ប្រវត្តិរបស់សិលាចារឹកអូរស្មាច់ Ka 18 នៅខេត្តបន្ទាយមានជ័យ

ដោយមានការខិតខំពីរូបយើងផ្ទាល់ និងលោក អួង វន អតីតប្រធានអភិរក្សដ្ឋានអង្គរ ផ្ទាំងសិលាចារឹក មួយផ្ទាំងធំដែលមានចារអក្សរខ្មែរបុរាណ ៥៧បន្ទាត់ កំពស់ ១ម៉ែត្រ ១៤៩ ទទឹង០.៨៨ម៉ែត្រ  ត្រូវបានដឹកមកប្រគល់ជូនអភិរក្សអង្គរ នៅខេត្តសៀមរាប នាពេលថ្មីៗនេះ ដោយកងពលលេខ៤ ដែលឈរជើងនៅអូរស្មាច់ ខេត្តបន្ទាយមានជ័យ ។ តំណាងកងពលលេខ៤ បានរាយការណ៍ថា ពួកគេបានជួបប្រទះ នៅក្នុងតំបន់ដែលពួកគេកំពុងឈរជើង ហើយដោយយល់ពីសារសំខាន់ នៃសិលាមួយផ្ទាំងនេះ ទើបពួកគេបានធ្វើការដឹកជញ្ជូនមកប្រគល់ឲ្យសារមន្ទីរខេត្ត តាមសំណូមពររបស់យើង។

ផ្ទាំងសិលាចារឹកអូរស្មាច់ Ka 18 នៅសារមន្ទីរជាតិភ្នំពេញ (ម.ត 2011)

តាងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើងបានវាយតម្លៃថា នេះជាទង្វើគំរូដ៏មានតម្លៃ គួរឲ្យមោទនៈជាទីបំផុត។ អំណោយនេះ គឺជាវិភាគទានមួយយ៉ាងសំខាន់ក្នុងការផ្តល់ពត៌មាន ស្តីពីប្រវត្តិសាស្ត្រខ្មែរ ព្រមទាំងប្រព័ន្ធសាសនានាដើមទសវត្សរ៍ទី ១១នៃគ.ស ក្នុងរជ្ជកាលរបស់ព្រះបាទសុរិយាវរ្ម័នទី១ ទេ ។

សំណៅផ្តាមរបស់សិលាចារឹក Ka 18

សូមជម្រាបថា សិលាចារឹកនេះត្រូវបានចារឡើងនៅឆ្នាំ១០១៤ នៃគ្រឹស្តរាជ ក្នុងរជ្ជកាលរបស់ព្រះបាទសូរិយាវរ័ន្មទី១ ហើយជាអត្ថបទសរសេរជាភាសាខ្មែរ វែងជាងគេបំផុតក្នុងចំណោមផ្ទាំងសិលាចារឹកចំនួន ៣ប៉ុណ្ណោះ។ ព្រះអង្គជាអ្នកចេញព្រះរាជបញ្ជាឲ្យចារឹកអក្សរលើផ្ទាំងសិលានេះ ដើម្បីឧទ្ទិសដល់ព្រះសិវបាទដោយមានការចូលរួមពីនាម៉ឺនសព្វ មុខមន្ត្រី ដែលមានរាយនាមលើផ្ទាំងសិលាចារឹកទាំងសងខាង ។ ជាការកម្រណាស់ ដែលផ្ទាំងសិលាចារឹកខ្នាតធំបែបនេះ ដែលមានចារឹកអក្សរទាំងសងខាងត្រូវបានរកឃើញដូចនេះ។

ចម្លាក់លំអរនៅផ្នែកខាងលើនៃផ្ទាំងសិលាចារឹក Ka 18 និង បំណែកតួអក្សរពង្រីក

ដោយយល់ឃើញថា សិលាចារឹកគឺជាប្រភពឫសគល់ នៃប្រវត្តិសាស្ត្រខ្មែរមួយយ៉ាងសំខាន់បំផុតដោយហេតុថា វាផ្តល់ឲ្យយើង នូវពត៌មានពិតនៃសម័យកាលនីមួយៗ ដែលទាក់ទងអំពីនយោបាយការរៀបចំស្រុកទេស ជំនឿសាសនា… ៘ បានជាយើងបានស្នើរឲ្យកងពលធ្វើអំណោយ ’ផ្ទាំងថ្មមានអក្សរចារ” ដ៏សំខាន់នេះទៅអភិរក្សដ្ឋានអង្គរនៅខេត្តសៀមរាប ដើម្បីរក្សាទុកជាកេរ្តិ៍ ។

ផ្នែកខាងលើនៃផ្ទាំងសិលាចារឹកអូរស្មាច់ Ka 18 សព្វថ្ងៃនៅសារមន្ទីរជាតិភ្នំពេញ (ម.ត 2011)

ទន្ទឹមនឹងនេះ យើងក៏បានធ្វើការអំពាវដល់កុលបុត្រធីតាដែលនៅក្នុងកងទ័ពខ្មែរ មេត្តាជួយផ្តល់មកក្រសួង ឬមន្ទីរខេត្ត ឃុំនានា នូវសិលាចារឹកដែលខ្លួនបានជួបប្រទះនៅពេលអនាគតទៀត។ យើងជឿជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងខិតខំរកលទ្ធភាព ជួយជារង្វាន់លើកទឹកចិត្តតទៅទៀតជូនសប្បុរសជន។
បច្ចុប្បន្ននេះ ផ្ទាំងអក្សរលើសិលាចារឹកត្រូវបានអ្នកគ្រូរបស់យើង បោះពុម្ពរួចមកហើយ ហើយស្ថិតក្នុងសារមន្ទីរជាតិភ្នំពេញ (Cf. Saveros Pou, 2001. Nouvelles inscriptions du Cambodge. II & III, EFEO, Paris)។

រូបពង្រីកនៃចម្លាក់លំអរ Ka 18 សព្វថ្ងៃនៅសារមន្ទីរជាតិភ្នំពេញ (ម.ត 2011)

សូមរំលឹកថា កន្លងមកនៅស្រុកខ្មែរក្នុងអំឡុង១០០ឆ្នាំ ចាប់តាំងពីដើមទសវត្សរ៍ទី២០ រហូតមកទល់បច្ចុប្បន្ន គេបានរកឃើញផ្ទាំងសិលាចារឹកទាំងអស់ជាច្រើនរយផ្ទាំង ដែលគេរកឃើញដោយឡែកក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ក្រសួងវប្បធម៌បានធ្វើការចុះបញ្ជីបានចំនួន២១ផ្ទាំងថ្មីទៀត រួមមានផ្ទាំងសិលាចារឹក Ka 18 ផងដែរ (ខែ កញ្ញា ឆ្នាំ ១៩៩៤) ៕

ចារឹកនៃសន្ធិសញ្ញបារាំង – សៀមឆ្នាំ១៩០៧ នៅវត្តភ្នំ
នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ១៩០៧ ដែលត្រូវនឹងថ្ងៃ២កើត ខែផល្គុន ឆ្នាំមមី អដ្ឋស័ក ចុល្លសករាជ ១២៦៨ គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរទាំងអស់ដែលមានព្រះបាទសម្តេចព្រះស៊ីសុវត្ថិជាប្រមុខ ដឹកនាំ ដោយហេតុថា សៀមបានប្រគល់សងមកព្រះរាជាណាចក្រកម្ពុជាវិញនូវខេត្តចំនួន ៣ គឺ ខេត្តបាត់ដំបង សិរីសោភ័ណ និងខេត្តសៀមរាប ដែលខ្លួនបានរឹបអូសដោយកម្លាំងទ័ពឈ្លានពានពីមុន ។
ព្រឹត្តការណ៍ប្រវត្តិសាស្ត្រនេះដែលត្រូវចារនៅវត្តភ្នំលើផ្ទាំង ដីឥដ្ឋរាង ៤ជ្រុងទ្រវែង លាបពណ៌ដោយក្បូរក្បាច់ គឺជាសញ្ញានៃជោគជ័យដ៏ត្រចះត្រចង់របស់នយោបាយបារាំង នៅកម្ពុជាក៏មែនពិត ក៏ប៉ុន្តែគឺជានិមិត្តរូបនៃការរួបរួមគ្នាជាធ្លុងមួយរបស់ ប្រជារាស្ត្រខ្មែរជុំវិញព្រះមហាក្សត្រខ្មែរក្នុងការទាមទារឲ្យបារាំង រក្សាបូរណភាពទឹកដីខ្មែរ ដោយបង្ខំឲ្យសៀមសងអាណាខេត្តខ្មែរទាំងនោះ ដែលត្រូវបានផ្តាច់ចេញពីមាតុភូមិតាំងតែពញាអភ័យធិបបែស បែនក្នុងឆ្នាំ១៧៩៤ ។
ដើម្បីរំលឹកព្រឹត្តការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះ អាជ្ញាធរនាជំនាន់នោះ បានសាងសង់នូវវិមានអនុស្សាវរីយ៍មួយនៅចង្កេះភ្នំដូនពេញ (វត្តភ្នំ) ទិសខាងត្បូងជាប់នាឡិកាវត្តភ្នំ ដែលជារួមមានរូបសំណាកសំរិទ្ធិតំណាងឲ្យព្រះបាទស៊ីសុវត្ថិសោយរាជ្យ ក្រុងកម្ពុជាធិបតីនាជំនាន់នោះ អមដោយខាងឆ្វេងនារី ៣នាក់, និងខាងស្តាំពលថ្មើរជើងម្នាក់ធ្វើវន្ទនាការយ៉ាងសង្ហារ ។ រូបសំណាកព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ត្រូវបានស្ថាបនាឲ្យទ្រង់ប្រថាប់លើរាជបល្ល័ង្កក្រោមស្វេត្រឆត្រ និងទ្រង់គ្រឿងអម្ពរពស្ត្រាក្នុងឋានៈជាស្តេចកំពុងសោយរាជ្យ ។ នៅទីនេះព្រះបរមរាជវាំងតំណាងដោយសសរស្តម្ភពីរ ដែលពីលើលម្អដោយនាគក្បាលបីម្ខាងមួយៗផង ។
នារីទាំងបីនាក់នោះមានរូបឆោមល្អពាក់មកុដ និងស្លៀកពាក់ខុសៗគ្នា តែតាមរបៀបបែបបុរាណសុទ្ធសាធ មិនខុសពីស្រីទេពអប្សរនៅអង្គរវត្តទេ ហើយលើដៃមានកាន់ពានមួយ គឺតំណាងឲ្យខេត្តខ្មែរទាំងនោះ ដែលត្រូវបានប្រគល់សងមកខ្មែរវិញ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនៅលើពាននៃនារីទី១ មានតម្កល់រូបសំណាកមួយតំណាងឲ្យប្រាសាទព្រះវិហារដែលក្នុងសម័យនោះ ស្ថិតក្នុងខេត្តសៀមរាប ។ នារីពីរនាក់ទៀតដែលឈរបន្ទាប់ពីនារីទី១ គឺតំណាងឲ្យខេត្តបាត់ដំបង និងសិរីសោភ័ណ ។ ខុសពីនារីទី១ ដែលពាក់មកុដបី ខ្លួនទទេ ពួកគេពាក់មកុដកំពូលមួយរាងស្រួចដូចចេតិយ ហើយពាក់អាវ និងស្លៀកសំពត់ដូចជាស្ត្រីស្នំ ។ នៅលើជើងពានរបស់នារីទី២ គេឃើញមានថង់ត្រា រីឯនៅលើជើងពានទី៣ មានតម្កល់ក្លងដែលជាបំពង់មានគ្របដាក់ឯកសារ ។
តាមរយៈឥរិយាបថនៃចម្លាក់នារីទាំងបីនាក់នោះ អាណាព្យាបាលបារាំងចង់បង្ហាញថា ពួកគេកំពុងថ្វាយបូរណភាពទឹកដីនៃខេត្តទាំង៣ ដែលតំណាងដោយស្ត្រីទាំងបីនាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ ព្រះមហាក្សត្រព្រះបាទសម្តេចព្រះស៊ីសុវត្ថិវិញ ។ ដូច្នេះ បានជាស្ត្រីទាំងបីនេះកាន់យកខេត្តទាំង៣ថ្វាយព្រះមហាក្សត្រខ្មែរ ដែលជាម្ចាស់ទឹកម្ចាស់ដីរបស់កម្ពុជរដ្ឋវិញ ដោយមានទឹកមុខញញឹមញញែម ហើយកាយវិកាទន់ភ្លន់ស្រគត់ស្រគំ ។
គួរកត់សម្គាល់ផងដែរថា នៅខាងក្រោមចម្លាក់មួយតំណាងទង់ជាតិបារាំង គេឃើញឆ្លាក់តួអក្សរបារាំងថា Traite franco siamois du 15 Mars 1907 Battambong, Siemriap, Sisophon” ដែលមានន័យជាភាសាខ្មែរថា ’ សន្ធិសញ្ញាបារាំង-សៀមចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩០៧ ខេត្តបាត់ដំបង សៀមរាប ស៊ីសុផុន” ។
ម្យ៉ាងវិញទៀត គេក៏សង្កេតឃើញនៅទាំងសងខាងនៃរូបសំណាកមាននូវសិលាចារឹក ២ផ្ទាំងទៀត ។ ផ្ទាំងខាងធ្វេងដៃសរសេរជាភាសាបារាំង ។ រីឯផ្ទាំងខាងស្តាំជាភាសាខ្មែរ ដែលពាក់ព័ន្ធទៅនឹងប្រវត្តិនៃការសាងសង់វិមានអនុស្សាវរីយ៍ នៃការវិលត្រឡប់មកកម្ពុជាវិញនូវខេត្តបាត់ដំបង សិរីសោភ័ណ្ឌ និងសៀមរាប ។ ខ្លឹមសារដើមមានដូចទៅ :
តេជៈព្រះគុណ
ប្រតិតូរ៉ាត៍ របស់ក្រុងបារាំងសែសដែលជួយទំនុកបំរុង ក្រុងកម្ពុជាធិប្ឌី    ព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ ចមចក្រពង្សព្រះចៅក្រុងកម្ពុជាធិប្ឌី ទ្រង់ព្រះសូតនៅថ្ងៃអង្គារ ១២រោច ខែស្រាព្ឌ/ឆ្នាំជូត/ទោស័ក្ស/ចុលស័ករ៉ាជ/១២០២/គឺខែអ៊ូត សិបតប/គ្រីស័ករ៉ាជ/១៨៤០/ទ្រង់សោយរាជសម្បត្តិនៅថ្ងៃអាទិត្យ១០ កើត/ខែពិសាក្ខូ/ឆ្នាំរោង/ឆស័ក្ស/ចុលស័ករ៉ាជ១២៦៦ គឺ២៤ខែអា-វរិលគ្រិសរ៉ាជ១៩០៤ ។
ទ្រង់ទទួលខេត្តដែនដីបាត់ដំបង សៀមរាប និងសិរីសោភ័ណជារបស់នគរខ្មែរពីដើម ហើយសៀមឃាត់យកនោះឲ្យមកជារបស់ព្រះរាជម្កុដក្រុងកម្ពូជាធិប្ឌី ដោ្យអំណាយសញ្ញាត្រេតេររាជ្ការបារាំងសែល និងរាជ្ការសៀមពីថ្ងៃ២កើតខែផល្គុន/ឆ្នាំមមី/អដ្ឋស័ក្យ/ ចុល្លសករាជ/១២៦៨ គឺ១៥ខែម៉ារ្ស គ្រីសករ៉ាជ១៩០៧ ។
ក្នុងរាជ្ការ
    លោកអារម៉ង់ ហ្វាសីយ៉ែរ ជាប្រេស៊ីដង្គដឺឡារេព្វព្លិកបារាំងសែល
    លោក ពីសុងជាសែណាបុត្តី ក្រសួងតាងប្រទេស
    លោកមិយែស/ឡាក្ររ៉/ជាសែណាបុត្តីក្រសួងកូឡូនី
    លោក ប៉ូលបូ/ជាគូវេរណើយេណេរ៉ាល់ដឺឡាំងដូស៊ីន
    លោក ប៉ូលលូស/ជារេស៊ីដង្គស្វាបេរីយ៉ើក្នុងក្រុងកម្ពូជាធិប្ឌី ។
    បានធ្វើបុណ្យឆ្លង
    ក្នុងឆ្នាំវក សំរិទ្ធស័ក្ស ចុល្លស័ករាជ ១២៧០ ត្រីស័ករាជ ១៩០៩
    ក្នុងរាជ្ការ
    លោកអងតូនី ក្លូប៊ូគូវស្គី ជាគូវេរណើរ យេណេរ៉ាល់ ដឺឡាំងដូស៊ីន ” ៕

