របស់​ប្រាសាទ​ខាងលើនេះ និង​ព្រះ​រាជធានី​ឧដុង្គ​ដែល​បាន​រលំរលាយ​ហើយ​នោះ ដែល​គប្បី​យើង​ត្រិះរិះ​ពិចារណា ចំពោះ​អ្វីដែល​គេ​បាន​មើលរំលង ព្រោះ​សាមញ្ញ​ជន​មិនមាន​លទ្ធភាព​នឹង​យល់​ន័យ​នៃ​វិស័យ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ដូចជា​ប្រាសាទ និង​ទីក្រុង​សម័យបុរាណ​ទេ ។​

រូប​ពង្រីក​នៃ​ផ្តែរ រចនា​ប័​ថ្ម​ព្រៃ​ក្មេង នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ (​ម​.​ត ២០០៣)​

​ ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមគ្នា​ជាមួយ​ប្រជារាស្ត្រ​មូលដ្ឋាន បាននាំគ្នា​ជញ្ជូន​ផ្តែ​រនាស​.​វ​ទី ៧ រចនា​ប័​ថ្ម​ព្រៃ​ក្មេង​ពីលើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ ដាក់​លើ​រថយន្ត ហើយ​ដឹកជញ្ជូន​មក​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។​
​ ​កិច្ចការ​នេះ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ត្រូវ​ប្រើ​ពេលវេលា ២​ម៉ោង និង ៤០​នាទី ទម្រាំ​សែង​ផ្តែរ​ពីលើ​កំពូលភ្នំ​កំពស់ ១១០​ម៉ែត្រ តាម​កាំជណ្តើរ​ធ្វើ​អំពី​ថ្មបាយក្រៀម​ចំនួន ១៣៣​កាំ ។ កិច្ចការ​នេះ​ប្រើ​កម្លាំង​មនុស្ស​សរុប​ចំនួន ១៣​នាក់ ។ ឥឡូវ វត្ថុ​បុរាណ​ដ៏​កម្រ​នោះ​ត្រូវបាន​រក្សាទុក​យ៉ាង​រៀបរយ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​ហើយ ។​
​ ​ឧដុង្គ គឺជា​បុរាណ​ស្ថាន​ដែល​មានមក​តាំងពី​សម័យ​ព្រៃ​ក្មេង​ស​.​វ​ទី ៧ រហូតដល់​សម័យ​ស​.​វ​ទី ១៥-១៩ មានន័យថា ទីនេះ​មានកំណើត​តាំងពី​មុន​ស​ម័​យ​អង្គរ​ទៅទៀត ។ អ្នក​បុរាណវិទ្យា​រូប​នោះបាន​បញ្ជាក់ថា ទោះបីជា​ក្នុងសម័យ​អង្គរ​ដ៏​រុងរឿង​ក៏ដោយ ក៏​ទីនេះ​ជា​បូជនីយដ្ឋាន​មួយ​ដែល​ប្រជារាស្ត្រ​តំបន់​នេះ​បាន​គោរពបូជា និង​បាន​ថែរក្សា​តាំង​ពីស​.​វ​ទី ៧ រហូតដល់​សម័យ​ឧដុង្គ ទីនេះ​ក្លាយជា​រាជា​ធានី​ដ៏​ធំ​ក្រោយពេល​បាត់បង់​អង្គរ ។​
​ ​យើង​បាន​បញ្ជាក់ទៀតថា ប្រការ​ដែល​គួរ​ឲ្យ​ស្តាយ គឺ​ទី​ប្រាង្គ​ប្រាសាទ វត្ត​អា​រ៉ា​ម​នៅ​ទីនោះ​ត្រូវ​ទទួលរង​គ្រោះ​ដោយ​សង្គ្រាម​បំផ្លិចបំផ្លាញ​ពី​ខ្មាំងសត្រូវ​សៀម​នា​សម័យ​លង្វែក ហើយ​ពេល​ចុងក្រោយ​នេះ ប្រាសាទ​បូជនីយដ្ឋាន​ទាំងនោះ​ត្រូវ​បំផ្លាញ​ដោយ​សង្គ្រាម និង​ពួក​ខ្មែរក្រហម ធ្វើ​ឲ្យ​ទីតាំង​នោះ​ខ្ទេចខ្ទាំ និង​ត្រូវ​បាត់បង់​រូប​ដើម ដែល​ចំពោះ​កែវភ្នែក​ធម្មតា​មិនអាច​ស្គាល់​ថា អ្វី​ជា​បុរាណ​? អ្វី​ជា​សម័យ​ឡើយ ។ ក្រោយពី​ឆ្នាំ ១៩៧៩ ប្រាង្គ​ប្រាសាទ រូបចម្លាក់​ទាំងឡាយ​ដែល​នៅ​សេសសល់​ក៏ត្រូវ​ជនខិលខូច​ជីក​រំលើង​គាស់កកាយ​មិន​ឈប់ឈរ ធ្វើ​ឲ្យ​បុរាណ​ស្ថាន​នេះ​កាន់តែ​ត្រូវ​វិនាស​អន្តរាយ ជា​បន្តទៅទៀត ។​
​ ​ហេតុ​ដូច្នោះ តាងនាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ យើង​បាន​រាវរក​វត្ថុ​ចម្លាក់​បុរាណ​ដ៏​មានតម្លៃ ដែល​ត្រូវបាន​បាក់បែក​នៅ​រាយប៉ាយ​នោះ ដើម្បី​ប្រមូល​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ ចៀសវាង​ការបាត់បង់​បន្ថែមទៀត ដោយ​ពួក​ជន​ទុច្ចរិត​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ លួច​ប្លន់ លក់​វត្ថុ​បុរាណ​ទាំងអស់នោះ​។ ទន្ទឹមនឹងនោះ យើង​ក៏បាន​អំពាវនាវ​ដល់​ប្រជារាស្ត្រ អាជ្ញាធរ នៅ​ទីកន្លែង​នោះ មេត្តា​យក​ស្មារតី​ស្រឡាញ់​ជាតិ ស្រឡាញ់​វប្បធម៌ កុំ​ធ្វើ​ការជីក​កកាយ​ទៀត និង​ជួយ​ថែរក្សារ​របស់​ដែល​នៅ​សេសសល់​ឲ្យ​បានល្អ​ទុកជា​ដំណែល​តទៅ ។​
​ ​ចំពោះ​កិច្ចការ​ដឹកជញ្ជូន​ផ្តែរ​កន្លងមកនេះ តាងនាម​ក្រសួង យើង​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ស្រុក ខេត្ត និង​ប្រជារាស្ត្រ​ទាំងអស់ ដែល​បាន​ជួយ​ជ្រោមជ្រែង​ការដឹកជញ្ជូន​នោះបាន​សម្រេច​ដូច​គម្រោង​បានគិត​ទុក ៕ (​ម​.​ត្រា​ណេ​)

ទីក្រុង​ស្រេ​ស្ឋ​បុ​រៈ របស់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​សម័យ​ដើម


ភ្នំពេញ​:​ថ្មីៗ​នេះ​មាន​អ្នកស្រាវជ្រាវ​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​ សម័យបុរាណ​មួយរូប​គឺ លោក ក្លូត ហ្សា​ក់ បានការ​សង្ស័យ​អំពី​វត្តមាន​ពិត របស់​ទីក្រុង​ស្រេ​ស្ឋ​បុ​រៈ និង​ស្តេច​ខ្មែរ​ស្ថាបនិក​នៃ​ទីក្រុង​នេះ តាមរយៈ​ការប៉ាន់ស្មាន​របស់លោក ។ ចំពោះ​លោក ព្រះមហាក្សត្រ​បុ​រេ​នា​សម័យបុរាណ​ទាំងពីរ​អង្គ គឺ​ព្រះបាទ​ស្រុ​ត្ថ​វរ្ម័ន និង​ព្រះបាទ​ស្រេ​ស្ឋ​វរ្ម័ន គឺជា​ស្តេច​ដែល​បាន​សោយរាជ​នៅ​ទីក្រុង​ស្រេ​ស្ឋ​បុ​រៈ ពុំមាន​វត្តមាន​ពិត​ទេ ។ ព្រោះថា ជា​រូបភាព​ស្រមើស្រមៃ ដែល​គេ​បាន​ប្រឌិត​ឡើង​តែប៉ុណ្ណោះ ។ មានន័យថា ពុំមែន​ជា​អ្នក​ដែល​បាន​កសាង​ទីក្រុង​ស្រេ​ស្ឋ​បុ​រៈ​ឡើយ ។ ថ្វីត្បិតតែ​មតិ​របស់លោក មិនត្រូវ​ទទួល​នូវ​ការគាំទ្រ​ពី​សំណាក់​អ្នកប្រាជ្ញ​ធំៗ ពោល​គឺជា​ផ្លូវការ​ក៏ដោយ ដោយហេតុថា គ្មាន​ហេតុផល​ណាមួយ​ដែល​ធ្វើ​ឲ្យ​គេ​សើរើ​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ ព្រះរាជា​ធានី​បុរាណ​នេះ​បានឡើយ ។​
​ ​បើសិនជា​គ្មាន​វត្ត​មាននៃ​ទីក្រុង​បុរាណ​ទេ នៅ​ម្តុំ​វត្ត​ភូ ក្នុង​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​លាវ​បច្ចុប្បន្ននេះ​មែន​នោះ កំណត់ហេតុ​ចិន និង​ប្រភព​សិលាចារឹក បុ​រេ​អង្គរ​ពិតជា​មិនបាន​និយាយ​ដល់​ដែរ ។​

ទីតាំង​ស្រេ​ស្ឋ​បុ​រៈ ( Cf. Pichard, BEFEO, 1998) និង ឯកសារ (Cf. Santoni, M/Souksavady, v., 1996. Fouilles sur le site de Vat Phou. Champassak, Laos. Colloque EFEO. 1996 Vientiane)

​ ​តាម​ប្រភព​ឯកសារ ដែល​បាន​ឲ្យ​ដឹងថា ព្រះពុទ្ធ​ស្រេ​ស្ឋ​វរ្ម័ន ដែល​សោយរាជ​ពី​ព្រះរាជ​បិតា​របស់​ទ្រង់ គឺ​ព្រះបាទ​ស្រុ​ត្ថា​វរ្ម័ន បាន​កសាង​ទីក្រុង​ស្រេ​ស្ឋ​បុ​រៈ​ខាងលើនេះ ។​
​ ​ដើម្បី​បញ្ជាក់​សក្ខីភាព​នៃ​វត្តមាន​ពិត​នៃ​ទីក្រុង​នេះ យើង​សូម​លើក​អត្ថបទ​ស្រាវជ្រាវ​មួយ​យ៉ាងសំខាន់​របស់លោក ហ្ស​ក់ ស៊ឺ​ដែ​ស គឺ​ស្តីពី ’ រាជធានី​ចាស់ ” នៃ​សន្តតិវង្ស​ចេនឡា ។ អត្ថបទ​នេះ​ត្រូវបាន​ប្រែ​សម្រួល​ក្រៅផ្លូវការ​ជា​ភាសា​ខ្មែរ​ដោយ​លោក ហម ឆាយ​លឺ ហើយ​ចុះ​ក្នុង​កម្ពុជសុរិយា លេខ​២​ឆ្នាំ​២០០០ ដូច​មាន​សេចក្តី​នៅ​ខាងក្រោម​នេះ
​ ​’​តាមរយៈ​សិលាចារឹក ដែល​គេ​រកឃើញ​នៅ​វត្ត​ភូ (​សព្វថ្ងៃ វត្ត​នេះ​ស្ថិតនៅ​ប្រទេស​លាវ​) ហើយ​ដែល​បាន​តាក់តែង​ប្រែ​សម្រួល​ឡើង និង​បាន​ចុះផ្សាយ​នៅពេល​ថ្មីៗ នេះ​ដោយ​លោក ល្វី ហ្វី​ណូ (Louis FINOT) បាន​ឲ្យ​យើង​ដឹងថា ’​ស្រុក​ភ​ទ្រេ​ស្វរ​បទ​” ស្ថិតនៅក្នុង​វិស័យ ’​ស្រេ​ស្ឋ​បុ​រៈ​” ។ ’​ភ​ទ្រេ​ស្វរៈ​” នេះ​ជា​ឈ្មោះ​នៃ​ប្រាសាទ​ឯ​វត្ត​ភូ​នេះ​តែម្តង​(១) ។ ដូច្នេះ​ទីតាំង​ចាស់​នៃ​ទីក្រុង ’​ស្រេ​ស្ឋ​បុ​រៈ​”(២) នេះ​ត្រូវ​ស្ថិតនៅ​ម្តុំ​វត្ត​ភូ​នោះ​គឺ​នៅ​ជិត​ក្រុង​ប៉ាក​សេ ។ កាល​អំពី​ដើមឡើយ នៅ​តំបន់​ម្តុំ ’​ស្រេ​ស្ឋ​បុ​រៈ​”(៣) ដែល​គេ​បាន​បោះពុម្ពផ្សាយ​ពុំទាន់​បានបញ្ជាក់​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ​អំពី ​ក្រុង ’​ស្រេ​ស្ឋ​បុ​រៈ​” នេះ ។ គឺជា​ក្រុង​ដែលមាន​អត្ថន័យ​សំខាន់ នៃ​អតីត​ប្រវត្តិ​ខ្មែរ​សម័យ ចេនឡា (​គឺ​កម្ពុជា​សម័យ​ដើម​) ។​

សិលាចារឹក​វត្ត​ភូ ឯកសារ BEFEO និង ប្លង់​ទីក្រុង​របស់ Cf. Santoni, M/Souksavady, v., 1996.

​ ​ក្នុង​សិលាចារឹក​នេះ បាន​បរិ​យា​ថា​: ស្រេ​ស្ឋ​បុ​រៈ គឺជា​ទីក្រុង​ដែល​សាង​ឡើង​ដោយ ’​ព្រះបាទ​ស្រេ​ស្ឋ​វ​ម្មិ​” បាន​សោយរាជ​បន្ត​អំពី​បិតា​របស់​ទ្រង់ ។ គឺជា​ក្រុង​របស់​ក្សត្រ​ត្រិ​យ៍​ខ្មែរ​ដំបូងបង្អស់ ដែលជា​ជង្រុក​នៃ​ត្រកូល​ក្សត្រ​ត្រិ​យ៍​ខ្មែរ បាន​បន្សល់ទុក​ប្រវត្តិ​នេះ​មក ។ នៅ​ឆ្នាំ​៧៥៧ ស័ក (​គ​.​ស ៨៣៥) ដែល​សិលាចារឹក​នៃ​ប្រាសាទគោកពោធិ៍​បាន​ពណ៌នា​ឡើង​ឲ្យ​ដឹងថា ’ ស្រេ​ស្ឋ​បុ​រៈ ” នេះ ជាទី​សក្ការបូជា​ផង (៤) ។ នៅ​ឆ្នាំ ៩២៣ ស័ក (​គ​.​ស ១០០១) ព្រះបាទ ’​ស្រី​ឧ​ទ្យា ទិ​ត្យា​វ​ម្មិ​ទី​១ ” ទ្រង់​បានប្រកាស​បញ្ជាក់ថា : មាតា​របស់​ទ្រង់មាន​ដើមកំណើត​មក​អំពី​ក្រុង ’​ស្រេ​ស្ឋ​បុ​រៈ​”(៥) ។ រី​ព្រះ​បា​ស្រី​ជ័យ​វ​ម្មិ​ទី ៧ វិញ ទ្រង់​បានប្រកាស​ដែរ​ថា ទ្រង់មាន​ដើមកំណើត​អំពី​ឆ្ងាយ វង្សា​របស់​ទ្រង់​គឺ ’​ស្រេ​ស្ឋ​វ​ម្មិ​” ដែលជា​ក្សត្រិ៍យ​ល្បីល្បាញ​ដ៏​អស្ចារ្យ នៅ​ស្រេ​ស្ឋ​បុ​រៈ (៦) ។​

សិលាចារឹក ស​.​វ​ទី ៥ របស់ ទេវនិកៈ (​ម​.​ត ១៩៩៨)

