ប្រវត្តិវត្តភ្នំសំពៅប្រាំនៅភ្នំបូកគោ


វត្តសំពៅប្រាំ ស្ថិតនៅទីខ្ពង់រាប នៃភ្នំបូកគោ ដែលសព្វថ្ងៃនេះរាជការបានតាំងជាទីក្រុង ទេសចរណ៏មួយយ៉ាងសំខាន់ សម្រាប់ យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រុ។ ភ្នំនេះឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្តកំពត ប៉ុន្តែសព្វថ្ងៃគេកាត់ចេញដោយឡែកជាបុរីមួយ ដោយមានការគ្រប់គ្រង ពិសេសដាច់ចេញពីខេត្តកំពត។

សព្វថ្ងៃទីក្រុងថ្មីនេះ បានរៀបចំជាថ្មីឱ្យទាន់សម័យ ឯផ្លូវថ្នល់ដែលលូន ក្រវេចក្ររៀនតាមចង្កេះភ្នំ កាត់ជាជ្រោះឡើងទៅ ខ្ពង់បុព្វតានេះ ក៏បានក្រាលថ្មចាក់ជ័រយ៉ាងស្អាតបាត រថយន្តតូចគ្រប់ធុន បើកបរគ្មានលំបាកទេ លើកលែងតែរថយន្តធំវែងៗ បើកបរពុំបាន ត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិកក្ងក់ពេក។ ផ្លូវឡើងនេះមានចម្ងាយចាប់តាំងពីត្រង់បែកចេញពីផ្លូវ ជាតិលេខ៣ (ផ្លូវកំពត-វាលរិញ) ទៅមាន៣២គ.ម ប៉ុនែ្តដោយផ្លូវបត់បែន ហើយត្រូវឡើងជាដរាបផង រថយន្តបើកពុំសូវ លឿនប៉ុន្មានទេ។

ពីដើមខ្ពង់រាបបូកគោជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតីអ៊ឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោកហ្វ្រង់ស្វា-បូដ្វាំង ជារេស៊ីដង់សុប៉េរេយើ នៅប្រទេស កម្ពុជាបានចាត់កសាង ហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥។ កាលពីសម័យកសាងនោះ ដោយទ្រង់ថា បារាំងរៀបចំ ធ្វើទីសំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ ដូច្នេះ ព្រះមហាក្សត្រខ្មែរយើងក៏ព្រះអង្គ ទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនាភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ ដោយមាន កូនវិហារតូចមួយនឹងចេតិយឡើងមួយដែរ។

សំណង់វត្តនេះតាំងលើដីខ្ពស់ ជាកំពូលភ្នំដ៏មានផែនថ្មធំៗនៅពាសពេញ ចម្លែកជាងគេគឺផែនថ្ម ជាបន្ទះៗ មានទំហំបណ្តោយប្រមាណជាជាង១០មែត្រ និងកំពស់ប្រហែលជិត១០មែត្រដែរ។ ទ្រង់ទ្រាយផែនថ្មនេះមានភាពសំប៉ែតខ្ពស់ ទ្រទុងនៅតំរៀបគ្នាជាប្រាំសន្លឹក មានសណ្ឋានដូចក្តោងសំពៅត្រដាង។ ដោយឃើញរូបភាពនៃថ្មទាំងប្រាំផែននេះ មានសណ្ឋានដូចសំពៅ៥ កំពុងបើកក្តោង ហើយការកសាងក៏ត្រូវធ្វើនៅ ជាប់ផែនថ្មនេះទៀត ទើបអ្នកផងហៅទីនេះតាមសន្មត់ថា “វត្តសំពៅប្រាំ ” ។

កាលបើបានឈ្មោះនេះហើយ អ្នកផងក៏ប្រឌិតបានជារឿងព្រេងមួយឡើង ដែលដកស្រង់ពីរឿងមានស្រាប់មកហើយ គឺរឿងព្រះថោងនាងនាគនោះឯង ៖
ក្នុងកាលកន្លងយូរមកហើយ កាលនោះមានសេ្តចខ្មែរយើងមួយអង្គព្រះនាមព្រះថោង។ រឿងដើមនៃក្សត្រអង្គនេះ គឺព្រះអង្គជា ព្រះអង្គម្ចាស់មួយព្រះអង្គ មានការតូចព្រះទ័យនិងបិតា ដែលតំរូវឱ្យព្រះអង្គគោរពបូជាព្រះអនុជពៅ ម៉្លោះហើយទ្រង់យាង ចាកចេញពីព្រះរាជវាំងជាមួយស្ម័គ្របក្សពួក ចេញឆ្ងាយពីរាជវាំងទៅដល់ឆ្នេរខ្សាច់មួយមានដើមធ្លកមួយដើមដុះ នាកណ្តាល វាលខ្សាច់នោះ។