ផ្ទាំងសិលាចារឹកខ្មែរ Ka 77 នៅខេត្តនគនសគន

វិស័យដ៏មានសារសំខាន់់មួយ គឺសិលាចារឹកដែលជាមូលដ្ឋានគ្រឹៈនៃប្រវត្តិសាស្ត្រខ្មែរ ដោយហេតុថា វាផ្តល់នូវព័ត៌មានពាក់ព័ន្ធទៅនឹងវប្បធម៌ខ្មែរនាសម័យបុរាណ ។ នេះជាអ្វីមួយដែលចាំបាច់ ដែលអ្នកប្រវត្តិវិទ្យាត្រូវតែដឹងឮ ដោយហេតុថា ដើម្បីសុក្រិតភាពនៃប្រវត្តិសាស្ត្រ គេត្រូវបញ្ចូលព័ត៌មានទាំងឡាយ ដែលបានចារលើផ្ទាំងសិលាចារឹកទាំងនោះ ក្នុងបរិបទសង្គមវប្បធម៌ដើមរបស់គេ ។ គឺព្រោះហេតុនេះហើយ ទើបយើងមិនអាចជៀសវាងការសិក្សា វិភាគឡើងវិញនូវផ្ទាំងសិលាចារឹកនៃខេត្តនគនសគន (នគរសកល) ដែលមានលេខជំរឿនថ្មី Ka 77 បានទេ ។

សិលាចារឹក Ka 77 (ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ)

ការសិក្សាខ្លឹមសារនៃសិលាចារឹកនេះ ពិតជានាំមកនូវអត្ថប្រយោជន៍ចំពោះយើងយ៉ាងប្រាកដ ពីព្រោះយើងអាចឃើញមានពាក្យថ្មីមួយ គឺជាវិតាន (ពិតាន) ដែលគេពុំធ្លាប់បានឃើញពីមុនទាល់តែសោះ ។ ព័ត៌មានសំខាន់មួយទៀត ក្នុងបណ្តាព័ត៌មានទាំងឡាយដែលយើងអាចចម្រាញ់ចេញពីអត្ថបទសិលាចារឹក ខាងលើនេះ គឺវត្តមានរបស់ប្រជាជនខ្មែរយើងក្នុងខេត្តនេះ មុនការត្រួតត្រានៃខេត្តនេះ ដោយជនជាតិថៃ ។ នេះជារឿងអ្វីមួយដែលគេពុំបានគិតដល់ទាល់តែសោះ ពីព្រោះសម្រាប់អ្នកស្រាវជ្រាវថៃ ភូមិភាគនេះ គឺជារបស់មន ។
ចំពោះទំនាក់ទំនងខ្មែរជាមួយសហគមន៍មនក្នុងតំបន់ ហើយឥទ្ធិពលរបស់មនលើសិល្បៈខ្មែរ យើងត្រូវតែហ៊ានទទួលស្គាល់ថា មានមែន ដោយស្មោះស ក៏ប៉ុន្តែប្រកានេះ មិនមែនមានន័យថា ភូមិភាគនេះ ជាទឹកដីរបស់នគរទ្វារវតីឡើយ បើប្រសិនជាយើងធ្វើការវិភាគស៊ីជម្រៅខាងបុរាណវិទ្យា ក៏ដូចភូមិសាស្ត្រជាប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរ ។

សូមជម្រាបថា សិលាចារឹកនេះ ត្រូវបាននាយកដ្ឋានវិចិត្រសិល្បៈថៃរកឃើញនៅក្នុងគុហាភ្នំមួយ ឈ្មោះថា ភ្នំភូផាន សព្វថ្ងៃស្ថិតក្នុងបរិវេណនៃវត្តចាំប្រាះ (វត្តគុហាព្រះ) ក្នុងភូមិណងស្នាយ ក្នុងខេត្តនគនសគន ។ សិលាចារឹកនេះមានតួអក្សរខ្មែរ៦បន្ទាត់ ដែលត្រូវបានចារឡើងនៅឆ្នាំ៩៨៨ សកៈ ដែលត្រូវនឹងឆ្នាំ១០១៦ នៃគ.ស ។
អត្ថបទសិលាចារឹក Ka 77
– ’៩៨៨ សក តគិទសមីរោច ជេស្ឋចន្ទ្រវារគិនុសុប្រតិ ស្នវ្រះនេះ រីវ្រះនេះគំន្វរ នេះសុវិតាននេះក្រោំតគុរុ សោមង្គលអាចាយ៌ធ ម៌បុរតធ្លោកប្រស្ឋនេះ” ។
ការប្រែជាអក្សរសម័យទំនើប :
’ឆ្នាំ៩៨៨ សក ថ្ងៃទី១០ រោច ខែជេស្ឋ ថ្ងៃចន្ទ នាទីស្ថាននេះបានប្រតិស្ថានព្រះអង្គនេះនាទីនេះ ។ រីឯទីកន្លែងនេះ មានគំនូរនៅវិតានក្រោម ដែលព្រះគ្រូសោមមង្គលអាចារ្យធម៌ហើយបានចារស្លោក (ចារឹក) នេះ”។
សូមជម្រាបថា សិលាចារឹកនេះ ត្រូវបានសិក្សាដោយលោកស្រីអុនៃស្រី វរសារិន នឹងបន្ទាប់មកដោយពៅ សាវរស ។ ទើបយើងយកឯកសារនេះមកវិភាគម្តងទៀត ។
ជាអវសាន សូមជម្រាបផងដែរថា ប្រពៃណីប្រតិស្ថានព្រះពុទ្ធអង្គ ដោយមានដង្វាយជា គំនូរនៅពិតាន គឺជាប្រពៃណី ដែលប្រជាជនខ្មែរបានប្រារព្ធនៅសម័យក្រោយអង្គរ នឹងបន្តដល់បច្ចុប្បន្នភាពយ៉ាងជាក់ច្បាស់ ។
ឆ្លៀតឱកាសនេះ សូមអរគុណលោកសាស្ត្រាចារ្យ យៀង វិរបុត្រ ដែលបានជួយមើលការប្រែឡើងវិញ របស់យើកាលពីឆ្នាំ ១៩៨៦៕

អង្កាំខ្មែរនាសម័យនគរភ្នំពីស.វទី ១ ដល់ទី ៧ នៃគ.ស, អង្គរបុរី និងភូមិស្នាយ (ភាគ ១)

១- សេចក្តីផ្តើម
ក្នុងអត្ថបទសិក្សាដ៏ខ្លីនេះ យើងគ្រាន់តែសូមលើកមកផ្សព្វផ្សាយនូវប្រភេទអង្កាំខ្លះៗ ដែលត្រូវបានជួបប្រទះក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការស្រាវជ្រាវនេះ ដែលត្រូវធ្វើឡើងជាច្រើនដំណាក់កាល គឺជាលទ្ធផលដំបូងស្តីពីអង្កាំបរទេស ដែលត្រូវបាននាំចូល និង អង្កាំ ផលិតក្នុងទីក្រុងអង្គរបុរី ដែលជារាជធានីមួយដ៏ធំជាងគេរបស់ហ្វូ-ណន។
ជាគោលការណ៍ ប្រសិនបើយើងចង់សិក្សាអំពីសំណង់វប្បធម៌សម្ភារៈ របស់ជនជាតិខ្មែរនាសម័យបុរាណកាលឲ្យបានត្រឹមត្រូវ គប្បីយើងត្រូវពិនិត្យនូវបញ្ហាពាក់ព័ន្ធទៅនឹងបរិបទភូមិសាស្ត្រជា ប្រវតិ្តសាស្ត្ររបស់ប្រទេសកម្ពុជាជាមុនសិន ។ ដោយហេតុថា អាណាខេត្តបុរាណធំៗមួយចំនួនរបស់ខ្មែរដែលត្រូវបានផ្តាច់ចេញពី មាតុភូមិចាប់តាំងពីមានការលេចធ្លោឡើងនូវរដ្ឋថ្មីៗមួយចំនួន ដូចជារដ្ឋម៉ាឡេ ឈ្មោះស្រីវិជ័យ នៅជ្រោយមលយូ (ស៊ូម៉ាត្រា) និងរដ្ឋមន នៅឯខេត្តនគរបឋម ក្នុងអម្លុងចុងស.វ ទី៦ និងដើមស.វទី៧ នៃគ.ស។