​ ​បើតាម​រឿងនិទាន​មួយ ព្រះបាទ​ស្រេ​ស្ឋ​វ​ម្មិ​មាន​ប្រវត្តិ​ទាក់ទង​នឹង​រឿងនិទាន​ផង​គឺ ’​មហាឫសី​កម្ពុ​” និង​ប្រវត្តិ​នៃ​ខ្សែស្រឡាយ​របស់ ’​សូ​រិ​យ​វង្ស​” ។ ព្រះមហា​ក្សត្រិយ៍ ដែលជា​អ្នកទ្រទ្រង់​ថែរក្សា​ផែនដី​នើ​កម្ពុជា គឺជា​វង្ស​ក្សត្រ​ត្រិ​យ៍​ទាំងនោះ​ហើយ ដែលជា​អ្នក​ផ្សព្វផ្សាយ​វង្ស និង​ជា​ឫសគល់​នៃ​ក្សត្រិយ៍​ក្រោយ (៧) ហើយ​ក្សត្រិយ៍​ស្រេ​ស្ឋ​វ​ម្មិ ដែល​អាច​ប្រដូច​ទៅនឹង ’​ព្រះអាទិត្យ​” ក្នុង​ចក្រ​វា​ឡ គឺជា​ត្រកូល​នៃ​វង្ស ’​ស្រី​កម្ពុ​”(៨) ។ ’​ស្រេ​ស្ឋ​បុ​រៈ​”​ក៏បាន​ក្លាយទៅជា​ក្រុង​មួយ ជា​ជង្រុក​នៃ​សន្តតិវង្ស​ដើម​នៃ​កម្ពុជា ។ អ្វីៗ​ដែល​ធ្វើ​ឲ្យ​យើង​បានដឹង​អំពី ’​សន្តតិវង្ស​” (Les dynasties) នេះ​គឺ​តាមរយៈ​សិលាចារឹក​មួយ​នៅ​ប្រាសាទ ’​បក្សី​ចាំ​ក្រុង​” ដែល​បាន​ផ្តល់ព័ត៌មាន​ច្រើន​អំពី​កេរ្តិ៍​ល្បីល្បាញ ញាក់​ឲ្យ​កន្ត្រាក់​ក្រុម​សន្តតិវង្ស​ក្រោយ (៩) បាន​យល់ ។ តាម​លោក ហ្វី​ណូ ល្វី បាន​ប៉ាន់ស្មាន​ឲ្យ​ដឹង​ទៀតថា តាមរយៈ​រាជវង្ស​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​នឹកគិត​ទៅដល់ ’​ក្សត្រិយ៍​ទេស​” (Principaute) នៃ​សន្តតិវង្ស ហ្វូ​-​ណន (១០) (Les dynasties de Fou-Nan) ។ ក្នុង​សេចក្តីសន្និដ្ឋាន​នោះ​ហើយ ទើប​យើង​ដឹងថា ’​ព្រះបាទ​ស្រុត​វ​ម្មិ​” និង ’​ព្រះបាទ​ស្រេ​ស្ឋ​វ​ម្មិ​” គឺជា​អតីត​ក្សត្រិយ៍​ប្រទេស ហ្វូ​-​ណន ។ នៅ​សតវត្ស​ទី​៧ ទោះបី​ញាតិវង្ស​ជិត​ក្តី ឆ្ងាយ​ក្តី ដែល​គ្រងរាជ្យ​បន្ត​មក ’​ចិត្រ​សេន​ម​ហេ​ន្ទ្រ​វ​ម្មិ​” និង ’​ព្រះបាទ​ភ​វ​វ​ម្មិ​ទី​១ ត្រូវ​ទទួល​ជ័យជំនះ ហើយ​ក្រសោប​យក​អាណាចក្រ ហ្វូ​-​ណន (Fou-Nan) ដែល​កាល​អំពី​ដើមឡើយ​អំណាច​នេះ​ធ្លាប់បាន​យក​ក្សត្រិយ៍​តូចតាច​ឯទៀត​ជា​ ចំណុះ​ផង ។​
​ ​’​ស្រេ​ស្ឋ​បុ​រៈ​” បានបញ្ជាក់​ឡើង​ឲ្យ​យើង​បានឃើញ​ច្បាស់​ថា សេចក្តីសន្និដ្ឋាន​នេះ ប្រាកដជា​មា​លក្ខណៈ​សមរម្យ​ប្រពៃណី​ណាស់ ដោយហេតុថា គេ​ឃើញ​មានការ​ស្រប​ឆ​ន្ទះ​នឹង​ឯកសារ​នេះ ដូចតទៅ :
​ ​១- តាម​ឯកសារ​នៃ​ប្រវត្តិសាស្ត្រ​ចិន បានបង្ហាញ​ឲ្យ​ដឹងថា សន្តតិវង្ស​ចេនឡា បាន​វាយ​រាតត្បាត​សន្តតិវង្ស ហ្វូ​-​ណន ពី​ខាងជើង (១១) ។
​ ​២- តាមរយៈ​សិលាចារឹក​ចារ​ឡើង​ក្នុង​រាជ​ព្រះបាទ ’​ចិត្រ​សេនៈ​ម​ហេ​ន្ទ្រ​វ​ម្មិ​” ដែល​បាន​ពង្រាយ​ឡើង​ពាសពេញ​ត្រើយ​ខាងស្តាំ និង​ត្រើយ​ខាងឆ្វេង​នៃ​ទន្លេធំ (​ដែល​សព្វថ្ងៃ​នៅ​ម្តុំ​មួយ​ដែល​ហៅថា ភូ ល​ខោ (Phu Lokhon) (១២) ថ្ម​គ្រែ (១៣) និង​ជ្រោយ​អំពិល (១៤) ហើយ​គេ​អាច​រាប់​បន្ថែម​ទាំង​សិលាចារឹក ទាំងនោះ​ទៀត ជាពិសេស សិលាចារឹក​វាល​កន្ទេល ដែល​គេ​ចាត់ទុក​សិលាចារឹក​ទាំងនោះ​ថា គេ​ចារ​ឡើង​នៅក្នុង​សម័យ​តែមួយ (១៥) ។​
​ ​៣- តាម​សិលាចារឹក​ថ្មី​មួយទៀត​នៅ​ប្រាសាទ​វត្ត​ភូ បាន​តម្រង់​តម្រូវ​ឲ្យ​គេរ​ស្រាវជ្រាវ​រក ’​ស្រេ​ស្ឋ​បុ​រៈ​”​នៅ​តំបន់​ក្រុង​បាសាក់​នេះ (​បាសាក់​ក្នុងប្រទេស​លាវ​សព្វថ្ងៃ​) ។​
​ ​នៅតាម​តំបន់​នេះហើយ ដែល​អំពី​បុព្វកាល ជា​ក្រុង​ដើម​នៃ​រាជ​ណា​ច​ក្រចេ​ន ឡា (Then-La) និង​ប្រភពដើម​យ៉ាង​ប្រណី​តនៃ ’​មាតុភូមិ​កម្ពុ​” ដែលមាន​ព្រះបាទ ’​ស្រុត​វ​ម្មិ​” និង ’​ស្រេ​ស្ឋ​វ​ម្មិ​” ជា​ក្សត្រិយ៍​ដំបូងបង្អស់ (១៦) ។ ករី​បណ្ឌិត​ដែល​និពន្ធ​សិលាចារឹក​នៅ ’​បាន​ធាតុ​” នោះ​ឡើង ហាក់ដូច​ជាមាន​ចេ​ន​នា​ចង់​បញ្ចេញ​ឲ្យ​យើង​បានដឹង​អំពី​ក្រុង​នេះ ព្រោះថា​បាន​បញ្ចេញ​អំពី​បន​ពត ’​ភ​ទ្រេ​ស្វរៈ​” គឺ​វត្ត ភូ ដែល​ស្ថិតនៅក្នុង ’​ប្រទេស​កម្ពុ​”, ភ​ទ្រេ​ស្វ​រា​ទ្រា​វ ឥ​ហៈ កម្ពុ​ទេសៈ​, (I, XXIII) ។​
​ ​ព្រះបាទ​ភ​វ​វ​ម្មិ​ទី​១, ព្រះបាទ​ម​ហេ​ន្ទ្រ​វ​ម្មិ និង​ក្សត្រិយ៍​ដែល​បាន​សោយរាជ្យ​បន្តៗ​មកទៀត បាន​អះអាង​ជា សមូហភាព​ថា : ទ្រង់មាន​ពូជពង្ស​អម្បូរ​មក​អំពី ’​ស្រេ​ស្ឋ​បុ​រៈ​”​នេះ ។ តែ​ក្ស​ត្រី​យ៍​ទាំងនោះ​ហាក់ដូចជា​ភ្លេចភ្លាំង​ថា ’​ស្រេ​ស្ឋ​បុ​រៈក​ម្ពុ​”​និង ’​សូរ្យ​វំ​ស​” (Suryavamca) ពុំមាន​កំណើត​ដូចគ្នា​នៃ​ក្សត្រិយ៍​សន្តតិវង្ស​ហ្វូណន​ទេ បើ​ប្រៀបធៀប​ទៅនឹង ’​ព្រះបាទ​កៅ​ណ្ឌ​ន្យ​ជ័យ​វ​ម្មិ​” និង ’​ច័​ន្ទ្រ​វំ​ស​” (​សោម​វំ​ស​, Somavamca) នោះ ។​
​ ​បើតាម​សេចក្តី​អត្ថាធិប្បាយ​របស់លោក ហ្វី ណូ ល្វី (១៧) វិញ បាន​ឲ្យ​ដឹងថា ក្សត្រិយ៍​ស្រេ​ស្ឋ​បុ​រៈទាំង​នោះបាន​រុករាន​ទន្ទ្រាន និង​ក្រសោប​យក ’​ក្សត្រិយ៍​សោយរាជ​បន្តៗ​គ្នា នៅពេលដែល​ទ្រង់​បានដាក់​ប្រទេស​ទាំងឡាយ​នោះ​ជា​ចំណុះ​បាន​រួចហើយ ។ ម្យ៉ាងទៀត គេ​អាច​បញ្ជាក់​បន្ថែមថា ដោយសារ​នយោបាយ​ទាំង​នេះឯង​ហើយ ទើប​សន្តតិវង្ស ចេនឡា ខិតខំ​បង្កើត​បន្ថែមទៀត​នូវ​ស្ថាប័ន​សាសនា : ប្រាសាទ​, សំណង់​ផ្សេង​, លឹ​ង្គ និង អគារ​សម្រាប់​ខាង​សាសនា​នេះ​ឡើង នៅ​ភូមិភាគ​ខាងត្បូង ព្រោះ​ជា​ក្រុង​ដែល​នៅក្រោម​ឥទ្ធិពល​នៃ​សន្តតិវង្ស​ប្រទេស​ហ្វូណន ។ គេ​អាច​ក្រឡេក​ចោល​ភ្នែក​ទៅ​មើល​ផ្ទាំង​ផែនទី​ដើម​បង្អស់​របស់​អាណាចក្រ​ក​ ម្ពុ​ជា ដែល​គេ​គូរ​ឡើង​តាម​ការតម្កល់​សិលាចារឹក​ខ្មែរ ដែលមាន​ចុះ​ឆ្នាំ​-​ខែ​-​ថៃ្ង យ៉ាង​ត្រឹមត្រូវ និង​គ្រប់ទិសទី​នោះ​ដោយ​លោក ប៉ា​ម៉​ង​ត្យេ ហង់​រី (Parmentier, Henri) (១៨) ។ គេ​ពុំ​អាច​សង្ស័យ​បាន​ទៀត​ទេ អំពី ’​រាជធានី​ចាស់​” នៃ​កម្ពុជា​នេះ ។​
​ ​ដោយសារ​នយោបាយ​នេះហើយ ទើប​ពីរ​សតវត្ស​កន្លងមក គឺ​នៅក្នុង​កំឡុង គ​.​ស​៨០០ ព្រះបាទ​ជ័យ​វ​ម្មិ​ទី​២ បាន​បង្រួបបង្រួម​កម្ពុ​ជា​តែមួយ ព្រោះ​តាំងតែ​អំពី​៨ សតវត្ស​មកម្ល៉េះ ដែល​មានតែ ’​ក្សត្រិយ៍​ប្រទេស​”​ជាច្រើន ហើយ​នៅពេល​ជាមួយគ្នា​នោះ​ទៀត ទ្រង់​បានមក​តាំង​រាជធានី​នៅ​ម្តុំ​ខាងជើង​នៃ​បឹង​ទន្លេសាប ដើម្បី​ឲ្យ​បាន​ឆ្ងាយ​អំពី​អតីត​រាជធានី​នៃ​សន្តតិវង្ស ហ្វូ​-​ណន ។ បន្ទាប់មក ទ្រង់​បានប្រកាស​ជា​ក្សត្រិយ៍​នៃ​កម្ពុ​សៈ​, ជា​រាជបុត្រ​នៃ​ប្រទេស​កម្ពុ និង​ជាវ​ង្ស​ត្រកូល​នៃ ’​ព្រះ​សូរ្យ​វំ​ស​”(Suryavamca) ។ តែបើ​តាម​ការសិក្សា​ស្រាវជ្រាវ​ខ្លះ បាន​សន្និដ្ឋានថា គេ​ពុំ​ប្រទះឃើញ​សិលាចារឹក​ទេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ (​ព្រះបាទ​ស្រី​ជ័យ​វ​ម្មិ​ទី​២ ) ។ ប៉ុន្តែ​នៅ​សម័យ​នោះ នៅក្នុង​សិលាចារឹក​នៃ​ប្រទេស​ចម្ប៉ា (១៩) ឯណោះ​ទេ ដែល​គេ​មាន​ចារ​ឡើង​អំពី​ក្រុង ’​កម្ពុជ​”​ជា​លើកដំបូង​បង្អស់ ។ ព្រះនាម​នៃ​ព្រះបាទ​ស្រី​ជ័យ​វ​ម្មិ​ទី​២ គេ​ឃើញ​មាន​បញ្ចេញ​ឡើង​នៅក្នុង​សិលាចារឹក​នៃ​រាជ្យ​ស្តេច​ក្រោយៗ ដែល​សោយរាជ្យ​បន្តៗ​មក គឺថា ’ ទ្រង់​អ្នករក្សា​កិត្តិយស​នៃ​ង​ត្រកូល​របស់​អ​ម្យូរ ’​ព្រះ​សូរ្យ​វំ​ស​”​និង​ជា ’​ក្សត្រិយ៍​”​នៃ​នគរ ’​ស្រី​កម្ពុ​”(២០) និង​ជា ’​ស្តេច​ចក្រ​ព័​ត្តិ​”​លើ​ស្តេច​ឯទៀត បានន័យថា ’​កម្ពុជ​រាជេន្ទ្រ​” (Kambujarajendra) (២១) ហើយ​ដែលមាន​ព្រះ​ស្នំ​របស់​ទ្រង់​ព្រះនាម ’​ប្រាណ​”​។ លុះ​ទ្រង់​បាន​គ្រងរាជ្យ​ទ្រង់​ក៏បាន​ដំឡើង​ព្រះកិត្តិនាម​ព្រះ​អគ្គមហេសី​ ទ្រង់​វិញ​ថា : ’​កម្ពុ​ជរា​ជ្ជ​លកស្មី​” (Kambujarajala-smi) (២២) ។ លុះដល់​រាជ្យ​ក្សត្រិយ៍​ក្រោយៗ​បន្ត​អំពី​ទ្រង់​មកទៀត ព្រះកិត្តិនាម ’​កម្ពុ​ជេ​ន្ទ្រ​”’​កម្ពុ​ជេ​ស្វរៈ​”​ក៏​ស្ថិតនៅ​ជា​ព្រះកិត្តិនាម​ជា​ ផ្លូវការ​នៃ​ក្សត្រិយ៍​ក្រោយមកៗ ជាពិសេស​ព្រះបាទ​យ​សោ​វ​ម្មិ​ទី​១ (២៣) ដែល​ទ្រង់​ស្រឡាញ់​ព្រះកិត្តិនាម​នេះ​ណាស់ មិនតែប៉ុណ្ណោះ ក្នុង​រាជ្យ​របស់​ទ្រង់ ទ្រង់​បានដាក់​ឈ្មោះថា ’​កម្ពុជ​បុរី​”​ទៅ​ឲ្យ​ក្រុង​មួយ​ដែល​នៅ​ទីនោះ​ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ នៅត្រង់​ម្តុំ​អង្គរធំ​សព្វថ្ងៃ (២៤) ។ ក្នុងពេល​ជាមួយគ្នានេះដែរ គឹជា ’​អម្បូរ​”’​សូរ្យ​វំ​ស​”​ពុំមែន ’​សោម​វំ​ស​”​ទេ ដែល​ក្សត្រិយ៍​ក្រោយៗ​ពី​ព្រះបាទ​ជ័យ​វ​ម្មិ​ទី​២ ប្រកាស​អំពី​វង្សា​របស់​ទ្រង់​នោះ (២៥) ។​
​ ​សេចក្តីសន្និដ្ឋាន​អំពី​ទំនៀម​នៃ​វង្សា​របស់ ’​ក្សត្រិយ៍​សម័យអង្គរ​” ត្រូវបាន​ពង្រឹងឡើង​ក្រោយ​រាជ្យ​ព្រះបាទ​ស្រី​ជ័យ​វ​ម្មិ​ទី​២ ក្តី​ក៏​រាជធានី​នៃ​ព្រះបាទ ’​ស្រេ​ស្ឋ​វ​ម្មិ​”(​ស្រេ​ស្ឋ​បុ​រៈ​) ពុំបាន​បាត់បង់​ខ្លឹម​អ្វី​សោះឡើយ ។ តាមរយៈ​នៃ​ក្រុង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​យើង​បាន​យល់ថា តើ​នៅ​តំបន់​ណា​ទៅ​ដែ​ក្សត្រិយ៍​ខ្មែរ​នៅ​សតវត្ស​ទី​៩ យក​ជា​ជង្រុក​ដំបូងបង្អស់​នៃ​រាជវង្ស​រាជវាំង ដែល​ញាតិវង្ស​ទាំងអស់នេះ​បាន​បែកចេញ​ជា​មែកធាង ’​ខ្សែស្រឡាយ​, ញាតិ​ផៅ​របស់​ទ្រង់​”​បន្ត​បន្ទាប់មក​” ។ (Cf. G. Coedes, 1918. Le site primitif du Tchen-la, BEFEO, 1-3 បកប្រែ​ដោយ​លោក ហម ឆាយ​លី​)
​ ​សូម​រំលឹក​ឡើងវិញ​ផងដែរ​ថា ’​ចេនឡា តាំងនៅ​ក្បែរ​ល្បាក់ខោន បាន​ផ្តាច់​ចេញពី​មហាអំណាច នៅ​ឆ្នាំ ៥៥៥ រួច​បាន​ពង្រីក​ខ្លួនឯង បន្តិច​ម្តងៗ និង​បាន​រីកចំរើន​នៅ​ឥណ្ឌូចិន លើ​ផ្នែក​នយោបាយ ដែល​នគរ​ភ្នំ​បាន​អនុវត្ត​” ។​
​ ​យើង​ក៏មាន​ការបញ្ជាក់​ទៀតថា ស្តេច​ស្រេ​ស្ឋ​វរ្ម័ន ពី​ពាក់កណ្តាល​ស​.​វ​ទី​៦ ពោលគឺ រវាង​៥៥៥ ដល់​៥៦៥ នៃ​គ​.​ស​ដែល​ស្ថិតក្នុង​សន្តតិវង្ស សូរ្យ​វង្ស ខុសពី​ស្តេច​នគរ​ភ្នំ​ដែល​ស្ថិតក្នុង សន្តតិវង្ស សោម​វង្ស ឬ​ច័ន្ទ​វង្ស ទ្រង់​គឺជា ’​បុត្រ​របស់​ក្សត្រ​ស្រុត​វរ្ម័ន ហើយ​បានប្រសូត​នៅ​ជ​យា​ទិ​ត្យ​បុ​រៈ ។ វង្ស​ត្រកូល​របស់​ព្រះអង្គ​មាន​លោហិត នឹង​មហាឫសី​កម្ពុជ និង​អប្សរ​មេ​រា​ដែល​ពាក់ព័ន្ធ នឹង​ទេវ​កថា​វិទ្យា​ផ្នែក​ព្រះអាទិត្យ ។ នៅ​ឆ្នាំ​៥៥៥ ស្រេ​ស្ឋ​វរ្ម័ន​ស្តេច​ចេនឡា​គង់​នៅតែ​ឯកឯង ។ ព្រះអង្គ​ទទួលបន្ទុក​កាន់កាប់​ផែនដី​កម្ពុជា និង​រំដោះ​ប្រជានុរាស្ត្រ នៅ​ជួរ​របស់​កលស​ម្ព័​ទ្ធ​ពី​នគរ​ភ្នំ ។ ព្រះរាជ​ធានី​គឺ​ស្រេ​ស្ឋ​បុ​រៈ ដែល​តាំងនៅ​រមណី​ដ្ឋា​ន​បា​ដើម ខាងកើត​ស្ទឹងត្រែង ជា​កន្លែង​ដែល​ត្រូវបាន​គេ​ស្រង់​នូវ​ការវិនាស​នា​ជំនាន់​ដើម ។ ជាទី​សក្ការៈ នេះ​គឺ​នៅ​ប្រទេស​កម្ពុជា គឺ​ភ្នំ​ភ​ទ្រេ​សវរៈ ឬ​លិង្គ​ប​ក៌​ត ពាក្យ​លាវ​ហៅថា​ភូ​ខៅ ស្ថិត​ចម្ងាយ​ប្រមាណ​១៥០​គ​.​ម​ត្រង់​ពី​បា​ដើម ។ មានការ​ភ្ញើ​ភ្ញាក់​ងារ​ទូត​ទៅកាន់​ប្រទេស​ចិន​នៅ​ឆ្នាំ ៥៥៧ នៃ​គ​.​ស ” ។​
​ ​ពឹង​ផ្អែកលើ​ការបកស្រាយ​ដោយមាន​អំណះអំណាង​ជាក់ស្តែង ផ្នែក​បុរាណវិទ្យា ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុកជា​ភ័ស្តុតាង​នៅលើ​ដី​លាវ​បច្ចុប្បន្ន​យើង​ ឃើញថា​មតិ​របស់​អ្នកស្រាវជ្រាវ​ខាងលើ មាន​ភាពមិន​ចុះសម្រុង​នឹង​ភាពជាក់ស្តែង ស្តីអំពី​ប្រវត្តិសាស្ត្រ​ខ្មែរ ។
​ ​ទោះបី​ជាការ​កាលប្រវត្តិ​វិទ្យា​នៃ​ស្តេច​ខ្មែរ​ដំបូង​នៅ​នគរ​ ចេនឡា ជាពិសេស​ព្រះរាជា​ដំបូង​ទាំងពីរ​ខាងលើ​មិនមាន​លក្ខ​ណះ​ជាក់​ចាស់​ក៏ដោយ ព្រោះ​ប្រទេស​ខ្មែរ​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការស្ថាបនា ក៏ប៉ុន្តែ ប្រសិនជា​គ្មាន​ស្តេច​បុ​រេ​អង្គ​រទាំង​នោះទេ កលប្ប​វត្ត នឹង​សិលាចារឹក មិនបាន​និយាយ​ដល់​ដែរ គឺ​ក្នុងករណី​នេះហើយ​ទើប​យើង​ឃើញថា ព្រះបាទ​ស្រេ​ស្ឋ​វរ្ម័ន ត្រូវបាន​សោយរាជ្យ​បន្ត​ពី​ព្រះបាទ​ស្រុ​ត្ថ​វរ្ម័ន ព្រោះ​រាជ​បាល្ល​ង្ក​ខ្មែរ ត្រូវ​បន្ត​ពី​បិតា​ទៅ​បុត្រា ។ ខាងលើនេះ​គឹជា​របប​គ្រប់គ្រង​នយោបាយ បែប​រាជនិយម​ខ្មែរ​នា​គ្រប់​សម័យកាល ដែល​គេ​មិន​បានតែ​មើលរំលង ។ ស្តីពី​ព្រះបាទ​ភ​វ​វរ្ម័នទី​១​វិញ ។​
​ ​មានការ​កត់ត្រា​ទៀតថា ស្តេច​អង្គ​នេះ​ជា​រាជបុត្រ​របស់​ព្រះបាទ​វីរៈ​វរ្ម័ន និង​ជា​ចៅ​របស់​ព្រះបាទ​រុ​ទ្ទ្រ​វរ្ម័ន នៃ​នគរ​ភ្នំ នៅ​ពាក់កណ្តាល​ទី​១/៣ ទៅ ១/៤ នៃ​ស​.​វ​ទី​៦ ដែលជា​ស្តេច​ធំជាងគេ​បង្អស់ (​សារ​ភូម ឬ​អធិរាជ​) ។ រាជត្រកូល​នេះ​កើតចេញពី​ត្រកូល​កោ​ណ្ឌិ​ញ្ញ និង​សោម (​បើ​យោងតាម​ទៅ​កថ​ផ្នែក​ព្រះ​ច័ន្ទ​) ។ ព្រះបាទ​ភ​វ​វរ្ម័នទី​១ កាន់កាប់​ចេនឡា ដែល​បាន​បង្កើតឡើង​ដោយ​បុព្វបុរស​របស់​ព្រះអង្គ និង​ដណ្តើម​រាជ្យ​អំណាច ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ​ផ្ទាល់​បន្ទាប់មក​ព្រះអង្គ​បាន​បង្កើតជា​ លំដាប់​កម្លាំង​របស់​ចេនឡា​ជា​ចំ​នួ​យ​ឲ្យ​នគរ​ភ្នំ ដែល​ត្រូវបាន​កាត់បន្ថយ​រួច​ក៏បាន​កាត់​កាប់​តំបន់​បឹង​ធំ (​ទន្លេសាប​) រហូតមក​ទល់នឹង​បាត់ដំបង ។ ប៉ែក​ខាងត្បូង​ព្រះអង្គ​កាន់កាប់​ខេត្ត​ទ្រាំង និង​តំបន់​ដែល​ប្រហែលជា​ព្រៃនគរ ។ រាជធានី​គឺ​ភ​វ​បុ​រៈ ។ ភ្ញាក់​ងារ​ទូត​បាន​អញ្ជើញ​ទៅ​ប្រទេស​ចិន​នៅ​ឆ្នាំ ៥៧២ ។​
​ ​ស្តេច​មួយអង្គ​ទៀត​ដែល​ត្រូវ​បងប្អូន​របស់​ព្រះបាទ​ភ​វរ្ម័នទី​១ នៅ​ចុង​ស​.​វ​ទី​៦ ដើម​ស​.​វ​ទី​៧ គឺ​ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន ឬ​ចិត្រ​សេនា ។ ទ្រង់​ជា ’​រាជ​សសិ​ហ៍​នៅលើ​ភពផែនដី ជា​អ្នកកំទេច​កម្លាំង​សត្រូវ​ឈ្លានពាន ឥទ្ធិពល​បាន​បង្កើត​ថាមពល និង​មានការ​កំណត់​ព្រះរាជ​កិត្តិយស​ដូច​ព្រះអាទិត្យ និង​មានការ​ត្រួតត្រា​ដូច​ព្រះឥន្ទ្រ​” ។​
​ ​ព្រះអង្គ​បាន​ដណ្តើម​ក​ប្រទេស​របស់​សត្រូវ នៅតាម​ដង​ទន្លេ​សេ​មូ​ន (​ស្រែ​មូល​) នៅ​ខាង​ជើងភ្នំ​ដងរែក ។ ប៉ែក​ខាងត្បូង​ព្រះអង្គ​ច្បាំង​ជាមួយ​ស្តេច​នគរ​ភ្នំ ។ ព្រះអង្គ​បាន​កសាង​នៅលើ​ភ្នំ​នេះ​នូវ​លិង្គ​របស់​គិ​រិ​សៈ​ដែល​ទុកជា​ជ័យ​ជំ ​នៈ ។ ស្តេច​នគរ​ភ្នំ​ត្រូវ​គេចខ្លួន​ទៅកាន់​ខាងត្បូង​គឺ​ក្រុង​ណា​ហ្វូ​-​ណន ។​
​ ​រាជធានី​គឺ​ស​ម្ពុ​បុរៈស​ម្បូ​រ​តា​មដង​ទន្លេមេគង្គ ។ ភ្នាក់ងារ​ទូត ទៅកាន់​ប្រទេស​ចិន​នៅ​ឆ្នាំ ៥៨៨ ៕ (​ម​.​ត្រា​ណេ​)
​កំណត់ហេតុ :
​ ​១- 1058 caka ten tvan alo nu vrah Mulasutra ta putra srok Bhatrecvarapata varnna karmmantara visaya cresthapura…, 1058 caka le ten tvan Lo et vrah Mulasutra son fils, du pays de Bhatrecvaraspata, de la corporation des ouvriers du visaya de cesthapura…..; ២- Aymonier, E. Cambodge II, p.163;Finot, L’inscription de Ban That, BEFEO., XII, II, P.7. ; ៣- Aymonier, E. Cambodge III, p.463 place cesthapura “quelque part dans le Sud-Est du Cambodge”. ; ៤- Inv. Coedes n: 256….Cresthapura dharmapurne dharmena nirmite (CT.J.A.,1909,1,p.475 n.1) ; ៥- BEFEO.,XI, p.404. ; ៦- Stele de ta Prohm, st.VI-VII (BEFEO.,p.50). ; ៧- Inscription de Baksei Camkron, st. XIII (JA. 1909, 1, p.496). ; ៨- Ta Prohm, loc.cit. ; ៩- Baksei Camkon, loc.cit. ; ១០- Sur quelques traditions indochinoises, Mel. Syl. Levi, p.210 ; ១១- Pelliot, P. Le Founan, BEFEO., III pp. 274, 295. ; ១២- Inv. no 363 BEFEO., III, p. 442. ; ១៣- Inv. no 122 BEFEO., III, p. 212. ; ១៤- Inv. no 116 BEFEO., IV, p. 739. ; ១៥- ISCC., no IV, p. 28. ; ១៦- Il en resulte que Tcheli-t’o-pa-mo, roi du Founan, n’a rien de commun avec Cresthavarmma, roi du Tchen-la a une epoque encore indeterminee. M. Pelliot avait deja montre (BEFEO., III, p. 298) que cette identification propose par M. Aymonier n’etait par satisfaisante au point de vue phonetique, et preferait restituer Crindravarmma comme equivalent du nom chinois. ; ១៧- Mel. Silv. Levi, pp. 210-211. ; ១៨- Parmentier, Henri, Carte de l’Empire Khmer d’apres la situation des insriptions datees, BEFEO., t.XVI-3, 1916. ; ១៩- Po Nogar, Inv. 31, C2-ISCC., no XXVIII, p. 263. ; ២០- Baksei Camkon, st. XIX-XX. ; ២១- Prasat Kev. ISCC., no XVB, st. II. ; ២២- Prah Vihar, Ibid., no LXIA st.v:B,st IX. ; ២៣- Inscriptions digraphique et steles du Thnal Baray passim. ; ២៤- Thnal Baray, ISCC. no LxA, st XXI ; ២៥- Ct. Finot, Mel. Sylv, Levi, p. 209.