ព្រះអង្គបញ្ឈប់ពលរេហ៏នៅទីនោះសម្រាកព្រះកាយនៅក្រោមដើមធ្លក។ ពេលព្រលឹមស្វាងឡើង ព្រះអង្គ យាងមួយព្រះអង្គឯង លំហែរកាយតាមមាត់សមុទ្រកាន់តែឆ្ងាយទៅៗ ស្រាប់តែឮសំលេងមនុស្សអ៊ូអរ ព្រះអង្គក៏យាង ទៅជិតបានជួបនឹងនាងនាគ ដែលកំពុងនាំភិលៀងមកកំសាន្តឆ្នេរសមុទ្រនេះ។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគ ក៏យល់ព្រម តែសូមឱ្យព្រះអង្គតោងកន្ទុយនាគ ដើម្បីជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះភុជង្គនាគជាព្រះបិតា។ លុះព្រះអង្គតាមព្រះនាងទៅដល់ឋាននាគអស់រយៈ៧ថ្ងៃ ក៏សូមលាព្រះបិតាក្មេកនាំមហេសីមកឋានមនុស្សវិញ។ កាលនោះ ព្រះបាទភុជង្គនាគ បានរៀបចំប្រដាប់ប្រដា ជាទ្រព្យមានតំលៃចំនួន៥សំពៅ ដើម្បីដង្ហែព្រះរាជបុត្រមកគ្រប់គ្រងរាជ្យ នៅឋានមនុស្សលោក។

សំពៅទាំង៥នោះ បើកក្តោងសំដៅមាត់សមុទ្រជាយដែនប្រទេស ហើយក៏ចូលចតតំរៀបគ្នា រើប្រដាប់ប្រដាចេញពីសំពៅ ហើយដឹកជញ្ជូនយកទៅរកទីណាមួយ មានទីទួលខ្ពស់រៀបចំកសាងជាទីក្រុងឡើង។ ឯសំពៅទាំងប្រាំនោះក៏បញ្ឈរទុក សម្រាប់ព្រះអង្គមានដំណើរទៅណាមក ណា ទ្រង់គង់ក្រសាលតាមព្រះចិន្តា។ ពលរេហ៏ទាំង ៥០០នាក់ក៏ដង្ហែព្រះថោងនិងនាងនាគ ទៅចាប់ស្ថាបនាទីក្រុងរាជ និវេសន៏ទាំងអស់គ្នាទៅ នៅសល់តែសំបកសំពៅ លុះអស់កាលជាយូរលង់ក្រោយមក ឆ្នេរសមុទ្រចេះតែស្រុតស្រកឆ្ងាយទៅៗ ដីក៏កាន់តែដុះខ្ពស់ឡើងៗ សំពៅទាំងប្រាំនោះ ក៏កឿងនៅជាប់នឹងច្រាំង ហើយយូរៗទៅក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅក្នុងដី នៅសល់តែក្តោងទាំង៥ ដែលគេឃើញ សព្វថ្ងៃនេះ។

នេះហើយជារឿងព្រេងដែលអ្នកស្រុកប្រឌិត ភ្ជាប់នឹងស្ថានភាពវត្តនៅលើភ្នំបូកគោ។ ប៉ុនែ្តបើតាមការស្រាវជ្រាវវិញវត្តនេះ ពុំមែនជាវត្ថុបុរាណណាស់ណាទេ ក៏ជាវត្តថ្មីមួយដែលព្រះករុណាព្រះបាទព្រះស៊ីសុវត្ថិមុនីវង្ស ព្រះចៅប្រទេសកម្ពុជា ទ្រង់កសាងឡើងកាលពី គ.ស ១៩២៤ គឺនៅគ្រាដែលរាជការអាណាព្យាបាលបារាំង គេស្ថាបនាទីតំបន់បូកគោធ្វើជាទីលំហែរ សម្រាប់យកខ្យល់ត្រជាក់តាម ធាតុអាកាសស្រុកអ៊ឺរ៉ុប។

កាលនោះរាជការបារាំង គេបានថ្វាយចំពោះព្រះកុរណា ជាអង្គម្ចាស់ជីវិត នូវទីកន្លែងមួយសម្រាប់ព្រះអង្គស្ថាបនាជាព្រះដំណាក់មួយនៅបូកគោ នោះ ដូច្នោះហើយព្រះអង្គក៏ផ្តួចផ្តើម ព្រះទ័យកសាងជាវត្តមួយនេះឡើង ដោយជ្រើសរើសយកទីទួលដែលជាប់នឹងផែនថ្ម៥សន្លឹកធំៗនោះ សង់ជាព្រះវិហារមួយ តូចតែស្អាតស្អំ និងចេតីយមួយទៀតនៅពីមុខព្រះវិហារនេះ ហើយសន្មត់យកនាភាភិធេយ្យថា “វត្តសំពៅប្រាំ” គឺយកតាម លំនាំទីកន្លែងលើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ ដូចជាក្លោងសំពៅប្រាំផ្ទាំង ឋិតនៅត្រង់នោះស្រាប់។

សព្វថ្ងៃបូកគោជាទីមនោរម្យមួយសម្រាប់ទេសចរណ៏ ធ្វើដំណើរទៅលំហែរសម្រាកកាយនៅគ្រប់ពេលឈប់សម្រាក ម្ល៉ោះហើយវត្តសំពៅប្រាំ ក៏ទៅជារម្យណីយដ្ឋានមួយដែលគេស្គាល់ច្រើនដែរ។

Advertisements

Level Reply

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s