ពិតមែនហើយ ការលេចធោ្លឡើងនូវរដ្ឋថ្មីទាំងពីរនេះ លើទឹកដីចាស់របស់នគរភ្នំ ត្រូវបានអនុវត្តន៍ឡើងក្នុងសម័យបុរេអង្គរ ហើយបានផ្តល់ជូនយើងនូវព័ត៌មានជាប្រវត្តិសាស្ត្រយ៉ាងសំខាន់ៗ ដើម្បីការសិក្សាស្រាវជ្រាវអំពីវប្បធម៌បុរាណ។ ក៏ប៉ុន្តែយើងក៏ត្រូវដឹងដែរថា ខេត្តបុរាណទាំងនោះព្រមទាំងតំបន់ផ្សេងៗឯទៀត ជាពិសេស ភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្នក្រោយនេះបន្តិចក៏ត្រូវបាន បាត់បង់ជាបន្តបន្ទាប់ នូវអធិបតេយ្យ និងឯករាជ្យភាពរបស់ខ្លួនដែរ ដោយការបង្កើតរដ្ឋថៃដំបូងបង្អស់ ក្នុងរាជរបស់ព្រះរាមកំហែងនៅចុងស.វទី ១៣ នៃគ.ស។
ដូចនេះ រាល់ស្លាកស្នាមវប្បធម៌បុរេអង្គរ ដែលនៅសេសសល់ ហើយដែលជាសមិទ្ធផលរបស់បុព្វបុរសខ្មែរក្នុងតំបន់ទាំងនោះ ដូចចម្លាក់ខឿន ប្រាសាទ រួមទាំងគ្រឿងអលង្ការជាដើម គប្បីយើងត្រូវបញ្ចូលទិន្នន័យខាងបុរាណវិទ្យាទាំងនោះក្នុងខឿនវប្បធម៌ បុរេអង្គរនៃរដ្ឋហ្វូ-ណន ឬនគរភ្នំមុន ការបង្កើតរដ្ឋ ស្វយ័តទាំងនោះ ជាពិសេសរដ្ឋថៃ។ គួរកត់សម្គាល់ផងដែរថា ហេតុដែលយើងលើកយកគ្រាប់អង្កាំដែលជាភាគមួយនៃគ្រឿងតុបតែងលំអរូបកា យមកសិក្សាវិភាគ ក៏ដោយសារតែបុរាណវត្ថុទាំងនោះ ដែលមានចំណាស់ជិត ២០០០ឆ្នាំមកហើយ គឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់ចងក្រងទំព័រប្រវត្តិសាស្ត្រខ្មែរឡើងវិញ ដែរ។ ឧទាហរណ៍ជាក់ស្តែង តាមរយៈគ្រាប់អង្កាំខ្លះ យើងអាចសន្និដ្ឋានបានយ៉ាងត្រឹមត្រូវថា វិស័យពាណិជ្ជកម្មអន្តរជាតិរវាងនគរភ្នំ និងចក្រភពរ៉ូម៉ាំង ត្រូវបានផ្តើមឡើងចាប់តាំងពីស.វទី ៣ មុនគ.ស ហើយបានបន្តរហូតដល់ស.វទី ៦-៧ នៃគ.ស។

ក. បរិបទភូមិសាស្ត្ររបស់ហ្វូ-ណន នគរភ្នំ
ដូចយើងបានដឹងស្រាប់ ព័ត៌មានសំខាន់ៗនៃចក្រភពហ្វូ-ណន ឬនគរភ្នំ ដែលជារដ្ឋខ្មែរដំបូងបង្អស់ត្រូវបានកត់ត្រាដោយជនជាតិចិននាដើមស .តទី៣ នៃគ.ស ទោះបីជាទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ ត្រូវបានផ្តើមឡើងនាស.វទី១នៃគ.សម្ល៉េះ។ ចំពោះប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណាក់កាលដំបូងនេះ កំណត់ហេតុចិនក្នុងរាជវង្សលៀង ( ៥០២-៥៥៨ នៃគ.ស ) បានឲ្យយើងដឹងថា ជនជាតិចិនដែលបានធ្វើដំណើរដល់ហ្វូ-ណន ក្នុងរង្វង់ គ.ស ឆ្នាំ ២៣០ គឺកាំងថៃ និង ជូយ៉ីង ក្នុងរជ្ជកាលរបស់ព្រះបាទ ហ្វាន់-ម៉ាន់ ម្ល៉េះ ។ តាមប្រភពឯកសារចិន យើងដឹងទៀតថា ព្រះមហាក្សត្រនាសម័យបុរេអង្គរនេះ បានលើកទ័ពជើងទឹកទៅច្បាំងយកនគរតូចៗចំនួន១០ រួមទាំងនគរតាន់ ស៊ុន ដែលជាស្ថាប័នរដ្ឋមួយធំជាងគេក្នុងឈូងសមុទ្រសៀមសព្វថ្ងៃនេះថែមទៀតផង ។
មិនតែប៉ុណ្ណោះសោត វង្សក្សត្រខ្មែរដំបូងបង្អស់ ដែលបានសោយរាជ្យនៅក្នុងជ្រោយមលយូ នៅក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃ និងនៅវ្យាធបុរៈ ឬអង្គរបុរី ក្នុងខេត្តតាកែវបច្ចុប្បន្ន រួមមានព្រះបាទ ហ៊ុន ប៉ាន ដែលជាអ្នកទាក់ដំរីដ៏ល្បីល្បាញជាងគេ បន្ទាប់ពីហ៊ុន ទៀន។ រីឯស្តេចដែលគ្រប់គ្រងរាជសម្បត្តិជាបន្តបន្ទាប់នៅហ្វូ-ណន មានព្រះនាមថា ប៉ាន់ ប៉ាន់, ផាន់ ម៉ាន់ជាដើម ដែលសុទ្ធសឹងតែបានតពូជពង្សត្រកូលពីស្តេចមុនៗទាំងអស់។ ម្យ៉ាងវិញទៀត នាគ្រាបឋមនៃប្រវត្តិសាស្ត្រកម្ពុជានោះ ភូមិភាគខាងត្បូងនៃប្រទេសវៀតណាមបច្ចុប្បន្ន ដែលខ្មែរហៅថា ដែនដីសណ្តកម្ពុជាក្រោម ក៏ស្ថិតនៅក្នុងបង្គោលសីមារបស់នគរភ្នំដែរ ព្រោះថា ធ្លាប់ជាទឹកដីរបស់ខ្មែរ។
ខាងលើនេះជាទិន្នន័យប្រវតិ្ត សាស្ត្រដែលបង្ហាញបញ្ជាក់ថា នគរភ្នំត្រូវបានបង្កើតឡើងដោយការផ្តុំនូវរដ្ឋមន-ខ្មែរតូច ធំទាំងឡាយ ដែលស្ថិតនៅក្នុងភាគខាងត្បូងនៃប្រទេសថៃ ក៏ដូចភូមិភាគនៃដែនដីសណ្តនៃដងទន្លេមេគង្គបច្ចុប្បន្នដែរ ព្រោះធ្លាប់ជាភាគមួយនៃចក្រភពនគរភ្នំ ឬហ្វូ-ណន ហើយក្នុងអតីតកាលដ៏យូរលង់ មានការប្រាស្រ័យទាក់ទងវប្បធម៌ជាមួយនឹងអង្គរបុរី ដែលគ្រាន់តែជារាជធានីមួយធំក្នុងចំណោមរាជធានីទាំងឡាយនៃហ្វូ-ណន តែប៉ុណ្ណោះ។ លើសពីនេះទៀត វត្ថុបុរាណទាំងឡាយ រួមមាន គ្រាប់អង្កាំ រាប់ពាន់ ម៉ឺន សែន គ្រាប់ ដែលគេបានរកឃើញក្នុងភូមិភាគនេះ ក៏អាចបញ្ជាក់អំពីចំណាស់ជាប្រយោលនៃវិសាលភាព និង ឧត្តមភាពនៃវិស័យពាណិជ្ជកម្មអន្តរជាតិផងដែរ។ ខាងលើនេះ ក៏ជាព្រឹតិ្តការណ៍ពិតជាក់ស្តែងស្តីពីចំណាស់នៃខឿនវប្បធម៌ខ្មែរ និងទំនាក់ទំនងរវាងខ្មែរ និងបរទេស ជាពិសេស ចិន បើពុំដូច្នេះទេ ក៏ជនជាតិចិននឹងមិននិយាយដល់ ហ្វូ-ណន ក្នុងកាលប្បវត្តិរបស់គេដែរ ។
ដូចនេះ ក្រៅពីកត្តាភូមិសាស្ត្រជាប្រវត្តិសាស្ត្រខាងលើនេះ ដែលពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរនៅមានកត្តាផ្សេងៗ ទៀតដែលបង្ហាញនូវភាពរីកចំរើន លូតលាស់នៃកម្រិតវប្បធម៌របស់បុព្វបុរសខ្មែរក្នុងភូមិភាគនេះផងដែរ ដូចជាវត្តមាននៃគ្រឿងអលង្ការធ្វើអំពីមាស ប្រាក់ ស្ពាន់ និងត្បូងចិញ្ចៀន និងខ្សែកធ្វើអំពីកែវស្លយ៉ាងច្រើនសន្ធឹកសន្ធាប់គ្រប់ប្រភេទដែលគេ បានជួបប្រទះតាមស្ថានីយ៍ហ្វូ-ណន ផ្សេងៗជាសក្ខីកម្មស្រាប់ ។ សូមរំលឹកថា ហ្វូ-ណន ឬនគរភ្នំ បានប្រសូត្រឡើងរវាងស.វទី ១ ហើយត្រូវបានជំនួសដោយនគរចេនឡានៅឆ្នាំ ៦៤៩នៃគ.ស ក្នុងសម័យវូ ឌេ បើយោងតាមប្រភពឯកសារចិន និង ការតាំងកាលបរិច្ឆេទបុរាណវិទ្យា។
ម្យ៉ាងវិញទៀត កាលណោះ ហ្វូ-ណន ដែលប្រទេសខ្មែរដំបូងកំពុងបង្កបង្កើតឡើងដោយការបង្រួបបង្រួម ឬ ការច្របាច់បញ្ចូលគ្នានូវកុលសម្ព័ន្ធមន-ខ្មែរនានាជាធ្លង់មួយ ជុំវិញអំណាចកណ្តាល នៅក្នុងភូមិភាគនេះ យើងអាចឃើញ មានការអនុវត្តន៍នូវមនោគមវិទ្យាជនជាតិឥណ្ឌាតាមរយៈសិលាចារឹក វ៉ូកាញ ចារឡើងនាដើមស.វ ទី៣ (Cf. Filliozat) ដែលជាសញ្ញានៃវឌ្ឍនភាព គ្រប់វិស័យរបស់រដ្ឋ ខាងលើនេះ ដែលមានទឹកដីដ៏មហាធំធេងអស្ចារ្យ ។
បានជាយើងរំលឹកបរិបទភូមិសាស្ត្របុរាណនេះឡើងវិញ មកពីដូនតា ខ្មែរ បានបន្សល់នៅក្នុងអតីតទឹកដីនេះ នូវសំណង់ វប្បធម៌ សម្ភារៈគ្រប់ប្រភេទ។ ហើយប្រព្រឹត្តិការណ៍បែបនេះ ក៏សឲ្យឃើញនូវឯកភាពវូបនិយកម្ម ខាងវប្បធម៌ផងដែរ។ ជាឧទាហរណ៍ជាក់ស្តែង បើយើងគ្រាន់តែយក ប្រភេទអង្កាំខ្លះដែលគេបានរកឃើញនៅអង្គរបុរី មកធ្វើការសិក្សាវិភាគ ហើយប្រៀបធៀបទៅនឹងអង្កាំដែលស្ថិតនៅក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃ រួមមានជ្រោយមលយូផងដែរ ឬ ក៏អង្កាំនៅវៀតណាមខាងត្បូងបច្ចុប្បន្ន យើងនឹងឃើញថា មានលក្ខណៈដូចគ្នា ពោលគឺមានប្រភពតែមួយ ហើយមានចំណាស់ដូចគ្នា។
តាមប្រសាសន៍របស់លោក លូអ៊ី ម៉ាល្លើរេ : ’ឯកភាពនៃក្បូរក្បាច់រចនា ធ្វើឲ្យយើងគិតថា ទីក្រុងបុរាណអូរកែវ (កម្ពុជាក្រោម) គឺជាមណ្ឌលវប្បធម៌របស់ហ្វូ-ណន ដែលមានសិប្បកម្មថ្ម (…) ហើយនៅប្រទេសសៀម ម៉ាឡេស៊ី ហើយជាបន្ទាប់បន្សំនៅភូមាផងដែរ ពោលគឺនៅលើតំបន់ទាំងឡាយណាដែលអាណាចក្រហ្វូ-ណន បានលាតសន្ធឹងដល់ ទាំងនេះគួរគប្បីត្រូវមានការធ្វើអង្កេត (Cf. Malleret, L. Notes archeologiques : intailles et cachettes du Cambodge Continental)”។
សរុបសេចក្តីមក ប្រសិនបើយើងចង់សិក្សាអំពីសំណង់វប្បធម៌ សម្ភារៈរបស់ជនជាតិខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នឲ្យ បានត្រឹមត្រូវពេញលេញ គម្បីយើងត្រូវពិនិត្យនូវបរិបទភូមិសាស្ត្រដើមជាប្រវត្តិសាស្ត្រ ដែលបានឲ្យកំណើតវប្បធម៌ខ្មែរជាមុនសិន។ ព្រោះថា តំបន់សំខាន់ៗមួយចំនួនរបស់អតីតទឹកដីខ្មែរ ត្រូវបានផ្តាច់ចេញពីមាតុភូមិរបស់ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ចាប់តាំងពីដើមសម័យចេនឡា ឬក៏ចាប់តាំងពីតាមសម័យកាលនៃប្រវត្តិសាស្ត្រ ហើយនៅលើអតីតទឹកដីខ្មែរនោះ ដូនតាខ្មែរបានបន្សល់នូវស្លាកស្នាមវប្បធម៌តែប៉ុណ្ណោះ។