និមិត្តរូប​នៃ​ភ្នំ​ព្រះរាជ​ទ្រព្យ តាមរយៈ​សំណង់​ស្ថាបត្យកម្ម​បុ​រេ​អង្គរ និង អង្គរ​


ការស្រាវជ្រាវ​ខាង​បុរាណវិទ្យា និង​ឯកសារ​ផ្សេងៗ​មួយចំនួន ដើម្បី​សរសេរ​អត្ថបទ​នេះ ក្នុង​បំណង​បង្ហាញ​សារសំខាន់​នៃ​ទីក្រុង​ឧ​ត្តុ​ង្គ ដែលមាន ភ្នំ​ព្រះរាជ​ទ្រព្យ ជាទីគោរព​សក្ការៈ​ដ៏​សំខាន់​ជាងគេ ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​សម័យ​ក្រោយ​អង្គរ ។ ការណ៍​នេះ​ក៏​ព្រោះតែ​យើង​ធ្លាប់​សង្កេតឃើញ​សាមញ្ញ​ជន ដែល​ខ្វះ​ការ​ត្រិះរិះ​ពិចារណា​លើ​វិស័យ​បុរាណវិទ្យា តែងតែ​សរសេរថា តំបន់ភ្នំ​ព្រះរាជ​ទ្រព្យ​ទើបតែ​មានការ​អភិវឌ្ឍ​ក្នុងសម័យ​ឧ​ត្តុ​ង្គ​តែប៉ុណ្ណោះ ។ តាមពិតទៅ ជន​ទាំងនោះ​ក្នុងឋានៈ​ជា​ទេសចរណ៍ ឬ​ជា​អ្នកយកការណ៍​ដែល​គ្មាន​លទ្ធភាព នឹង​យល់​ចំណាស់​នៃ​សំណង់​សិល្បៈ​ជា​ស្ថាបត្យកម្ម​នៅ​ទីនោះ ក្រៅពី​កោតសរសើរ​សោ​ភ័​ណ្ឌ​ភាព​នៃ​ក្បាច់ក្បូរ​នៃ​ព្រះ​ព្រះ​ចេតិយ​បុរាណ​ទាំងឡាយ​ប៉ុណ្ណោះ ។​

ទីតាំង​រួម​នៃ​ភ្នំ​ព្រះរាជ​ទ្រព្យ (​ឧ​ត្តុ​ង្គ​) ឯកសារ​របស់​នាយក​ដ្ឋា​ន​ភូមិសាស្ត្រ​នៃ​កម្ពុជា (​ឯកសារ Brugmer)

​ ​បើ​យើង​ពិនិត្យ​ត្រួសៗ​ទៅលើ​ទំព័រ​ប្រវត្តិសាស្ត្រ​នា​សម័យ​ក្រោយ​អង្គរ យើង​ដឹងថា ភ្នំ​ព្រះរាជ​ទ្រព្យ​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ដែក ក្នុង​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល គឺជា​កន្លែង​ដ៏​ស័ក្តិសិទ្ធិ​អា​ស្ចា​រ្យ តាំងពី​សម័យ​បុ​រេ​អង្គរ និង អង្គរ​មកម្ល៉េះ ហើយ​ថ្មីៗ​នេះ​ទៀត ព្រះ​សក្យមុនីចេតិយ​មួយ ទើបតែ​ត្រូវបាន​សាងសង់​រួច​ដោយ​អតីតព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ។ ម្យ៉ាងវិញទៀត នា​សម័យ​ក្រោយ​អង្គរ នៅលើ​កំពូលភ្នំ​ខាងលើនេះ ក៏មាន​ការសាងសង់​នូវ​ព្រះ​ចេតិយ​ជាច្រើន​សំរាប់​បញ្ចុះ​ព្រះ​អដ្ឋិធាតុ នៃ​ព្រះរាជវង្សានុវង្ស​ខ្មែរ ។ ព្រោះថា គឺ​នៅ​ទីតាំង​នេះហើយ​ដែល​កាលពី​ឆ្នាំ​១៦១៩ ដល់​ឆ្នាំ​១៨៦៦ ទីក្រុង​ឧ​ត្តុ​ង្គ ឬ​ឧ​ត្តុ​ង្គ​រាជធានី ត្រូវបាន​បង្កើតឡើង ។ សូម​រំលឹកថា ព្រះរាជ​ធានី​នេះ ដែលមាន​ភ្នំ​ព្រះរាជ​ទ្រព្យ​ជាទីគោរព​សក្ការៈ​ដូច​មូល​ហេតុ​ទើប​ពោល​មក ស្ថិតនៅ​ខាងជើង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ប្រមាណ​ត្រឹមតែ​៤១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​គេ​អាចធ្វើ​ដំណើរ​យ៉ាង​ងាយស្រួល​តាមរយៈ​ផ្លូវជាតិ​លេខ​៥ ។​

គំនូរ​នៃ​វត្ត​អដ្ឋរស្ស (​ឧ​ត្តុ​ង្គ​) គំនូរ​របស់លោក ដឺ​ឡា​ប៉ក់​តើ​ស៍ ឆ្នាំ ១៨៨០

​ ​គួរកត់សម្គាល់​ផងដែរ​ថា ភ្នំ​ព្រះរាជ​ទ្រព្យ មាន​កំពូលភ្នំ​តូចធំ​ចំនួន​ប្រាំ មាន​រូបរាង​ដូច​សត្វ​នាគ ដែលជា​ទូទៅ​ក្នុង​ក្រសែភ្នែក​របស់​មនុស្ស​ខ្មែរ ប្រកបដោយ​បុណ្យ​បារមី​ដ៏​ឧត្តុង្គឧត្តម​អស្ចារ្យ ។ កំពូលភ្នំ​ទាំង​៥​នោះ​មាន​ជា​អាថ៌ គឺ​កំពូលភ្នំ​ចេ​ត្យី កំពូលភ្នំ​ត្រៃ​ត្រឹ​ង្ស កំពូលភ្នំ​ចេតិយ​កំពូល​៤ កំពូលភ្នំ​ព្រះអង្គ​ចូល​ព្រះ​និ​ពា​ន្វ និង​កំពូលភ្នំ​ង​អរិយ្យ​កាស​ព្វ ។ យើង​ក៏​ដឹង​ទៀតថា តំបន់ភ្នំ​ព្រះរាជ​ទ្រព្យ​នេះ លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង​មាន​ប្រវែង​ប្រមាណ​ជា ១៥០០​ម៉ែត្រ និង​ទទឹង​ប្រមាណ​ជា​៧០០​ម៉ែត្រ ។​
​ ​ចំពោះ​យើង ការ​ជ្រើស​លើ​តំបន់ភ្នំ​ព្រះរាជ​ទ្រព្យ​នេះ ដើម្បី​ធ្វើជា​ព្រះរាជ​ធានី​របស់​ព្រះរាជ​នគរ​ខ្មែរ ពិតជា​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ជំនឿ​សាសនា ។ បើ​និយាយ​ម្យ៉ាងទៀត មានការ​ទាក់ទង​រវាង​រាជធានី​ឧ​ត្តុ​ង្គ និង​លោកធាតុ​វិទ្យា​ឥណ្ឌូ – ខ្មែរ​យ៉ាង​ប្រាកដ ហើយ​ដោយសារ​មូលហេតុ​ចម្បង​នេះហើយ​បានជា​មានការ​សាងសង់​នូវ​ប្រាង្គ​ប្រាសាទ​ព្រមទាំង​ព្រះវិហារ និង​ព្រះ​ចេ​ត្យី នៅលើ​កំពូលភ្នំ​ទាំងនោះ​ក្នុងសម័យ​បុរាណ ។​

ការដឹក​ផ្តែរ​បុ​រេ​អង្គរ​ចេញពី​ទីតាំង អដ្ឋរស្ស (​ម​.​ត ១៩៩៥)

​ ​បើ​យើង​ពិនិត្យ​ត្រួសៗ លើ​ភូមិសាស្ត្រ​នៃ​តំបន់​ឧ​ត្តុ​ង្គ​យើង​ឃើញថា ដូច​សម័យ​អង្គររាជ​ធានី​របស់​យើង គឺ​សកលលោក​បំ​ព្រួញ​ដែល​ហ៊ុំ​ព័ន្ធ​ដោយ​ជួរ​ភ្នំ ដែលជា​កំពែង​តំណាង​នៅទីនេះ ដោយ​ភ្នំ​ព្រះរាជ​ទ្រព្យ ហើយ​ភ្នំ​នេះ​ក៏​តំណាង​ឲ្យ​ភ្នំ​សុមេរុ ឬ​ស្ថាន​ត្រៃ​ត្រឹ​ង្ស​ផងដែរ ។ ចំណែក​មហាសមុទ្រ​ដែល​លាតសន្ធឹង​ជុំវិញ​ផែនដី គឺ​ដង​ទន្លេសាប ។​
​ ​ពោល​ឲ្យ​ខ្លី​មក គឺថា​ទីតាំង​នៃ​ទីក្រុង​ឧ​ត្តុ​ង្គ គឺ បង្កប់​នូវ​អត្ថន័យ​សាសនា​ដ៏​ស៊ីជម្រៅ​មួយផ្នែក​និមិត្ត​រូបភាព ដែល​គេ​បានជ្រើសរើស ឡើង​មិនមែន​តាមតែ​ចិត្ត​ចង់ ដោយ​ពុំ​យល់ដឹង​បទ​បញ្ញា​ត្តិ ដែល​មានចែង​ក្នុង​គម្ពីរ ឬ​ក្បួនខ្នាត​យ៉ាង​ត្រឹមត្រូវ ។ អាស្រ័យ​ហេតុនេះហើយ​គេ​ពុំ​អាច​សាងសង់់​ព្រះរាជ​ធាន​ប្រាសាទ ឬ​ព្រះ​ចេតិយ​ដូច​ករណី​ចេតិយ​ព្រះបាទ​អង្គឌួង និង​ព្រះមុនីវង្ស​ជាដើម តាមចិត្ត​ចង់​ដោយ​មិន​គិតគូរ​ដល់​លោកធាតុ​វិទ្យា​បានឡើយ ។​

ការដឹក​ផ្តែរ​បុ​រេ​អង្គរ​ចេញពី​ទីតាំង អដ្ឋរស្ស (​ម​.​ត ១៩៩៥)