ផែនទីនៃចក្រភពនគរភ្នំ តាមឯកសារចិន ពីស.វទី ១ ដល់ទី ៦-៧ មុនការបង្កើតរដ្ឋមនទ្វារវតី និង ផែនទីនៃឧបទ្វីបឥណ្ឌូចិនទាំងមូល

ជាមូលដ្ឋានគ្រឹះយ៉ាងមាំមួយសម្រាប់ការចងក្រងទំព័រ ប្រវត្តិសាស្ត្ររបស់អតីតព្រះរាជាណាចក្រកម្ពុជាឡើងវិញ អង្កាំបុរាណទាំងឡាយ ដែលជាម្យ៉ាងទៀតជាសញ្ញាបង្ហាញអំពីសកម្មភាពសេដ្ឋកិច្ចចម្បងនាសម័យ នគរភ្នំផងដែរ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមគួរឲ្យកត់សម្គាល់។

ខ. សារសំខាន់ និងប្រភពអង្កាំបុរាណនៅអង្គរបុរី និងភូមិស្នាយ
ការប្រើគ្រាប់អង្កាំ ជាគ្រឿងលំអរខ្លួនប្រាណរបស់ស្ត្រី និងបុរសដែលមានគ្រប់ទិសទីលើលោក បានចាក់គ្រឹះយ៉ាងមាំក្នុងប្រពៃណីនៃកុលសម្ព័ន្ធខ្មែរដើម ដែលសព្វថ្ងៃបានក្លាយទៅជាជនជាតិភាគតិច ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែនដីគោក តាំងពីយូរអង្វែងណាស់មកហើយ ពោលគឺតាំងពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្នភាពនេះ។ ប្រការនេះ គឺជាទឹកតាងប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់ ដែលបង្ហាញថា មិនមែនជនជាតិបរទេសទេ ដែលបានបង្រៀនបង្ហាត់ខ្មែរឲ្យចេះប្រើ ឬនិយមគ្រឿងអលង្ការ។ ដោយសារតែលក្ខណៈសម្បត្តិបែបនេះហើយ ទើបយើងអាចចាត់ទុកថាអង្កាំអាចជាកត្តាកំណត់កាលបរិចេ្ឆទនូវព្រឹ តិ្តការណ៍ជាប្រវត្តិសាស្ត្រ មួយចំនួនគួរឲ្យកត់សម្គាល់ក្នុងអតីតកាលដ៏យូរលង់មុនឥណ្ឌូរូបនិយក ម្ម។
នៅទីនេះ គ្រាប់អង្កាំមួយចំនួនតូច ដែលយើងបានជ្រើសរើស ក្នុងចំណោមអង្កាំដ៏ច្រើនលើសលប់ ឥតគណនា ដែលបានមកពីអង្គរបុរី និងភូមិស្នាយដើម្បីយកមកចុះផ្សាយជូនជាពត៌មាន គឺស្ថិតក្នុងបរិបទវប្បធម៌ហ្វូ-ណន ពីស.វទី ១ ដល់ស.វទី ៧។ គ្រាប់អង្កាំដែលមកពីស្ថានីយ៍ទាំងពីរខាងលើនេះ ហើយមានលក្ខណះដូចគ្នាបេះបិទ មិនថា នៅតំបន់កំពង់ផែរសមុទ្រអូរកែវ ឬនៅក្នុងភូមិភាគខាងត្បូវនៃព្រះរាជាណាចក្រថៃបច្ចុប្បន្ន ឬក៏នៅជ្រោយមលយូ ដូចករណីនៅខេត្តក្របីជាដើម ដែលបានធ្វើការជួញដូរជាមួយឥណ្ឌា រួមមានកោះស្រីលង្កា នេះជាការសន្និដ្ឋានក្នុងដំណាក់កាលដំបូងរបស់យើង តែទន្ទឹមនឹងទំនាក់ទំនងនឹងឥណ្ឌា ជនជាតិខ្មែរនាសម័យបុរាណនោះក៏បានធ្វើពាណិជ្ជកម្មជាប្រយោល ឬ ដោយត្រង់ៗតែម្តង ជាមួយនឹងជនជាតិហ្គ្រិចកូ-រ៉ូម៉ាំងផងដែរ តាមផ្លូវសមុទ្រ។ ម្ល៉ោះហើយក៏មានការនាំចូលនូវអង្កាំជាច្រើនប្រភេទ មកពីឥណ្ឌាចក្រភពរ៉ូម៉ាំង ដែលមានអាយុចាស់ជាងអង្កាំមកពីឥណ្ឌាបន្តិច។
សរុបសេចក្តីមក ក្រៅពីចំណុចឯកភាពខាងគ្រឿងអលង្ការ អង្កាំដែលបង្ហាញកាន់តែច្បាស់ពីតួនាទីយ៉ាងសំខាន់ និងប្រភពរបស់វា ក្នុងសង្គមខ្មែរនាបុរេអង្គរនៃចក្រភពហ្វូ-ណនមក គ្រាប់អង្កាំទាំងនោះ ដូចទើបពោលក៏ជាកត្តាបង្ហាញឲ្យឃើញនូវវឌ្ឍនភាពរបស់ខ្មែរនាសម័យ នោះផងដែរ ដែលចូលចិត្តតុបតែងខ្លួនប្រាណយ៉ាងល្អវិចិត្រ។ ដូច្នេះ ឃើញថា អង្កាំមានច្រើនបែប ច្រើនយ៉ាងណាស់ សឹងរាប់មិនអស់ ត្រូវបានពេញនិយមនៅលើទឹកដីខ្មែរបុរាណ។ ទាំងនេះ គឺជាភាពមួយដ៏សំខាន់នៃខឿនវប្បធម៌ខ្មែរ ដែលយើងគ្រាន់តែលើកមកជាឧទាហរណ៍ក្នុងការអធិប្បាយអំពីវឌ្ឍនភាពនៃ សម័យនគរភ្នំ ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សខ្មែរនាសម័យបុរាណ។ ដូច្នេះឃើញថា វប្បធម៌នគរភ្នំ មានភាពរុងរឿងថ្គុំថ្កានណាស់។
បើតាមការពិនិត្យមើលទៅឃើញថា គ្រាប់អង្កាំដែលបាននាំចូលតាមរយៈកំពង់ផែសមុទ្រផ្សេងៗ បន្តិចម្តង ហើយដោយសន្សឹមបានលាតសន្ធឹងគ្របដណ្តប់ទៅលើតំបន់នានានៃអតីតទឹកដី ខ្មែរ ដោយហេតុថា អង្កាំ គឺជារបស់មានតម្លៃ។ នេះហើយជាហេតុមួយបង្ហាញឲ្យឃើញភាពដូចគ្នានៃអង្កាំនៅអង្គរបុរី និងអង្កាំនៅភូមិស្នាយ ឬក៏អង្កាំនៅស្វាយចេក។
២. ប្រភេទ និង ភិនភាគនៃគ្រាប់អង្កាំ
តាមការស្រាវជ្រាវ អង្កាំសំខាន់ៗ ក្នុងបរិវេណនៃទីក្រុងអង្គរបុរី ឬវ្យាធបុរៈ អាចចែកចេញជា ៤ ក្រុម។ ក្រុមទី ១ គឺមកពីសម័យមុនឥណ្ឌូរូបនិយកម្មធ្វើអំពីសំបកខ្យង, ឆ្អឹងសត្វ ឬធ្មេញសត្វ ឬក៏ដីដុត។ ក្រុមទី២ មកពីប្រទេសឥណ្ឌា និងក្រុមទី៣ មកពីចក្រភពក្រិច កូ-រ៉ូមាំង។ មិនតែប៉ុណ្ណោះទេ យើងក៏បានប្រទះអង្កាំមួយប្រភេទទី៤ ដែលធ្វើអំពីថ្ម យក់ មានប្រភពចេញពីប្រទេសចិនដែរ។ តែនៅទីនេះ យើងសូមផ្តោតអារម្មណ៍ទៅលើតែអង្កាំ មានប្រភពពីឥណ្ឌា និងក្រិចកូ-រ៉ូម៉ាំងតែប៉ុណ្ណោះ ដែលជាកម្មវត្ថុនៃអត្ថបទនេះ។ គ្រាប់អង្កាំនាសម័យបុរេប្រវត្តិសាស្ត្រ និងត្រូវយកមកសិក្សាវិភាគក្នុងអត្ថបទមួយនៅពេលក្រោយទៀត។
សូមបញ្ជាក់ដែរថា នៅតាមស្ថានីយ៍ប្រវត្តិសាស្ត្រខ្មែរ យើងក៏បានជួបនូវគ្រាប់អង្កាំធ្វើអំពីមាស, សំណ, ស្ពាន់ និង ដីដុត មានផាត់ពណ៌ ព្រមទាំងអង្កាំកែវស្លគ្រប់ពណ៌គួរឲ្យគយគន់ណាស់។
ស្តីពីរូបរាងនៃគ្រាប់អង្កាំ ដែលមានបែបផ្សេងៗពីគ្នា ជាសេចក្តីសង្ខេប យើងឃើញមានអង្កាំរាងត្រប៉ែត, មូល, រាង៤ជ្រុងទ្រវែង, ប្រាំជ្រុង ឬក៏អង្កាំមានរាងដូចផ្លែម្កាក់ ឬផ្លែត្រល់ មានគូថស្រួច៘ អង្កាំដែលមកពីចក្រភពហ្គ្រិចកូ-រ៉ូម៉ាំង ភាគច្រើនលំអរដោយក្បាលមនុស្ស ហៅថា ’អង្កាំភ្នែក” សត្វមាន់ និងផ្កាជាដើម។ នេះបើយោលើទិន្នន័យខាងបុរាណវិទ្យា ដែលយើងបានមកព្រមៗគ្នា តាមរយៈការចុះស្រាវជ្រាវផ្ទាល់។ ដូចនេះនាសម័យនគរភ្នំ អង្កាំបុរាណក្នុងព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃមានច្រើនប្រភេទ និងទ្រង់ទ្រាយណាស់។ តាមការប៉ាន់ស្មានមានប្រមាណជា ១០០ប្រភេទខុសៗគ្នា។ តាមការស្រាវជ្រាវផ្ទាល់ បង្ហាញឲ្យយើងដឹងថា តាមពិតអង្កាំទាំងនោះបញ្ជាក់ឲ្យដឹងថា សម័យនេះជាសម័យរុងរឿង គ្រាប់អង្កាំបរទេសមានទីផ្សាយ៉ាងធំធេងណាស់នៅនគរភ្នំ។ យ៉ាណាមិញ យើងក៏ដឹងដែរថា ទំនាក់ទំនងរវាស្ថានីយ៍ប្រវត្តិសាស្ត្រ អ៊ូថង, អូរកែវ អង្គរបុរី និងស្ថានីយ៍ផ្សេងៗនៅក្នុងឈូងសមុទ្រសៀមផងនៅក្នុងសម័យនោះ ដែលស្ថិតក្នុងបរិវេណនៃបង្គោលសិមារបស់នគរភ្នំ មានភាពរីកចំរើន រីកសុះសាយគ្រប់ទិសទី ជាពិសេស នៅតាមទីតាំងណាដែលស្ថិតនៅចំផ្លូវជំនួញអន្តរជាតិសមុទ្រ ឬក៏មានប្រព័ន្ធធារាសាស្ត្រ។ ចំពោះឧត្តមភាពនៃអង្គាំ មានទិន្នន័យខាងបុរាណវិទ្យា បង្ហាញបញ្ជាក់ឲ្យដឹងថា នាសម័យនគរភ្នំ តំបន់ដែលមានប្រវត្តិដ៏យូរលង់នោះ ហើយរុងរឿងជាងគេ គឺភាគច្រើនជាតំបន់ដែលស្ថិតនៅតាមដងទន្លេមេគង្គ រួមមានម្តុំអូរកែវ និងអង្គរបុរី និងតំបន់ព្រះចេត្យីសាមអង្គ (ចេត្យី ៣) នៅភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន ដែលពីដើមគឺជាផ្លូវត្រឡែងកែង ផ្សាភ្ជាប់តំបន់នានា ពីឈូងសមុទ្រសៀមទៅឈូសមុទ្របេងហ្គាល ដូចការប្រើអង្កាំ និងកាក់ដែលជារូបិយវត្ថុ ដែលមានសញ្ញាស្រីវត្ស និងព្រះអាទិត្យមួយកំណាត់រះ ហើយមួយកំណាត់ទៀតលិច ក្នុងការជួញដូរជាភស្តុតាងស្រាប់ ហើយការផ្លាស់ប្តូរទម្រង់សង្គមក៏បាននុវត្តឡើង ដោយការប្រមូលផ្តុំគ្នានៃសហគមន៍នានា ក្រោមការគ្រប់គ្រងបែបរាជានិយម ហើយជាអ្វីមួយដែលបានធ្វើឲ្យវប្បធម៌ដើមដុះដាល រីកស្គុះស្គាយនៅតាមបុរីធំ តូចទាំងឡាយក្នុងទឹកដីហ្វូ-ណន។
ទីក្រុង ឬបុរីបុរាណទាំងនោះ ដូចអង្គរបុរី និងអ៊ូថងជាដើមដែលជារាជធានីសំខាន់ជាងគេក្នុងសម័យនោះ ដោយសារព្រះវត្តមានរបស់ព្រះមហាក្សត្រប្រថាប់គង់នៅ មិនមែនគ្រាន់តែជាទីប្រជុំដែលមានមនុស្សរស់នៅយ៉ាងកុះករតែប៉ុណ្ណោះទេ ត្បិតភាពមមាញឹកខាងពាណិជ្ជកម្ម ជាអត្តិភាព ក៏ប៉ុន្តែជាមជ្ឈមណ្ឌលវប្បធម៌សាសនា និងនយោបាយផងដែរ ដូចនេះ ភាគច្រើន ទីតាំងទាំងនោះស្ថិតនៅតាមដងទន្លេចៅប្រាយ៉ា និង តាមដងទន្លេមេគង្គសព្វថ្ងៃនេះ។ អ្វីមួយដែលបានផ្តល់នូវភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា។ សូមជម្រាបថា ចុងក្រោយជាតំបន់ទាំងនោះថាជាដាច់ខាត មិនអាចផ្តាច់ចេញពីតំបន់នៃឈូងសមុទ្រថៃ និងជ្រោយម៉ាឡេស៊ីសព្វថ្ងៃដែរ ដែលធ្លាប់មានទំនាក់ទំនងខាងពាណិជ្ជកម្មអន្តរជាតិយ៉ាងសកម្ម ហើយជាអតីតដែនដីរបស់ហ្វូ-ណន ដែលជារដ្ឋដំបូងបង្អស់របស់ជនជាតិខ្មែរ។
ម្យ៉ាងវិញទៀត កុំភ្លេចថា កាលពី ២៤០០ ទៅ ២០០០ឆ្នាំ មុន ទីក្រុងអ៊ូថង នៅខេត្តសុផាន់បុរីបច្ចុប្បន្នត្រូវបានផ្សាភ្ជាប់ជាមួយដែនដីសណ្តនៃ ដងទន្លេចៅប្រាយ៉ា។ ឯកភាពខាងភូគម្ភសាស្ត្រ និងការលេចធ្លោនៃទីក្រុងបុរាណឡើងប្រាកដដល់ភ្នែករបស់អ្នកបុរាណ វិទូ ក៏បានស្តែងចេញតាមរយៈវណ្ណកម្មនានាផងដែរ ដែលជាមរតកវប្បធម៌ដ៏សម្បូរបែប។ គឺប្រការចម្បងនេះហើយ ដែលជាមូលហេតុចង្អុលបង្ហាញថា ខេត្តផ្សេងៗឯទៀតក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន ក៏ជាអតីតទឹកដីហ្វូ-ណនយ៉ាងប្រាកដ។
ខាងលើនេះ គឺជាទិដ្ឋភាពភូមិសាស្ត្រដែលបានកើតមានឡើកាលពី ២៥០០ ទៅ ២០០០ឆ្នាំមុន ដែលក្នុងសម័យនោះ ទីក្រុងអ៊ូថងស្ថិតមិនឆ្ងាយប៉ុន្មានពីទីក្រុងអង្គរបុរី ដែលមានកំពង់អូរកែវ។ ព្រោះថា នាសម័យនោះ វាលទំនាបនៃដងទន្លេចៅប្រាយ៉ា ទើបតែត្រូវបានកកើតឡើង។ ហើយបញ្ហានេះ ពិតជាមានសារសំខាន់បំផុត សម្រាប់ស្វែងយល់អំពីវប្បធម៌បុរាណក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែនដីគោក។
ដូចពោលខាងលើ នៅតាមស្ថានីយ៍នានាខាងលើនេះ ដូចយើងដឹងស្រាប់ ចាប់តាំងពីសម័យបុរេប្រវត្តិសាស្ត្រមក រវាងស.វទី២ មុនគ.ស និង ៦០០នៃគ.ស គេបានរកឃើញអង្កាំធ្វើអំពីកែវ និងដីដុត មកពីចក្រភពហ្គ្រិចកូ-រ៉ូម៉ាំង ព្រមទាំងអង្កាំថ្មពីរប្រភេទទៀត ដែលអ្នកបុរាណវិទូហៅថា ក័រណាល៉ីន (Cornaline) និង អាហ្គាត (agate beads) ដែលប្រភពដើម អាចមកពីចក្រភពហ្គ្រិចកូ-រ៉ូម៉ាំង តាមរយៈឥណ្ឌា។ ដូច្នេះតទៅនេះ យើងសូមលើកអង្កាំទាំងពីរប្រភេទខាងលើនេះ ដើម្បីអធិប្បាយត្រួសៗជាទីបំផុតំពីប្រភពនៃត្បូងថ្មដ៏មានតម្លៃ ទាំងនោះ។
បើគិតជាតម្លៃ និងសោភណ្ឌភាព ត្បូងថ្មទាំងនោះក្នុងអតីតកាល ពិតជាវត្ថុកម្រ ហើយមានតម្លៃខ្ពស់បំផុត។ នៅក្នុងក្របខណ្ឌនៃការស្រាវជ្រាវនេះ យើងមិនអាចមានលទ្ធភាពនឹងបរិយាយឲ្យបានវែងឆ្ងាយបានទេ ចំពោះប្រភពដើមនៃប្រភេទថ្មទាំងនោះ។ យើងគ្រាន់តែសូមធ្វើការកត់សម្គាល់ខ្លះៗតែប៉ុណ្ណោះ។
ពាក់ព័ន្ធទៅនឹងប្រភពនៃអង្កាំថ្មក័រណាល៉ីន សូមបញ្ជាក់ថា ប្រភេទនោះមានរាងមូល ហើយពណ៌ទឹកក្រូច គុជ គួរឲ្យគយគន់ណាស់។ ដូចពោលខាងលើ ថ្មក័រណាល៉ិន ក៏ដូចគ្រាប់អង្កាំអាហ្គាត ដែលមានពណ៌ខ្មៅ ហើយមានឆ្នូតៗ ត្រូវបាននាំចូលពីប្រទេសក្រៅយ៉ាងប្រាកដ ជាពិសេស ពីឥណ្ឌា ឬក៏ពីប្រទេសរ៉ូម៉ាំង តាមរយៈឥណ្ឌា។
ហេតុដែលគេសន្និដ្ឋានថា ថ្មក័រណាល៉ិន និង អាហ្គាត បានមកពីប្រទេសឥណ្ឌា ឬពីប្រទេសអ៊ីតាលីបុរាណ ដោយសារតែគេពុំបានជួបប្រទះការដ្ឋាននៃប្រភេទត្បូងថ្មទាំងនោះ នៅអាស៊ីអាគ្នេយ៍រហូតដល់សព្វថ្ងៃ។ ទោះបី ជាទូទៅ គេសង្កេតឃើញថា មានការផលិតគ្រាប់អង្កាំផ្ទាំងនៅក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃ បច្ចុប្បន្ន ដូចជា នៅខេត្តក្របី ខេត្តឈុមផន ខេត្តតាកែវ និងអាងយ៉ាង (កម្ពុជាក្រោម) អតីតទឹកដីរបស់ហ្វូ-ណនជាដើមក៏ដោយ។ តែវត្ថុធាតុដើម គឺថ្មក័រណាល៉ិន និងអាហ្គាត ពិតជាត្រូវបានដឹកមកពីក្រៅ ហើយកែច្នៃនៅនឹងកន្លែងផ្ទាល់ ពោលគឺនៅតាមកំពង់ផែរដឹកជញ្ជូនឥវ៉ាន់តាមតំបន់ឆ្នេរចិន និងសៀមសព្វថ្ងៃ។
ឧទាហរណ៍ជាក់ស្តែង នៅអង្គរបុរី បំណែកនៃគ្រាប់អង្កាំ ធ្វើអំពីក័រណាល៉ីន និងអាហ្កាតមួយចំនួន ដែលត្រូវគេបោះបង់ចោល ព្រោះត្រូវប្រេះឬបែក ឬក៏ពុំទាន់ត្រូវបានកែច្នៃ រំលីង រួចត្រូវបានគេជួបប្រទះ អាចអនុញ្ញាតឲ្យយើងគាំទ្រនូវទស្សនៈខាងលើនេះ។ ក៏ប៉ុន្តែក្នុងដំណាក់កាលនេះ យើងនៅតែមិនទាន់ដឹងថា ការដ្ឋានថ្មទាំងពីរប្រភេទនេះ មកពីប្រទេសណាដោយពិតនៅឡើយទេ។ ពោលខាងលើ មានន័យថា ប្រភពដើមពុំទាន់កំណត់បាននៅឡើយ។
សូមជម្រាបផងដែរថា ចំណុចមួយទៀត ដែលយើងចង់បំភ្លឺដែរ គឺចំណាស់នៃអង្កាំគ្រប់ប្រភេទ ដែលគេបានរកឃើញ ដែលអាចរួមចំណែកក្នុងការស្វែងយល់អំពីវប្បធម៌ខ្មែរមុនការលេចធ្លោនៃ រដ្ឋមនឈ្មោះថា ទ្វារវតីនៅចុងស.វទី ៦ ដើមស.វទី ៨។ ក្រៅពីបានសិក្សាអង្កាំទាំងនោះរួច ទើបយើងដឹងថា អ្វីដែលអ្នកបុរាណវិទូខ្លះហៅថា អង្កាំមន ទ្វារវតី ជាការខុសឆ្គង ដោយហេតុថា នគរមននេះមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយក្នុងសម័យកាលព្រមគ្នា ជាមួយនឹងហ្វូ-ណន តែក្រោយហ្វូ-ណនប្រមាណជា ៦-៧ សតវត្សរ៍ នៅពេលដែលរដ្ឋខ្មែរដំបូងនេះត្រូវបាក់បែកដោយអោនភាព បណ្តាលមកពីវិបិត្តនយោបាយ និងសេដ្ឋកិច្ច។ បើនិយាយមួយបែប ទោះបីជានាដើមទស្សវត្សរ៍ទី ១ និងទី៥ ជនជាតិខ្មែរ និងមន មិនទាន់បំបែកចេញពីគ្នាក៏ដោយ ក៏ប៉ុន្តែ យើងគ្មានហេតុផលណាមួយ ធ្វើឲ្យយើងបញ្ចូលសំណង់វប្បធម៌សម្ភារៈនាសម័យវប្បធម៌ហ្វូ-ណន មុនចូលស.វទី ៦ ចូល និងសម័យវប្បធម៌ទ្វារវតី ចូលក្នុងពុម្ពតែមួយបានឡើយ។ ព្រោះថា វប្បធម៌ទាំងពីរ ពុំមានកាលបរិច្ឆេទដូចគ្នាឡើយ។