​ ​វឌ្ឍនភាព​នៃ​ទីក្រុង​ឧ​ត្តុ​ង្គ​មានជ័យ ដែលជា​បេះដូង​នៃ​ព្រះរាជណាចក្រ​កម្ពុជា​សម័យ​ក្រោយ​អង្គរ អាស្រ័យទៅលើ​កំពង់ផែរ​ហ្លួង ដែលជា​សរសៃឈាម ផ្នែក​សេដ្ឋកិច្ច ។ ក្រៅពីនេះ ឆ្លងកាត់​តាម​ប្រពៃណី​របស់​ជនជាតិខ្មែរ យើង​អាច​និយាយបានថា ការជ្រើសរើស​ទីតាំង​នេះ ក៏​អាស្រ័យទៅលើ​ស្ថានភាព​យុទ្ធសាស្ត្រ​នៃ​ភូមិសាស្ត្រ​ផងដែរ ។
​ ​យោងតាម​ការស្រាវជ្រាវ​របស់​យើង​កាលពី​ឆ្នាំ ១៩៩២ – ១៩៩៣ និង​ភស្តុតាង​ជាក់ស្តែង ដែល​បាន​រកឃើញ យើង​អាចធ្វើ​សេចក្តី​សន្និដ្ឋានថា ការគោរព​បូជា​ភ្នំ​ជាទូទៅ​និង​ភ្នំ​ព្រះរាជ​ទ្រព្យ​ដោយឡែក បាន​ចាក់​ឬ​ស​យ៉ាង​យូរលង់ តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​ក្នុងសង្គម​ខ្មែរ ពោលគឺ​មុន​ការមកដល់​នៃ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា ។ គឺ​ក្នុង​បរិបទ​នេះហើយ​គេ​ពុំ​អាច​ញែក​ចេញ​ឲ្យ​ដាច់​រវាង​ការគោរព​បូជា​ភ្នំ​ធម្មជាតិ​ដែលមាន​លក្ខណៈ​ជា​ជី​វច​ល​និយម និង​ភ្នំ​ដែល​តំណាង​ឲ្យ​ព្រះ​សុមេរុ ដែលជា​លំនៅស្ថាន​របស់​ព្រះ​ឥសូរ ។ ដោយហេតុថា​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​សង្គម​នានា​ក្នុង​លោក​ដូច្នេះ​ដែរ ការកសាង​ប្រាង្គ​ប្រាសាទ ឬ​ព្រះ​ចេ​ត្យី តែង​ត្រូវ​កសាងឡើង​តាម​ជំនឿ​សាសនា ឬ​តាម​តម្រូវការ​នៃ​បទបញ្ជា​ក្រឹត្យក្រម យ៉ាង​ជាក់ច្បាស់ ។ ដូច្នេះហើយ​នៅលើ​កំពូលភ្នំ​នៅ​ប្រទេស​កម្ពុជា​ភាគច្រើន តែងតែមាន​ការគោរព​បូជា​អ្នកតា​ព្រៃភ្នំ​ព្រម​គ្នា នឹង​ការបូជា​ព្រះអាទិទេព​ឥណ្ឌា​ជាពិសេស​ព្រះ​ឥសូរ​ដែលជា​ព្រះ​អ​ទិ​ទេព​នៃ​ភ្នំ ជួនកាល​ក្រោមរូបភាព​ជា​ទេវតា​រូប ដែល​គេ​តម្កល់​ក្នុង​ប្រាសាទ ឬទេ​វល័យ ។​
១- ករណី​ផ្តែរ​ប្រាសាទ​បុ​រេ​អង្គរ​មួយ រចនា​ប័​ថ្ម​ព្រៃ​ក្មេង នៅ​ចង្កេះភ្នំ មុខ​វត្ត​ព្រះពុទ្ធ​អដ្ឋរស្ស​
​ ​នៅ​ខែមករា ឆ្នាំ​១៩៩៥ កាលនោះ យើង​ដែល​តំណាង​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមជាមួយ​អាជ្ញាធរ​ស្រុក​ពញាឮ ខេត្តកណ្តាល និង​ប្រជារាស្ត្រ​មូល​ដ្ឋា​ល​បាននាំគ្នា​ជញ្ជូន​ផ្តែរ​មេ​ទ្វារ​ប្រាសាទ​មួយនា​ស​.​វ​ទី​៧ រចនា​ប័​ថ្ម​ព្រៃ​ក្មេង ស្ថិត​លើ​ចង្កេះភ្នំ រវាង​វត្ត ឬ​វិហារ​ព្រះពុទ្ធ​អដ្ឋរស្ស និង​ចេតិយ​ឥសូរ ដើម្បី​ថែរក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។ ករណី​នៃ​វត្តមាន​របស់​ព្រះ​ចេតិយ​ទាំងឡាយ​នៅលើ​ភ្នំ​ព្រះរាជ​ព្រ​ទ្យ​ក្នុងសម័យ​ឧ​ដ្តុ​ង្គ ក៏បានផ្តល់​ចំពោះ​យើង​នូវ​លទ្ធភាព​នឹង​យល់​ន័យ​ទូទៅ​មួយ​នៃ​និមិត្តរូប​នៃ​ភ្នំ​នេះ​ក្នុង​វប្បធម៌​ខ្មែរ​សម័យ​ក្រោយ​អង្គ​រដែរ ។​

រូប​ផ្តែរ រចនា​ប័​ថ្ម​ព្រៃ​ក្មេង ពេលមកដល់​សារមន្ទីរ​ជាតិ​ភ្នំពេញ (​ម​.​ត ១៩៩៥)

​ ​ការ​រំលឹក​ឡើងវិញ​នូវ​វត្តមាន​របស់​សំណល់​ប្រាង្គ​ប្រាសាទ​បាក់បែក​បុ​រេ​អង្គ​មួយ នៅលើ​ចង្កេះភ្នំ​ព្រះរាជ​ទ្រព្យ (​ឧ​ត្តុ​ង្គ​) ដែល​សព្វថ្ងៃ កប់​យ៉ាងជ្រៅ​ក្នុង​ដី​ក្រោយពី​ការពង្រីក​ផ្លូវ​ទៅកាន់​ព្រះ​ចេតិយ​មុន​ឆ្នាំ ១៩៧០ មិនមែន​ធ្វើឡើង​ដើម្បី​ក្នុង​បំណង​វិភាគ​ឲ្យ​បាន​ល្អិតល្អន់​ទៅលើ​រចនាបថ​ក្បាច់​ផ្តែរ​ព្រៃ​ក្មេង​នា​ស​.​វ​ទី​៧ នោះទេ ។ ប៉ុន្តែ​ដោយសារ​ទីតាំង​នៃ​ប្រាសាទ​នេះ​ស្ថិត​មិន​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ ករណីនេះ​អាច​ឆ្លុះបញ្ចាំង​ឲ្យ​យើង​ឃើញ​ពី​ភាពរុងរឿង ថ្កើ​ន​ថ្កាន​នៃ​វប្បធម៌​សំស្ក្រឹត​ក្នុង​តំបន់ ។ នេះ​ក៏​ជា​ឱកាស​ធ្វើ​ឲ្យ​យើង​ឃើញ​ដែរ​ថា ការជ្រើសរើស​រមណី​ដ្ឋា​ន​នេះ​សម្រាប់​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​របស់​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យ​ក្រោយ​អង្គរ​មិនមែន​ជាការ​ចៃដន្យ​នោះឡើយ ក៏ប៉ុន្តែ​សមស្រប​តាម​សេចក្តីត្រូវការ​នៃ​ជំនឿ​សាសនា ព្រោះថា​កន្លែង​នេះ​ជា​កន្លែង​មួយ​ដ៏​ស័ក្តិសិទ្ធិ​តាម​លោកធាតុ​វិទ្យា​ឥណ្ឌា និង​ខ្មែរ​ដែល​ជនជាតិខ្មែរ​គោរព​សក្ការៈ​តាំងតែ​សម័យ​នគរ​ភ្នំ ។​
​ ​ចូរ​យើង​ក្រឡេកមើល​ត្រួសៗ ទំព័រ​ប្រវត្តិសាស្ត្រ​ចាស់​នា​សម័យ​ក្រោយ​អង្គរ ។ ក្រោយពី​បានជ្រើសរើស​ទីតាំង​លង្វែក ឧ​ដ្តុ​ង្គ ធ្វើ ជា​រាជធានី​មក ហើយ​ការជ្រើសរើស​នេះ ពិតជា​ត្រូវបាន​តម្រូវ​ដោយ​លោកធាតុ​វ​ទ្យា​បែប​ព្រហ្មញ្ញសាសនា​ដូច​សម័យអង្គរ​ដែល​បានកំណត់ ។​
​ ​លោក​យើង​នេះ​មាន​រាង​បួន​ជ្រុង​ស្មើ ហើយ​សំប៉ែត​ហ៊ុម​ព័ន្ធ​ដោយ​ជួរ​ភ្នំ តែ​ភ្នំ​ដែល​ពិសិដ្ឋ​ជាងគេ គឺ​ភ្នំ​ព្រះ​សុមេរុ ឬ​មេរុ ដែល​ស្ថិតនៅ​ចំ​កណ្តាល ព្រោះ​ជាទី​លំនៅដ្ឋាន​របស់​ពួក​ទេវតា ។ ផុតពី​បរិវេណ​នេះ​គេ​ឃើញ​មាន​សមុទ្រ ។​

រូប​ផ្តែរ រចនា​ប័​ថ្ម​ព្រៃ​ក្មេង ពេលមកដល់​សារមន្ទីរ​ជាតិ​ភ្នំពេញ (​ម​.​ត ១៩៩៥)

​ ​អាស្រ័យហេតុនេះ រាជធានី​ខ្មែរ​បុរាណ​រមែង​តេ​មាន​កំពែង​ថ្ម ឥដ្ឋ​ព័ន្ធ​ជុំវិញ ហើយ​នៅ​ចំ​កណ្តាល​រាជធានី​នីមួយៗ គេ​ឃើញ​មាន​ប្រាសាទ​ដែល​ជំនួស​ដោយ​ព្រះ​ចេតិយ​ក្នុង​វប្បធម៌​ក្រោយ​អង្គរ ដែល​តំណាង​សកលលោក​ទាំងមូល ។ មានន័យថា ប្រាសាទ​ដែល​នៅ​ចំ​កណ្តាល​រាជធានី​តំណាង​ព្រះ​សុមេរុ​ដែល​ស្ថិតនៅ​ចំ​កណ្តាល​ចក្កវាឡ ។ យ៉ាងណាមិញ ដង​ទន្លេមេគង្គ​ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​ភ្នំ​ព្រះរាជ​ទ្រព្យ ដែលជា​ភ្នំ​នៃ​ទីក្រុង​ឧ​ដ្តុ​ង្គ​នោះ ក៏​ដូច​ដងស្ទឹង​ភ្នំ​គូលែន​នៅ​ខេត្តសៀមរាប​ដែរ​គឺ​តំណាង​គ្មានអ្វី​ក្រៅពី​មហាសមុទ្រ​ដ៏​ល្វឹងល្វើយ ក្នុង​ទេវ​កថា​ឥណ្ឌូ​-​ខ្មែរ​បុរាណ​នោះទេ ។​
​ ​ខាងលើនេះ​ជា​ន័យ​ស៊ីជម្រៅ​មួយ​នៃ​វត្តមាន​របស់​ប្រាសាទ​ខាងលើនេះ និង​ព្រះ​រាជធានី​ឧ​ដ្តុ​ង្គ​ដែល​បាន​រលំរលាយ​ហើយ​នោះ ដែល​គប្បី​យើង​ត្រិះរិះ​ពិចារណា ចំពោះ​អ្វីដែល​គេ​បាន​មើលរំលង ព្រោះ​សាមញ្ញ​ជន​មិនមាន​លទ្ធភាព​នឹង​យល់​ន័យ​នៃ​វិស័យ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ដូចជា​ប្រាសាទ និង​ទីក្រុង​សម័យបុរាណ​ទេ ។​
​ ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមគ្នា​ជាមួយ​ប្រជារាស្ត្រ​មូលដ្ឋាន បាននាំគ្នា​ជញ្ជូន​ផ្តែ​រនាស​.​វ​ទី​៧ រចនាបថ​ព្រៃ​ក្មេង​ពី​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ ដាក់​លើ​រថយន្ត ហើយ​ដឹកជញ្ជូន​មក​រក្សា​តុ​កនៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។​
​ ​សូមជម្រាបថា កិច្ចការ​នេះ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ត្រូវ​ប្រើ​ពេលវេលា ២​ម៉ោង និង​៤០​នាទី ទម្រាំ​សែង​ផ្តែរ​ពីលើ​កំពូលភ្នំ​កំពស់ ១១០ ម៉ែត្រ​តាម​កាំជណ្តើរ​ធ្វើ​អំពី​ថ្មបាយក្រៀម​ចំនួន ១៣៣ កាំ ។ កិច្ចការ​នេះ ប្រើ​កម្លាំង​មនុស្ស​សរុប​ចំនួន​១៣ នាក់ ។ ឥឡូវនេះ ផ្តែរ​បុរាណ​ដ៏​កម្រ​នោះ​ត្រូវបាន​រក្សាទុក​យ៉ាង​រៀបរយ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​ហើយ ។
​ ​កុំភ្លេចថា ដូច​ពោល​ខាងលើ ឧ​ត្តុ​ង្គ គឺជា​បុរាណ​ស្ថាន​ដែល​មានមក​តាំងពី​សម័យ​ចេនឡា (​ព្រៃ​ក្មេង​ស​.​វ​ទី​៧) រហូតដល់​សម័យ​ស​.​វ​ទី​១៥-១៩ មានន័យថា ទីតាំង​នេះ បាន​មានកំណើត​តាំងពី​មុន​ស​ម័​យ​អង្គរ​ទៅទៀត រហូតដល់​សម័យ​ឧ​ត្តុ​ង្គ ទីនេះ​ក្លាយជា​រាជធានី​ដ៏​ធំ​ក្រោយពេល​បាត់បង់​អង្គរ ដូច​វត្តមាន​នៃ​ស្លាកស្នាម​វប្បធម៌​បុ​រេ​អង្គរ ដែល​យើង​ទើបបាន​រៀបរាប់​ជា​សក្ខីកម្ម​ស្រាប់ ។​
​ ​សូមបញ្ជាក់​ទៀតថា ប្រការ​ដែល​គួរ​ឲ្យ​ស្តាយ គឺ​មួយចំនួនធំ​នៃ​វត្ត​អារាម និង​ព្រះ​ចេតិយ​បុរាណ​នៅ​ទីនោះ​ត្រូវ​ទទួលរង​គ្រោះ​ដោយ​សង្គ្រាម​បំផ្លិចបំផ្លាញ​ពី​ខ្មាំងសត្រូវ​សៀម​នា​សម័យ​លង្វែក ។ ហើយ​ពេល​ចុងក្រោយ​នេះ បូ​នី​យ​ដ្ឋា​ន​ទាំងនោះ​ក៏​ត្រូវបាន​បំផ្លិចបំផ្លាញ ដោយ​សង្គ្រាម​សម័យ​សាធារណៈរដ្ឋ ជាពិសេស​ដោយ​ពួក​ខ្មែរក្រហម ជាហេតុ​នាំ​ឲ្យ​ទីតាំង​នោះ​ខ្ទេចខ្ទាំ និង​ត្រូវ​បាត់បង់​វឌ្ឍន​នា​សម័យ​ដើម ។ មួយវិញទៀត​សោត រវាង​ឆ្នាំ​១៩៧០ និង ១៩៩២ គេ​ក៏​បានឃើញ​មានការ​ជីក​គាស់​ព្រះ​ចេតិយ ដើម្បី​យក​សម្បត្តិ​វប្បធម៌ រួមមាន បុរាណវត្ថុ គ្រឿងអលង្កា ឧបករណ៍​សំរាប់​ពិធីបុណ្យ​សាសនា ទេវរូប និង ពុទ្ធរូប​ជាដើម ដើម្បី​យកទៅ​ជួញដូរ ។​
២- វត្តមាន​របស់​ប្រាសាទ​សម័យអង្គរ រចនា​ប័​ថ្ម​បាពួន​
​ ​នៅលើ​ទីតាំង​បច្ចុប្បន្ន​នៃ​វិហារ​ព្រះពុទ្ធ​អដ្ឋរស្ស ដែល​មានន័យថា វត្ត​ដែលមាន​ព្រះពុទ្ធ​បដិមា​កំពស់ ១៨​ហត្ថ ហើយ​ត្រូវបាន​សាងសង់ឡើង​នៅ​ស​.​វ​ទី ១៦ ដោយ​ព្រះបាទ​បរម​រាជា​ទី ២ ស្តេច​ខ្មែរ​នា​សម័យ​លង្វែក យើង​បានឃើញ​សមាសធាតុ​តុបតែង​ប្រាសាទ​មួយចំនួន​នា​សម័យអង្គរ ដែល​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ ក្នុងការ​ស្ថាបនា​ពុទ្ធ​សាស​ស្ថាន​ខាងលើនេះ ។

ប្រអប់ទ្វារ​ទាំងពីរ ក្បាច់​ផ្តែរ និង ក​ញ្ច្រំ រចនា​ប័​ថ្ម​បាពួន សំណល់​ប្រាសាទ​ចាស់ ដែល​ប្រើ​ឡើងវិញ (​ម​.​ត ២០១១)

​ ​សំណល់​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ​សម័យអង្គរ​នៅ​ទីនោះ គឺ​ប្រអប់ទ្វារ​ប្រាសាទបុរាណ​ចំនួន​ពីរ នៅ​ទិសខាងកើត​ឈាង​ខាងលិច​នៃ​ព្រះវិហារ ដែលមាន​លក្ខណៈ​ពេញលេញ​នៅឡើយ រួមមាន សសរស្តម្ភ សសរ​ពេជ្រ ទម្រ​សសរ​ពេជ្រ សសរ​ផ្អោប និង ផ្តែរ ដែល​អម​ទាំងសងខាង​នៃ​ទ្វារ​ចូល​កណ្តាល ។

សសរស្តម្ភ​ទាំងពីរ អម​សងខាង​នៃ​ទ្វារ​ចូល​កណ្តាល​ព្រះវិហារ ព្រះពុទ្ធ​អដ្ឋរស្ស និង សសរ​ទ្រ​ក្បាច់​ហោជាង (​ម​.​ត ២០១១)​

​ ​ទន្ទឹមនឹងនេះ យើង​ក៏បាន​ជួបប្រទះ​នូវ​សសរស្តម្ភ​ចំនួន​ពីរ​ធំៗ​ថែមទៀត ស្ថិតនៅ​កណ្តាល​ទ្វារ​នៃ​ព្រះវិហារ ។ វត្តមាន​នៃ​សសរស្តម្ភ​ទាំងពីរ​នេះ សបញ្ជាក់​ឲ្យ​ដឹងថា ប្រហែលជា​នៅលើ​ទីតាំង​នៃ​វត្ត​ព្រះពុទ្ធ​អដ្ឋរស្ស​នោះ មាន​ប្រាង្គ​ប្រាសាទ​បែប​ព្រហ្មញ្ញសាសនា​មួយចំនួន​ដទៃទៀត​យ៉ាង​ប្រាកដ ដែល​ស្ថិតក្នុង​រចនា​ប័​ថ្ម​បាពួន ប្រសូត​ឡើង​នៅ​ពាក់កណ្តាល​ស​.​វ​ទី ១១ នៃ​គ​.​ស ៕ (​ម​.​ត្រា​ណេ​)