សរុបមក តាមរយៈប្រភេទអង្កាំថ្ម ក័រណាល៉ីន និង អាហ្គាត ខាងលើនេះ យើងឃើញថា បុព្វការីជនខ្មែរ ដែលរស់នៅក្នុងទឹកដីហ្វូ-ណន ពិតជាបានមានទំនាក់ទំនងត្រង់ៗតែម្តងជាមួយជនជាតិឥណ្ឌា ឬក៏ជាជនជាតិហ្គ្រិចកូ-រ៉ូម៉ាំង ឬក៏ជាមួយជនជាតិហ្គ្រិចកូ-រ៉ូម៉ាំង តាមរយៈពួកឥណ្ឌា ដែលបានរកស៊ីជាមួយខ្មែរ ហើយបានចូលរួមវិភាគទានក្នុងការស្ថាបនាខឿនវប្បធម៌ដ៏សម្បូរបែបរបស់ ខ្មែរនាសម័យបុរេអង្គរ។
ជាសេចក្តីសន្និដ្ឋាន យើងអាចនិយាយបានថា ក្រៅពីគ្រាប់អង្កាំហ្គ្រិចកូ-រ៉ូម៉ាំង ដែលបង្ហាញភាពរុងរឿង ខាងសម្បត្តិវប្បធម៌នាមុនដើមសម័យប្រវត្តិសាស្ត្របន្តិច គេក៏បានរកឃើញអង្កាំមកពីឥណ្ឌាដែរ ចាប់តាំងពីស.វទី១ រហូតដល់ស.វទី ៧។ បើយោងលើប្រភពឯកសារពន្ធុវិទ្យា យើងអាចដឹងជាប្រយោលថា គឺជនជាតិឥណ្ឌាទេ ដែលបានបង្ហាត់បង្រៀនខ្មែរឲ្យចេះផលិតអង្កាំថ្ម ឬស្លអង្កាំកែវ ក្នុងដំណាក់កាលដំបូង។ ដោយហេតុថា វិធីផលិត និងតុបតែងលំអគ្រាប់អង្កាំថ្ម និងកែវ ជាពិសេសថ្ម ដោយសិប្បករឥណ្ឌាមិនបានផ្លាស់ប្តូរប៉ុន្មានទេ ក្នុងអម្លុង ២៣០០ឆ្នាំ ចុងក្រោយនេះ។ ផ្ទុយទៅវិញ ប្រពៃណីនេះ ត្រូវបានបាត់បង់ទៅហើយនៅប្រទេសកម្ពុជាបច្ចុប្បន្ន ហើយអង្កាំដែលប្រើប្រាស់សព្វថ្ងៃ ត្រូវបាននាំចូលពីក្រៅទាំងអស់។
ចំពោះវិធីផលិត សូមរំលឹកថាគឺ បើគេចង់បានអង្កាំពណ៌ស គេត្រូវយកទឹកសូដាចុចលើសំបកអង្កាំ ហើយក្រោយពីទឹកសូដា បានជ្រួតជ្រាបសាយភាយក្រោមសំបកថ្ម ក៏ញ៉ាំងឲ្យកើតពណ៌សឡើង។ ជួនកាល គេក៏យកគ្រាប់អង្កាំស គូសជាមួយក្រមួនឃ្មុំ យកត្រាំទឹកល្អ រួចហើយក៏យកទៅដុតនឹងភ្លើង ធ្វើឲ្យអង្កាំជាពណ៌សនោះ ក្លាយទៅជាពណ៌ត្នោតចាស់ ត្នោតលាយខ្មៅ និងពណ៌ប្រផេះ យ៉ាងស្រស់បំព្រង។ មានសញ្ញាណជាច្រើន ដែលសឲ្យឃើញថា មនុស្សខ្មែរនាសម័យនគរភ្នំ ពិតជាបានរៀនបច្ចេកទេសនៃការផលិតអង្កាំតាមរយៈឥណ្ឌា។ នេះជាប្រការមួយ ធ្វើឲ្យយើងពិបាកនឹងដឹងថា តើអង្កាំមួយណា ដែលត្រូវបាននាំចូល ហើយមួយណាទៀតត្រូវបានផលិតក្នុងស្រុក។
គុណភាព សោភ័ណ្ឌភាព កាន់តែប្រសើឡើង ជាភស្តុតាងបង្ហាញនូវទេពកោសល្យខ្ពស់ក្នុងការផលិត ឬកែច្នៃប្រឌិត របស់សិប្បករនាសម័យហ្វូ-ណន ក៏ដូចក្នុងការវាយតម្លៃលើទីផ្សារដ៏ធំធេង បើមើលលើផែនទីនៃការចែកចាយអង្កាំ។ តែនៅមានលក្ខណៈពិសេសមួយ គឺការឆ្លាក់ក្បាច់ក្បូរទាំងនោះឡើង ក៏ដោយសារឥទ្ធិពលជំនឿជីវចលនិយមខ្មែរផងដែរ ដែលពួកគេបានបង្កប់នូវនិមិត្តរូបភាពមួយ គឺសារធាតុពិសិដ្ឋមួយ ដែលអាចផ្តល់នូវសិរីមង្គល និងភាពសម្បូរសប្បាយផូរផង់ហូរហែរចំពោះអ្នកនិយមប្រើប្រាស់ គ្រាប់អង្កាំទាំងនោះ មិនថាធ្វើអំពីថ្មក័រណាល៉ិន អាហ្គាត ឬក៏កែវស្ល ដែលមានពណ៌ខុសៗគ្នា តាមកំដៅនៃការដុត ឬតាមការបង់ពណ៌។ ភាគច្រើនគ្រាប់អង្កាំមានរាងមូល ខ្លះមានឆ្នូត, ខ្លះមានរាងជាបំពង់វែងបែបកាថា ទំហំប៉ុនផ្លែមៀនខ្មែរ រមូរបារី ឬតូចជាងបន្តិច ដែលគេចងជាខ្សែបំពាក់នៅក ឬនៅចង្កេះសព។ ក្រៅពីនេះ យើងក៏បានជួបប្រទះចិញ្ចៀននៅអង្គរបុរី និងរូបសត្វមួយចំនួន ដូចជាខ្លា និងដំរីនៅភូមិស្នាយ ខេត្តបន្ទាយមានជ័យធ្វើំអំពីថ្មក័រណាល៉ិនដែរ ដែលគេពាក់នៅដៃ និងជាបន្តោងក ក្រៅពីនេះ ក៏មានគ្រាប់អង្កាំខ្លះទាក់ទងទៅនឹងវិស័យហោរាសាស្ត្រ តារាសាស្ត្រ និងគណិតសាស្ត្រផងដែរ ជាពិសេសអង្កាំមានប្រភពពីរ៉ូម៉ាំង។
សេចក្តីខាងលើនេះ ពុំមែនជាលទ្ធផលនៃការស្រាវជ្រាវអំពីអង្កាំខ្មែរឲ្យស៊ីជម្រៅទេ ព្រោះវាគ្រាន់តែជាជំហ៊ានទី១ នៃដំណើរមួយដ៏វែងឆ្ងាយក្នុងវិស័យបុរាណវិទ្យាប៉ុណ្ណោះ។ កុំភ្លេចថា អង្កាំគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ដោយវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរតាំងពីសម័យ បុរេប្រវត្តិសាស្ត្រ រហូតដល់បច្ចុប្បន្នភាព។ បើសង្ខេបតែមួយម៉ាត់មក ដូចសិលាចារឹក គ្រាប់អង្កាំបុរាណក៏ជាកត្តាកំណត់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផងដែរ ដែលគប្បីប្រវត្តិវិទូមិនត្រូវមើលរំលងក្នុងការសិក្សាវិនិច្ឆ័យអំពី វប្បធម៌របស់មនុស្សជាតិ។
សរុបសេចក្តីមក សារសំខាន់នៃអង្កាំបុរាណ គឺការបង្ហាញនូវទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងខ្មែរក្នុងទឹកដី ហ្វូ-ណន និងបរទេស តាមសម័យកាលនីមួយៗនៃប្រវត្តិសាស្ត្រ។ ដោយយោងតាមគំហើញខាងបុរាណវិទ្យា ទើបយើងដឹងថ្មីៗនេះថា បុព្វបុរសខ្មែរក្នុងសម័យហ្វូ-ណន បាននាំអង្កាំចូលពីឥណ្ឌាតាមរយៈកោះស្រីលង្កា ស្ទើរតែទាំងអស់ មិនដូចសម័យបុរេប្រវត្តិសាស្ត្រឡើយ តែទំនាក់ទំនងត្រូវបានធ្វើតាមផ្លូវគោក ដោយប្រើរយៈពេលវែងជាទីបំផុត។ បើនិយាយម្យ៉ាងទៀត ខុសពីសម័យប្រវត្តិសាស្ត្រ ទំនាក់ទំនងខាងពាណិជ្ជកម្មអន្តរទ្វីបត្រូវធ្វើឡើងទាំងផ្លូវទឹក (និងទាំងផ្លូវគោក នាសម័យបុរេប្រវត្តិសាស្ត្រ ដែលមិនទាន់មានការស្ថាបនានូវសំពៅជំនួញធំៗ) វិស័យពាណិជ្ជកម្មត្រូវបានអនុវត្តតាមផ្លូវគោក ដោយថ្មើរជើង ឬដោយប្រើប្រាស់ដំរីជាយានជំនិះ។
សូមបញ្ជាក់ថា ដើម្បីធ្វើដំណើរមកកាន់តំបន់មួយចំនួន ដែលស្ថិតក្នុងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ន ជាពិសេសស្រុកគុរៈបុរី បច្ចុប្បន្ន គេអាចធ្វើដំណើរដោយសំពៅចេញពីឆ្នេរសមុទ្រនៃរដ្ឋក្លិង្គ (Kalinga) ហើយពីនោះ គេអាចធ្វើដំណើរបន្តតាមផ្លូវគោកដល់ស្រុកជុមផាន់។ ឬក៏ធ្វើដំណើរដោយសំពៅដដែល ដើម្បីទៅកាន់ តំបន់នានា ដែលស្ថិតនៅឆ្នេរសមុទ្រចិន រួមមានដែនដីសណ្តកម្ពុជាក្រោម ដូចជាអូរកែវជាដើម យ៉ាងណាមិញ គេក៏អាចធ្វើដំណើរតាមសំពៅ ដោយចេញពីកោះស្រីលង្កាដែរ ដើម្បីមកកាន់ស្រុកគុរបុរី ឬក៏ជ្រោយមលយូ (ម៉ាឡាក)។

ក. ប្រភេទអង្កាំ ហ្គ្រិចកូ-រ៉ូម៉ាំង ធ្វើអំពីកែវស្ល មកពីអង្គរបុរី

 

 

ខ. អង្កាំមានប្រភពចេញពីឥណ្ឌា ជាថ្មក័រណាល៉ីន និង អាហ្កាត

គ. អង្កាំប្រភពមកពីឥណ្ឌាធ្វើអំពីដីដុត

   ឃ. អង្កាំប្រភពមកពីឥណ្ឌា ធ្វើអំពីថ្ម ឬត្បូងថ្ម

   ង. អង្កាំប្រភពមកពីឥណ្ឌា ធ្វើអំពី កែវស្ល

 

ច. អង្កាំកែវស្ល និង ថ្មក័រណាល៉ីន និង អាហ្កាត មកពីស្ថានីយ៍ភូមិស្នាយ ខេត្តបន្ទាយជ័យ

ឆ. អង្កាំប្រភពមកពីចិន ធ្វើអំពីថ្មយក់ ភូមិស្នាយ និងអង្គរបុរី

និមិត្តរូបនៃភ្នំព្រះរាជទ្រព្យ តាមរយៈសំណង់ស្ថាបត្យកម្មបុរេអង្គរ និង អង្គរ


ការស្រាវជ្រាវខាងបុរាណវិទ្យា និងឯកសារផ្សេងៗមួយចំនួន ដើម្បីសរសេរអត្ថបទនេះ ក្នុងបំណងបង្ហាញសារសំខាន់នៃទីក្រុងឧត្តុង្គ ដែលមាន ភ្នំព្រះរាជទ្រព្យ ជាទីគោរពសក្ការៈដ៏សំខាន់ជាងគេ ក្នុងប្រវត្តិសាស្ត្រខ្មែរនាសម័យក្រោយអង្គរ ។ ការណ៍នេះក៏ព្រោះតែយើងធ្លាប់សង្កេតឃើញសាមញ្ញជន ដែលខ្វះការត្រិះរិះពិចារណាលើវិស័យបុរាណវិទ្យា តែងតែសរសេរថា តំបន់ភ្នំព្រះរាជទ្រព្យទើបតែមានការអភិវឌ្ឍក្នុងសម័យឧត្តុង្គ តែប៉ុណ្ណោះ ។ តាមពិតទៅ ជនទាំងនោះក្នុងឋានៈជាទេសចរណ៍ ឬជាអ្នកយកការណ៍ដែលគ្មានលទ្ធភាព នឹងយល់ចំណាស់នៃសំណង់សិល្បៈជាស្ថាបត្យកម្មនៅទីនោះ ក្រៅពីកោតសរសើរសោភ័ណ្ឌភាពនៃក្បាច់ក្បូរនៃព្រះព្រះចេតិយបុរាណ ទាំងឡាយប៉ុណ្ណោះ ។

ទីតាំងរួមនៃភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ឯកសាររបស់នាយកដ្ឋានភូមិសាស្ត្រនៃកម្ពុជា (ឯកសារ Brugmer)

បើយើងពិនិត្យត្រួសៗទៅលើទំព័រប្រវត្តិសាស្ត្រនាសម័យក្រោយអង្គរ យើងដឹងថា ភ្នំព្រះរាជទ្រព្យដែលស្ថិតមិនឆ្ងាយប៉ុន្មានពីផ្សារដែក ក្នុងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល គឺជាកន្លែងដ៏ស័ក្តិសិទ្ធិអាស្ចារ្យ តាំងពីសម័យបុរេអង្គរ និង អង្គរមកម្ល៉េះ ហើយថ្មីៗនេះទៀត ព្រះសក្យមុនីចេតិយមួយ ទើបតែត្រូវបានសាងសង់រួចដោយអតីតព្រះមហាក្សត្រខ្មែរ គឺព្រះបាទសម្តេចព្រះនរោត្តមសីហនុ ។ ម្យ៉ាងវិញទៀត នាសម័យក្រោយអង្គរ នៅលើកំពូលភ្នំខាងលើនេះ ក៏មានការសាងសង់នូវព្រះចេតិយជាច្រើនសំរាប់បញ្ចុះព្រះអដ្ឋិធាតុ នៃព្រះរាជវង្សានុវង្សខ្មែរ ។ ព្រោះថា គឺនៅទីតាំងនេះហើយដែលកាលពីឆ្នាំ១៦១៩ ដល់ឆ្នាំ១៨៦៦ ទីក្រុងឧត្តុង្គ ឬឧត្តុង្គរាជធានី ត្រូវបានបង្កើតឡើង ។ សូមរំលឹកថា ព្រះរាជធានីនេះ ដែលមានភ្នំព្រះរាជទ្រព្យជាទីគោរពសក្ការៈដូចមូលហេតុទើបពោលមក ស្ថិតនៅខាងជើងរាជធានីភ្នំពេញបច្ចុប្បន្នប្រមាណត្រឹមតែ៤១គីឡូម៉ែត្រ ប៉ុណ្ណោះ ដែលគេអាចធ្វើដំណើរយ៉ាងងាយស្រួលតាមរយៈផ្លូវជាតិលេខ៥ ។

គំនូរនៃវត្តអដ្ឋរស្ស (ឧត្តុង្គ) គំនូររបស់លោក ដឺឡាប៉ក់តើស៍ ឆ្នាំ ១៨៨០

គួរកត់សម្គាល់ផងដែរថា ភ្នំព្រះរាជទ្រព្យ មានកំពូលភ្នំតូចធំចំនួនប្រាំ មានរូបរាងដូចសត្វនាគ ដែលជាទូទៅក្នុងក្រសែភ្នែករបស់មនុស្សខ្មែរ ប្រកបដោយបុណ្យបារមីដ៏ឧត្តុង្គឧត្តមអស្ចារ្យ ។ កំពូលភ្នំទាំង៥នោះមានជាអាថ៌ គឺកំពូលភ្នំចេត្យី កំពូលភ្នំត្រៃត្រឹង្ស កំពូលភ្នំចេតិយកំពូល៤ កំពូលភ្នំព្រះអង្គចូលព្រះនិពាន្វ និងកំពូលភ្នំងអរិយ្យកាសព្វ ។ យើងក៏ដឹងទៀតថា តំបន់ភ្នំព្រះរាជទ្រព្យនេះ លាតសន្ធឹងពីជើងទៅត្បូងមានប្រវែងប្រមាណជា ១៥០០ម៉ែត្រ និងទទឹងប្រមាណជា៧០០ម៉ែត្រ ។
ចំពោះយើង ការជ្រើសលើតំបន់ភ្នំព្រះរាជទ្រព្យនេះ ដើម្បីធ្វើជាព្រះរាជធានីរបស់ព្រះរាជនគរខ្មែរ ពិតជាពាក់ព័ន្ធទៅនឹងវិស័យជំនឿសាសនា ។ បើនិយាយម្យ៉ាងទៀត មានការទាក់ទងរវាងរាជធានីឧត្តុង្គ  និងលោកធាតុវិទ្យាឥណ្ឌូ – ខ្មែរយ៉ាងប្រាកដ ហើយដោយសារមូលហេតុចម្បងនេះហើយបានជាមានការសាងសង់នូវប្រាង្គប្រាសាទ ព្រមទាំងព្រះវិហារ និងព្រះចេត្យី នៅលើកំពូលភ្នំទាំងនោះក្នុងសម័យបុរាណ ។

ការដឹកផ្តែរបុរេអង្គរចេញពីទីតាំង អដ្ឋរស្ស (ម.ត ១៩៩៥)

បើយើងពិនិត្យត្រួសៗ លើភូមិសាស្ត្រនៃតំបន់ឧត្តុង្គយើងឃើញថា ដូចសម័យអង្គររាជធានីរបស់យើង គឺសកលលោកបំព្រួញដែលហ៊ុំព័ន្ធដោយជួរភ្នំ ដែលជាកំពែងតំណាងនៅទីនេះ ដោយភ្នំព្រះរាជទ្រព្យ ហើយភ្នំនេះក៏តំណាងឲ្យភ្នំសុមេរុ ឬស្ថានត្រៃត្រឹង្សផងដែរ ។ ចំណែកមហាសមុទ្រដែលលាតសន្ធឹងជុំវិញផែនដី គឺដងទន្លេសាប ។
ពោលឲ្យខ្លីមក គឺថាទីតាំងនៃទីក្រុងឧត្តុង្គ គឺ បង្កប់នូវអត្ថន័យសាសនាដ៏ស៊ីជម្រៅមួយផ្នែកនិមិត្តរូបភាព ដែលគេបានជ្រើសរើស ឡើងមិនមែនតាមតែចិត្តចង់ ដោយពុំយល់ដឹងបទបញ្ញាត្តិ ដែលមានចែងក្នុងគម្ពីរ ឬក្បួនខ្នាតយ៉ាងត្រឹមត្រូវ ។ អាស្រ័យហេតុនេះហើយគេពុំអាចសាងសង់់ព្រះរាជធានប្រាសាទ ឬព្រះចេតិយដូចករណីចេតិយព្រះបាទអង្គឌួង និងព្រះមុនីវង្សជាដើម តាមចិត្តចង់ដោយមិនគិតគូរដល់លោកធាតុវិទ្យាបានឡើយ ។

ការដឹកផ្តែរបុរេអង្គរចេញពីទីតាំង អដ្ឋរស្ស (ម.ត ១៩៩៥)

វឌ្ឍនភាពនៃទីក្រុងឧត្តុង្គមានជ័យ ដែលជាបេះដូងនៃព្រះរាជណាចក្រកម្ពុជាសម័យក្រោយអង្គរ អាស្រ័យទៅលើកំពង់ផែរហ្លួង ដែលជាសរសៃឈាម ផ្នែកសេដ្ឋកិច្ច ។ ក្រៅពីនេះ ឆ្លងកាត់តាមប្រពៃណីរបស់ជនជាតិខ្មែរ យើងអាចនិយាយបានថា ការជ្រើសរើសទីតាំងនេះ ក៏អាស្រ័យទៅលើស្ថានភាពយុទ្ធសាស្ត្រនៃភូមិសាស្ត្រផងដែរ ។
យោងតាមការស្រាវជ្រាវរបស់យើងកាលពីឆ្នាំ ១៩៩២ – ១៩៩៣ និងភស្តុតាងជាក់ស្តែង ដែលបានរកឃើញ យើងអាចធ្វើសេចក្តីសន្និដ្ឋានថា ការគោរពបូជាភ្នំជាទូទៅនិងភ្នំព្រះរាជទ្រព្យដោយឡែក បានចាក់ឬសយ៉ាងយូរលង់ តាំងពីសម័យបុរេប្រវត្តិសាស្ត្រក្នុងសង្គមខ្មែរ ពោលគឺមុនការមកដល់នៃព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ។ គឺក្នុងបរិបទនេះហើយគេពុំអាចញែកចេញឲ្យដាច់រវាងការគោរពបូជាភ្នំ ធម្មជាតិដែលមានលក្ខណៈជាជីវចលនិយម និងភ្នំដែលតំណាងឲ្យព្រះសុមេរុ ដែលជាលំនៅស្ថានរបស់ព្រះឥសូរ ។ ដោយហេតុថានៅប្រទេសកម្ពុជា ក៏ដូចជានៅក្នុងសង្គមនានាក្នុងលោកដូច្នេះដែរ ការកសាងប្រាង្គប្រាសាទ ឬព្រះចេត្យី តែងត្រូវកសាងឡើងតាមជំនឿសាសនា ឬតាមតម្រូវការនៃបទបញ្ជាក្រឹត្យក្រម យ៉ាងជាក់ច្បាស់ ។ ដូច្នេះហើយនៅលើកំពូលភ្នំនៅប្រទេសកម្ពុជាភាគច្រើន តែងតែមានការគោរពបូជាអ្នកតាព្រៃភ្នំព្រមគ្នា នឹងការបូជាព្រះអាទិទេពឥណ្ឌាជាពិសេសព្រះឥសូរដែលជាព្រះអទិទេពនៃ ភ្នំ ជួនកាលក្រោមរូបភាពជាទេវតារូប ដែលគេតម្កល់ក្នុងប្រាសាទ ឬទេវល័យ ។
១- ករណីផ្តែរប្រាសាទបុរេអង្គរមួយ រចនាប័ថ្មព្រៃក្មេង នៅចង្កេះភ្នំ មុខវត្តព្រះពុទ្ធអដ្ឋរស្ស
នៅខែមករា ឆ្នាំ១៩៩៥ កាលនោះ យើងដែលតំណាងឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល និងប្រជារាស្ត្រមូលដ្ឋាលបាននាំគ្នាជញ្ជូនផ្តែរមេទ្វារប្រាសាទ មួយនាស.វទី៧ រចនាប័ថ្មព្រៃក្មេង ស្ថិតលើចង្កេះភ្នំ រវាងវត្ត ឬវិហារព្រះពុទ្ធអដ្ឋរស្ស និងចេតិយឥសូរ ដើម្បីថែរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ។ ករណីនៃវត្តមានរបស់ព្រះចេតិយទាំងឡាយនៅលើភ្នំព្រះរាជព្រទ្យ ក្នុងសម័យឧដ្តុង្គ ក៏បានផ្តល់ចំពោះយើងនូវលទ្ធភាពនឹងយល់ន័យទូទៅមួយនៃនិមិត្តរូបនៃ ភ្នំនេះក្នុងវប្បធម៌ខ្មែរសម័យក្រោយអង្គរដែរ ។