ទម្រង់​ដើម​នៃ​ក្រុង​ខ្មែរ​នានា​មុន​ការ​លេចធ្លោ​ឡើង​នៃ​បុរី តាម​លំនាំ​ឥណ្ឌា នៅ​ប្រទេស​កម្ពុជា និង ថៃ​បច្ចុប្បន្ន (​ភាគ ២)


​មុន​ឥណ្ឌូ​រូប​និ​យក​ម្ម បុព្វបុរស​ខ្មែរ​បាន​ស្គាល់​នូវ​វិស័យ​ស្ថាបត្យកម្ម​មួយ​រួចមកហើយ ដូច​ករណី ភូមិ​មូល ឬ ក្រុង​រាង​មូល ឬ​ពងក្រពើ ដែល​គេ​បាន​ជួបប្រទះ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ជា​ភស្តុតាង​ស្រាប់ ។ ទីប្រជុំជន​បុរាណ​ទាំងនោះ​ដែល​ធ្វើឡើង​ដោយ​ដី​លើក ដំណើរ​មិនមែនជា​ចៃដន្យ ក៏ប៉ុន្តែ​ជាស​ញ្ញាណ​នៃ​ការ​លេចធ្លោ​ឡើង​នូវ​អំណាចកណ្តាល ដែលជា​សណ្ឋាន ឬ​នៃ​រដ្ឋ​ខ្មែរ​ដំបូងបង្អស់ ។ គឺ​លើ​មូលដ្ឋានគ្រឹះ​នេះហើយ​ដែល​ហេ​ដ្ឋា​រចនាសម្ព័ន​ឥណ្ឌា​បាន​ចាប់​ពន្លក ហើយ​ឲ្យ​បង្កើត​ឲ្យ​ទៅជា​អាណាចក្រ​ហ្វូ​-​ណន និង​ចេនឡា ដោយ​ការ​ផ្តុំ​ផ្គុំ​នូវ​ក្រុង​តូច ធំ ទាំងនោះ​ឲ្យ​ក្លាយទៅជា​ទឹកដី ឬ​ប្រទេស​តែមួយ រវាង​សតវត្ស​ទី ១ និង ទី ៧ នៃ គ​.​ស ។ ការ​លើកយក​លក្ខណៈផ្សេងៗ​នៃ​ទីក្រុង​សម័យ​បុរេប្រវត្តិសាស្ដ្រ​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន មក​អធិប្បាយ មាន​គោលដៅ​រួមចំណែក និង​ជួយ​ដល់​ការស្វែងយល់​អំពី​ឫសកែវ​ខ្មែរ​ក្នុង​ភូមិភាគ​នេះ ដែល​ដើមឡើយ ទីនោះ​ជា​ភាគ​មួយ​នៃ​ទឹកដី​កំណើត​របស់​ពូជសាសន៍​ខ្មែរ ។​

រូបភាព​មើល​ពីលើ​អាកាស នៃ​ទីក្រុង​បុរេប្រវត្តិសាស្ត្រ​នៅ​ខេត្តកំពង់ចាម​, ប្លង់​ទីក្រុង​អង្គរបុរី និង ប្លង់​ភូមិ​ល្វា នៅ​ខេត្តសៀមរាប

​ ​បន្ទាប់ពី​ការដួលរលំ​ចក្រភព​អង្គរ​មក ទឹកដី​នៃ​ប្រទេស​ថៃ បច្ចុប្បន្ន​ក៏ត្រូវ​បាន​ផ្ដាច់​ចេញពី​មាតុភូមិ​ខ្មែរ ដូច​ករណី​កម្ពុជា​ក្រោម និង​ប្រទេស​លាវ ក៏ប៉ុន្តែ​បាន​បន្សល់​នូវ​ស្លាកស្នាម​វប្បធម៌​ដែល​មិនមែនជា​របស់​ជនជាតិ​ថៃ ជា​ជនជាតិ​ចំណូល​ថ្មី​ចាប់តាំងពី​ស​.​ត​.​ទី​១៣ នោះឡើយ ។​
​ ​យោងតាម​ការចុះ​សិក្សា​ស្រាវជ្រាវ​របស់​យើង​បាន​ឲ្យ​ដឹងថា ព្វ​ការី​ជន​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ដ្រ ជាពិសេស​យុគ​លោហធាតុ ចូលចិត្ត​កសាង​ទីប្រជុំជន​ជា​រាង​មូល​ដូច​ក្បាច់​គូថ​ខ្យង​ភាគច្រើន​នៅលើ​ទី​ដី​ខ្មែរ ឬ​ទួល ហើយ​មាន​គូ​ទឹក​ហ៊ុមព័ទ្ធ​ជុំវិញ សម្រាប់​ការពារ​ជ្រក​កោ​ក​ក្នុង​គ្រា​មាន​ភ័យ​អាសន្ន​អន្តរាយ ឬ​ចម្បាំងរាំងជល ។ ដូចនេះ កត្តា​សម្រាប់​ចងចាំ​ចំណាំទុក​នៃ​ទីប្រជុំជន​បុរាណ​ទាំងនោះ ដែលជា​លក្ខណៈ​ទូទៅ គឺ​រូបរាង​ជា​រង្វង់​មូល និង​គូ​ទឹក​ជុំវិញ​ដែល​គេ​បាន​ធ្លាប់​ជួបប្រទះ​ក្នុង​តំបន់​នានា នៃ​ឥណ្ឌូចិន​ក្នុង​ភូមិភាគ​កណ្ដាល ។​

ប្រភេទ​នៃ​ទម្រង់​ក្រុង​សម័យ​បុរេប្រវត្តិសាស្ត្រ នៅ​ភូមិភាគ​ឥសាន នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន (​ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)

​ ​ថ្មីៗ​នេះ លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អ្នកឯកទេស​ថៃ ឬ​យួន​នៅក្នុង​ដែនដី​ខ្មែរ​បុរាណ​ដែល​ស្ថិតនៅ​ម្ខាង​ទៀត​នៃ​ជួរ​ភ្នំ​ដងរែក និង​កម្ពុជា​ក្រោម បាន​ពង្រីក​ការចេះដឹង​បន្ថែម​ពី​អតីតកាល​របស់​ជនជាតិ​ខ្មែរ ពីព្រោះថា ទីក្រុង​បុរាណ​ទាំងនោះ គឺជា​គ្រឹះ​យ៉ាង​មាំ​តែមួយគត់​សម្រាប់​ស្វែងយល់​អំពី​ការវិវត្ត​សង្គម​ខ្មែរ ទោះបី​វិសាលភាព​នៃ​ភូមិសាស្ដ្រ​មានការ​ប្រែប្រួល​យ៉ាងណាក៏ដោយ ។​
​ ​ម្យ៉ាងទៀត​គេ​ត្រូវ​ទទួលស្គាល់ថា ដូនតា​ខ្មែរ​ក្នុងសម័យ​បុរាណ​បាន​បាត់បង់​ភូមិភាគ​នេះ​ដោយ​ចាញ់​សង្គ្រាម​ពិតមែន ។ នៅក្នុង​រវាង ១០០០​ឆ្នាំមុន​គ​.​ស មុន​ការផ្សព្វផ្សាយ​វប្បធម៌​ឥណ្ឌា ជនជាតិខ្មែរ​បាន​កសាង​ពេញ​ភូមិភាគ​នេះ នូវ​ទីក្រុង​តូចធំ​ជាច្រើន ហើយ​ទីក្រុង​ដើម​ទាំង​នោះបាន​ក្លាយទៅជា​បុរី​នា​សម័យ​ឥណ្ឌូ​រូបនីយកម្ម ។ ការណ៍​នេះ​មាន​សារៈសំខាន់​ណាស់​ដល់​ប្រវត្តិសាស្ដ្រ​ខ្មែរ ហើយ​មានន័យថា ក្រុង​ខ្មែរ​ទាំងនោះ បានកកើតឡើង​មុន​វប្បធម៌​បុរី​បែប​ឥណ្ឌា ។​

​ប្រភេទ​នៃ​ទម្រង់​ក្រុង​សម័យ​បុរេប្រវត្តិសាស្ត្រ នៅ​ភូមិភាគ​ឥសាន នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន (​ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)

​ ​ដូចនេះហើយ ចង់​ឬ​មិន​ចង់ ស្លាកស្នាម​នៃ​ទីក្រុង​បុរាណ​ទាំងឡាយ​ដែលជា​ទីប្រជុំជន​នៅតែ​រស់​រវើក​ក្នុង​ជីវិត​ប្រចាំថ្ងៃ ក៏ដូចជា​អត្ថិភាព​នៃ​សតិសម្បជញ្ញៈ​របស់​អ្នកស្រុក​ដើមកំណើត​ខ្មែរ​ក្នុង​តំបន់ ដូច​ស្រមោល​អន្ទោលតាមប្រាណ​ស្ថិតនៅក្នុង​អារម្មណ៍​របស់​មនុស្ស​ខ្មែរ ទោះបី​ស្ថិតនៅក្នុង​ទីណា​ក៏ដោយ ។

ទីក្រុង​មឿង​ព្រៃ សម័យ​បុរេប្រវត្តិសាស្ត្រ​នៅ​ខេត្ត​ច័ន្ទ​បុរី និង​ប្លង់​ទីក្រុង​នៃ​ខេត្ត​ច័ន្ទ​បុរី (​ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)

​ ​ជនជាតិខ្មែរ​ក្នុង​ស​.​ត​. ទី​១៩ ក៏​ដូច​នៅ​ដើម​ស​.​ត​. ទី​២១ នេះដែរ ពេលដែល​ជួបប្រទះ​គូ ឬក៏​ទួល​នៃ​ទីក្រុង​បុរាណ​ទាំងនោះ រមែង​តែង​ពោលថា ទួល ឬ​ក្រុង​បុរាណ​ខ្មែរ ។ មានន័យថា ពួកគេ​មិនបាន​ភ្លេច​ស្នាដៃ​ដូនតា​របស់ខ្លួន​នា​សម័យមុនៗ​ឡើយ បន្ទាប់ពី​ទឹកដី​កំណើត​របស់​ពួកគេ​ត្រូវ​ក្លាយទៅជា​ទឹកដី​ថៃ​ក្រោយពី​សម័យអង្គរ ។ តាំង​ពីមុន​សម័យ​ឥណ្ឌូ​រូបនីយកម្ម​រហូតមក​ដល់​សម័យ​ទំនើប​នេះ ជនជាតិខ្មែរ​នៅទីនេះ​មិនបាន​ផ្លាស់ប្ដូរ​ទីតាំង​ម្ដងណា​ឡើយ ដោយហេតុថា ពួកគេ​ជា​អ្នកស្រុក​ដើម ។ ម្យ៉ាងវិញទៀត​ពួកគេ​ភាគច្រើន​នៅតែ​រក្សាបាន​ភាសា និង​ប្រពៃណី​ខ្មែរ និង​ជួនកាល​ជាប់សែស្រឡាយ​ជាមួយ​ពួក​កួយ​ផង ។​

ប្លង់​ទីក្រុង​ស្រឡប់​ដូនតី ពិជ័យ​ព្រៃនគរ សម័យ​ស្តេច​កន នៅ​ខេត្តកំពង់ចាម និង ទីក្រុង​រលួស ខេត្តសៀមរាប រូបថត មើល​ពី​អាកាស

​ ​តាមរយៈ​ការស្រាវជ្រាវ​របស់​យើង​បាន​ឲ្យ​ដឹង​បន្ថែមទៀត​ជា​ប្រាកដថា ទីប្រជុំ​បុរេប្រវត្តិសាស្ដ្រ​មាន​ទ្រង់ទ្រាយ​ច្រើន ។ ទន្ទឹមនឹងនេះ​ធ្វើ​ឲ្យ​ខ្មែរ​ស្វែងយល់​អំពី​ទំនាក់ទំនង​រវាង​ទីក្រុង​ទាំងនោះ និង​តំបន់​មួយចំនួនទៀត ដូចជា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ។
​រួម​សេចក្តី​មក គេ​អាច​និយាយបានថា ការផ្លាស់ប្តូរ​ទម្រង់ ឬ លក្ខណៈ​នៃ​ក្រុង​ខ្មែរ ដែលជា​សមិទ្ធិផល​សង្គម របស់​សហគមន៍​មន​-​ខ្មែរ ដែលជា​បុព្វការី​ជន​របស់​ប្រជាជន​ខ្មែរ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ការវិវឌ្ឍ​ន៍​របស់​សង្គម​ខ្មែរ​ពី​ក្រុង ទៅជា​បុរី ក្រោម​ឥទ្ធិពល​ឥណ្ឌា​ក៏​មែនពិត ។ លើសពីនេះ​ទៀត គឺជា​ការផ្លាស់ប្តូរ​នៃ​ទស្សនៈវិជ្ជា ក្នុង​បរិបទ​វប្បធម៌​ថ្មី​មួយ​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ៕ (​ម​.​ត្រា​ណេ​)

អង្កាំ​ខ្មែរ​នា​សម័យ​នគរ​ភ្នំ​ពីស​.​វ​ទី ១ ដល់ទី ៧ នៃ​គ​.​ស​, អង្គរបុរី និង​ភូមិ​ស្នាយ (​ភាគ ១)


១- សេចក្តី​ផ្តើម​
​ ​ក្នុង​អត្ថបទ​សិក្សា​ដ៏​ខ្លី​នេះ យើង​គ្រាន់តែ​សូម​លើក​មក​ផ្សព្វផ្សាយ​នូវ​ប្រភេទ​អង្កាំ​ខ្លះៗ ដែល​ត្រូវបាន​ជួបប្រទះ​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ការស្រាវជ្រាវ​នេះ ដែល​ត្រូវធ្វើឡើង​ជាច្រើន​ដំណាក់កាល គឺជា​លទ្ធផល​ដំបូង​ស្តីពី​អង្កាំ​បរទេស ដែល​ត្រូវបាន​នាំចូល និង អង្កាំ ផលិត​ក្នុង​ទីក្រុង​អង្គរបុរី ដែលជា​រាជធានី​មួយ​ដ៏​ធំជាងគេ​របស់​ហ្វូ​-​ណន​។​
​ ​ជាគោលការណ៍ ប្រសិនបើ​យើង​ចង់​សិក្សា​អំពី​សំណង់​វប្បធម៌​សម្ភារៈ របស់​ជនជាតិខ្មែរ​នា​សម័យបុរាណ​កាល​ឲ្យ​បាន​ត្រឹមត្រូវ គប្បី​យើង​ត្រូវ​ពិនិត្យ​នូវ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​បរិបទ​ភូមិសាស្ត្រ​ជា​ ប្រ​វ​តិ្ត​សាស្ត្រ​របស់​ប្រទេស​កម្ពុជា​ជាមុនសិន ។ ដោយហេតុថា អាណាខេត្ត​បុរាណ​ធំៗ​មួយចំនួន​របស់​ខ្មែរ​ដែល​ត្រូវបាន​ផ្តាច់​ចេញពី​ មាតុភូមិ​ចាប់តាំងពី​មានការ​លេចធ្លោ​ឡើង​នូវ​រដ្ឋ​ថ្មីៗ​មួយចំនួន ដូចជា​រដ្ឋ​ម៉ា​ឡេ ឈ្មោះ​ស្រី​វិជ័យ នៅ​ជ្រោយ​មល​យូ (​ស៊ូ​ម៉ា​ត្រា​) និង​រដ្ឋ​មន នៅឯ​ខេត្ត​នគរ​បឋម ក្នុងអម្លុង​ចុង​ស​.វ ទី​៦ និង​ដើម​ស​.វទី​៧ នៃ​គ​.​ស​។​

​ ​ពិតមែន​ហើយ ការ​លេច​ធោ្ល​ឡើង​នូវ​រដ្ឋ​ថ្មី​ទាំងពីរ​នេះ លើទឹក​ដី​ចាស់​របស់​នគរ​ភ្នំ ត្រូវបាន​អនុវត្តន៍​ឡើង​ក្នុងសម័យ​បុ​រេ​អង្គរ ហើយ​បាន​ផ្តល់ជូន​យើង​នូវ​ព័ត៌មាន​ជា​ប្រវត្តិសាស្ត្រ​យ៉ាងសំខាន់ៗ ដើម្បី​ការសិក្សា​ស្រាវជ្រាវ​អំពី​វប្បធម៌​បុរាណ​។ ក៏ប៉ុន្តែ​យើង​ក៏ត្រូវ​ដឹង​ដែរ​ថា ខេត្ត​បុរាណ​ទាំងនោះ​ព្រមទាំង​តំបន់​ផ្សេងៗ​ឯទៀត ជាពិសេស ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​ក្រោយនេះ​បន្តិច​ក៏ត្រូវ​បាន​ បាត់បង់​ជា​បន្តបន្ទាប់ នូវ​អធិបតេយ្យ និង​ឯករាជ្យភាព​របស់ខ្លួន​ដែរ ដោយ​ការបង្កើត​រដ្ឋ​ថៃ​ដំបូងបង្អស់ ក្នុង​រាជ​របស់​ព្រះរាម​កំហែង​នៅ​ចុង​ស​.​វ​ទី ១៣ នៃ​គ​.​ស​។
​ដូចនេះ រាល់​ស្លាកស្នាម​វប្បធម៌​បុ​រេ​អង្គរ ដែល​នៅ​សេសសល់ ហើយ​ដែលជា​សមិទ្ធផល​របស់​បុព្វបុរស​ខ្មែរ​ក្នុង​តំបន់​ទាំងនោះ ដូច​ចម្លាក់​ខឿន ប្រាសាទ រួមទាំង​គ្រឿងអលង្ការ​ជាដើម គប្បី​យើង​ត្រូវ​បញ្ចូល​ទិន្នន័យ​ខាង​បុរាណវិទ្យា​ទាំងនោះ​ក្នុង​ខឿនវប្បធម៌ ​បុ​រេ​អង្គរ​នៃ​រដ្ឋ​ហ្វូ​-​ណន ឬ​នគរ​ភ្នំ​មុន ការបង្កើត​រដ្ឋ ស្វយ័ត​ទាំងនោះ ជាពិសេស​រដ្ឋ​ថៃ​។ គួរកត់សម្គាល់​ផងដែរ​ថា ហេតុដែល​យើង​លើកយក​គ្រាប់អង្កាំ​ដែលជា​ភាគ​មួយ​នៃ​គ្រឿង​តុបតែង​លំអ​រូបកា​ យមក​សិក្សា​វិភាគ ក៏​ដោយសារតែ​បុរាណវត្ថុ​ទាំងនោះ ដែលមាន​ចំណាស់​ជិត ២០០០​ឆ្នាំ​មកហើយ គឺជា​គ្រឹះ​យ៉ាងរឹងមាំ​សម្រាប់​ចងក្រង​ទំព័រ​ប្រវត្តិសាស្ត្រ​ខ្មែរ​ឡើងវិញ​ ដែរ​។ ឧទាហរណ៍​ជាក់ស្តែង តាមរយៈ​គ្រាប់អង្កាំ​ខ្លះ យើង​អាច​សន្និដ្ឋានបាន​យ៉ាង​ត្រឹមត្រូវ​ថា វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​រវាង​នគរ​ភ្នំ និង​ចក្រភព​រ៉ូ​ម៉ាំង ត្រូវបាន​ផ្តើមឡើង​ចាប់តាំងពី​ស​.​វ​ទី ៣ មុន​គ​.​ស ហើយ​បាន​បន្ត​រហូតដល់​ស​.​វ​ទី ៦-៧ នៃ​គ​.​ស​។​