រូបផ្តែរ រចនាប័ថ្មព្រៃក្មេង ពេលមកដល់សារមន្ទីរជាតិភ្នំពេញ (ម.ត ១៩៩៥)

ការរំលឹកឡើងវិញនូវវត្តមានរបស់សំណល់ប្រាង្គប្រាសាទបាក់បែកបុរេ អង្គមួយ នៅលើចង្កេះភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ដែលសព្វថ្ងៃ កប់យ៉ាងជ្រៅក្នុងដីក្រោយពីការពង្រីកផ្លូវទៅកាន់ព្រះចេតិយមុន ឆ្នាំ ១៩៧០ មិនមែនធ្វើឡើងដើម្បីក្នុងបំណងវិភាគឲ្យបានល្អិតល្អន់ទៅលើរចនាបថ ក្បាច់ផ្តែរព្រៃក្មេងនាស.វទី៧ នោះទេ ។ ប៉ុន្តែដោយសារទីតាំងនៃប្រាសាទនេះស្ថិតមិនឆ្ងាយពីទីក្រុងភ្នំពេញ ករណីនេះអាចឆ្លុះបញ្ចាំងឲ្យយើងឃើញពីភាពរុងរឿង ថ្កើនថ្កាននៃវប្បធម៌សំស្ក្រឹតក្នុងតំបន់ ។ នេះក៏ជាឱកាសធ្វើឲ្យយើងឃើញដែរថា ការជ្រើសរើសរមណីដ្ឋាននេះសម្រាប់បញ្ចុះព្រះអដ្ឋិធាតុរបស់ ព្រះមហាក្សត្រខ្មែរនាសម័យក្រោយអង្គរមិនមែនជាការចៃដន្យនោះឡើយ ក៏ប៉ុន្តែសមស្របតាមសេចក្តីត្រូវការនៃជំនឿសាសនា ព្រោះថាកន្លែងនេះជាកន្លែងមួយដ៏ស័ក្តិសិទ្ធិតាមលោកធាតុវិទ្យា ឥណ្ឌា និងខ្មែរដែលជនជាតិខ្មែរគោរពសក្ការៈតាំងតែសម័យនគរភ្នំ ។
ចូរយើងក្រឡេកមើលត្រួសៗ ទំព័រប្រវត្តិសាស្ត្រចាស់នាសម័យក្រោយអង្គរ ។ ក្រោយពីបានជ្រើសរើសទីតាំងលង្វែក ឧដ្តុង្គ ធ្វើ ជារាជធានីមក ហើយការជ្រើសរើសនេះ ពិតជាត្រូវបានតម្រូវដោយលោកធាតុវទ្យាបែបព្រហ្មញ្ញសាសនាដូច សម័យអង្គរដែលបានកំណត់ ។
លោកយើងនេះមានរាងបួនជ្រុងស្មើ ហើយសំប៉ែតហ៊ុមព័ន្ធដោយជួរភ្នំ តែភ្នំដែលពិសិដ្ឋជាងគេ គឺភ្នំព្រះសុមេរុ ឬមេរុ  ដែលស្ថិតនៅចំកណ្តាល ព្រោះជាទីលំនៅដ្ឋានរបស់ពួកទេវតា ។ ផុតពីបរិវេណនេះគេឃើញមានសមុទ្រ ។

រូបផ្តែរ រចនាប័ថ្មព្រៃក្មេង ពេលមកដល់សារមន្ទីរជាតិភ្នំពេញ (ម.ត ១៩៩៥)

អាស្រ័យហេតុនេះ រាជធានីខ្មែរបុរាណរមែងតេមានកំពែងថ្ម ឥដ្ឋព័ន្ធជុំវិញ ហើយនៅចំកណ្តាលរាជធានីនីមួយៗ គេឃើញមានប្រាសាទដែលជំនួសដោយព្រះចេតិយក្នុងវប្បធម៌ក្រោយអង្គរ ដែលតំណាងសកលលោកទាំងមូល ។ មានន័យថា ប្រាសាទដែលនៅចំកណ្តាលរាជធានីតំណាងព្រះសុមេរុដែលស្ថិតនៅចំកណ្តាល ចក្កវាឡ ។ យ៉ាងណាមិញ ដងទន្លេមេគង្គដែលស្ថិតមិនឆ្ងាយពីភ្នំព្រះរាជទ្រព្យ ដែលជាភ្នំនៃទីក្រុងឧដ្តុង្គនោះ ក៏ដូចដងស្ទឹងភ្នំគូលែននៅខេត្តសៀមរាបដែរគឺតំណាងគ្មានអ្វីក្រៅពី មហាសមុទ្រដ៏ល្វឹងល្វើយ ក្នុងទេវកថាឥណ្ឌូ-ខ្មែរបុរាណនោះទេ ។
ខាងលើនេះជាន័យស៊ីជម្រៅមួយនៃវត្តមានរបស់ប្រាសាទខាងលើនេះ និងព្រះរាជធានីឧដ្តុង្គដែលបានរលំរលាយហើយនោះ ដែលគប្បីយើងត្រិះរិះពិចារណា ចំពោះអ្វីដែលគេបានមើលរំលង ព្រោះសាមញ្ញជនមិនមានលទ្ធភាពនឹងយល់ន័យនៃវិស័យស្ថាបត្យកម្មបុរាណ ខ្មែរ ដូចជាប្រាសាទ និងទីក្រុងសម័យបុរាណទេ ។
មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមគ្នាជាមួយប្រជារាស្ត្រមូលដ្ឋាន បាននាំគ្នាជញ្ជូនផ្តែរនាស.វទី៧ រចនាបថព្រៃក្មេងពីកំពូលភ្នំព្រះរាជទ្រព្យ ដាក់លើរថយន្ត ហើយដឹកជញ្ជូនមករក្សាតុកនៅសារមន្ទីរជាតិភ្នំពេញ ។
សូមជម្រាបថា កិច្ចការនេះមានលក្ខណៈជាប្រវត្តិសាស្ត្រ ត្រូវប្រើពេលវេលា ២ម៉ោង និង៤០នាទី ទម្រាំសែងផ្តែរពីលើកំពូលភ្នំកំពស់ ១១០ ម៉ែត្រតាមកាំជណ្តើរធ្វើអំពីថ្មបាយក្រៀមចំនួន ១៣៣ កាំ ។ កិច្ចការនេះ ប្រើកម្លាំងមនុស្សសរុបចំនួន១៣ នាក់ ។ ឥឡូវនេះ ផ្តែរបុរាណដ៏កម្រនោះត្រូវបានរក្សាទុកយ៉ាងរៀបរយនៅសារមន្ទីរជាតិ ភ្នំពេញហើយ ។
កុំភ្លេចថា ដូចពោលខាងលើ ឧត្តុង្គ គឺជាបុរាណស្ថានដែលមានមកតាំងពីសម័យចេនឡា (ព្រៃក្មេងស.វទី៧) រហូតដល់សម័យស.វទី១៥-១៩ មានន័យថា ទីតាំងនេះ បានមានកំណើតតាំងពីមុនសម័យអង្គរទៅទៀត រហូតដល់សម័យឧត្តុង្គ ទីនេះក្លាយជារាជធានីដ៏ធំក្រោយពេលបាត់បង់អង្គរ ដូចវត្តមាននៃស្លាកស្នាមវប្បធម៌បុរេអង្គរ ដែលយើងទើបបានរៀបរាប់ជាសក្ខីកម្មស្រាប់ ។
សូមបញ្ជាក់ទៀតថា ប្រការដែលគួរឲ្យស្តាយ គឺមួយចំនួនធំនៃវត្តអារាម និងព្រះចេតិយបុរាណនៅទីនោះត្រូវទទួលរងគ្រោះដោយសង្គ្រាម បំផ្លិចបំផ្លាញពីខ្មាំងសត្រូវសៀមនាសម័យលង្វែក ។ ហើយពេលចុងក្រោយនេះ បូនីយដ្ឋានទាំងនោះក៏ត្រូវបានបំផ្លិចបំផ្លាញ ដោយសង្គ្រាមសម័យសាធារណៈរដ្ឋ ជាពិសេសដោយពួកខ្មែរក្រហម ជាហេតុនាំឲ្យទីតាំងនោះខ្ទេចខ្ទាំ និងត្រូវបាត់បង់វឌ្ឍននាសម័យដើម ។ មួយវិញទៀតសោត រវាងឆ្នាំ១៩៧០ និង ១៩៩២ គេក៏បានឃើញមានការជីកគាស់ព្រះចេតិយ ដើម្បីយកសម្បត្តិវប្បធម៌ រួមមាន បុរាណវត្ថុ គ្រឿងអលង្កា ឧបករណ៍សំរាប់ពិធីបុណ្យសាសនា ទេវរូប និង ពុទ្ធរូបជាដើម ដើម្បីយកទៅជួញដូរ ។
២- វត្តមានរបស់ប្រាសាទសម័យអង្គរ រចនាប័ថ្មបាពួន
នៅលើទីតាំងបច្ចុប្បន្ននៃវិហារព្រះពុទ្ធអដ្ឋរស្ស ដែលមានន័យថា វត្តដែលមានព្រះពុទ្ធបដិមាកំពស់ ១៨ហត្ថ ហើយត្រូវបានសាងសង់ឡើងនៅស.វទី ១៦ ដោយព្រះបាទបរមរាជាទី ២ ស្តេចខ្មែរនាសម័យលង្វែក យើងបានឃើញសមាសធាតុតុបតែងប្រាសាទមួយចំនួននាសម័យអង្គរ ដែលត្រូវបានប្រើប្រាស់ឡើងវិញ ក្នុងការស្ថាបនាពុទ្ធសាសស្ថានខាងលើនេះ ។

ប្រអប់ទ្វារទាំងពីរ ក្បាច់ផ្តែរ និង កញ្ច្រំ រចនាប័ថ្មបាពួន សំណល់ប្រាសាទចាស់ ដែលប្រើឡើងវិញ (ម.ត ២០១១)

សំណល់ស្ថាបត្យកម្មប្រាង្គប្រាសាទសម័យអង្គរនៅទីនោះ គឺប្រអប់ទ្វារប្រាសាទបុរាណចំនួនពីរ នៅទិសខាងកើតឈាងខាងលិចនៃព្រះវិហារ ដែលមានលក្ខណៈពេញលេញនៅឡើយ រួមមាន សសរស្តម្ភ សសរពេជ្រ ទម្រសសរពេជ្រ សសរផ្អោប និង ផ្តែរ ដែលអមទាំងសងខាងនៃទ្វារចូលកណ្តាល ។

សសរស្តម្ភទាំងពីរ អមសងខាងនៃទ្វារចូលកណ្តាលព្រះវិហារ ព្រះពុទ្ធអដ្ឋរស្ស និង សសរទ្រក្បាច់ហោជាង (ម.ត ២០១១)

ទន្ទឹមនឹងនេះ យើងក៏បានជួបប្រទះនូវសសរស្តម្ភចំនួនពីរធំៗថែមទៀត ស្ថិតនៅកណ្តាលទ្វារនៃព្រះវិហារ ។ វត្តមាននៃសសរស្តម្ភទាំងពីរនេះ សបញ្ជាក់ឲ្យដឹងថា ប្រហែលជានៅលើទីតាំងនៃវត្តព្រះពុទ្ធអដ្ឋរស្សនោះ មានប្រាង្គប្រាសាទបែបព្រហ្មញ្ញសាសនាមួយចំនួនដទៃទៀតយ៉ាងប្រាកដ ដែលស្ថិតក្នុងរចនាប័ថ្មបាពួន ប្រសូតឡើងនៅពាក់កណ្តាលស.វទី ១១ នៃគ.ស ៕