​ ក​. បរិបទ​ភូមិសាស្ត្រ​របស់​ហ្វូ​-​ណន នគរ​ភ្នំ​
​ ​ដូច​យើង​បានដឹង​ស្រាប់ ព័ត៌មាន​សំខាន់ៗ​នៃ​ចក្រភព​ហ្វូ​-​ណន ឬ​នគរ​ភ្នំ ដែលជា​រដ្ឋ​ខ្មែរ​ដំបូងបង្អស់​ត្រូវបាន​ក​ត់​ត្រា​ដោយ​ជនជាតិ​ចិន​នា​ដើម​ស​ .​តទី​៣ នៃ​គ​.​ស ទោះបីជា​ទំនាក់ទំនង​វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ ត្រូវបាន​ផ្តើមឡើង​នា​ស​.​វ​ទី​១​នៃ​គ​.​ស​ម្ល៉េះ​។ ចំពោះ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងដំណាក់កាល​ដំបូង​នេះ កំណត់ហេតុ​ចិន​ក្នុង​រាជវង្ស​លៀង ( ៥០២-៥៥៨ នៃ​គ​.​ស ) បាន​ឲ្យ​យើង​ដឹងថា ជនជាតិ​ចិន​ដែល​បានធ្វើ​ដំណើរ​ដល់​ហ្វូ​-​ណន ក្នុង​រង្វង់ គ​.​ស ឆ្នាំ ២៣០ គឺ​កាំ​ង​ថៃ និង ជូ​យ៉ី​ង ក្នុង​រជ្ជកាល​របស់​ព្រះបាទ ហ្វា​ន់​-​ម៉ាន់ ម្ល៉េះ ។ តាម​ប្រភព​ឯកសារ​ចិន យើង​ដឹង​ទៀតថា ព្រះមហាក្សត្រ​នា​សម័យ​បុ​រេ​អង្គរ​នេះ បាន​លើក​ទ័ពជើងទឹក​ទៅ​ច្បាំង​យក​នគរ​តូចៗ​ចំនួន​១០ រួមទាំង​នគរ​តាន់ ស៊ុន ដែលជា​ស្ថាប័នរដ្ឋ​មួយ​ធំជាងគេ​ក្នុង​ឈូង​សមុទ្រ​សៀម​សព្វថ្ងៃនេះ​ថែមទៀត​ផង ។​
​ ​មិនតែប៉ុណ្ណោះ​សោត វង្ស​ក្សត្រ​ខ្មែរ​ដំបូងបង្អស់ ដែល​បាន​សោយរាជ្យ​នៅក្នុង​ជ្រោយ​មល​យូ នៅក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ និង​នៅ​វ្យា​ធ​បុ​រៈ ឬ​អង្គរបុរី ក្នុង​ខេត្តតាកែវ​បច្ចុប្បន្ន រួមមាន​ព្រះបាទ ហ៊ុន ប៉ាន ដែលជា​អ្នក​ទាក់ដំរី​ដ៏​ល្បីល្បាញ​ជាងគេ បន្ទាប់ពី​ហ៊ុន ទៀន​។ រីឯ​ស្តេច​ដែល​គ្រប់គ្រង​រាជសម្បត្តិ​ជា​បន្តបន្ទាប់​នៅ​ហ្វូ​-​ណន មាន​ព្រះនាម​ថា ប៉ាន់ ប៉ាន់​, ផាន់ ម៉ាន់​ជាដើម ដែល​សុទ្ធសឹងតែ​បាន​ត​ពូជពង្ស​ត្រកូល​ពី​ស្តេច​មុនៗ​ទាំងអស់​។ ម្យ៉ាងវិញទៀត នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​នោះ ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​បច្ចុប្បន្ន ដែល​ខ្មែរ​ហៅថា ដែនដី​សណ្ត​កម្ពុជា​ក្រោម ក៏​ស្ថិតនៅក្នុង​បង្គោល​សីមា​របស់​នគរ​ភ្នំ​ដែរ ព្រោះថា ធ្លាប់ជា​ទឹកដី​របស់​ខ្មែរ​។​
​ខាងលើនេះ​ជា​ទិន្នន័យ​ប្រ​វ​តិ្ត​ សាស្ត្រ​ដែល​បង្ហាញ​បញ្ជាក់ថា នគរ​ភ្នំ​ត្រូវបាន​បង្កើតឡើង​ដោយ​ការ​ផ្តុំ​នូវ​រដ្ឋ​មន​-​ខ្មែរ​តូច ធំ​ទាំងឡាយ ដែល​ស្ថិតនៅក្នុង​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ ក៏​ដូច​ភូមិភាគ​នៃ​ដែនដី​សណ្ត​នៃ​ដង​ទន្លេមេគង្គ​បច្ចុប្បន្ន​ដែរ ព្រោះ​ធ្លាប់ជា​ភាគ​មួយ​នៃ​ចក្រភព​នគរ​ភ្នំ ឬ​ហ្វូ​-​ណន ហើយ​ក្នុង​អតីតកាល​ដ៏​យូរលង់ មានការ​ប្រាស្រ័យ​ទាក់ទង​វប្បធម៌​ជាមួយនឹង​អង្គរបុរី ដែល​គ្រាន់តែ​ជា​រាជធានី​មួយ​ធំ​ក្នុងចំណោម​រាជធានី​ទាំងឡាយ​នៃ​ហ្វូ​-​ណន​ តែប៉ុណ្ណោះ​។ លើសពីនេះ​ទៀត វត្ថុ​បុរាណ​ទាំងឡាយ រួមមាន គ្រាប់អង្កាំ រាប់ពាន់ ម៉ឺន សែន គ្រាប់ ដែល​គេ​បាន​រកឃើញ​ក្នុងភូមិ​ភាគ​នេះ ក៏​អាច​បញ្ជាក់​អំពី​ចំណាស់​ជា​ប្រយោល​នៃ​វិសាលភាព និង ឧត្តមភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​ផងដែរ​។ ខាងលើនេះ ក៏​ជា​ព្រឹ​តិ្ត​ការណ៍​ពិត​ជាក់ស្តែង​ស្តីពី​ចំណាស់​នៃ​ខឿនវប្បធម៌​ខ្មែរ និង​ទំនាក់ទំនង​រវាង​ខ្មែរ និង​បរទេស ជាពិសេស ចិន បើ​ពុំ​ដូច្នេះ​ទេ ក៏​ជន​ជាតិចិន​នឹងមិន​និយាយ​ដល់ ហ្វូ​-​ណន ក្នុង​កាល​ប្បវត្តិ​របស់​គេ​ដែរ ។​
​ ​ដូចនេះ ក្រៅពី​កត្តា​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​ខាងលើនេះ ដែល​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិសាស្ត្រ​របស់​ជនជាតិខ្មែ​រ​នៅមាន​កត្តា​ផ្សេងៗ ​ទៀត​ដែល​បង្ហាញ​នូវ​ភាព​រីកចំរើន លូតលាស់​នៃ​កម្រិតវប្បធម៌​រប​ស់បុ​ព្វ​បុរស​ខ្មែរ​ក្នុង​ភូមិភាគ​នេះ​ផងដែរ ដូចជា​វត្ត​មាននៃ​គ្រឿងអលង្ការ​ធ្វើ​អំពី​មាស ប្រាក់ ស្ពាន់ និង​ត្បូងចិញ្ចៀន និង​ខ្សែក​ធ្វើ​អំពី​កែវ​ស្ល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​គ្រប់​ប្រភេទ​ដែល​គេ​ បាន​ជួបប្រទះ​តាម​ស្ថានីយ៍​ហ្វូ​-​ណន ផ្សេងៗ​ជា​សក្ខីកម្ម​ស្រាប់ ។ សូម​រំលឹកថា ហ្វូ​-​ណន ឬ​នគរ​ភ្នំ បាន​ប្រសូត្រ​ឡើង​រវាង​ស​.​វ​ទី ១ ហើយ​ត្រូវបាន​ជំនួស​ដោយ​នគរ​ចេនឡា​នៅ​ឆ្នាំ ៦៤៩​នៃ​គ​.​ស ក្នុងសម័យ​វូ ឌេ បើ​យោងតាម​ប្រភព​ឯកសារ​ចិន និង ការតាំង​កាលបរិច្ឆេទ​បុរាណវិទ្យា​។​
​ ​ម្យ៉ាងវិញទៀត កាលណោះ ហ្វូ​-​ណន ដែល​ប្រទេស​ខ្មែរ​ដំបូង​កំពុង​បង្ក​បង្កើតឡើង​ដោយ​ការបង្រួបបង្រួម ឬ ការច្របាច់បញ្ចូលគ្នា​នូវ​កុលសម្ព័ន្ធ​មន​-​ខ្មែរ​នានា​ជា​ធ្លង់​មួយ ជុំវិញ​អំណាចកណ្តាល នៅក្នុង​ភូមិភាគ​នេះ យើង​អាច​ឃើញ មានការ​អនុវត្តន៍​នូវ​មនោ​គម​វិទ្យា​ជនជាតិ​ឥណ្ឌា​តាមរយៈ​សិលាចារឹក វ៉ូ​កាញ ចារ​ឡើង​នា​ដើម​ស​.​វ ទី​៣ (Cf. Filliozat) ដែលជា​សញ្ញា​នៃ​វឌ្ឍនភាព គ្រប់​វិស័យ​របស់​រដ្ឋ ខាងលើនេះ ដែលមាន​ទឹកដី​ដ៏​មហា​ធំធេង​អស្ចារ្យ ។​
​បានជា​យើង​រំលឹក​បរិបទ​ភូមិសាស្ត្រ​បុរាណ​នេះ​ឡើងវិញ មកពី​ដូនតា ខ្មែរ បាន​បន្សល់​នៅក្នុង​អតីត​ទឹកដី​នេះ នូវ​សំណង់ វប្បធម៌ សម្ភារៈ​គ្រប់​ប្រភេទ​។ ហើយ​ប្រព្រឹត្តិការណ៍​បែបនេះ ក៏​ស​ឲ្យ​ឃើញ​នូវ​ឯកភាព​វូប​និ​យក​ម្ម ខាង​វប្បធម៌​ផងដែរ​។ ជា​ឧទាហរណ៍​ជាក់ស្តែង បើ​យើង​គ្រាន់តែ​យក ប្រភេទ​អង្កាំ​ខ្លះ​ដែល​គេ​បាន​រកឃើញ​នៅ​អង្គរបុរី មក​ធ្វើការ​សិក្សា​វិភាគ ហើយ​ប្រៀបធៀប​ទៅនឹង​អង្កាំ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ រួមមាន​ជ្រោយ​មល​យូ​ផងដែរ ឬ ក៏​អង្កាំ​នៅ​វៀតណាម​ខាងត្បូង​បច្ចុប្បន្ន យើង​នឹង​ឃើញថា មាន​លក្ខណៈ​ដូចគ្នា ពោល​គឺមាន​ប្រភព​តែមួយ ហើយ​មាន​ចំណាស់​ដូចគ្នា​។​
​ ​តាម​ប្រសាសន៍​របស់លោក លូ​អ៊ី ម៉ា​ល្លើ​រេ : ’​ឯកភាព​នៃ​ក្បូរ​ក្បាច់រចនា ធ្វើ​ឲ្យ​យើង​គិតថា ទីក្រុង​បុរាណ​អូរ​កែវ (​កម្ពុជា​ក្រោម​) គឺជា​មណ្ឌល​វប្បធម៌​របស់​ហ្វូ​-​ណន ដែលមាន​សិប្បកម្ម​ថ្ម (…) ហើយ​នៅ​ប្រទេស​សៀម ម៉ាឡេស៊ី ហើយ​ជា​បន្ទាប់បន្សំ​នៅ​ភូមា​ផងដែរ ពោលគឺ​នៅលើ​តំបន់​ទាំងឡាយណា​ដែល​អាណាចក្រ​ហ្វូ​-​ណន បាន​លាតសន្ធឹង​ដល់ ទាំងនេះ​គួរ​គប្បី​ត្រូវមាន​ការធ្វើអង្កេត (Cf. Malleret, L. Notes archeologiques : intailles et cachettes du Cambodge Continental)”​។​
​ ​សរុបសេចក្តី​មក ប្រសិនបើ​យើង​ចង់​សិក្សា​អំពី​សំណង់​វប្បធម៌ សម្ភារៈ​របស់​ជនជាតិ​ខ្មែរ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​ឲ្យ ​បាន​ត្រឹមត្រូវ​ពេញលេញ គ​ម្បី​យើង​ត្រូវ​ពិនិត្យ​នូវ​បរិបទ​ភូមិសាស្ត្រ​ដើម​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​ឲ្យ​កំណើត​វប្បធម៌​ខ្មែរ​ជាមុនសិន​។ ព្រោះថា តំបន់​សំខាន់ៗ​មួយចំនួន​របស់​អតីត​ទឹកដី​ខ្មែរ ត្រូវបាន​ផ្តាច់​ចេញពី​មាតុភូមិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ចាប់តាំងពី​ដើម​សម័យ​ចេនឡា ឬក៏​ចាប់តាំងពី​តាម​សម័យកាល​នៃ​ប្រវត្តិសាស្ត្រ ហើយ​នៅលើ​អតីត​ទឹកដី​ខ្មែរ​នោះ ដូនតា​ខ្មែរ​បាន​បន្សល់​នូវ​ស្លាកស្នាម​វប្បធម៌​តែប៉ុណ្ណោះ​។​

ផែនទី​នៃ​ចក្រភព​នគរ​ភ្នំ តាម​ឯកសារ​ចិន ពីស​.​វ​ទី ១ ដល់ទី ៦-៧ មុន​ការបង្កើត​រដ្ឋ​មន​ទ្វារ​វ​តី និង ផែនទី​នៃ​ឧបទ្វីប​ឥណ្ឌូចិន​ទាំងមូល

​ ​ជា​មូលដ្ឋានគ្រឹះ​យ៉ាង​មាំ​មួយ​សម្រាប់​ការ​ចងក្រង​ទំព័រ​ ប្រវត្តិសាស្ត្រ​របស់​អតីត​ព្រះរាជាណាចក្រ​កម្ពុជា​ឡើងវិញ អង្កាំ​បុរាណ​ទាំងឡាយ ដែលជា​ម្យ៉ាងទៀត​ជា​សញ្ញា​បង្ហាញ​អំពី​សកម្មភាព​សេដ្ឋកិច្ច​ចម្បង​នា​សម័យ​ នគរ​ភ្នំ​ផងដែរ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងសង្គម​គួរ​ឲ្យ​កត់សម្គាល់​។​

​ ខ​. សារសំខាន់ និង​ប្រភព​អង្កាំ​បុរាណ​នៅ​អង្គរបុរី និង​ភូមិ​ស្នាយ​
​ការប្រើ​គ្រាប់អង្កាំ ​ជា​គ្រឿង​លំអរ​ខ្លួនប្រាណ​របស់​ស្ត្រី និង​បុរស​ដែលមាន​គ្រប់ទិសទី​លើ​លោក បាន​ចាក់គ្រឹះ​យ៉ាង​មាំ​ក្នុង​ប្រពៃណី​នៃ​កុលសម្ព័ន្ធ​ខ្មែរ​ដើម ដែល​សព្វថ្ងៃ​បានក្លាយ​ទៅជា​ជនជាតិភាគតិច ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែនដី​គោក តាំងពី​យូរអង្វែង​ណាស់​មកហើយ ពោលគឺ​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​រហូតដល់​បច្ចុប្បន្ន​ភាព​នេះ​។ ប្រការនេះ គឺជា​ទឹក​តាង​ប្រវត្តិសាស្ត្រ​មួយ​យ៉ាងសំខាន់ ដែល​បង្ហាញថា មិនមែន​ជនជាតិ​បរទេស​ទេ ដែល​បាន​បង្រៀន​បង្ហាត់​ខ្មែរ​ឲ្យ​ចេះ​ប្រើ ឬ​និយម​គ្រឿងអលង្ការ​។ ដោយសារតែ​លក្ខណៈសម្បត្តិ​បែបនេះហើយ ទើប​យើង​អាច​ចាត់ទុកថា​អង្កាំ​អាចជា​កត្តា​កំណត់​កាល​បរិ​ចេ្ឆ​ទ​នូវ​ព្រឹ​ តិ្ត​ការណ៍​ជា​ប្រវត្តិសាស្ត្រ មួយចំនួន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​អតីតកាល​ដ៏​យូរលង់​មុន​ឥណ្ឌូ​រូប​និ​យក​ ម្ម​។​
​ ​នៅទីនេះ គ្រាប់អង្កាំ​មួយចំនួន​តូច ដែល​យើង​បានជ្រើសរើស ក្នុងចំណោម​អង្កាំ​ដ៏​ច្រើន​លើសលប់ ឥត​គណនា ដែល​បានមកពី​អង្គរបុរី និង​ភូមិ​ស្នាយ​ដើម្បី​យកមក​ចុះផ្សាយ​ជូន​ជា​ពត៌មាន គឺ​ស្ថិតក្នុង​បរិបទ​វប្បធម៌​ហ្វូ​-​ណន ពីស​.​វ​ទី ១ ដល់​ស​.​វ​ទី ៧​។ គ្រាប់អង្កាំ​ដែល​មកពី​ស្ថានីយ៍​ទាំងពីរ​ខាងលើនេះ ហើយ​មាន​លក្ខ​ណះ​ដូចគ្នា​បេះបិទ មិន​ថា នៅ​តំបន់​កំពង់ផែរ​សមុទ្រ​អូរ​កែវ ឬ​នៅក្នុង​ភូមិភាគ​ខាង​ត្បូ​វ​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ឬក៏​នៅ​ជ្រោយ​មល​យូ ដូច​ករណី​នៅ​ខេត្ត​ក្របី​ជាដើម ដែល​បានធ្វើ​ការជួញដូរ​ជាមួយ​ឥណ្ឌា រួមមាន​កោះ​ស្រីលង្កា នេះ​ជាការ​សន្និដ្ឋាន​ក្នុងដំណាក់កាល​ដំបូង​របស់​យើង តែ​ទន្ទឹមនឹង​ទំនាក់ទំនង​នឹង​ឥណ្ឌា ជនជាតិខ្មែរ​នា​សម័យ​បុរាណ​នោះ​ក៏បាន​ធ្វើ​ពាណិជ្ជកម្ម​ជា​ប្រយោល ឬ ដោយ​ត្រង់ៗ​តែម្តង ជាមួយនឹង​ជនជាតិ​ហ្គ្រិ​ច​កូ​-​រ៉ូ​ម៉ាំង​ផងដែរ តាមផ្លូវ​សមុទ្រ​។ ម្ល៉ោះ​ហើយក៏​មានការ​នាំចូល​នូវ​អង្កាំ​ជាច្រើន​ប្រភេទ មកពី​ឥណ្ឌា​ចក្រភព​រ៉ូ​ម៉ាំង ដែលមាន​អាយុ​ចាស់​ជាង​អង្កាំ​មកពី​ឥណ្ឌា​បន្តិច​។
​ ​សរុបសេចក្តី​មក ក្រៅពី​ចំណុច​ឯកភាព​ខាង​គ្រឿងអលង្ការ អង្កាំ​ដែល​បង្ហាញ​កាន់តែច្បាស់​ពី​តួនាទី​យ៉ាងសំខាន់ និង​ប្រភព​របស់​វា ក្នុងសង្គម​ខ្មែរ​នា​បុ​រេ​អង្គរ​នៃ​ចក្រភព​ហ្វូ​-​ណន​មក គ្រាប់អង្កាំ​ទាំងនោះ ដូច​ទើប​ពោល​ក៏​ជា​កត្តា​បង្ហាញ​ឲ្យ​ឃើញ​នូវ​វឌ្ឍនភាព​របស់​ខ្មែរ​នា​សម័យ​ នោះ​ផងដែរ ដែល​ចូលចិត្ត​តុបតែង​ខ្លួនប្រាណ​យ៉ាង​ល្អ​វិចិត្រ​។ ដូច្នេះ ឃើញថា អង្កាំ​មាន​ច្រើនបែប ច្រើនយ៉ាង​ណាស់ សឹង​រាប់មិនអស់ ត្រូវបាន​ពេញនិយម​នៅលើ​ទឹកដី​ខ្មែរ​បុរាណ​។ ទាំងនេះ គឺជា​ភាព​មួយ​ដ៏​សំខាន់​នៃ​ខឿនវប្បធម៌​ខ្មែរ ដែល​យើង​គ្រាន់តែ​លើក​មកជា​ឧទាហរណ៍​ក្នុងការ​អធិប្បាយ​អំពី​វឌ្ឍនភាព​នៃ​ សម័យ​នគរ​ភ្នំ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​ខ្មែរ​នា​សម័យបុរាណ​។ ដូច្នេះ​ឃើញថា វប្បធម៌​នគរ​ភ្នំ មាន​ភាពរុងរឿង​ថ្គុំ​ថ្កាន​ណាស់​។​
​ ​បើតាម​ការពិនិត្យ​មើល​ទៅ​ឃើញថា គ្រាប់អង្កាំ​ដែល​បាន​នាំចូល​តាមរយៈ​កំពង់ផែ​សមុទ្រ​ផ្សេងៗ បន្តិច​ម្តង ហើយដោយ​សន្សឹម​បាន​លាតសន្ធឹង​គ្របដណ្តប់​ទៅលើ​តំបន់​នានា​នៃ​អតីត​ទឹកដី​ ខ្មែរ ដោយហេតុថា អង្កាំ គឺជា​របស់​មានតម្លៃ​។ នេះហើយ​ជាហេតុ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ភាពដូចគ្នា​នៃ​អង្កាំ​នៅ​អង្គរបុរី និង​អង្កាំ​នៅ​ភូមិ​ស្នាយ ឬក៏​អង្កាំ​នៅ​ស្វាយចេក​។​
២. ប្រភេទ និង ភិនភាគ​នៃ​គ្រាប់អង្កាំ​
​ ​តាម​ការស្រាវជ្រាវ អង្កាំ​សំខាន់ៗ ក្នុង​បរិវេណ​នៃ​ទីក្រុង​អង្គរបុរី ឬ​វ្យា​ធ​បុ​រៈ អាច​ចែកចេញជា ៤ ក្រុម​។ ក្រុមទី ១ គឺ​មកពី​សម័យមុន​ឥណ្ឌូ​រូប​និ​យក​ម្ម​ធ្វើ​អំពី​សំបកខ្យង​, ឆ្អឹង​សត្វ ឬ​ធ្មេញ​សត្វ ឬក៏​ដី​ដុត​។ ក្រុមទី​២ មកពី​ប្រទេស​ឥណ្ឌា និង​ក្រុមទី​៣ មកពី​ចក្រភព​ក្រិច កូ​-​រ៉ូ​មាំ​ង​។ មិនតែប៉ុណ្ណោះ​ទេ យើង​ក៏បាន​ប្រទះ​អង្កាំ​មួយ​ប្រភេទ​ទី​៤ ដែល​ធ្វើ​អំពី​ថ្ម យក់ មាន​ប្រភព​ចេញពី​ប្រទេស​ចិន​ដែរ​។ តែ​នៅទីនេះ យើង​សូម​ផ្តោតអារម្មណ៍​ទៅលើ​តែ​អង្កាំ មាន​ប្រភពពី​ឥណ្ឌា និង​ក្រិច​កូ​-​រ៉ូ​ម៉ាំង​តែប៉ុណ្ណោះ ដែលជា​កម្មវត្ថុ​នៃ​អត្ថបទ​នេះ​។ គ្រាប់អង្កាំ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ និង​ត្រូវ​យកមក​សិក្សា​វិភាគ​ក្នុង​អត្ថបទ​មួយ​នៅពេល​ក្រោយ​ទៀត​។​
​ ​សូម​បញ្ជាក់ដែរថា នៅតាម​ស្ថានីយ៍​ប្រវត្តិសាស្ត្រ​ខ្មែរ យើង​ក៏បាន​ជួប​នូវ​គ្រាប់អង្កាំ​ធ្វើ​អំពី​មាស​, សំណ​, ស្ពាន់ និង ដី​ដុត មាន​ផាត់​ពណ៌ ព្រមទាំង​អង្កាំកែវ​ស្ល​គ្រប់​ពណ៌​គួរ​ឲ្យ​គយគន់​ណាស់​។
​ ​ស្តីពី​រូបរាង​នៃ​គ្រាប់អង្កាំ ដែលមាន​បែប​ផ្សេងៗ​ពីគ្នា ជា​សេចក្តី​សង្ខេប យើង​ឃើញ​មាន​អង្កាំ​រាង​ត្រ​ប៉ែត​, មូល​, រាង​៤​ជ្រុង​ទ្រវែង​, ប្រាំ​ជ្រុង ឬក៏​អង្កាំ​មាន​រាង​ដូច​ផ្លែ​ម្កាក់ ឬ​ផ្លែ​ត្រល់ មាន​គូថ​ស្រួច​៘ អង្កាំ​ដែល​មកពី​ចក្រភព​ហ្គ្រិ​ច​កូ​-​រ៉ូ​ម៉ាំង ភាគច្រើន​លំអរ​ដោយ​ក្បាលមនុស្ស ហៅថា ’​អង្កាំ​ភ្នែក​” សត្វ​មាន់ និង​ផ្កា​ជាដើម​។ នេះ​បើ​យោ​លើ​ទិន្នន័យ​ខាង​បុរាណវិទ្យា ដែល​យើង​បានមក​ព្រមៗ​គ្នា តាមរយៈ​ការចុះ​ស្រាវជ្រាវ​ផ្ទាល់​។ ដូចនេះ​នា​សម័យ​នគរ​ភ្នំ អង្កាំ​បុរាណ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃ​មាន​ច្រើន​ប្រភេទ និង​ទ្រង់ទ្រាយ​ណាស់​។ តាម​ការប៉ាន់ស្មាន​មាន​ប្រមាណ​ជា ១០០​ប្រភេទ​ខុសៗ​គ្នា​។ តាម​ការស្រាវជ្រាវ​ផ្ទាល់ បង្ហាញ​ឲ្យ​យើង​ដឹងថា តាមពិត​អង្កាំ​ទាំងនោះ​បញ្ជាក់​ឲ្យ​ដឹងថា សម័យនេះ​ជា​សម័យ​រុងរឿង គ្រាប់អង្កាំ​បរទេស​មាន​ទីផ្សា​យ៉ាង​ធំធេង​ណាស់​នៅ​នគរ​ភ្នំ​។ យ៉ាណា​មិញ យើង​ក៏​ដឹង​ដែរ​ថា ទំនាក់ទំនងរ​វា​ស្ថានីយ៍​ប្រវត្តិសាស្ត្រ អ៊ូ​ថង​, អូរ​កែវ អង្គរបុរី និង​ស្ថានីយ៍​ផ្សេងៗ​នៅក្នុង​ឈូង​សមុទ្រ​សៀម​ផង​នៅ​ក្នុងសម័យ​នោះ ដែល​ស្ថិតក្នុង​បរិវេណ​នៃ​បង្គោល​សិ​មា​របស់​នគរ​ភ្នំ មាន​ភាព​រីកចំរើន រីក​សុះសាយ​គ្រប់ទិសទី ជាពិសេស នៅតាម​ទីតាំង​ណា​ដែល​ស្ថិតនៅ​ចំ​ផ្លូវជំនួញ​អន្តរជាតិ​សមុទ្រ ឬក៏​មាន​ប្រព័ន្ធធារាសាស្ត្រ​។ ចំពោះ​ឧត្តមភាព​នៃ​អ​ង្គាំ មាន​ទិន្នន័យ​ខាង​បុរាណវិទ្យា បង្ហាញ​បញ្ជាក់​ឲ្យ​ដឹងថា នា​សម័យ​នគរ​ភ្នំ តំបន់​ដែលមាន​ប្រវត្តិ​ដ៏​យូរលង់​នោះ ហើយ​រុងរឿង​ជាងគេ គឺ​ភាគច្រើន​ជា​តំបន់​ដែល​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ រួមមាន​ម្តុំ​អូរ​កែវ និង​អង្គរបុរី និង​តំបន់​ព្រះ​ចេ​ត្យី​សាម​អង្គ (​ចេ​ត្យី ៣) នៅ​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ដែល​ពី​ដើម​គឺជា​ផ្លូវត្រឡែងកែង ផ្សាភ្ជាប់​តំបន់​នានា ពី​ឈូង​សមុទ្រ​សៀម​ទៅ​ឈូ​សមុទ្រ​បេង​ហ្គា​ល ដូច​ការប្រើ​អង្កាំ និង​កាក់​ដែលជា​រូបិយវត្ថុ ដែលមាន​សញ្ញា​ស្រី​វត្ស និង​ព្រះអាទិត្យ​មួយ​កំណាត់​រះ ហើយ​មួយ​កំណាត់​ទៀត​លិច ក្នុងការ​ជួញដូរ​ជា​ភស្តុតាង​ស្រាប់ ហើយ​ការផ្លាស់ប្តូរ​ទម្រង់​សង្គម​ក៏បាន​នុ​វត្ត​ឡើង ដោយ​ការប្រមូល​ផ្តុំគ្នា​នៃ​សហគមន៍​នានា ក្រោម​ការគ្រប់គ្រង​បែប​រាជានិយម ហើយ​ជា​អ្វីមួយ​ដែល​បានធ្វើ​ឲ្យ​វប្បធម៌​ដើម​ដុះដាល រីក​ស្គុះស្គាយ​នៅតាម​បុរី​ធំ តូច​ទាំងឡាយ​ក្នុង​ទឹកដី​ហ្វូ​-​ណន​។​
​ ​ទីក្រុង ឬ​បុរី​បុរាណ​ទាំងនោះ ដូច​អង្គរបុរី និង​អ៊ូ​ថង​ជាដើម​ដែលជា​រាជធានី​សំខាន់​ជាងគេ​ក្នុងសម័យ​នោះ ដោយសារ​ព្រះ​វត្តមាន​របស់​ព្រះមហាក្សត្រ​ប្រថាប់​គង់នៅ មិនមែន​គ្រាន់តែ​ជាទី​ប្រជុំ​ដែលមាន​មនុស្ស​រស់នៅ​យ៉ាង​កុះករ​តែប៉ុណ្ណោះ​ទេ ត្បិត​ភាព​មមាញឹក​ខាង​ពាណិជ្ជកម្ម ជា​អ​ត្តិ​ភាព ក៏ប៉ុន្តែ​ជា​មជ្ឈមណ្ឌល​វប្បធម៌​សាសនា និង​នយោបាយ​ផងដែរ ដូចនេះ ភាគច្រើន ទីតាំង​ទាំងនោះ​ស្ថិតនៅតាម​ដង​ទន្លេ​ចៅ​ប្រា​យ៉ា និង តាម​ដង​ទន្លេមេគង្គ​សព្វថ្ងៃនេះ​។ អ្វីមួយ​ដែល​បានផ្តល់​នូវ​ភាពងាយស្រួល​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា​។ សូមជម្រាបថា ចុងក្រោយ​ជា​តំបន់​ទាំងនោះ​ថា​ជាដាច់ខាត មិនអាច​ផ្តាច់​ចេញពី​តំបន់​នៃ​ឈូង​សមុទ្រ​ថៃ និង​ជ្រោយ​ម៉ាឡេស៊ី​សព្វថ្ងៃ​ដែរ ដែល​ធ្លាប់មាន​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​អន្តរជាតិ​យ៉ាងសកម្ម ហើយ​ជា​អតីត​ដែនដី​របស់​ហ្វូ​-​ណន ដែលជា​រដ្ឋ​ដំបូងបង្អស់​របស់​ជន​ជាតិខ្មែរ​។​
​ ​ម្យ៉ាងវិញទៀត កុំភ្លេចថា កាលពី ២៤០០ ទៅ ២០០០​ឆ្នាំ មុន ទីក្រុង​អ៊ូ​ថង នៅ​ខេត្ត​សុផាន់​បុរី​បច្ចុប្បន្ន​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយ​ដែនដី​សណ្ត​នៃ ​ដង​ទន្លេ​ចៅ​ប្រា​យ៉ា​។ ឯកភាព​ខាង​ភូ​គ​ម្ភ​សាស្ត្រ និង​ការ​លេចធ្លោ​នៃ​ទីក្រុង​បុរាណ​ឡើង​ប្រាកដ​ដល់​ភ្នែក​របស់​អ្នក​បុរាណ​ វិទូ ក៏បាន​ស្តែងចេញ​តាមរយៈ​វណ្ណ​កម្ម​នានា​ផងដែរ ដែលជា​មរតក​វប្បធម៌​ដ៏​សម្បូរបែប​។ គឺ​ប្រការ​ចម្បង​នេះហើយ ដែលជា​មូលហេតុ​ចង្អុល​បង្ហាញថា ខេត្ត​ផ្សេងៗ​ឯទៀត​ក្នុងភូមិ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ក៏​ជា​អតីត​ទឹកដី​ហ្វូ​-​ណន​យ៉ាង​ប្រាកដ​។​
​ ​ខាងលើនេះ គឺជា​ទិដ្ឋភាព​ភូមិសាស្ត្រ​ដែល​បានកើត​មាន​ឡើ​កាលពី ២៥០០ ទៅ ២០០០​ឆ្នាំមុន ដែល​ក្នុងសម័យ​នោះ ទីក្រុង​អ៊ូ​ថង​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​អង្គរបុរី ដែលមាន​កំពង់​អូរ​កែវ​។ ព្រោះថា នា​សម័យ​នោះ វាលទំនាប​នៃ​ដង​ទន្លេ​ចៅ​ប្រា​យ៉ា ទើបតែ​ត្រូវបាន​កកើតឡើង​។ ហើយ​បញ្ហា​នេះ ពិតជា​មាន​សារសំខាន់​បំផុត សម្រាប់​ស្វែងយល់​អំពី​វប្បធម៌​បុរាណ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ដែនដី​គោក​។​
​ ​ដូច​ពោល​ខាងលើ នៅតាម​ស្ថានីយ៍​នានា​ខាងលើនេះ ដូច​យើង​ដឹង​ស្រាប់ ចាប់តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​មក រវាង​ស​.​វ​ទី​២ មុន​គ​.​ស និង ៦០០​នៃ​គ​.​ស គេ​បាន​រកឃើញ​អង្កាំ​ធ្វើ​អំពី​កែវ និង​ដី​ដុត មកពី​ចក្រភព​ហ្គ្រិ​ច​កូ​-​រ៉ូ​ម៉ាំង ព្រមទាំង​អង្កាំ​ថ្ម​ពីរ​ប្រភេទ​ទៀត ដែល​អ្នក​បុរាណ​វិទូ​ហៅថា ក័​រណា​ល៉ី​ន (Cornaline) និង អា​ហ្គា​ត (agate beads) ដែល​ប្រភពដើម អាចមកពី​ចក្រភព​ហ្គ្រិ​ច​កូ​-​រ៉ូ​ម៉ាំង តាមរយៈ​ឥណ្ឌា​។ ដូច្នេះ​តទៅ​នេះ យើង​សូម​លើក​អង្កាំ​ទាំងពីរ​ប្រភេទ​ខាងលើនេះ ដើម្បី​អធិប្បាយ​ត្រួសៗ​ជាទី​បំ​ផុ​តំ​ពី​ប្រភព​នៃ​ត្បូងថ្ម​ដ៏​មានតម្លៃ​ ទាំងនោះ​។​
​ ​បើ​គិត​ជាត​ម្លៃ និង​សោ​ភណ្ឌ​ភាព ត្បូងថ្ម​ទាំងនោះ​ក្នុង​អតីតកាល ពិតជា​វត្ថុ​កម្រ ហើយ​មានតម្លៃ​ខ្ពស់បំផុត​។ នៅក្នុង​ក្របខណ្ឌ​នៃ​ការស្រាវជ្រាវ​នេះ យើង​មិនអាច​មានលទ្ធភាព​នឹង​បរិយាយ​ឲ្យ​បាន​វែងឆ្ងាយ​បានទេ ចំពោះ​ប្រភពដើម​នៃ​ប្រភេទ​ថ្ម​ទាំងនោះ​។ យើង​គ្រាន់តែ​សូម​ធ្វើការ​កត់សម្គាល់​ខ្លះៗ​តែប៉ុណ្ណោះ​។​
​ ​ពាក់ព័ន្ធ​ទៅនឹង​ប្រភព​នៃ​អង្កាំ​ថ្ម​ក័​រណា​ល៉ី​ន សូមបញ្ជាក់ថា ប្រភេទ​នោះ​មាន​រាង​មូល ហើយ​ពណ៌​ទឹកក្រូច គុជ គួរ​ឲ្យ​គយគន់​ណាស់​។ ដូច​ពោល​ខាងលើ ថ្ម​ក័​រណា​ល៉ិ​ន ក៏​ដូច​គ្រាប់អង្កាំ​អា​ហ្គា​ត ដែលមាន​ពណ៌​ខ្មៅ ហើយ​មាន​ឆ្នូតៗ ត្រូវបាន​នាំចូល​ពី​ប្រទេសក្រៅ​យ៉ាង​ប្រាកដ ជាពិសេស ពី​ឥណ្ឌា ឬក៏​ពី​ប្រទេស​រ៉ូ​ម៉ាំង តាមរយៈ​ឥណ្ឌា​។​
​ ​ហេតុដែល​គេ​សន្និដ្ឋានថា ថ្ម​ក័​រណា​ល៉ិ​ន និង អា​ហ្គា​ត បានមកពី​ប្រទេស​ឥណ្ឌា ឬ​ពី​ប្រទេស​អ៊ីតាលី​បុរាណ ដោយសារតែ​គេ​ពុំបាន​ជួបប្រទះ​ការដ្ឋាន​នៃ​ប្រភេទ​ត្បូងថ្ម​ទាំងនោះ នៅ​អាស៊ីអាគ្នេយ៍​រហូតដល់​ស​ព្វ​ថ្ងៃ​។ ទោះបី ជាទូទៅ គេ​សង្កេតឃើញថា មាន​ការផលិត​គ្រាប់អង្កាំ​ផ្ទាំង​នៅក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​ បច្ចុប្បន្ន ដូចជា នៅ​ខេត្ត​ក្របី ខេត្ត​ឈុម​ផន ខេត្តតាកែវ និង​អាងយ៉ាង (​កម្ពុជា​ក្រោម​) អតីត​ទឹកដី​របស់​ហ្វូ​-​ណន​ជាដើម​ក៏ដោយ​។ តែ​វត្ថុធាតុដើម គឺ​ថ្ម​ក័​រណា​ល៉ិ​ន និង​អា​ហ្គា​ត ពិតជា​ត្រូវបាន​ដឹក​មកពី​ក្រៅ ហើយ​កែច្នៃ​នៅនឹងកន្លែង​ផ្ទាល់ ពោលគឺ​នៅតាម​កំពង់ផែរ​ដឹកជញ្ជូន​ឥ​វ៉ាន់​តាម​តំបន់ឆ្នេរ​ចិន និង​សៀម​សព្វថ្ងៃ​។​
​ ​ឧទាហរណ៍​ជាក់ស្តែង នៅ​អង្គរបុរី បំណែក​នៃ​គ្រាប់អង្កាំ ធ្វើ​អំពី​ក័​រណា​ល៉ី​ន និង​អា​ហ្កា​ត​មួយចំនួន ដែល​ត្រូវគេ​បោះបង់ចោល ព្រោះ​ត្រូវ​ប្រេះ​ឬ​បែក ឬក៏​ពុំទាន់​ត្រូវបាន​កែច្នៃ រំលីង រួច​ត្រូវបាន​គេ​ជួបប្រទះ អាច​អនុញ្ញាត​ឲ្យ​យើង​គាំទ្រ​នូវ​ទស្សនៈ​ខាងលើនេះ​។ ក៏ប៉ុន្តែ​ក្នុងដំណាក់កាល​នេះ យើង​នៅតែ​មិនទាន់​ដឹងថា ការដ្ឋាន​ថ្ម​ទាំងពីរ​ប្រភេទ​នេះ មកពី​ប្រទេស​ណា​ដោយ​ពិត​នៅឡើយ​ទេ​។ ពោល​ខាងលើ មានន័យថា ប្រភពដើម​ពុំទាន់​កំណត់​បាន​នៅឡើយ​។
​ ​សូម​ជម្រាប​ផងដែរ​ថា ចំណុច​មួយទៀត ដែល​យើង​ចង់​បំភ្លឺ​ដែរ គឺ​ចំណាស់​នៃ​អង្កាំ​គ្រប់​ប្រភេទ ដែល​គេ​បាន​រកឃើញ ដែល​អាចរួមចំណែក​ក្នុងការ​ស្វែងយល់​អំពី​វប្បធម៌​ខ្មែរ​មុន​ការ​លេចធ្លោ​នៃ​ រដ្ឋ​មន​ឈ្មោះថា ទ្វារ​វ​តី​នៅ​ចុង​ស​.​វ​ទី ៦ ដើម​ស​.​វ​ទី ៨​។ ក្រៅពី​បាន​សិក្សា​អង្កាំ​ទាំងនោះ​រួច ទើប​យើង​ដឹងថា អ្វីដែល​អ្នក​បុរាណ​វិទូ​ខ្លះ​ហៅថា អង្កាំ​មន ទ្វារ​វ​តី ជាការ​ខុសឆ្គង ដោយហេតុថា នគរ​មន​នេះ​មិនទាន់​ត្រូវបាន​បង្កើតឡើង​នៅឡើយ​ក្នុង​សម័យកាល​ព្រម​គ្នា​ ជាមួយនឹង​ហ្វូ​-​ណន តែ​ក្រោយ​ហ្វូ​-​ណន​ប្រមាណ​ជា ៦-៧ សតវត្សរ៍ នៅពេលដែល​រដ្ឋ​ខ្មែរ​ដំបូង​នេះ​ត្រូវ​បាក់បែក​ដោយ​អោនភាព បណ្តាលមកពី​វិ​បិ​ត្ត​នយោបាយ និង​សេដ្ឋកិច្ច​។ បើ​និយាយ​មួយបែប ទោះបី​ជានា​ដើម​ទស្សវត្សរ៍​ទី ១ និង​ទី​៥ ជនជាតិខ្មែរ និង​មន មិនទាន់​បំបែកចេញ​ពីគ្នា​ក៏ដោយ ក៏ប៉ុន្តែ យើង​គ្មាន​ហេតុផល​ណាមួយ ធ្វើ​ឲ្យ​យើង​បញ្ចូល​សំណង់​វប្បធម៌​សម្ភារៈ​នា​សម័យ​វប្បធម៌​ហ្វូ​-​ណន មុន​ចូល​ស​.​វ​ទី ៦ ចូល និង​សម័យ​វប្បធម៌​ទ្វារ​វ​តី ចូលក្នុង​ពុម្ព​តែមួយ​បានឡើយ​។ ព្រោះថា វប្បធម៌​ទាំងពីរ ពុំមាន​កាលបរិច្ឆេទ​ដូចគ្នា​ឡើយ​។​
​ ​សរុបមក តាមរយៈ​ប្រភេទ​អង្កាំ​ថ្ម ក័​រណា​ល៉ី​ន និង អា​ហ្គា​ត ខាងលើនេះ យើង​ឃើញថា បុព្វការី​ជន​ខ្មែរ ដែល​រស់នៅក្នុង​ទឹកដី​ហ្វូ​-​ណន ពិតជា​បាន​មាន​ទំនាក់ទំនង​ត្រង់ៗ​តែម្តង​ជាមួយ​ជនជាតិ​ឥណ្ឌា ឬក៏​ជា​ជនជាតិ​ហ្គ្រិ​ច​កូ​-​រ៉ូ​ម៉ាំង ឬក៏​ជាមួយ​ជនជាតិ​ហ្គ្រិ​ច​កូ​-​រ៉ូ​ម៉ាំង តាមរយៈ​ពួក​ឥណ្ឌា ដែល​បាន​រកស៊ី​ជាមួយ​ខ្មែរ ហើយ​បាន​ចូលរួម​វិភាគទាន​ក្នុងការ​ស្ថាបនា​ខឿនវប្បធម៌​ដ៏​សម្បូរបែប​របស់​ ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ​។​
​ ​ជា​សេចក្តីសន្និដ្ឋាន យើង​អាច​និយាយបានថា ក្រៅពី​គ្រាប់អង្កាំ​ហ្គ្រិ​ច​កូ​-​រ៉ូ​ម៉ាំង ដែល​បង្ហាញ​ភាពរុងរឿង ខាង​សម្បត្តិ​វប្បធម៌​នា​មុន​ដើម​សម័យ​ប្រវត្តិសាស្ត្រ​បន្តិច គេ​ក៏បាន​រកឃើញ​អង្កាំ​មកពី​ឥណ្ឌា​ដែរ ចាប់តាំងពី​ស​.​វ​ទី​១ រហូតដល់​ស​.​វ​ទី ៧​។ បើ​យោង​លើ​ប្រភព​ឯកសារ​ព​ន្ធុ​វិទ្យា យើង​អាច​ដឹង​ជា​ប្រយោល​ថា គឺ​ជនជាតិ​ឥណ្ឌា​ទេ ដែល​បាន​បង្ហាត់បង្រៀន​ខ្មែរ​ឲ្យ​ចេះ​ផលិត​អង្កាំ​ថ្ម ឬ​ស្ល​អង្កាំកែវ ក្នុងដំណាក់កាល​ដំបូង​។ ដោយហេតុថា វិធី​ផលិត និង​តុបតែង​លំអ​គ្រាប់អង្កាំ​ថ្ម និង​កែវ ជាពិសេស​ថ្ម ដោយ​សិប្បករ​ឥណ្ឌា​មិនបាន​ផ្លាស់ប្តូរ​ប៉ុន្មាន​ទេ ក្នុងអម្លុង ២៣០០​ឆ្នាំ ចុងក្រោយ​នេះ​។ ផ្ទុយទៅវិញ ប្រពៃណី​នេះ ត្រូវបាន​បាត់បង់​ទៅហើយ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ហើយ​អង្កាំ​ដែល​ប្រើប្រាស់​សព្វថ្ងៃ ត្រូវបាន​នាំចូល​ពី​ក្រៅ​ទាំងអស់​។​
​ចំពោះ​វិធី​ផលិត សូម​រំលឹកថា​គឺ បើ​គេ​ចង់បាន​អង្កាំ​ពណ៌​ស គេ​ត្រូវយក​ទឹក​សូ​ដា​ចុច​លើ​សំបក​អង្កាំ ហើយ​ក្រោយពី​ទឹក​សូ​ដា បាន​ជ្រួតជ្រាប​សាយភាយ​ក្រោម​សំបក​ថ្ម ក៏​ញ៉ាំង​ឲ្យ​កើត​ពណ៌​ស​ឡើង​។ ជួនកាល គេ​ក៏​យក​គ្រាប់អង្កាំ​ស គូស​ជាមួយ​ក្រមួនឃ្មុំ យក​ត្រាំ​ទឹក​ល្អ រួច​ហើយក៏​យកទៅ​ដុត​នឹង​ភ្លើង ធ្វើ​ឲ្យ​អង្កាំ​ជា​ពណ៌​ស​នោះ ក្លាយទៅជា​ពណ៌​ត្នោត​ចាស់ ត្នោត​លាយ​ខ្មៅ និង​ពណ៌​ប្រផេះ យ៉ាង​ស្រស់បំព្រង​។ មាន​សញ្ញាណ​ជាច្រើន ដែល​ស​ឲ្យ​ឃើញថា មនុស្ស​ខ្មែរ​នា​សម័យ​នគរ​ភ្នំ ពិតជា​បាន​រៀន​បច្ចេកទេស​នៃ​ការផលិត​អង្កាំ​តាមរយៈ​ឥណ្ឌា​។ នេះ​ជា​ប្រការ​មួយ ធ្វើ​ឲ្យ​យើង​ពិបាក​នឹង​ដឹងថា តើ​អង្កាំ​មួយណា ដែល​ត្រូវបាន​នាំចូល ហើយ​មួយណា​ទៀត​ត្រូវបាន​ផលិត​ក្នុងស្រុក​។​
​ ​គុណភាព សោ​ភ័​ណ្ឌ​ភាព កាន់តែ​ប្រសើ​ឡើង ជា​ភស្តុតាង​បង្ហាញ​នូវ​ទេពកោសល្យ​ខ្ពស់​ក្នុង​ការផលិត ឬ​កែច្នៃ​ប្រឌិត របស់​សិប្បករ​នា​សម័យ​ហ្វូ​-​ណន ក៏​ដូច​ក្នុងការ​វាយតម្លៃ​លើ​ទីផ្សារ​ដ៏​ធំធេង បើ​មើល​លើ​ផែនទី​នៃ​ការ​ចែកចាយ​អង្កាំ​។ តែ​នៅមាន​លក្ខណៈពិសេស​មួយ គឺ​ការ​ឆ្លាក់​ក្បាច់ក្បូរ​ទាំងនោះ​ឡើង ក៏​ដោយសារ​ឥទ្ធិពល​ជំនឿ​ជី​វច​ល​និយម​ខ្មែរ​ផងដែរ ដែល​ពួកគេ​បាន​បង្កប់​នូវ​និមិត្ត​រូបភាព​មួយ គឺ​សារធាតុ​ពិសិដ្ឋ​មួយ ដែល​អាច​ផ្តល់នូវ​សិរី​មង្គល និង​ភាពសម្បូរ​សប្បាយ​ផូរផង់​ហូរហែរ​ចំពោះ​អ្នក​និយម​ប្រើប្រាស់​ គ្រាប់អង្កាំ​ទាំងនោះ មិន​ថា​ធ្វើ​អំពី​ថ្ម​ក័​រណា​ល៉ិ​ន អា​ហ្គា​ត ឬក៏​កែវ​ស្ល ដែលមាន​ពណ៌​ខុសៗ​គ្នា តាម​កំដៅ​នៃ​ការដុត ឬ​តាម​ការបង់​ពណ៌​។ ភាគច្រើន​គ្រាប់អង្កាំ​មាន​រាង​មូល ខ្លះ​មាន​ឆ្នូត​, ខ្លះ​មាន​រាង​ជា​បំពង់​វែង​បែប​កា​ថា ទំហំ​ប៉ុន​ផ្លែ​មៀន​ខ្មែរ រមូរ​បារី ឬ​តូច​ជាង​បន្តិច ដែល​គេ​ចង​ជា​ខ្សែ​បំពាក់​នៅ​ក ឬ​នៅ​ចង្កេះ​សព​។ ក្រៅពីនេះ យើង​ក៏បាន​ជួបប្រទះ​ចិញ្ចៀន​នៅ​អង្គរបុរី និង​រូប​សត្វ​មួយចំនួន ដូចជា​ខ្លា និង​ដំរី​នៅ​ភូមិ​ស្នាយ ខេត្តបន្ទាយមានជ័យ​ធ្វើំ​អំពី​ថ្ម​ក័​រណា​ល៉ិ​ន​ដែរ ដែល​គេ​ពាក់​នៅ​ដៃ និង​ជា​បន្តោង​ក ក្រៅពីនេះ ក៏មាន​គ្រាប់អង្កាំ​ខ្លះ​ទាក់ទង​ទៅនឹង​វិស័យ​ហោរាសាស្ត្រ តារាសាស្ត្រ និង​គណិតសាស្ត្រ​ផងដែរ ជាពិសេស​អង្កាំ​មាន​ប្រភពពី​រ៉ូ​ម៉ាំង​។
​ ​សេចក្តី​ខាងលើនេះ ពុំមែន​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​អំពី​អង្កាំ​ខ្មែរ​ឲ្យ​ស៊ីជម្រៅ​ទេ ព្រោះ​វា​គ្រាន់តែ​ជា​ជំ​ហ៊ាន​ទី​១ នៃ​ដំណើរ​មួយ​ដ៏​វែងឆ្ងាយ​ក្នុង​វិស័យ​បុរាណវិទ្យា​ប៉ុណ្ណោះ​។ កុំភ្លេចថា អង្កាំ​គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ ដោយ​វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងសង្គម​ខ្មែរ​តាំងពី​សម័យ​ បុរេប្រវត្តិសាស្ត្រ រហូតដល់​បច្ចុប្បន្នភាព​។ បើ​សង្ខេប​តែមួយ​ម៉ាត់​មក ដូច​សិលាចារឹក គ្រាប់អង្កាំ​បុរាណ​ក៏​ជា​កត្តា​កំណត់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ផងដែរ ដែល​គប្បី​ប្រវត្តិវិទូ​មិនត្រូវ​មើលរំលង​ក្នុង​ការសិក្សា​វិនិច្ឆ័យ​អំពី​ វប្បធម៌​របស់​មនុស្សជាតិ​។
​សរុបសេចក្តី​មក សារសំខាន់​នៃ​អង្កាំ​បុរាណ គឺ​ការបង្ហាញ​នូវ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ខ្មែរ​ក្នុង​ទឹកដី​ ហ្វូ​-​ណន និង​បរទេស តាម​សម័យកាល​នីមួយៗ​នៃ​ប្រវត្តិសាស្ត្រ​។ ដោយ​យោងតាម​គំហើញ​ខាង​បុរាណវិទ្យា ទើប​យើង​ដឹង​ថ្មីៗ​នេះ​ថា បុព្វបុរស​ខ្មែរ​ក្នុងសម័យ​ហ្វូ​-​ណន បាន​នាំ​អង្កាំ​ចូល​ពី​ឥណ្ឌា​តាមរយៈ​កោះ​ស្រីលង្កា ស្ទើរតែ​ទាំងអស់ មិន​ដូច​សម័យ​បុរេប្រវត្តិសាស្ត្រ​ឡើយ តែ​ទំនាក់ទំនង​ត្រូវបាន​ធ្វើតាម​ផ្លូវគោក ដោយ​ប្រើ​រយៈពេល​វែង​ជាទីបំផុត​។ បើ​និយាយ​ម្យ៉ាងទៀត ខុសពី​សម័យ​ប្រវត្តិសាស្ត្រ ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​អន្តរទ្វីប​ត្រូវធ្វើឡើង​ទាំង​ផ្លូវទឹក (​និង​ទាំង​ផ្លូវគោក នា​សម័យ​បុរេប្រវត្តិសាស្ត្រ ដែល​មិនទាន់មាន​ការស្ថាបនា​នូវ​សំពៅ​ជំនួញ​ធំៗ​) វិស័យ​ពាណិជ្ជកម្ម​ត្រូវបាន​អនុវត្តតាម​ផ្លូវគោក ដោយ​ថ្មើរជើង ឬ​ដោយ​ប្រើប្រាស់​ដំរី​ជា​យានជំនិះ​។​
​សូមបញ្ជាក់ថា ដើម្បី​ធ្វើដំណើរ​មកកាន់​តំបន់​មួយចំនួន ដែល​ស្ថិតក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ជាពិសេស​ស្រុក​គុ​រៈ​បុរី បច្ចុប្បន្ន គេ​អាចធ្វើ​ដំណើរ​ដោយ​សំពៅ​ចេញពី​ឆ្នេរសមុទ្រ​នៃ​រដ្ឋ​ក្លិង្គ (Kalinga) ហើយពី​នោះ គេ​អាចធ្វើ​ដំណើរ​បន្ត​តាមផ្លូវ​គោក​ដល់​ស្រុក​ជុម​ផាន់​។ ឬក៏​ធ្វើដំណើរ​ដោយ​សំពៅ​ដដែល ដើម្បី​ទៅកាន់ តំបន់​នានា ដែល​ស្ថិតនៅ​ឆ្នេរសមុទ្រ​ចិន រួមមាន​ដែនដី​សណ្ត​កម្ពុជា​ក្រោម ដូចជា​អូរ​កែវជា​ដើម យ៉ាងណាមិញ គេ​ក៏​អាចធ្វើ​ដំណើរ​តាម​សំពៅ ដោយ​ចេញពី​កោះ​ស្រីលង្កា​ដែរ ដើម្បី​មកកាន់​ស្រុក​គុ​រ​បុរី ឬក៏​ជ្រោយ​មល​យូ (​ម៉ា​ឡាក​)​។

​ ក​. ប្រភេទ​អង្កាំ ហ្គ្រិ​ច​កូ​-​រ៉ូ​ម៉ាំង ធ្វើ​អំពី​កែវ​ស្ល មកពី​អង្គរបុរី​


ខ​. អង្កាំ​មាន​ប្រភព​ចេញពី​ឥណ្ឌា ជា​ថ្ម​ក័​រណា​ល៉ី​ន និង អា​ហ្កា​ត​

​ គ​. អង្កាំ​ប្រភព​មកពី​ឥណ្ឌា​ធ្វើ​អំពី​ដី​ដុត

​ ឃ​. អង្កាំ​ប្រភព​មកពី​ឥណ្ឌា ធ្វើ​អំពី​ថ្ម ឬ​ត្បូងថ្ម​

​ ង​. អង្កាំ​ប្រភព​មកពី​ឥណ្ឌា ធ្វើ​អំពី កែវ​ស្ល​

​ ច​. អង្កាំកែវ​ស្ល និង ថ្ម​ក័​រណា​ល៉ី​ន និង អា​ហ្កា​ត មកពី​ស្ថានីយ៍​ភូមិ​ស្នាយ ខេត្ត​បន្ទាយ​ជ័យ​

​ ឆ. អង្កាំ​ប្រភព​មកពី​ចិន ធ្វើ​អំពី​ថ្មយក់ ភូមិ​ស្នាយ និង​អង្គរបុរី​

​ ​ ​ ​ ​(​ម​.​ត្រា​ណេ​)